នៅក្នុងបឋមកប្ប ព្រះឥសូរជាអ្នកបង្កើតលោក មានបង្កើតទាំងសត្វគ្រប់យ៉ាង នៅលើផែនដីជាដើម គឺទ្រង់បានបង្កើតសត្វមូសមុនគេបង្អស់ ។ សម័យនោះ សត្វមូសមានខ្លួនធំៗ ជាងសត្វត្មាតទៅទៀត ហើយវាតែងហើរជាច្រើនឥតឈប់ឈរ ស្វែងរកស៊ីមនុស្សលោកជាអាហារ មនុស្សណាដែលត្រូវជាចំណីសត្វមូស គេឃើញនៅសល់តែរាងឆ្អឹង គ្មានសាច់ឈាមឡើយ ។ មនុស្សម្នាមហាជនមានសេចក្ដីតក់ស្លុតជាក្រៃលែង តែគ្មាននរណាម្នាក់ រកមធ្យោបាយការពារសត្វមូសបានឡើយ ក៏ដាក់វេនគ្នាឱ្យមូសស៊ីរៀងរាល់យប់ ។ ចាប់តាំងពីថ្ងៃនោះមក ជនដែលដឹងថា វេនខ្លួនជិតមកដល់ហើយក៏យំសោកបោកខ្លួនបោកប្រាណ ។ គាប់ជួនជាពេលនោះ មានកូនក្រមុំសេដ្ឋីម្នាក់ប្រកបដោយបញ្ញាវាងវៃ នាងអាណិតអាសូរអ្នកស្រុកដែលបានដាក់វេនគ្នាទៅឱ្យសត្វមូសស៊ីនោះក្រៃពេក នាងគិតក្នុងចិត្តថា បើអញមិនជួយរកមធ្យោបាយស្រោចស្រង់មនុស្សទាំងអស់ដោយឥតរើសមុខទេ អ្នកទាំងអស់នោះប្រាកដជាគេចពីចំណីមូសពុំបាន ហើយតទៅប្រាកដជាគ្មានមនុស្សរស់នៅទៀតឡើយ ។ កាលបើបាននឹកឃើញយ៉ាងនេះ នាងកញ្ញាក៏ចូលទៅជួបនឹងឪពុកម្ដាយនិយាយថា ” ខ្ញុំចង់ទៅឱ្យមូសស៊ីជាមួយនឹងជនឯទៀតដែរ ” ។ កាលបើឮសេចក្ដីស្នើដូច្នេះ ឪពុកម្ដាយរបស់យុវតី ក៏កើតទោសៈជាខ្លាំង គាត់ឆ្លើយមកកាន់ យុវតីវិញថា “ហេតុម្ដេចបានជាកូនឯងភ្លើឆ្កួតដូច្នោះ ? មនុស្សក្នុងនគរនេះ គេមានតែពីគេចរត់ឱ្យផុតពីសេចក្ដីស្លាប់ ចុះកូនឯងម្ដេចក៏ល្ងើពកថ្ងាសទៅជាចង់ទៅងាប់វិញ” ។ ទោះបីឪពុកម្ដាយថាដូច្នោះ ក៏យុវតីមិនព្រមឈប់ សុំអង្វរឪពុកម្ដាយទៅឱ្យមូសស៊ីនោះឡើយ ។ ឪពុកម្ដាយកាលបើឃើញកូនស្រីខ្លួន នៅតែរឹងចចេសមិនព្រមស្ដាប់ដំបូន្មានគាត់សោះដូច្នោះ ក៏កើតទោសៈឆួលឆេះឥតឧបមាទើបនិយាយថា “អើឥឡូវបើឯងចង់ងាប់ មិនព្រមស្ដាប់អញ ទៅ ទៅឱ្យបាត់ពីមុខមាត់អញទៅ ” ។
នាងកញ្ញាកូនសេដ្ឋីឮដូច្នោះ ក៏ពោរពេញទៅដោយសេចក្ដីសប្បាយ ហើយដើរសំដៅទៅកន្លែងដែលមនុស្សត្រូវទៅនៅឱ្យមូសស៊ី ។ ហើយនិយាយថា “បើអ្នករាល់គ្នាចង់គេចឱ្យ រួចពីសេចក្ដីស្លាប់ចូរអ្នកធ្វើតាមខ្ញុំ ៗ នឹងបង្គាប់ឱ្យធ្វើ នោះអ្នកប្រាកដជាគេចរួចពីសេចក្ដីស្លាប់ពុំខាន គឺត្រូវអ្នកទាំងអស់គ្នាទៅរកប្រមូល ស្លឹកឈើងាប់ៗ ស្ងួតៗ ឱ្យបានច្រើនយកមកទីនេះ ហើយកាលបើសត្វមូសវាហើរជិតយើង ៗ ត្រូវដុតភ្លើងឱ្យឆេះហុយផ្សែងនៅជុំវិញយើង ហើយយើងបបួលគ្នាទៅក្នុងរង្វង់កណ្ដាលភ្លើងនោះ ធ្វើដូច្នេះ សត្វមូសមិនហ៊ានហើរឆ្លងភ្លើងផ្សែងមកស៊ីយើងទេ ” ។
មនុស្សទាំងឡាយយល់នូវបំណងនៃនាងកញ្ញា ហើយក៏ព្រមធ្វើតាមនាងទាំងអស់ ។ លុះវេលាយប់ ពួកសត្វមូសក៏មកដល់តាមទម្លាប់ដើម្បីស៊ីមនុស្ស ។ នៅពេលនោះពួកអ្នកស្រុកក៏ដុតភ្លើងឆេះសន្ធោសន្ធៅឡើង មិនឱ្យរលត់តាមបង្គាប់បុត្រីសេដ្ឋី ។ សត្វមូសឃើញដូច្នោះពុំហ៊ានហើរឆ្លង កាត់ភ្លើងផ្សែងទៅខាំស៊ីមនុស្សឡើយ ហើយវាក៏ប្រមូលគ្នីគ្នាមកកកកុញជំនុំគ្នាថា “បើយើងនៅតែមានខ្លួនធំដូច្នេះតទៅទៀត នោះយើងប្រាកដជាខាំមនុស្សលោកស៊ីពុំបាន ពីព្រោះកាលណាគេដុតភ្លើងឱ្យឆេះឡើងដូច្នោះ យើងពុំអាចចូល ទៅជិតគេបានឡើយ អាស្រ័យហេតុនេះ ចូរយើងចូលទៅទូលព្រះឥសូរដែលជាអ្នកបង្កើតយើងមក សូមឱ្យព្រះអង្គធ្វើខ្លួនយើងឱ្យទៅជាតូចៗវិញ ប្រយោជន៍យើងនឹងស្រួលលបឆ្មក់ខាំមនុស្សបាន កុំឱ្យមនុស្សលោកមើលយើងឃើញ បើដូច្នោះឃើញថាស្រួលជាង ” ។ បន្ទាប់មកពួកមូស ក៏មូលមតិគ្នាហើរទៅកាន់ស្ថានសួគ៌ គោរពវន្ទាព្រះឥសូរ រួចហើយវាក៏សុំព្រះឥសូរ ឱ្យធ្វើខ្លួនវាទៅជាតូច ៗ ល្អិត ៗ សមទៅតាមបំណងរបស់វា ។ នៅពេលនោះ ព្រះឥសូរក៏ធ្វើខ្លួនសត្វមូសឱ្យតូចៗដូចជាសត្វមូសសព្វថ្ងៃនេះ ។ កាលបើបានខ្លួន តូចដូចបំណងហើយ សត្វមូសក៏ថ្លែងអំណរគុណព្រះឥសូររួចលាព្រះអង្គត្រឡប់មកស្ថានមនុស្សលោកវិញ ហើយវាក៏ហើយត្រេចពីភូមិទៅភូមិមួយស្វែងរកខាំមនុស្សលោក ។ ប៉ុន្តែមនុស្សលោកចេះតែយកដៃទះ វាស្លាប់អស់ខ្លះក៏នៅរស់តែបាក់ស្លាបបាក់ជើង ។ ដូច្នេះមនុស្សលោកក៏បានធូរចិត្តហើយមានសេចក្ដីសប្បាយច្រើនលើសមុន ។ ពួកមូសក៏ប្រជុំគ្នាសាជាថ្មីទៀតថា “ឥឡូវមនុស្សលោកគេធ្វើបាបយើងខ្លាំងណាស់ គេទះគេវាយយើងហើយគេនឹងសម្លាប់យើងឱ្យអស់ពូជ យើងពុំអាចខាំមនុស្សលោកបានទៀតឡើយ ហេតុដូច្នេះ ត្រូវយើងនាំគ្នាទៅរកព្រះឥសូរម្ដងទៀត ដើម្បីសុំព្រះអង្គធ្វើមាត់យើងឱ្យស្រួចៗ ដូចម្ជុលដើម្បីយើងអាចខាំមនុស្សលោកបានឆាប់រហ័ស កុំឱ្យមនុស្សលោកដឹងថាយើងខាំគេ” ។
កាលជំនុំបានមូលមតិជាឯកច្ឆន្ទ ទើបសត្វមូសបបួលគ្នាហើយទៅកាន់ស្ថានសួគ៌ លុះទៅដល់ ក្រោយពីបានគំនាបគាប់គួរព្រះឥសូរហើយ សត្វមូសក៏ទូលសុំព្រះឥសូរ ឱ្យធ្វើមាត់ខ្លួនឱ្យតូចៗ ដើម្បីស្រួលខាំមនុស្សលោក ។ ព្រះឥសូរក៏ទ្រង់ឆ្លើយតបមកវិញថា “នែមូស ! មាត់ដែលយើងបានធ្វើឱ្យអ្នកឯងនេះវាស្រួចល្មមណាស់ទៅហើយ ប៉ុន្តែបើអ្នកឯងចង់ខាំមនុស្សលោកឱ្យបានរហ័សហើយមុតទៀតនោះ ចូរអ្នកឯងទៅរកព្រនង់មួយៗម្នាក់ ដើម្បីជួយសំពងពីលើថែមទៀត ប៉ុន្តែចូរអ្នកដឹងថាមនុស្សលោកគេមានព្រនង់នេះស្រេចហើយ ដូច្នេះចូរអ្នកត្រឡប់ទៅវិញចុះ ” ។
ពួកមូសក៏ហើរត្រឡប់មកស្ថានមនុស្សលោកវិញ ហើយវាហើរត្រេចរកខាំមនុស្សលោកទាំងយប់ថ្ងៃ នៅត្រង់ចន្លោះកៀនកោះ គ្រប់នគរដោយយកស្លាបធ្វើជាអន្លូងក្បាលស្វា ហើយវាវាយមនុស្សលោកដោយហើរខាំយ៉ាងរហ័សបំផុត ដូចព្រះឥសូរបានបង្គាប់វា ។
Comments are closed.