រកឃើញមនុស្ស ៥ នាក់!! ពាក់ព័ន្ធបុរសនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់មកកម្ពុជា
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី ២៣ ខែកក្កដា បានប្រកាសពីការរកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ផ្ទុកមេរោគអុតស្វា ដែលបានបញ្ជាក់ និង រត់គេចពីប្រទេសថៃ ចូលមកកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ខណៈអ្នកជំងឺរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ទាក់ទិនទៅនឹងករណីនេះ មន្ត្រីជាន់ខ្ពស់ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ឌឌីន បានបញ្ជាក់នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ឱ្យបានដឹងថា ៖ «មកទល់ពេលនេះ យើងរកឃើញអ្នកដែលពាក់ព័ន្ធនឹងបុរសជនជាតិនីហ្សេរីយ៉ា ចំនួន ០៥ នាក់ហើយ តែជាករណីដែលពាក់ព័ន្ធប៉ុណ្ណោះ ហើយយើងបានណែនាំឱ្យពួកគាត់នៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់ ដើម្បីរង់ចាំលទ្ធផលបញ្ជាក់ជាផ្លូវការ។ ពួកគាត់ទាំង ០៥ នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ។ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និង តាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និង រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និង ត្រូវបានឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»។
ទន្ទឹមនោះ លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងបុរសជនជាតិនីហ្សេរីយ៉ាខាងលើ រួសរាន់ទាក់ទងទៅមន្ត្រីសុខាភិបាល ដែលនៅជិតកន្លែងរស់នៅ ឬ ដាក់ខ្លួនដាច់ដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬ ទាក់ទងមកលេខ ១១៥ ជាចាំបាច់៕
Comments are closed, but trackbacks and pingbacks are open.