ប្រាប់តៗគ្នាផង រកផ្លូវវៀង! រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទកំណាត់ផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ ៤៥ថ្ងៃ ព្រោះតែ…
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសថា នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពានអាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានចំណងធ្វើចរាចរណ៍ឆ្លតកាត់ត្រង់ចំណុចខាងលើ សូមបញ្ចៀសចរាចរណ៍ តាមផ្លូវដូចខាងក្រោម៖
១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ទនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាជម្ពូវ័ន ផ្លូវជាតិលេខ រួចបត់ឆ្វេងទៅរកស្ពានអាកាសចោមចៅ។
២.ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅកាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្តាំ រហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។
៣.ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេងចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំ មករកមហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំ រហូតដល់មុខរោងចក្រប៊ីរី ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ធនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេង ទៅរកស្ពានអាកាសចោមចៅ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការបញ្ចៀសការធ្វើដំណើរឆ្លងកាត់ចំណុចប្រសព្វនៃផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ មានរយៈពេល ៤៥ថ្ងៃ គិតចាប់ពីចុះហត្ថលេខាតទៅ៕
Comments are closed, but trackbacks and pingbacks are open.