ចំថ្ងៃទិវាបុណ្យឪពុក ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូក្រាបថ្វាយបង្គំលោកឪពុក រួចភ្ជាប់សាររៀបរាប់បែបនេះថា…(មានវីដេអូ)
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាបុណ្យឪពុក ហើយគេក៏បានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូ ដែលជាសកម្មភាពក្រាបថ្វាយបង្គំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដោយភ្ជាប់សារយ៉ាងវែងអន្លាយដែលមានន័យថា៖
“ទោះបីលោកពុកមិនបានរៀនសូត្រ មិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆិតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព ហើយគាត់ហ៊ានណាស់ ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសទ្រូងដល់ប្អូនៗ ។
ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែលអាយុមិនទាន់គ្រប់18 ឆ្នាំផង។ ពេលបងប្រុសមកធ្វើការភ្នំពេញ រកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច ។
ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លា.ប់ភ្លាម) ។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថាកុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក
តាមពិតលោកពុកដឹងរឿងទាំងអស់ តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត ។ រហូតអស់ជំរើសតស៊ូនៅភ្នំពេញ បងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន បងប្រុសដើរដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ3 តែអត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក
គឺទៅជាមួយខ្ញុំ ក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេ ហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណតំឡើងអាយុ 2ឆ្នាំ បង្គ្រប់រហូតដលសព្វថ្ងៃ បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា 3500$ ក៏មិនបានទៅទៀត ។ ក្រោយមកទៀតទើបក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលា
គឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយ ទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ 2 ឆ្នាំ ទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ 2008 ពុកដើរចងការគេផង ខ្ចីគេផងព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន ។
និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ1997 ដល់ឆ្នាំ2008 ជាការុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ។ គិតទៅតស៊ូរយ:ពេល11ឆ្នាំទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ ។ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយមិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។
ខ្ញុំរស់នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដីលក់ស្រែដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីរនាក់ទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លា.ប់ហើយ ។
ពេលនោះបើគ្មានក្រសួងការងារ និងការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងកូរ៉េ គ្រួសារខ្ញុំក៏គ្មានឱកាសបានទៅកូរ៉េដែរ ហើយមិនមែនតែកម្ពុជាទេដែលទៅធ្វើការងារនៅកូរ៉េ មានថៃ វៀតណាម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន ស្រីលង្កា និងមានច្រើនទៀត……. ហើយកូរ៉េខ្លួនឯងក៏ធ្លាប់ទៅធ្វើជាពលករគេដែរ ។ តើមានបងប្អូនណាខ្លះ ដឹងថាកូរ៉េធ្លាប់ធ្វើពលករឲ្យគេ? ហើយធ្វើឲ្យប្រទេសណាខ្លះ? ហើយក្នុងចន្លោះពេលណា?” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.