មាននិទានមួយដំណាលថា : មានបុរសម្នាក់ដេកលក់លើសាលា, មានចោរម្នាក់លួចគោគេ ៗ ដេញវា ៗ រត់ទៅកាន់សាលានោះ ។ ឯបុរសដែលដេកលើសាលាភ្ញាក់ឡើង ឃើញចោរនោះ ក៏ចុះទៅចាប់បាន ។ លុះម្ចាស់គោតាមទៅទាន់ចោរប្រាប់ទៅម្ចាស់គោថា “ ចៅនេះឯងលួចគោអ្នក ” ។ បុរសដេកលើសាលាថា “ ចៅឯងលួចគោគេ អញចាប់បា ទេតើ ! ម្ដេចក៏ថាអញលួចទៅវិញ ” ។ ឯម្ចាស់គោឃើញដូច្នោះ នឹងចាប់តែ ១ ខ្លាចត្រូវលើអ្នកដែលពុំមែនជាចោរ ទើបចាប់ទាំង ២ នាក់ទៅប្ដឹងចៅក្រម ៗ ជំនុំពិចារណាទៅ ឃើញថា មានពាក្យប្រកែកជជែកគ្នាទៅវិញទៅមក ស្មើគ្នា ពុំលើសម្ខាង ៗ ពុំអាចជំនុំជម្រះកាត់សេចក្ដីនេះបាន ក៏នាំឡើងគាល់ព្រះមហាក្សត្រតាមដំណើរនោះ ។ ព្រះមAហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា ហើយឲ្យយកចៅទាំង ២ នាក់នោះ ទៅចងឲ្យមូសខាំ ឲ្យអាមាត្យទៅលបចាំស្ដាប់ពាក្យចៅទាំង ២ នាក់នោះ ។ ឯបុរសដេកលើសាលានោះថា “ ព្រោះតែឯងជាចោរលួចគោគេ បានជាគេចងអញឲ្យមូសខាំ ” ។ ចោរថា “ អញលួចមែន តែអ្នកឯងដេកនៅសុខ ៗ ម្ដេចក៏មកចាប់អញ ព្រោះតែចៅឯងចាប់អញ បានជាគេចាប់ចងទាំងអញទាំងឯង បើចៅកុំចាប់អញ ប្រហែលជាគេមិនចាប់ចងដូច្នេះទេ ចៅនឹងបន្ទោសនរណា ” ។ អាមាត្យក៏កត់តាមដំណើរពាក្យចៅទាំង ២ នាក់នោះ ហើយនាំឡើងក្រាបទូលព្រះមហាក្សត្រ ទ្រង់ព្រះបញ្ជាឲ្យពិន័យ ១ ជា ៤ ឲ្យយកទ្រព្យដើមចេញ ហើយចែកក្រយាពិន័យនោះជា ៣ ភាគ, ១ ភាគ ឲ្យបានទៅចៅម្ចាស់គោ, ២ ភាគឲ្យបានទៅចៅដែលដេកនៅលើសាលាចាប់បានចោរនោះ ដោយទ្រង់យល់ថា ព្រោះតែបុរសនោះចាប់ជាប់ទើបម្ចាស់គោតាមទាន់ ហេតុនេះត្រូវឲ្យបានក្រយាពិន័យ ២ ភាគ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីប្រកបដោយសុចរិតយុត្តិធម៌ដូច្នេះ ហើយបុរសទាំងនោះក្រាបបង្គំលានាំគ្នាទៅផ្ទះអាត្មាទីទៃហោង ។
Comments are closed.