អាណិតណាស់! តារាកំប្លែង នាយក្ដិប ប្រកាសអង្វរមហាជនឱ្យជួយទិញផ្ទះជាថ្មី ព្រោះជំពាក់បំណុលច្រើនពេក
តារាកំប្លែងជើងចាស់ធ្លាប់បម្រើអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយ នាយ ក្ដិប បានប្រកាសសូមអង្វរដល់សាធារណជនជាថ្មីម្ដងទៀតតាមរយៈទំព័រហ្វេសប៊ុកផេក សិល្បករកម្ពុជា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ដោយសូមឱ្យបងប្អូនដែលត្រូវទិញផ្ទះ មេត្តាជួយទិញផ្ទះរបស់ខ្លួនផង ដែលមានទីតាំងស្ថិតនៅខាងជើងវត្តខ្ទរ ខណ្ឌជ្រោយចង្វារ ដើម្បីដោះបំណុលគេ ព្រោះថាពេលនេះ នាយ ក្ដិប កាន់តែមានជីវភាពដុនដាបខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ពិតណាស់ តារាកំប្លែង នាយក្ដិប បានប្រកាសសូមអង្វរដល់មហាជនជួយទិញផ្ទះរបស់ខ្លួន ដោយសារតែលោកត្រូវការលុយជាចាំបាច់ដើម្បីសងបំណុលគេ ខណៈបច្ចុប្បន្នលោកជំពាក់គេច្រើនដើម្បីយកមកព្យាបាលជំងឺ ហើយពេលនេះលោកមិនអាចរកចំណូលបាន ពេលនេះអស់លទ្ធភាពទប់ទល់តទៅទៀតហើយ មានតែសូមអង្វរឱ្យបងប្អូនជួយទិញផ្ទះតែប៉ុណ្ណោះ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង នាយក្ដិប ក៏បានប្រកាសសូមអង្វរដល់មហាជនឱ្យជួយទិញផ្ទះរបស់ខ្លួនដើម្បីដោះបំណុលគេម្ដងហើយ ប៉ុន្ដែមកដល់ពេលនេះផ្ទះ នាយក្ដិប នៅមិនទាន់លក់ដាច់នៅឡើយ៕
Comments are closed, but trackbacks and pingbacks are open.