បច្ចុប្បន្នទីផ្សារនៃការចិញ្ចឹមបង្កងទឹកសាបហាក់មានការចាប់អារម្មណ៍ច្រើន ដោយសារតែវាមានភាពងាយស្រួលក្នុងការចិញ្ចឹម ចំណែកទិន្នផលបង្កងវិញក៏លក់បានតម្លៃខ្ពស់ផងដែរ។ ខាងក្រោមនេះគឺជាការរៀបរាប់ពីរបៀបចំអាងចិញ្ចឹមបង្កងទឹកសាបត្រួស៖
១ របៀបធ្វើអាង
ទំហំអាងអាចធ្វើទៅតាមការស្រឡាញ់របស់លោកអ្នក ចំណែកឯកំពស់របស់អាងវិញគឺលោកអ្នកអាចធ្វើវាក្នុងកំពស់ពី ៦០ ទៅ ៧០ សង់ទីម៉ែត ដើម្បីការពារកុំឲ្យបង្កងអាចវារចេញបាន និងការពារពីដៃក្មេងនិងសត្វផ្សេងៗផងដែរ។ សម្រាប់ការបៀកប៉េតុង លោកអាចអ្នកអាចបៀកតែខាងក្នុងបានហើយ ព្រោះវាអាចកាត់បន្ថយការចំណាយបានខ្លះដែរ។ គួរបញ្ជាក់ដែលថាក្នុងការធ្វើអាងលោកអ្នកត្រូវបៀកប៉េតុងយ៉ាងណាឲ្យបាត់ជ្រុងទាំង ៤ របស់វាកុំឲ្យនៅសល់ជ្រុងឲ្យសោះ ព្រោះប្រសិនបើអាងនោះនៅមានជ្រុងបង្កងនឹងអាចវាចេញបាន។
២ របៀបត្រាំអាង
បន្ទាប់ពីធ្វើអាងរួចរាល់ និងប្រាកដថាអាងនោះនឹងមិនជ្រាបទឹកចេញទេនោះ ដំណាក់កាលទី ២ នេះគឺត្រូវតា្រំអាងទុកចោលរយះពេល ១ ខែ ដើម្បីឲ្យអាងនោះសាបនូវសារជាតិស៊ីម៉ងត៍និងក្លិនរបស់វា។ ដើម្បីឲ្យអាងនោះឆាប់សាបជាតិស៊ីម៉ងត៍ លោកអ្នកអាចយកអាចម៍គោឬដើមចេកទៅដាក់ជាជំនួយក៏បាន។
៣ សម្ភារៈដាក់ក្នុងអាង
បន្ទាប់ពីអាងសាបជាតិកំបោរឬស៊ីម៉ងត៍ហើយ សម្ភារៈនិងរុក្ខជាតិដែលត្រូវដាក់នៅក្នុងអាងនោះមានដូចជា ចកស្លឹកធំ ចកតូច ត្រកួន កញ្ឆែត ស្រូវ សារ៉ាយ កំណាត់បំពងទីប កន្រ្ដក់ជ័រ ដុំឥដ្ឋ និងស្រាកពងមាន់។ ចំពោះកំពស់ទឹកដែលលោកអ្នកត្រូវដាក់ក្នុងអាងគឺអាចដាក់ពី ២០ ទៅ ២៥ សង់ទីម៉ែតពីបាត់អាង នេះចំពោះប្រភេទអាងដែលនៅក្នុងម្លប់។ ប្រសិនអាងរបស់អ្នកនៅទីវាលអាចលៃទឹកយ៉ាងណា ឲ្យទឹកនោះអាចមានតំបន់ត្រជាក់។
៤ របៀបនៃការ វាស់ទឹក
ក្រោយពីដាក់រុក្ខជាតិនិងសម្ភារៈខ្លះៗចូលក្នុងអាងហើយ លោកអ្នកត្រូវធ្វើការវាស់កម្រិតជាតិអាស៊ីតនិងកម្រិតសារជាតិរ៉ែដែលមានក្នុងទឹក។ ប្រសិនបើវាស់ហើយនៅក្នុងទឹកនោះមានជាតិអាស៊ីតខ្ពស់ លោកអ្នកត្រូវរកជាតិសារធាតុ បាស ដើម្បីបន្សាបជាតិអាស៊ីនៅក្នុងអាងនោះ។ គួរបញ្ជាក់ដែរថា ចំពោះការប្រើក្រដាសវាស់ជាតិអាស៊ីដើម្បីស្វែងរកកម្រិតអាស៊ីតក្នុងទឹក គឺវាស់ឲ្យកម្រិតអាស៊ីនោះនៅត្រឹមគំនូសពណ៍បៃតង។ កាលណាវាស់ហើយជាតិអាស៊ីតនៅត្រឹមកម្រិតបៃតងមានន័យថាទឹកនោះមានកម្រិតជាតិអាស៊ីតទាប សមល្មមក្នុងការដាក់កូនបង្កងចូលបាន។ ចំណែកសារធាតុរ៉ែវិញ លោកអ្នកត្រូវធ្វើយ៉ាងណាឲ្យវានៅត្រឹមចន្លោះពីទី ៦ ៧ ឬទី៨នៃឧបករណ៍វាស់។ ប្រសិនបើវាស់ទៅទឹកនោះខ្វះសារធាតុរ៉ែ លោកអ្នកច្នៃតាមវិធីធម្មជាតិក៏បាន ឬអាចទិញពីតាមទីផ្សារមកដាក់បាន។ ការច្នៃសារធាតុរ៉ែតាមវិធីធម្មជាតិនោះ គឺលោកអ្នកអាចយកសំបក ខ្យង ខ្ចៅ លៀស យកកំឡោចនិងកិចឲ្យម៉ត់ និងបាចវាចូលទៅក្នុងទឹកអាងនោះ។ កាលណាអាងមានសារធាតុរ៉ែ ដែលផ្សំដោយពពួក កាល់ស្យូម ម៉ាញ៉េស្យូមគឺវាធ្វើឲ្យសំបករបស់បង្កងឆាប់រឹង និងងាយសក ហើយវាធ្វើឲ្យបង្កឆាប់ធំធាត់ផងដែរ។
៥ របៀប ដាក់កូនបង្កង
ក្រោយពីលោកអ្នកធ្វើការបាច់សារធាតុរ៉ែ វាស់ជាតិអាស៊ីហើយ ត្រូវទុកវាចោលចំនួន ២ ថ្ងៃសិន ដើម្បីឲ្យល្បាយទាំងនោះវាលាយចូលសព្វក្នុងទឹក។ ពីរថ្ងៃក្រោយមកលោកអ្នកអាចយកកូនបង្កងទៅដាក់ក្នុងអាងបានហើយ។ ក្រោយពេលដាក់ចូលក្នុងអាង សូមលោកអ្នកធ្វើការតាមដានកូនបង្កងទាំងនោះ ប្រសិនបើវាហែរឡើងលើផ្ទៃទឹក ឬព្យាយាមឡើងលើដើមរុក្ខជាតិដែលនៅលើទឹកអាងនោះមានន័យថា អាងនោះមិនទាន់អស់ជាតិស៊ីម៉ងត៍ ដូច្នេះសូមបូមទឹកចេញជាប្រញាប់និងចាប់បង្កងទៅក្នុងទឹកស្រះឬទឹកណាមួយដែលលោកអ្នកគិតថាសុវត្ដិភាព។ ប៉ុន្ដែក្នុងករណីដែលដាក់ទៅវាហែរចុះក្រោយធម្មតាទេ នោះមានន័យថាអាងរបស់អ្នកបានសាបជាតិស៊ីម៉ងត៍ហើយ៕
Comments are closed.