រឿងអ្នក​តា​ភ្នំដី

នៅ​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​សូទ្រ​និគម ខែត្រ​សៀម​រាប មាន​អ្នក​តា​មួយ ដែល​អ្នក​ស្រុក​សន្មត​ហៅ​ថា “អ្នក​តា​ភ្នំ​ដី” ។ អ្នក​តា​នេះ​មាន​រាង​រៅ​ជា​ព្រះ​ពុទ្ធ​រូប​ឈរ​មួយ​ព្រះ​អង្គ បាក់​ព្រះ​ហស្ត​ម្ខាង និង​រូប​ព្រះ​គណេស មួយ​ទៀត ដែល​មាន​ក្បាល​ជា​ដំរី​ខ្លួន​ជា​មនុស្ស បាក់​ជើង-​ដៃ​អស់​នៅ​តែ​ដង​ខ្លួន​និង​ក្បាល ហើយ​មាន​រូប​អវ​លោកេស្វរៈ (ព្រះ​ឥសូរ) បាក់​ជើង-​ដៃ​អស់​ដែរ នៅ​តែ​ព្រះ​ភក្ត្រ​ល្មម​ឲ្យ​ស្គាល់​បាន ។ ឯ​ចំណែក​ដែល​បាក់​បែក​ទាំង​ប៉ុន្មាន ក៏​នៅ​គរ​ក្បែរ​ទី​នោះ​ដែរ ។ រូប​ទាំង ៣ នេះ​សុទ្ធ​តែ​ឆ្លាក់​ដោយ​ថ្ម​ភក់​ទាំង​អស់ ទំហំ​និង​កម្ពស់​រូប​មួយ​ៗ ប៉ុន​ៗ​គ្នា ​ប្រហែល​ៗ​គ្នា គឺ​កម្ពស់​ប្រមាណ ០ម​៥០ និង​ទទឹង​ដង​ខ្លួន ០ម​២០ គេ​ដាក់​នៅ​ក្នុង​ខ្ទម​ប្រក់​ក្បឿង​តូច​មួយ ជា​មួយ​គ្នា​ទាំង ៣​រូប​នោះ​ឯង ។

ទី​កន្លែង​នៃ​អ្នក​តា​នេះ ស្ថិត​នៅ​លើ​ដី​ទួល​មួយ​ខ្ពស់ របៀប​ជា​កូន​ភ្នំ​តូច​មួយ មាន​កម្ពស់​ប្រមាណ ៦ម០០​ពី​ដី​ស្រែ​ធម្មតា ដី​ទួល​នោះ​រាង​មូល បើ​វាស់​ចំពាក់​កណ្ដាល មាន​វិជ្ឈមាត្រ​ប្រមាណ ២៣ម​០០ ។ ដី​ទួល​នេះ​ហើយ​ដែល​គេ​ហៅ​ថា​ភ្នំ​ដី ឯ​ស្រុក​ភូមិ​នៅ​ក្បែរ​ៗ​នោះ គេ​ក៏​ហៅ​ថា​ភូមិ​ភ្នំ​ដី​ដែរ ។ នៅ​ភូមិ​ភ្នំ​ដី​នោះ មាន​ផ្ទះ​ប្រមាណ​ជា ៣០​ខ្នង​ប៉ុណ្ណោះ​ទេ ។ តាម​សេចក្ដី​តំណាល​ថា ភ្នំ​ដី​នេះ​កើត​ឡើង​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ “ចៅ​កម្ជិល​ខ្សាច់” ចៅ​នេះ​ល្បី​ខ្ចរ​ខ្ចាយ​ខាង​ខ្ជិល តាំង​តែ​ពី​ក្មេង​តូច​មក ការ​អ្វី​ក៏​ចៅ​នេះ​មិន​ធ្វើ​ដែរ មួយ​ថ្ងៃ​ៗ អង្គុយ​តែ​រោយ​ដី​ខ្សាច់​លេង រហូត​ទាល់​តែ​កើត​បាន​ទៅ​ជា​ភ្នំ​ដី​នេះ​ឡើង ។

ឯ​អ្នក​តា​ដែល​នៅ​លើ​ភ្នំ​ដី​នេះ គេ​សន្មត​ហៅ​ថា “អ្នក​តា​ភ្នំ​ដី​ៗ” តាម​ឈ្មោះ​ភ្នំ​នោះ​ទៅ ។ ក្រោយ​មក ទីនេះ​ក្លាយ​ទៅ​ជា​បូជនីយដ្ឋាន​របស់​អ្នក​ស្រុក​រហូត​មក​ដល់​សព្វ​ថ្ងៃ ព្រោះ​ក្នុង​មួយ​ថ្ងៃ​ៗ គេ​តែង​តែ​បន់​ស្រន់ បួង​សួង សុំ​សេចក្ដី​ក្នុង​ពេល​ដែល​ស្រុក​មាន​ជំងឺ ឬ បាត់​គោ​ក្របី​ជា​ដើម ។

ការ​ដែល​បន់​នោះ មិន​មាន​កំណត់​ឈ្មោះ​របស់​ថ្វាយ​អ្វី​ៗ​ទេ គឺ​គេ​អុជ​ទៀន​ធូប​ថ្វាយ​ហើយ​ទើប​បន់​ក៏​មាន គេ​កាច់​ស្លឹក​ឈើ​ស្រស់​ធ្វើ​ជា​ស្លា​ធម៌​ព្រៃ​ថ្វាយ​ហើយ​បន់​ក៏​មាន ប្រសិន​បើ​ជា​បាត់​គោ​វិញ​នោះ គេ​បន់​ថា “ឱ ! លោក​អ្នក​តា​អ្នក​ដូន​ភ្នំ​ដី​អើយ ! ឥឡូវ​កូន​ចៅ​បាត់​គោ​មួយ​នឹម​ទៅ​ហើយ ឈ្មោះ​វា​អា​ចំប៉ា​១ អា​ចំប៉ី​១ មិន​ដឹង​ជា​ចោរ​លួច ឬ វា​រត់​ទៅ​ណា​បាត់​ទេ សូម​លោក​តា​ជួយ​រក ជួយ​នាំ​ចិត្ត​គោ​នោះ ឲ្យ​វា​ត្រឡប់​មក​រក​ផ្ទះ​សម្បែង​វិញ​ផង” លុះ​បន់​រួច​ហើយ គេ​ក៏​ទៅ​រក បាន​ឃើញ​ប្រាថ្នា​ក៏​មាន គោ​នោះ​វា​បោល​មក​ផ្ទះ​វិញ​ខ្លួន​វា​ក៏​មាន ជូន​រក​មិន​ឃើញ​ក៏​មាន​ដែរ ប៉ុន្តែ​អ្នក​ស្រុក​ដែល​ជឿ​អ្នក​តា តែង​អួត​ថា ច្រើន​តែ​ឃើញ មិន​សូវ​ដែល​ដែល​មិន​ឃើញ​ទេ ។ បើ​បន់​ទៅ​បាន​ឃើញ​ហើយ ទោះ​បី​ថ្វាយ​អ្វី​ក្ដី មិន​ថ្វាយ​អ្វី​ក្ដី ឬ ទៅ​ប្រាប់​ក្ដី មិន​ប្រាប់​វិញ​ថា បាន​ឃើញ​គោ​ហើយ​ក្ដី អ្នក​តា​នោះ​គ្មាន​ប្រកាន់​ទោស​អូស​ដំណើរ​អ្នក​បន់​ទេ ។

របៀប​នេះ ខុស​អំពី​របៀប​អ្នក​តា​ឯ​ទៀត ដែល​បាន​រក​ឃើញ​ហើយ​មិន​បាន​ទៅ​ប្រាប់​ឬ​ទៅ​ថ្វាយ​អ្វី​ទេ​នោះ នឹង​ត្រូវ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ចុក​ដូច្នេះ​ដូច្នោះ​មិន​ទេ​ឡើយ ។

ព្រោះ​ហេតុ​ហ្នឹង​ទេ​ដឹង បាន​ជា​អ្នក​ស្រុក​ភ្នំ​ដី​និង​អន្លង​ពីរ​ជា​ដើម គេ​តែង​ទៅ​ប្រជុំ​គ្នា​ធ្វើ​បុណ្យ​ពូន​ភ្នំ​ថ្វាយ​អ្នក​តា​នោះ​រៀង​រាល់​ឆ្នាំ នៅ​ខែ​ចែត្រ​គឺ គេ​នាំ​គ្នា​ទៅ​ជម្រះ​ស្មៅ​ភ្នំ​ដី​នោះ ហើយ​ជួស​ជុល​ខ្ទម​នោះ​ឲ្យ​ស្អាត​បាត​ល្អ ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ពូន​ភ្នំ​ខ្សាច់ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត​ពី​ល្ងាច​ស្អែក​ឡើង​ប្រគេន​ចង្ហាន់​លោក ពេល​ព្រឹក​ម្ដង ថ្ងៃ​ត្រង់​ម្ដង ។

ឯ​អ្នក​តា គេ​ធ្វើ​ពែ​ដាក់​បាយ​នំ​ចំណី​ថ្វាយ ហើយ​ក្រាល​កន្ទេល​ស្មៅ កន្ទេល​ក្រហម ដាក់​ខ្នើយ​មួយ​យ៉ាង​ល្អ ដល់​ពេល​ព្រះ​សង្ឃ​សូត្រ​ពហូ​ទេវា​ឆ្លង គេ​នាំ​បង្វិល​ពពិល​ជុំ​វិញ​ខ្ទម​អ្នក​តា មាន​អាចារ្យ​ម្នាក់​ឈ្មោះ​ព្រិន តែង​តែ​សូត្រ​សុំ​ពរ​ពី​អ្នក​តា ឥត​មាន​ក្បួន​ខ្នាត​អ្វី​ទេ គាត់​សូត្រ​មាត់​ទទេ តាំង​តែ​ពី​ដើម​រៀង​មក​ថា: “ឱ ! អស់​លោក​អ្នក​តា អ្នក​ដូន​ភ្នំ​ដី និង​អស់​លោក​ទេព្ដា​រក្សា​ទឹក​ដី​ព្រៃ​ព្រឹក្សា ភូមិ​ស្រុក ព្រម​ទាំង​ទេព​និករ​អមរ​មេឃ ព្រះ​ឥន្ទ្រ​ព្រះ​ព្រហ្ម ព្រះ​នរាយន៍ ព្រះ​ឥសូរ ព្រះ​ចតុ​លោក​បាល​ទាំង ៤ មាន​ព្រះ​បាទ​វិរូបក្ខ​ជា​ដើម យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​មក​សេព​សោយ​ក្រយាហា ហើយ​សូម​ទទួល​អនុមោទនា​បុណ្យ​យើង​ខ្ញុំ​គ្រប់​គ្នា សូម​លោក​ជួយ​បី​បាច់​ថែរក្សា​យើង​ខ្ញុំ​ជា​កូន​ចៅ ព្រម​ទាំង​ស្រុក​ភូមិ សត្វ​ធាតុ​គោ​ក្របី ឲ្យ​បាន​សុខ​សប្បាយ​គ្រប់​ៗ​គ្នា​ទោ​ហោង” ។

Comments are closed.