ក្នុងសម័យព្រេងនាយ មាននិទានមួយដំណាលថា៖ ថ្ងៃមួយមានសត្វចចកនិងអណ្ដើកបានជួបគ្នា ហើយបបួលគ្នាប្រលងប្រជែងដោយលោតចម្ងាយ ឆ្លងពីមាត់ស្ទឹងម្ខាងទៅមាត់ស្ទឹងម្ខាង ។ អណ្ដើកបានសួរទៅឆ្កែចចកថា “ នែ ! បងចចកខ្ញុំចង់ភ្នាល់ណាស់ ថ្វីបើជើងខ្ញុំខ្លី ” ។ ចចកឆ្លើយថា “ មើល៍ ! បងអណ្ដើក ដែលបងឯងបបួលខ្ញុំភ្នាល់នេះ តើភ្នាល់របៀបណា ? ” ។ អណ្ដើកថា “ភ្នាល់លោតឆ្លងស្ទឹងនេះ ហើយចង្អុលទៅស្ទឹងដែលនៅក្បែរខ្លួន ” ។ ចចកថា “ យី ! ខ្ញុំដូចជាឆ្ងល់ដែរ ចុះបងឯងបបួលខ្ញុំភ្នាល់ដូចម្ដេច បើជើងបងឯងប្រវែងជើងក្អាត់ដូច្នេះ, លោតម្ដេចនឹងកើត ” ។ អណ្ដើកឆ្លើយថា “ យើ ! បងចចក មើលងាយខ្ញុំជើងខ្លីទេតើ ? បងឯងមិនទាន់ដឹងអាជើងខ្លីហ្នឹងទេ មើលបងឯងសាកល្បងមើល ! ” ។ ចចកថា “ បើបងអណ្ដើកឯងចាញ់ខ្ញុំ តើបានអ្វីឲ្យខ្ញុំ ! ” ។ អណ្ដើកថា “ ខ្ញុំសុខចិត្តរកសត្វជើងពីរ ឲ្យបងចចកឯងស៊ី” ។ ចចកថា “បើខ្ញុំលោតចាញ់បងអណ្ដើកឯង ខ្ញុំរកសត្វជើងមួយឲ្យបងឯងស៊ីជាអាហារ” ។ ថាដូច្នោះហើយ សត្វទាំងពីរក៏ប្រុងប្រៀបរៀបចំលោតប្រឡងគ្នា ។ អណ្ដើកថា “ ហ៎ ! បងចចកឯងមកឈរពីមុខខ្ញុំរៀបចំលោត ” ។ ចចកថា “ ហ្អេះ ! មិនបាច់តទីឲ្យខ្ញុំទេ ” ។ អណ្ដើកមកឈរពីខាងក្រោយចចក ៗ ប្រុងនឹងបោះពួយយ៉ាងអង់អាច ។ រៀបនឹងលោត អណ្ដើកក៏ខាំចុងកន្ទុយចចកជាប់ ចចកភ្ញាក់ក៏រលាស់កន្ទុយទៅ ដូចជាគេបោះអណ្ដើកទៅខាងត្រើយម្ខាង ចចកធ្លាក់ទឹកប្រូង ។ អណ្ដើកងើបឡើងសើច ហោះ ! ហោះ ! ហោះ ថា “ យីបងចចកជើងវែង ម្ដេចក៏លោតមិនរួច ” ។ ចចកក៏ប្រវេប្រវាឡើង ទៅលើគោករលាស់ខ្លួនភឹល នឹកខឹងណាស់ក៏ចាប់លោតម្ដងទៀត គម្រប់ ២ ដង ៣ ដង ក៏នៅតែចាញ់កលអណ្ដើកគ្រប់លើកទាំងអស់ ។ ឯចចកបានជាហ៊ានធានារកសត្វជើង ១ ឲ្យអណ្ដើកស៊ី ក្នុងពេលដែលខ្លួនចាញ់នោះ ដោយអាងថា អណ្ដើកលោតមិនឈ្នះខ្លួន លុះដល់ពេលលោត ត្រឡប់ជាចាញ់អណ្ដើកវិញនោះ ក៏នឹកភ័យ មិនដឹងជាទៅរកសត្វជើង ១ ឯណាឲ្យអណ្ដើកស៊ី ក៏គេចរត់ភៀសខ្លួនចេញ ។ អណ្ដើកក៏ខំដើរតាមរកចចក ៗ រត់ទៅ ៗ បានជួបនឹងសុភាទន្សាយ កំពុងតែធ្វើជាងដំដែកឮប៉ឹក ៗ បានឃើញឆ្កែចចក បោលចូលមកក៏សួរថា “បងចចកឯងមាន ភ័យអាសន្នអ្វី បានជារត់មកត្រហេបត្រហបយ៉ាងនេះ? ” ។ ចចកឆ្លើយថា “ ខ្ញុំភ័យខ្លាចសត្វអណ្ដើកវាដេញតាមខាំខ្ញុំ ពីព្រោះខ្ញុំភ្នាល់លោតទឹកចាញ់វា ” ។ សុភាទន្សាយឆ្លើយថា “ អូ ! អីចឹងទេឬ ? បើដូច្នេះចូរបងកុំភ័យឲ្យសោះ ជួយដំដែកឲ្យខ្ញុំ ខ្ញុំនឹងជួយឲ្យបងឯងរួចខ្លួន” ។ ឆ្កែចចកក៏ខំដំដែកឲ្យបងសុភាទន្សាយទៅ ។ ឯអណ្ដើកក៏វារខ្វះ ៗ តាមមកទាន់ ឃើញចចកកំពុងតែដំដែក អណ្ដើកក៏ស្រែកថា “យើ ! បងចចកឯងនៅទីនេះទេ ? ខ្ញុំខំតែដើររកមុខយូរហើយ ឥឡូវស្រាប់តែឃើញបងចចកមុខក្រាស់នៅទីនេះសោះ” ។ ទន្សាយថា “ឈប់ ៗ បងអណ្ដើក” ហើយស្ទុះលោតទៅជិះលើខ្នងអណ្ដើក អង្គុយប្រហោងដាក់ពង ៣ ប្របេះមាត់អណ្ដើក ៗក៏លូនក្បាលចេញមកខាំពង៣ ទន្សាយដាច់មួយកំណាត់ទៅ ។ ទន្សាយដឹងថាអណ្ដើកខាំពងរបស់ខ្លួនដាច់ហើយ ក៏លោតហក់រត់ភឹង យ៉ាងលឿនអស្ចារ្យ ប្រៀបបាននឹងព្រួញ ។ ចចកបានឃើញទន្សាយរត់ដូច្នោះ ក៏ផាយត្រង់កន្ទុយភ្លឹង តាមក្រោយទន្សាយទៅដែរ ដោយនឹកស្មានថា ប្រហែលជាទន្សាយទប់ទល់នឹងអណ្ដើកមិនឈ្នះ ។ អណ្ដើកស្រែកឃាត់ថា “ ឈប់ ៗ ! ” ។ ចចកឆ្លើយថា “ ទេ ! អញមិនឈប់ទេ អញមិតចូលព្រៃជាមួយបងទន្សាយហើយ ” ។
ថាតែប៉ុណ្ណោះ ចចករត់ឥតងាកក្រោយតម្រង់ទៅព្រៃបាត់ទៅលែងចូលមកភូមិស្រុកវិញរហូត ។
ព្រោះមានរឿងដំណាលដូច្នេះ បានជាអ្នកប្រាជ្ញបុរាណ លោកបានក្រើនរំលឹកថា “ អ្នកធំកុំមើលងាយអ្នកតូចតាច ប្រយ័ត្នមានគ្រោះថ្នាក់ដូចរឿងដំណាលមកនេះ ” ។
Comments are closed.