អ្នកតាតា នុង សព្វថ្ងៃស្ថិតនៅខាងកើតវត្តក្បាលស ភូមិក្បាលស សង្កាត់ក្បាលស ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។
មុននិងអធិប្បាយអំពីអ្នកតា តានុង សូមអធិប្បាយអំពីភូមិក្បាលសបន្តិច ព្រោះភូមិនេះមានជាប់ទាក់ទងទៅនឹងឥទ្ធិពលរបស់អ្នកតា ដូចតទៅ
ឈ្មោះ តា បេន នៅភូមិខាងលើនេះ បានអធិប្បាយអំពីអ្នកតា នុង យ៉ាងច្បាស់លាស់ណាស់ប្រាប់ខ្ញុំបាទថា ចំនួនប្រមាណជា ២ សតវត្សកន្លងមកហើយ ភូមិ-វត្ត សង្កាត់ក្បាលស គេហៅថា វត្ត-ភូមិ-សង្កាត់ត្បាល់ថ្មទេ លុះក្រោយមក អ្នកតាតា នុង ក៏កើតឡើងនៅក្នុងភូមិនេះ ហើយមានឫទ្ធិអំណាចខ្លាំងពូកែអស្ចារ្យ មានតេជះបារមីដ៏មោះមុតពិតប្រាកដ ។ កាលនោះ អ្នកតានេះនៅស្នាក់អាស្រ័យនឹងដើមយាង2មួយដើមយ៉ាងធំនាមុខវត្ត ក្បែរមាត់ស្រះ ។ ស្រះនោះមានទំហំប្រហែលជា ២០០ម មានទឹកថ្លាហ្វង់ដូចកញ្ចក់ ។ ពីដើមស្រះនោះមានជម្រៅដល់ទៅ ១០ម ឬ ១៣ម ឯណោះ សព្វថ្ងៃនៅតែជម្រៅតែ ៥-៦ម ប៉ុណ្ណោះទេ ។ នៅថ្ងៃ ៨កើត ៥រោច ថ្ងៃពេញបូណ៌មី និងថ្ងៃខែដាច់ តានុង តែងតែសម្ដែងឥទ្ធិពលបញ្ចេញភ្លើង ហោះហើរ ភ្លឺច្រាលរន្ទាលពាសពេញផ្ទៃអាកាស រួចបញ្ចេញភ្លើងឲ្យផុសចេញពីក្នុងទឹក ចំកណ្ដាលស្រះប្រមាណប៉ុនត្បាល់បុកអង្ករ ហើយមានសណ្ឋានដូចត្បាល់ ពីលើមាត់ត្បាល់បញ្ចេញពន្លឺភ្លឺសន្ធោ ពេញតែក្នុងស្រះនេះ អ្នកស្រុកនាំគ្នាទៅមើលអ៊ូអរ និងកោតសរសើរគ្រប់គ្នា ។
នៅភូមិក្បាលសនេះ មនុស្សមិនសូវប្រកបរបរកសិកម្មច្រើនទេ គេចូលចិត្តប្រព្រឹត្តអំពើចោរកម្មទាំងប្រុស ទាំងស្រី ទៅលើភូមិជិតខាង ។ លុះប្រព្រឹត្តអំពើអកុសលនេះ យូរទៅ អ្នកភូមិជិតខាងកើតក្ដីក្ដៅក្រហាយ ក៏បបួលគ្នាបាន ៥០នាក់ បម្រុងមកកាប់សម្លាប់អ្នកស្រុកដែលជាចោរនេះចោល ដំណឹងនេះបានឮដល់លោកតា សែង ម៉ៅ លោកតាក៏ទៅបន់ស្រន់ សុំឲ្យលោកតា នុង ជួយថា “សូមលោកតា នុង ជួយខ្ញុំជាកូនចៅឲ្យមានជ័យជម្នះនៅពេលនោះ ខ្ញុំនឹងថ្វាយស្រា មាន់ស្ងោរ ភ្លេង ៣បទ ព្រមទាំងសង់ផ្ទះថ្វាយផង” ។ ការបន់ស្រន់ចប់ហើយគាត់ក៏កាន់កាំភ្លើងបាញ់សត្វ (កាំភ្លើងឡត) ទៅឈរអែបក្បែរដើមយាង ដែលលោកតាអាស្រ័យនៅ ជាបន្ទាន់នោះ អ្នកស្រុកដែលជាចោរទាំងប៉ុន្មានប្រហែល ៥០នាក់ ក៏មកដល់ ហើយបាញ់តគ្នាទៅ អស់ជិតកន្លះថ្ងៃ ចោរទាំងនោះក៏ស្លាប់ដួលដេកពាសពេញនៅលើដី ក្បាលចោរឡើងសសំព្រុស ។ ចាប់តាំងពីថ្ងៃនោះមក វត្ត-ភូមិ និងសង្កាត់ត្បាល់ថ្ម ក៏ក្លាយទៅជាហៅថា វត្ត ភូមិ និងសង្កាត់ក្បាលសវិញ ជួយយកអាសាអ្នកស្លូតត្រង់ដូច្នេះហើយ ទើបមានពាក្យប្រតិដ្ឋជាប់ជាស្លោកទុកមកថា តា នុង គង់ស្រុក តា នុង រក្សាស្រុក តា នុង ជួយឲ្យផុតភ័យ ។
មានរូបសម្នឹងចូលតគ្នារហូតមក រូបសព្វថ្ងៃឈ្មោះយាយ យឺន អាយុ ៧០ឆ្នាំ (នៅរស់) ។ ការបន់ក្ដី បញ្ជាន់រូបក្ដី ឃើញទាន់ហន់ដូចចិត្តប្រាថ្នាមែន ឧទាហរណ៍ កាលពីថ្ងៃទី ១-៦-៦៦ នេះកងរាជតម្រួតយើងចំនួន ២០នាក់ ទៅស្នាក់នៅវត្តក្បាលសនេះ ស្រាប់តែខ្មែរសេរីចំនួន ៥៥នាក់ ចូលមកឡោមព័ទ្ធ បាញ់ពួកយើងដោយកាំភ្លើងត្បាល់ តូចផង ធំផង បាញ់តគ្នាចំនួន ២០នាទី ។ ខ្មែរសេរីបាក់ទ័ព ពួកយើងដេញបាញ់រហូតដល់ព្រំដែនសៀម ។ ជាពិសេស តា នុង ចេះជួយដាស់តឿនកងទ័ពយើងជាច្រើនដងទៀត ដូចជាឆ្មាំបន្ទាយ ឈរយាមហើយងោកងក់ តា នុង ក៏កន្ត្រាក់ ឬ ទន្ទ្រាំដីព្រូសៗ ឲ្យអ្នកយាមដឹងខ្លួនឡើងវិញ ។
ពិធីឡើងអ្នកតា
ពិធីឡើងអ្នកតានេះពីដើមគ្មានទេ ប៉ុន្តែអស់លោក តូច ធំ ឡើងទៅម្ដងៗ តែងទៅអុជ ទៀន ធូប ច្រួចស្រាថ្វាយជានិច្ច ឯបាយម្ហូបចំណីគេថ្វាយរាល់ពេលទទួលទាន ។ កងទ័ពជាតិយើងទាំង តូច-ធំ ដែលទៅតំបន់នោះទទួលស្គាល់តា ថង នេះទាំងអស់ ដោយតា ថង ជួយផ្ដល់នូវសេចក្ដីសុខចម្រើនគ្រប់ពេលវេលា ។ ពិធីឡើងអ្នកតាទើបតែនឹងមានធ្វើ ក្រោយពេលដែលលោកតា សែន ម៉ៅ បន់ហើយមានជ័យជម្នះនោះទេ គឺគេធ្វើនៅខាងចុងមហិមន្តរដូវថ្ងៃ ១៥ កើត ខែមាឃ ។ មុនថ្ងៃឡើងអ្នកតា ១ថ្ងៃ អ្នកភូមិនេះ ឈប់ធ្វើការទាំងអស់គ្នា នាំគ្នាទៅបោសសម្អាតខ្ទម មានជម្រះស្មៅព្រៅជាដើម ។ល។ នៅមុខខ្ទមតា នុង គេធ្វើកូនខ្ទមតូច ១បុរាណហៅថា “រានទេពតា” សង់ដោយកូនឈើតូចៗ មាន ទំហំទទឹង ៣តឹក បណ្ដោយ ៥តឹក ក្រាលព្រួលជារនាប ជញ្ជាំងក៏បាំងដោយព្រួលដែរ ប្រក់កំណាត់កន្ទេល ។
នៅលើរានទេពតា មានដាក់ថ្ម ១ដុំជានិមិត្តរូបនៃអ្នកតា គេអន្ទងអ្នកតាគ្រប់ទិសមកជប់លៀង ពូនភ្នំខ្សាច់ ៨ទិស ដោតទង់រូបក្រពើ ធ្វើដោយក្រដាសពណ៌ លើភ្នំខ្សាច់ពាសពេញ ។ ព្រឹកឡើងនាំគ្នាហែក្បួន ដោយមានវង់ភ្លេង អាយ៉ៃ ច្រៀងរាំ ឆ្ពោះទៅខ្ទមតា នុង ដល់ហើយគេហែប្រទក្សិណខ្ទម ៣ជុំ ទើបយកប្រដាប់ប្រដានេះទៅដាក់មុខខ្ទមតា នុង ដែលសង់ដោយឈើ ប្រក់ស័ង្កសី ។ នៅលើខ្ទមមានឆ្លាក់រូបមនុស្សដោយឈើ របៀបជារូបតុក្កតា ជានិមិត្តរូបនៃតា នុង ។
បន្ទាប់មកគេលេងភ្លេង ៣បទ ថ្វាយអ្នកតា បញ្ជាន់រូបយាយ យឺន សួរអំពីសុខទុក្ខ ស្រូវអង្ករ កើត ឬ មិនកើតក្នុងឆ្នាំនេះ ព្រមទាំងសួរពីហេតុការណ៍ផ្សេងៗទៀត ដែលគេទាំងអស់គ្នាចង់ដឹង ។ អ្នកតានេះនៅចម្ងាយពីភ្នំដងរែក ៨ គ.ម. ។
Comments are closed.