រឿងអ្នក​តាត្រងោល

អ្នក​តា​ត្រងោល ស្ថិត​នៅ​ក្នុង​ឃុំ​ពន្លៃ ស្រុក​ព្រៃ​កប្បាស ខែត្រ​តាកែវ ។ តាំង​ពី​ដើម​រៀង​មក​រាល់​ឆ្នាំ អ្នក​ស្រុក​តែង​ធ្វើ​ពិធី​ឡើង​អ្នក​តា​នេះ ដើម្បី​សុំ​ទឹក​ភ្លៀង ។ អ្នក​តា​នេះ​មាន​ឈ្មោះ​ល្បី​ទូទៅ ពេញ​ទាំង​ស្រុក​ព្រៃ​កប្បាស​ទាំង​មូល ។

ឯ​កម្ម​វិធី​ឡើង​អ្នក​តា ព្រម​ទាំង​ដើម​កំណើត​នៃ​អ្នក​តា​នេះ ខ្ញុំ​នឹង​អធិប្បាយ​ដោយ​សង្ខេប​ជូន​ដូច​ត​ទៅ ៖

មាន​យាយ​ម្នាក់​ឈ្មោះ​យាយ​ដុល ផ្ទះ​នៅ​ភូមិ​ក្រវ៉ាលទាក សង្កាត់​អង្កាញ់ ស្រុក​ព្រៃ​កប្បាស (តាកែវ) គាត់​ជា​រូប​អ្នក​តា​ត្រងោល តែ​គាត់​ទទួល​អនិច្ច​កម្ម​ហើយ ។ កាល​ដែល​គាត់​នៅ​រស់​នៅ​ឡើយ​កាល​ណា​ជិត​ដល់​កំណត់​ថ្ងៃ ខែ ដែល​ត្រូវ​ឡើង​អ្នក​តា​នោះ គាត់​តែង​តែ​ដើរ​រៃ​ប្រាក់ រៃ​ស្រូវ​អំពី​អ្នក​ស្រុក​គ្រប់​គ្នា យក​ទៅ​រៀប​ចំ​ចាត់​ចែង​ឡើង​អ្នក​តា​រៀង​រាល់​ឆ្នាំ​ពុំ​ដែល​ខាន ។ លុះ​គាត់​អង្គាស​ដល់​ផ្ទះ​ខ្ញុំ​ៗ ក៏​បាន​សាក​សួរ​គាត់ អំពី​រឿង​ឡើង​អ្នក​តា​នោះ​យ៉ាង​ណាៗ​ខ្លះ? យាយ​ដុល​ក៏​បាន​ឆ្លើយ​ប្រាប់​មក​ខ្ញុំ​វិញ​ថា : “ឱ ! ចៅ​អើយ របៀប​ឡើង​អ្នក​តា​នោះ យាយ​មិន​គួរ​និយាយ​សោះ ព្រោះ​អាសអាភាស​ពន់​ពេក​ណាស់ លាក់​បាំង​អី​ចៅ​អើយ ! ដល់​ពេល​ឡើង​អ្នក​តា​នោះ​ម្ដង​ៗ គេ​ដេញ​ប្រុស​ៗ​ចេញ​ឲ្យ​អស់ ហើយ​ស្រី​ៗ​ទាំង​ប៉ុន្មាន​នាក់​ដែល​នៅ​ឡើង​អ្នក​តា​នោះ គេ​នាំ​គ្នា​ដោះ​សំពត់​អាវ​ចេញ​ពី​ខ្លួន នៅ​តែ​ខ្លួន​ទទេ រួច​ហើយ ស្រី​ខ្លះ​ដំ​ក្បាល​ជង្គង់​ធ្វើ​ស្គរ ស្រី​ខ្លះ​យក​ឈើ​មក​ធ្វើ​ជា​ទ្រ ជា​ចាប៉ី ប៉ីអ ស្រី​ខ្លះ​ច្រៀង​រាំ​លេង សប្បាយ​តាម​តាម​មតិ​រៀង​ៗ​ខ្លួន រួច​អំពី​ធ្វើ​ភ្លេង ច្រៀង​រាំ ក៏​ចាប់​ផ្ដើម​បោក​ចំបាប់​គ្នា បោក​ផ្ដួល​ទៅ រួច​ដេញ​ចាប់​គ្នា​ទៀត ​ខ្លះ​ទៅ​យក​ដុំ​ថ្ម​រូប​អ្នក​តា​ពី​ខ្ទម​មក ហើយ​សួរ​ថា: លោក​តា​ឲ្យ​ទឹក​ភ្លៀង​ឬ​មិន​ភ្លៀង​ទេ បើ​មិន​ឲ្យ​ទេ​ភ្លៀង​ទេ យើង​នឹង​នាំ​គ្នា​ជិះ​ជាន់​លោក​តា​ឯង​ទាល់​តែ​ស្លាប់ ស្រី​ៗ​ឯ​ទៀត​នាំ​គ្នា​ឆ្លើយ​ដោយ​ឧបកិច្ច​ថា : យើង​ឲ្យ​ភ្លៀង​ហើយ ! យើង​ឲ្យ​ភ្លៀង​ហើយ ! ។

គេ​លេង​ដូច្នេះ ចាប់​តាំង​ពី​ម៉ោង​បី​រសៀល​រហូត​ម៉ោង ៥ ទើប​ឈប់ ។ ត​មក​ពួក​ស្រី​ក្មេង​ៗ ក្នុង​ចំណោម​ស្រី​អ្នក​លេង​ទាំង​ប៉ុន្មាន ក៏​នាំ​គ្នា​ដង​ទឹក យក​មក​ឲ្យ​ស្រី​ចាស់​ៗ អ្នក​លេង​នោះ​ងូត ជួន​កាល​មាន​ភ្លៀង​ធ្លាក់​ក្នុង​ថ្ងៃ​នោះ​ក៏​មាន រំលង ២-៣ ថ្ងៃ ទើប​មាន​ភ្លៀង​ក៏​មាន គឺ​ថា​ឆុត​ឆាប់​ណាស់ ។ របៀប​លើង​អ្នក​តា​នោះ គេ​លេង​ភ្លេង​ឧបកិច្ច​គ្មាន​លេង​ភ្លេង​មែន​ទែន​ទេ ។ ឯ​ប្រដាប់​ប្រដា​គ្រឿង​សំណែន​វិញ​មាន: គោ ១ ស្រា ១​ទិន​រាល់​ៗ​ឆ្នាំ ។ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ដល់​រដូវ​ថ្ងៃ ខែ​ឡើង​អ្នក​តា គេ​ដើរ​រៃ​ប្រាក់​ស្រូវ​ពី​អ្នក​ស្រុក ដើម្បី​នឹង​យក​ទៅ​ចាត់​ចែង​ការ​នោះ ឲ្យ​បាន​គ្រប់​គ្រាន់ ។

កាល​ដែល​យាយ​ដុល​និយាយ​ចប់​ហើយ ខ្ញុំ​ក៏​សួរ​ត​ទោ​ទៀត ៖ “លោក​យាយ ! ចុះ​លោក​តា​ហ្នឹង​ម្ដេច​ក៏​ត្រូវ​ការ​តែ​ស្រី​ម្ល៉េះ ! បណ្ដោយ​ឲ្យ​ស្រី​អាក្រាត​ឲ្យ​ជិះ​ជាន់​ប្រព្រឹត្ត​អាការ​មិន​គប្បី​ដូច្នេះ ? ម៉្យាង​ទៀត រឿង​ដើម​តើ​យ៉ាង​នាំ​បាន​ជា​គេ​ហៅ​ថា “អ្នក​តា​ត្រងោល” ពី​ដើម​មក​គាត់​ចេះ មន្ត​អាគម​អ្វី បាន​ជា​ហៅ​ភ្លៀង​បាន ធ្វើ​ថ្ងៃ​ណា​ភ្លៀង​ថ្ងៃ​ហ្នឹង ? ។

យាយ​ដុល​ក៏​និយាយ​ថា : យាយ​បាន​ដឹង​បន្តិច​បន្តួច តាម​ឮ​ចាស់​ៗ​និទាន​តៗ មក​ថា : អ្នក​តា កាល​ដើម​ជា​មនុស្ស​ធម្មតា តែ​មិន​ដឹង​ឈ្មោះ​អ្វី​ឲ្យ​ប្រាកដ​ទេ គាត់​កោរ​ត្រងោល ចេះ​មន្ត​អាគម​ច្រើន​ជា​អ្នក​ខ្លាំង​ពូកែ​ណាស់ ហើយ​មេឃ​ងងឹត​ប្រុង​នឹង​ភ្លៀង គាត់​គ្រាន់​តែ​បាច​អង្គរ សូត្រ​សែក​មន្ត​អាគម​ទៅ ខ្យល់​ផាត់​មេឃ​ស្រឡះ​ធេង បាត់​ពពក​ភ្លៀង​អស់​មួយ​រំពេច ។ បើ​គាត់​ចង់​ឲ្យ​ភ្លៀង​វិញ កាត់​តាំង​ពិធី​មាន​ស្លា​ធម៌ បាយ​សី ប្រដាប់​ប្រដា​គាត់​ជា​ច្រើន ហើយ​សូត្រ​មន្ត​អាគម (មហា​មេ​មហា​ដាល” របស់​គាត់ មិន​យូរ​ប៉ុន្មាន មេឃ​ឡើង​ខ្មៅ ភ្លៀង​ធ្លាក់​ចុះ​មួយ​រំពេច ។

អ្នក​ស្រុក​ឃើញ​ដូច្នោះ កោត​ខ្លាច​គោរព​រាប់​អាន​គាត់​គ្រប់​គ្នា ។ លុះ​គាត់​ស្លាប់​ទៅ អ្នក​ស្រុក​នៅ​តែ​គោរព​គាត់​ជានិច្ច ទើប​យក​ដី​ឥដ្ឋ​មក​ប៉ាន់​ធ្វើ​ជា​រូប​គាត់​ឡើង មាន​ក្បាល​ត្រងោល​ដូច​រូប​គាត់​កាល​នៅ​រស់ បើ​គេ​ចង់​បាន​ទឹក​ភ្លៀង គេ​នាំ​រៀប​ចំ​ធ្វើ​គ្រឿង​ព្លីការ​បូជា​គាត់​សុំ​ទឹក​ភ្លៀង​រៀង​រាល់​ឆ្នាំ តាម​ចំណាំ​ដែល​ធ្លាប់​ឃើញ​គាត់​ធ្វើ​អំពី​កាល​ដែល​គាត់​នៅ​រស់​នោះ​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ខ្ញុំ​ក៏​សួរ​បញ្ជាក់​យាយ​ដុល​ទៀត​ថា ៖ ចុះ​ហេតុ​អ្វី ក៏​ចាំ​ស្រី​ៗ​អាក្រាត​កេរ្តិ៍​ខ្មាស​ទៅ​ធ្វើ​ដូច្នេះ យាយ​ក៏​ឆ្លើយ​ថា​ខ្ញុំ​លែង​ដឹង​ហើយ ចៅ​ឯង​លែង​សួរ​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដឹង​ទេ ។

ខ្ញុំ​បាន​និយាយ​ទៅ​យាយ​នោះ​វិញ​ថា តាម​មតិ​របស់​ខ្ញុំ​ៗ​យល់​ថា: ប្រហែល​ជា​តា​ត្រងោល​ហ្នឹង កាល​គាត់​នៅ​រស់​នៅ​ឡើយ គាត់​ស្អប់​ស្រី​ៗ​ណាស់ បើ​ឃើញ​ស្រី​ៗ ទៅ​ឱប​ប្រឡែង​នឹង​គាត់​ៗ តែង​ឲ្យ​វត្ថុ​អ្វី​ៗ​ទៅ​ស្រី​នោះ ដើម្បី​ឲ្យ​ដើរ​ចេញ​ពី​គាត់​ឆាប់​ៗ​ទៅ ព្រោះ​គាត់​ជិន​ណាយ​ធុញ​ទ្រាន់​នឹង​កាម​តណ្ហា ។

ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ស្រុក កាល​ណា​ចង់​បាន​ទឹក​ភ្លៀង ឲ្យ​ស្រី​ៗ​អាក្រាត​ៗ​ទៅ​ជិះ​ជាន់​គាត់​ៗ ធុញ​ថប់​គាត់​ៗ ក៏​ខំ​សូត្រ​អាគម​ខាប​ទឹក​ភ្លៀង​មក​ឲ្យ​ឆាប់​ៗ ដើម្បី​ឲ្យ​ស្រី​ៗ អស់​ហ្នឹង ឆាប់​នាំ​គ្នា​ទៅ​ផ្ទះ​ឲ្យ​ស្រឡះ​ពី​មុខ​គាត់​ទៅ ក្រែង​អីចឹង​ទេ​ដឹង​លោក​យាយ? យាយ​ឆ្លើយ​ថា: យាយ​លែង​ដឹង​ហើយ​ហើយ​ចៅ យាយ​លា​ទៅ​ផ្ទះ​ហើយ ។

Comments are closed.