អត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងការតាំងសមាធិ និងរបៀបតាំងសមាធិ

ការសមាធិ គឺការមានចិត្តផ្តោតទៅលើអ្វីមួយ ជាទូទៅមនុស្សមានសមាធិជាមនុស្សដែលមានស្មារតីជាប់និងខ្លួន មិនរសាត់អណ្តែតទៅកន្លែងផ្សេងៗ ពេលដែលធ្វើអ្វីនឹងអាចធ្វើបានយ៉ាងស្ទាត់ មានប្រសិទ្ធភាព និងសក្តានុពល។ សមាធិពិតជាមានអត្ថប្រយោជន៍ច្រើនលើសលប់ ជាពិសេសសិស្ស ឬ អ្នកធ្វើការដែលទទួលបានលទ្ធផលមិនសូវល្អ ឬចង់ពង្រឹងសមត្ថភាពនៃការគិត។ អ្នកអាចធ្វើការសាកល្បងបង្វឹកខ្លួនឯងអោយក្លាយទៅជាមនុស្សម្នាក់ដែលមានសមាធិ មានចិត្តផ្តោតទៅលើការងារ ឬការសិក្សា។

តាមរបាយការណ៏លទ្ធផលនៃការស្រាវជ្រាវទាក់ទងនឹងការហាត់ធ្វើសមាធិរបស់អ្នកវិទ្យាសាស្ត្របានអោយឃើញថា អ្នកដែលធ្វើសមាធិអស់រយៈពេលច្រើនឆ្នាំ ខួរក្បាលផ្នែកគ្រប់គ្រងការទាក់ទង ការរៀនសូត្រ ផ្នែកទទួលអារម្មណ៍ នឹងរបៀបធ្វើការ គឺល្អជាងអ្នកដែលមិនធ្លាប់ធ្វើសមាធិ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ ដែលបានមកពីការសមាធិ៖

មានការចងចាំប្រសើរជាងមុន
ការប្រើអុកស៊ីស៊ែន និង អត្រានៃការដកដង្ហើមថយចុះ
រលកខួរក្បាលរបស់អ្នកធ្វើសមាធិ និងមានរបៀបរៀបរយជាងមុន
មានស្មារតីមិនភ្លេចភ្លាំង និងដឹងខ្លួនជានិច្ចថាខ្លួនកំពុងធ្វើអ្វី
មានសមត្ថភាពក្នុងការសិក្សា និងងាយយល់ជាងមុន
បន្ថយនៅទិដ្ឋិមាន:ទាំងឡាយដែលមាននៅក្នុងខ្លួន មានក្តីមេត្តាករុណា និងយល់ចិត្តថ្លើមអ្នកដទៃ
បន្ធូរនូវភាពតប់ប្រម៉ល់ក្នុងចិត្ត ស្រស់ស្រាយ និងស្ងប់ស្ងាត់
ទុកចិត្តលើខ្លួនឯង និងមានសមត្ថភាពក្នុងការសម្រេចចិត្ត
មិនលិចលង់នៅក្នុងអតីតកាល
ពេលវេលាដែលសមស្របក្នុងការធ្វើសមាធិ
ពេលដែលសមរម្យបំផុតគឹពេលព្រឹកព្រលឹម ពេលដែលហាត់ធ្វើដំបូងគួរតែធ្វើរយៈពេលប្រហែល ១០នាទី និងបន្តបន្ថែមបណ្តើរបណ្តើរហូតដល់មានអារម្មណ៍ថាចិត្តចាប់ផ្តើមស្ងប់ហើយ។ ពេលដែលហាត់ស្ទាត់ហើយអ្នកអាចហាត់បានពេលដែលអ្នកត្រូវការ។

ទីតាំងធ្វើសមាធិ
កន្លែងនិងបរិយាកាសក៏ជាចំនែកមួយដែលជូួយដល់ការសមាធិផងដែរ គឺគួរតែទៅរកកន្លែងណាស្ងាត់ៗ និងមានពន្លឺសមរម្យ និងមានព្រះពុទ្ធរូប នឹងជួយអោយចិត្តស្ងប់មានចិត្តសមាធិកាន់តែមានប្រសិទ្ធភាព មិនគួរហាត់នៅលើគ្រែទេ ព្រោះថាបរិយាកាសនេះអាចធ្វើអោយយើងងុយគេងបាន តែក្រោយពេលយើងហាត់ក្លាយជាទំលាប់ហើយ នោះយើងចង់ហាត់ទីណាក៏បាន។

ការអនុវត្ត
ដំណាក់កាលទី១ រាប់លេខដើម្បីបំភ្លេច និងសម្រួលអារម្មណ៏អោយមូល
អង្គុយបែបព្រះពុទ្ធ ដាក់ខ្លួនអោយត្រង់ ក្បាលត្រង់ ដើម្បីអោយគ្រប់ផ្នែកបានធូរស្បើយ រួចដកដង្ហើមចេញចូលយឺតៗ ប្រហែល២ទៅ៣ដង បន្ទាប់មក រាប់ខ្យល់ដកដង្ហើមដូចតទៅនេះ ៖

(ដកដង្ហើមចូលរាប់១) (ដកដង្ហើមចេញរាប់១)

(ដកដង្ហើមចូលរាប់២) (ដកដង្ហើមចេញរាប់២)

(រាប់ជាបន្តបន្ទាប់ រហូតដល់៥ រួចហើយរាប់ត្រលប់ពី១សារជាថ្មី)

(រាប់រហូតដល់៦ រួចរាប់ចាប់ផ្តើមពី១សារជាថ្មី)

(រាប់រហូតដល់៧ រួចរាប់ចាប់ផ្តើមពី១សារជាថ្មី)

(រាប់រហូតដល់៨ រួចរាប់ចាប់ផ្តើមពី១សារជាថ្មី)

(រាប់រហូតដល់៩ រួចរាប់ចាប់ផ្តើមរាប់ត្រលប់ពី១សារជាថ្មី)

(រាប់រហូតដល់១០ រាប់ថាមួយជុំ)

(ហើយរាប់ចាប់ពី១មក៥ សារជាថ្មីម្តងទៀត)

ខាងក្រោមជាលំនាំពន្យល់ជាលេខ ដើម្បីអោយអ្នកងាយយល់ និងកាន់តែច្បាស់

១១ -២២ – ៣៣ – ៤៤ – ៥៥

១១ -២២ – ៣៣ – ៤៤ – ៥៥ – ៦៦

១១ -២២ – ៣៣ – ៤៤ – ៥៥ – ៦៦ – ៧៧

១១ -២២ – ៣៣ – ៤៤ – ៥៥ – ៦៦ – ៧៧ – ៨៨

១១ -២២ – ៣៣ – ៤៤ – ៥៥ – ៦៦ – ៧៧ – ៨៨ – ៩៩

១១ -២២ – ៣៣ – ៤៤ – ៥៥ – ៦៦ – ៧៧ – ៨៨ – ៩៩ – ១០១០

ក្នុងការហាត់ដំបូងអាចនឹងនៅមិនទាន់មានសមាធិគ្រប់គ្រាន់ ដោយពេលខ្លះអ្នកអាចរាប់លេខខុស ឬពេលខ្លះអាចមានគំនិតផ្សេងជ្រៀតចូលធ្វើអោយអ្នកភ្លេចរាប់លេខ មួយខណៈៗ។ ចូរគិតថាគឺជារឿងធម្មតា ពេលដែលមានគំនិតផ្សេងចូលមកចូរទទួលយក ហើយបណ្តោយអោយវាហួសទៅ កុំយកមកគិតបន្ត ទីបំផុតអ្នកអាចរាប់លេខបានជាបន្តបន្ទាប់ និងមិនខុសទៀតទេព្រោះមានសមាធិល្អជាងមុន។

ដំណាក់កាលទី២ បន្តប្រមូលអារម្មណ៏ ដោយបន្តរាប់លេខតាមចង្វាក់ដង្ហើមអោយលឿនជាងមុន
ពេលដែលស្ងប់ច្រើនហើយសូមរាប់អោយបានលឿនជាងនេះគឺ

(ដកដង្ហើមចូលរាប់១) (ដកដង្ហើមចេញរាប់ ១ ២)

(ដកដង្ហើមចូលរាប់ ១ ២ ៣) (ដកដង្ហើមចេញរាប់ ១ ២ ៣ ៤)

(ដកដង្ហើមចូលរាប់១ ២ ៣ ៤​ ៥) (ដកដង្ហើមចេញរាប់ពីទី១ សារជាថ្មី)

(រហូតដល់ ៦ ៧ ៨ ៩​ ១០ រាប់ថាមួយជុំ)

ហើយរាប់ ១ដល់៥ សារជាថ្មី

១ ២ ៣ ៤ ៥

១ ២ ៣ ៤ ៥ ៦

១ ២ ៣ ៤ ៥ ៦ ៧

១ ២ ៣ ៤ ៥ ៦ ៧ ៨​

១ ២ ៣ ៤ ៥ ៦ ៧ ៨​ ៩

១ ២ ៣ ៤ ៥ ៦ ៧ ៨​ ៩ ១០

ដំណាក់កាលទី៣ ប្រើបាស់ដង្ហើម
ពេលដែលដង្ហើមបានរហ័ស និងមិនខុសហើយ បង្ហាញថាចិត្តអ្នកស្ងប់ខ្លាំងហើយ ពេលនេះចូរប្រើស្មារតីទទួលដឹងខ្យល់ដង្ហើមចេញចូលតែម្យ៉ាងគត់ ពោគឺផ្ចង់អារម្មណ៍តែជាមួយខ្យល់ដង្ហើមម្យ៉ាងគត់ ដោយមិនបាច់រាប់លេខនិងមិនគិតរឿងអ្វីទាំងអស់ ដោយមានភាពស្ងប់ប៉ុណ្ណោះដែលប្រើវាជាប្រាជ្ញាជាបន្តទៀត។

ពេលដែលហាត់រៀងរាល់ថ្ងៃហើយ នឹងសង្កេតឃើញថាជីវិតរបស់អ្នកនឹងផ្លាប់ប្តូរយ៉ាងឆាប់រហ័ស ដោយមិនបាច់ចំណាយប្រាក់ឡើយ៕

Comments are closed.