កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្ដាយប្រើឲ្យទៅជីកដំឡូង ។ ក្មេងនេះ រៀបចបរួចស្រេច ចេញដើរទៅរកដំឡូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ នាងកុមារីទៅជីកដំឡូង នៅជើងដំបូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងមិនដឹងធ្វើដូចម្ដេច ក៏ស្រែកប្រកាសថា «លោកណា អ្នកណាអើយ ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក » ។ ស្រែកតែប៉ុណ្ណេះ មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រិចចេញពីពីក្នុងព្រៃ ប្រាប់ទៅនាងនោះ ថា « នាង! តាយកឲ្យបានផ្លែចបនោះ តែបើតាយកបានតាគ្រាន់តែឲ្យនាងឯង រកចៃឲ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ» ។ នាងឮខ្លាថាដូច្នោះក៏និយាយទៅថា «ឱលោកតាអើយ!ឲ្យតែលោកតាជួយយកឲ្យបានចុះ» ។ ខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាង ហើយឲ្យនាងរកចៃឲ្យ » ។ នាងនោះយកបន្លាមកឆ្កឹះដង្កូវ នៅក្នុងដំបៅក្បាលខ្លា ។ ខ្លាចេះតែសួរនាងថា «នាង ដំបៅតាស្អុយឬក្រអូប? » ។ ដំបៅនោះស្អុយណាស់ ប៉ុន្តែនាងឆ្លើយប្រាប់ទៅវិញថា « ក្រអូបណាស់លោកតា » ខ្លាចេះតែសួរ នាងចេះតែថាក្រអូប ។ លុះឆ្កឹះដង្កូវអស់ទៅ ខ្លាបាត់ឈឺ បាត់រមាស់ ហើយនិយាយប្រាប់នាងថា « នាង! នាងយកជាលមួយមក តានឹងដាក់ដំឡូងឲ្យ» ។ នាងនោះ យកជាលមួយមកឲ្យខ្លា ៗដាក់សុទ្ធតែមាសប្រាក់ពេញជាល ចងមាត់ជាលជាប់ឲ្យទៅនាង រួចប្រាប់នាងនោះថា « នាងយកជាលនេះទៅផ្ទះ ហៅបងប្អូននាងមកជុំបិទទ្វារឲ្យជិតសឹមបើក» ។ នាងនោះលាខ្លា ដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុំ រួចក៏បើកជាល ដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នា ។ លុះយូរបន្តិច ដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំ ស្រីនោះបញ្ជាកូនក្រមុំថា « ហងឯងមើលកូនគេ ៗ ទៅជីកដំឡូងបានមាសប្រាក់ យកមកចែកបងប្អូនគេ ហងទៅជីកបានតែដំឡូង គ្មានបានខ្មោចអ្វីទេ» ។ ថ្ងៃក្រោយ ស្រីនោះប្រើឲ្យកូនទៅជីកដំឡូង លុះបានទៅជួបប្រទះនឹងខ្លា ដូចនាងមុនទៀត ក៏ធ្វើជាជ្រុះចបដូចនាងមុននោះដែរ ហើយថា « លោកណាយកចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក» ។ ខ្លាឮហើយ ក៏យកមកឲ្យរួចឲ្យនាងនោះ ចាប់ដង្កូវឲ្យ ។ ខ្លាសួរដូចពីមុនថា « នាង! ដំបៅតាស្អុយឬក្រអូប? » ។ នាងនោះឆ្លើយថា «ស្អុយណាស់» ខ្លាឮដូចច្នោះថា « នាងយកជាលមួយមក តានឹងដាក់មាសប្រាក់ឲ្យ» ។ នាងយកជាលឲ្យខ្លា ៗចាប់សុទ្ធតែពស់វែក ដាក់ពេញជាល ហើយឲ្យទៅនាងនោះ ប្រាប់ថា « នាងយកទៅផ្ទះហៅបងប្អូនមកជុំ បិទទ្វារឲ្យជិតសឹមបើក » ។ នាងនោះទៅដល់ផ្ទះ ហើយប្រាប់ម្ដាយ ៗ អរណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វារ រួចបើកជាលមើល ។ ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
ចចើងចង់លាភ រែងបាត់ធនទៅ
Comments are closed.