ជួយស៊ែរបន្តផង ឈប់ប្រើទៅ! ជក់បារីអេឡិចត្រូនិច គ្រោះថ្នាក់ខ្លាំងអាចដល់ស្ល-ា.ប់ ទាំងអ្នកជក់ និង អ្នកស្រូបផ្សែង
ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់ បារីអេឡិចត្រូនិច។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា បារីអេឡិចត្រូនិច មានបរិមាណនីកូទីនខុសៗគ្នា និង មានការបំភាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ដែលបណ្តាលឱ្យញៀន បង្កផលប៉ះពាល់ដល់បេះដូង និង សួត រហូតដល់បាត់បង់ជីវិត។
ទន្ទឹមនោះ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និង ជាតិនីកូទីន ត្រូវបានស្រូបចូលទៅក្នុងរាង្គកាយ ហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ ខណៈការប្រើប្រាស់ក្នុងចំណោមកុមារ និង មនុស្សវ័យជំទង់ បង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និង អាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និង បង្កជំងឺការថប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្ណោះ ការស្រូបចំហាយបារីអេឡិចត្រូនិចដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិច មានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ធ្វើឱ្យស្ត្រីដែលមានផ្ទៃពោះ មានបញ្ហាដល់ការលូតលាស់របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។
គួរឱ្យដឹងផងដែរថា ដោយយល់ឃើញថា បារីអេឡិចត្រូនិចពិតជាបង្កគ្រោះថ្នាក់បែបនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច នៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្មលក់ចែកចាយ ក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ ២០១៨ ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដោយបានចេញសេចក្តីណែនាំស្តីពីការចាត់វិធានការបង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និង ការនាំចូលផលិតផលស៊ីហ្សា (SISHA) និង បារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.