មូល​ហេតុ​ស្ពាន​អាកាស​​​ចោមចៅ មិន​មាន​ផ្លូវ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ៣ មក​​ផ្លូវ​ជាតិ​លេខ ៤

ក្រោយ​ផ្លូវអាកាស​និង​ផ្លូវក្រោម​ដី​រង្វង់មូលចោមចៅ​បាន​សាងសង់​រួច​ជា​ស្ថាពរ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មហាជន​និង​អ្នក​ដំណើរ​បាន​លើក​យក​យក​បញ្ហា​បច្ចេកទេស​ដែលមិន​មាន​ភ្ជាប់​​​ផ្លូវ​បត់​ពី​ផ្លូវ​ជាតិ​លេខ ៣ មក​ផ្លូវជាតិ​លេខ ៤ ខណៈ​ការដ្ឋាន​​ស្ពាន​អាកាស​និង​ផ្លូវក្រោម​ដី​បាន​បញ្ចប់​និង​ដាក់​ឲ្យប្រើប្រាស់​ហើយ​នោះ។

ជុំវិញ​បញ្ហា​នេះ​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​បញ្ជាក់​មូល​ហេតុថា ដោយសារ​ផ្លូវជាតិ​លេខ​៣​ប្រសព្វផ្លូវជាតិលេខ ៤ ត្រង់ទីតាំងស្ពានអាកាសចោមចៅមានរាងស្រួច ច្រមុះជ្រូក ហើយ​ក្រុមសិក្សា​បាន​រាប់​ចំនួនចរាចរ​យានយន្ត​​បត់ឆ្វេងពី

ផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ៤ ឃើញមានចំនួនតិចតួចបំផុត។ ម្យ៉ាងទៀត​ហេតុផល​ដោយសារ​ហេតុថាគម្រោងប្លង់ទិស ផ្លូវជាតិលេខ៣ បត់ចុះពីស្ពានមកផ្លូវជាតិលេខ៤ រងផលប៉ះពាល់ដល់កំពស់ផ្លូវឡើងចុះ នៃយន្តហោះរួមទាំងផលប៉ះពាល់ផ្ទះជាច្រើន​ជាប់ព្រលានយន្តហោះផងនោះ ទើប​គម្រោងស្ពាន​អាកាសកោងនេះត្រូវផ្អាកបណ្តោះអាសន្ន។

បើ​តាម​មន្ទីរ​សាធារណការ​បាន​បញ្ជាក់​ទៀតថា តាមការជាក់ស្តែង​ពីមុនក៏ដូចបច្ចុប្បន្ន ប្រជាពលរដ្ឋ​ភាគច្រើនតែងតែ​ធ្វើចរាចរពី​ផ្លូវជាតិលេខ៣ មកផ្លូវជាតិលេខ៤ តាមផ្លូវបត់ឆ្វេងត្រង់ស្ថានីយ៍ប្រេង TOTAL ភូមិក្រាំងដូនទៃ និងផ្លូវបត់ឆ្វេងភូមិព្រៃព្រីងខាងត្បូង ២ ឆ្ពោះមកចេញផ្លូវជាតិលេខ៤តាមផ្លូវបុរី​មនោរម្យ ឬផ្លូវក្រវ៉ាត់ក្រុងទី៣ថ្មីដែលកំពុងសាងសង់ចេញ​មក​ប្រសព្វផ្លូវជាតិលេខ៤ត្រង់ មហាវិថី ឈ្នះឈ្នះ ភូមិជម្ពូវ័ន្ត។

ក្រៅពីផ្លូវកាត់ចំនួន ២ខ្សែខាងលើដែលប្រជាពលរដ្ឋបាន​កំពុងធ្វើចរាចរនោះ យានយន្តក៏អាចធ្វើដំណើរបត់ស្តាំតាមមហាវិថី​ចោមចៅ ត្រង់ទីតាំងអតីតបញ្ជរបង់ប្រាក់បត់ត្រឡប់ក្រោយមកផ្លូវជាតិលេខ ៤ ក៏បាន។

ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែល​បាន​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹកនេះ​ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដែល​ចំណាយ​ថវិកា​សាងសង់ចំនួន ២២ លានដុល្លារអាម៉េរិក។

ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការសាងសង់នេះគឺត្រូវបាន​បែង​ចែក​ជា ៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់​អតិបរមា​ដែលអាចចរាចរក្រោមស្ពានមាន ៥,៥ម៉ែត្រ។

ស្ពានទី២-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវ៉េងស្រេង សម្រាប់ចរាចរ​មួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥,២៥ម៉ែត្រ។

ស្ពានទី៣-ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងសម្រាប់រថយន្ត និង មួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវ៉េងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ)

ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវ៉េងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិសដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងសម្រាប់រថយន្ត និងមួយគន្លងសម្រាប់ទោចក្រយានយន្ត។ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវ

ឯកទិសមានទំហំទទឹង ៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវឯកទិសមានទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ ៥,៥ម៉ែត្រ៕

Comments are closed, but trackbacks and pingbacks are open.