នៅជើងភ្នំបាពាល ក្នុងស្រុកស្វាយទង ខែត្រចូវដុក (មាត់ជ្រូក) ដែនកូសាំងស៊ីន មានអ្នកតាមួយសំខាន់ជាងគេ ហៅថាអ្នកតាបាពាល ឬ ព្រះកន្លោង ។
តាមធ្លាប់បានដឹងឮពីដើមរៀងមក អ្នកស្រុកជុំវិញភ្នំនេះ ធ្លាប់ធ្វើរណ្ដាប់សែនអ្នកតានៅក្នុងរវាងខែពិសាខ ជេស្ឋ អាសាឍ ឬ ស្រាពណ៍ មិនកំណត់ ប៉ុន្តែក្នុង ១ឆ្នាំគេធ្វើតែម្ដងទេ ។
ឯរូបរាងអ្នកតានេះពុំមានទេ មានតែថ្មភ្នំ ១ដុំធំ ដែលបណ្ដាលជនលើកមកដាក់សន្មតជារូបតា នៅរហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ខែដូចមានរៀបរាប់ខាងលើនេះហើយ បណ្ដាជនជិតខាង ប្រមូលរួបរួមលុយកាក់គ្នា ផ្សំនឹងប្រាក់រាជការផ្ដល់មកជួយខ្លះរាល់ឆ្នាំផង ដើម្បីទិញគោ ស្រា បាយ រៀបចំជម ពែ សង្ឃឹក ភ្លេងពិណពាទ្យ ភ្លេងខ្មែរប្រគំ ច្រៀងរាំតាមទំនៀម មានបញ្ជាន់រូបប្រុសម្នាក់អង្គុយទទូរកន្សែងក្រហម ។ កាលបើអ្នកតាចូលហើយ រូបនេះធ្វើឫកពារដូចជាអ្នកខ្លាំងពូកែមានឥទ្ធិឫទ្ធី ទាយក៏ឆុត អ្នកស្រុកសួរការអ្វីនីមួយៗ អ្នកតានិយាយមិនឲ្យខ្ចោះ ជួនជាឆ្នាំណារាំងឫសគ្មានទឹកធ្វើស្រែ អ្នកស្រុកក៏បន់ស្រន់ធ្វើបុណ្យសុំភ្លៀងអ្នកតាៗ ក៏បណ្ដាលឲ្យមានភ្លៀងធ្លាក់ក្នុងវេលានោះដូចបំណងមែន ។
អំពីប្រវត្តិ តាមពាក្យនិយាយតៗគ្នាមកថា: កាលពីដើម ភ្នំបាពាលគឺជាកោះតូចមួយនៅឡើយ ស្ដេចពាលមួយអង្គនិងឧបរាជម្នាក់ជាប្អូនបង្កើត សុទ្ធតែជាអ្នកមានឫទ្ធិចេស្ដា ខ្លាំងពូកែ មកនៅទីកោះនោះ ។ ស្ដេចពាលជាបងធ្វើលំនៅៗ ក្នុងព្រៃដុបមួយ ឯឧបរាជជាប្អូននៅក្នុងដុបមួយផ្សេងពីគ្នា បានសេចក្ដីសុខសាន្តឥតមានមានសត្រូវណាហ៊ានបៀតបៀនឡើយ ។ ឧបរាជជាប្អូន មានចិញ្ចឹមសត្វក្រពើមួយធំសម្បើម នៅក្នុងអន្លង់បារ៉ាច ខែត្រឡុងស្វៀង ដែនកូសាំងស៊ីន ដើម្បីជាយានជំនិះជើងទឹក ។ ដោយបានឮល្បីថា នៅពាមអន្លង់បារ៉ាចមានក្រពើមួយកាចសាហាវណាស់ កល់ទូក គោខាំមនុស្សអស់ជាច្រើន ស្ដេចពាលយល់ឃើញការមិនស្រួលនឹងទុកក្រពើនេះ ទើបគិតថា បើសិនជាទុកឲ្យនៅយូរទៅ វានឹងបំផ្លាញជីវិតមនុស្សជាច្រើនទៀតពុំលែងឡើយ ដូច្នេះគួរតែសម្លាប់វាចោល ។
នឹកដល់ក្រពើអន្លង់បារ៉ាច ស្ដេចពាលអាណិតដល់រាស្ត្រ ។ ថ្ងៃមួយក៏កាឡាខ្លួនជាលោកនេន ១អង្គ និមន្តសំដៅទៅអន្លងបារ៉ាចប្រាថ្នានឹងប្រយុទ្ធសម្លាប់ក្រពើរបស់ឧបរាជជាប្អូនឲ្យផុតជីវិត ។ លុះដើរបានបន្តិចក៏ជួបនឹងតាយាយកំពុងអុំទូកតូចមួយ សាមណេរក៏សួរថា “តាយាយអញ្ជើញទៅណាមកណា?” តាយាយឆ្លើយថា: “ទៅបារ៉ាច” សាមណេរឮដូច្នេះ ក៏សុំតាយាយដោយសារទូកនោះទៅ ។ ទៅដល់ពាមបារ៉ាច សាមណេរឃើញអន្លង់មួយយ៉ាងធំ ក៏គិតឧបាយប្រាប់តាយាយនោះថា:អាត្មាចុះស្រង់ទឹកត្រង់នេះបន្តិចសិន ចូរតាយាយអូសទូកឡើងលើគោក រង់ចាំអាត្មាផង” ថាតែប៉ុណ្ណោះសាមណេរចុះទៅទឹក កាឡាខ្លួនជាក្រពើមួយធំ រោទ៍ខ្ទារខ្ទ័រ ហែលយ៉ាងប្រញាប់ទៅរកក្រពើបារ៉ាចបានជួបភ្លាម ក៏តាំងប្រយុទ្ធគ្នាយ៉ាងគគ្រឹកគគ្រេង កើតជារលកទឹកធំៗ លិចទូក-ក្ដារអ្នកដំណើររតាត់រតាយអស់ ។ ក្រពើទាំងពីប្រយុទ្ធគ្នា តាំងពីព្រឹករហូតដល់ថ្ងៃរសៀល ក្រពើបារ៉ាចចាញ់ក៏រត់ដោះដៃ ស្ដេចពាលក៏ត្រឡប់មកកោះវិញ ។ ឯក្រពើបារ៉ាច ដោយត្រូវរបួសធ្ងន់ ព្រមទាំងខឹងចិត្តនឹងប្រយុទ្ធមិនឈ្នះគេផង ខំវារឡើងលើគោក ហើយដេកស្លាប់នៅក្រោមដើមឈើមួយធំ មានម្លប់សាខា នៅក្បែរមាត់ច្រាំងអន្លង់បារ៉ាចនោះទៅ ។ ឧបរាជបានឮដំណឹងថា ក្រពើជាសេនាខ្លួនត្រូវស្ដេចពាលជាព្រះរៀមសម្លាប់ដូច្នេះហើយ ក៏ប្រញាប់អស់បណ្ដារាស្ត្រ មកជួយកាត់យកតែក្បាល ហើយសង់ខ្ទមមួយនៅទីនោះធ្វើបុណ្យ យកក្បាលក្រពើដាក់ក្នុងខ្ទម តម្កល់ទុកជាតំណាង ឲ្យបណ្ដាជនមើលដរាបមក ។ លុះយូរអង្វែងក្រោយមក ក្បាលក្រពើក៏ពុករលួយអស់ទៅ បណ្ដាជនក៏យកឈើមកឆ្លាក់ធ្វើឲ្យដូចជាក្បាលក្រពើមុន យកទៅតម្កល់ដូចដើមទុករហូតមកដល់សព្វថ្ងៃនេះ ។
ស្ដេចនិងឧបរាជ នៅជាសុខសប្បាយលើកោះនោះ ឥតមានទាស់ទែងគំនុំប្រកាន់ខឹងនឹងគ្នាដោយប្រការអ្វីសោះឡើយ លុះត្រាតែកោះតូចនោះដុះដាលខ្ពស់បានទៅជាភ្នំ ។ លុះស្ដេចពាលចាស់ជរា ដឹងខ្លួនថាមុខជាមិនបានរស់យឺនយូរតទៅទៀត ក៏ហៅមហាឧបរាជប្អូនមកប្រាប់ថា: យើងមានឫទ្ធិចេស្ដាខ្លាំងពូកែនៅលើភ្នំនេះ បើឥតអំពីបងទៅចូរប្អូននិងអករ៍យាយ ព្រមទាំងបណ្ដាជនគិតធ្វើអ្វីមួយជាកេរ្តិ៍ទុកឲ្យអ្នកក្រោយៗ គេបានស្គាល់ឈ្មោះយើងផង កុំបីខានឡើយ ។
អំណឹះអំពីស្ដេចពាលទៅ ឧបរាជជាប្អូនគ្រប់គ្រងរក្សាទីនោះ ហើយយកដុំថ្មមួយដុំ មកសន្មតទុកថាជាតំណាងស្ដេច ប្រាប់បណ្ដាជនឲ្យជួយធ្វើជាសាក្សីទៅថ្ងៃក្រោយ ។ ស្ដេចពាលស្លាប់ ទៅកើតជាអ្នកតាភ្នំនៅរក្សាដុំថ្ម ដែលឧបរាជជាប្អូននិងបណ្ដាជន សន្មតទុកជាតំណាងរហូតមកដល់សព្វថ្ងៃនេះ ។ ឯឧបរាជជាប្អូន ក្រោយពីនោះក៏ស្លាប់ទៅទៀត ហើយទៅកើតជាអ្នកតាស្រុកបារ៉ាច នៅថែរក្សាក្បាលក្រពើរហូតមក ។
Comments are closed.