តាមពិតចង់ដាក់អន្ទាក់សោះ!! រកឃើញអ្នកសរសេរស្លាក “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ”

សមត្ថកិច្ចបានស្រាវជ្រាវរកឃើញហើយចំពោះអ្នកដែលសរសេរពាក្យថា “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ” ដែលមានការចែករំលែកនូវខ្លឹមសារ ជាឃ្លីបវីដេអូ និងខ្លឹមសារជារូបភាព នៅលើបណ្តាញព័ត៌មានសង្គម ព្រមទាំងមានសរសេរលេខទូរស័ព្ទនៅពីលើទុកឱ្យធ្វើការទំនាក់ទំនង ដែលដាក់នៅខាងមុខផ្ទះ។

យោងតាមការឱ្យដឹងពីសមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា អ្នកដែលសរសេរពាក្យថា “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ” បានរកឃើញហើយគឺ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនេះ។

ក្នុងករណីនេះ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានកោះអញ្ញើញបុរសដែលបានសរសេរពាក្យថា “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ” ធ្វើការសាកសួរ និងបានអះអាងថា រូបគាត់ជាអ្នកសរសេរខ្លឹមសារនោះមែន ដាក់នៅមុខផ្ទះនោះ មានឈ្មោះ សេង ហឺ អាយុ៧២ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានភារកិច្ចជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង។

ចំពោះមូលហេតុដែលរូបគាត់បានសរសេរខ្លឹមសារ “ហាមប៉ូលីសចរាចរណ៍ជាន់ដីខ្ញុំ” ហើយដាក់លេខទូរស័ព្ទគាត់នៅទីនោះផង ដើម្បីចង់ឱ្យសមត្ថកិច្ចនគរបាលកោះអញ្ជើញរូបគាត់មកធ្វើការសាកសួរអំពីមូលហេតុដែលគាត់បានសរសេរ។

គាត់បានរៀបរាប់ថា ការសរសេរនេះមិនមានបំណងអាក្រក់ណាមួយចំពោះមន្ត្រីនគរបាលចរាចរណ៍ទេ តែគាត់ចង់មានសំណូមពរ ៣ចំណុច ទី១. សូមឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅមកនៅលើស្ពានខាងមុខសាលាខេត្តបាត់ដំបងជាធម្មតា ព្រោះសព្វថ្ងៃស្ពានទាំងពីរនោះ អនុញ្ញាតឱ្យធ្វើដំណើរជាផ្លូវឯកទិស។

ទី២. សូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួបទំនាក់ទំនងជាមួយមហាជនទូទៅ សូមបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរស់រាយរាក់ទាក់ និងសុំឱ្យអនុគ្រោះលើកលែងចំពោះអ្នកប្រព្រឹត្ត

ល្មើសនឹងច្បាប់ចរាចរណ៍ ដែលមិនមានប្រាក់បង់សម្រាប់ការផាកពិន័យ និងទី៣. សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ចៀសវាងនូវកំហុសឆ្គងដែលនាំទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ដោយត្រឹមត្រូវហើយនោះ ពិតជាមិនមានកំហុសនោះទេ ហើយបើមិនមានកំហុស នគរបាលក៏មិនអាចធ្វើការផាកពិន័យបានដែរ។

បន្ទាប់ពីសមត្ថកិច្ចបានដឹងពីគោលបំណងរបស់បុរសរូបនោះហើយ បុរសរូបនោះក៏បានដកចេញនូវស្លាកអក្សរដែលបានសរសេរនោះវិញ ហើយលុបចោលនូវខ្លឹមសារឃ្លីប វីដេអូ ដែលក្រុមគ្រួសារគាត់បានផ្សព្វផ្សាយតាមបណ្តាញសង្គម។

ទាក់ទងនឹងបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា តែងតែរំលឹកដាស់តឿនជាប់ជាប្រចាំចំពោះមន្ត្រីនគរបាលទាំងអស់ ដែលបំពេញភារកិច្ច ហើយមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ ឱ្យរក្សាបាននូវពាក្យសំដី អាកប្បកិរិយា សីលធម៌ឱ្យបានល្អ សក្តិសមជាមន្ត្រីអនុវត្តច្បាប់ អនុវត្តនូវជំនាញ វិជ្ជាជីវៈនគរបាលជាតិ ដោយធ្វើយ៉ាងណាកុំឱ្យបង្កនូវគុណវិបត្តិដល់មហាជន។ ក៏ប៉ុន្តែទោះបីជាថ្នាក់ដឹកនាំជំរុញដឹកនាំ រំឭកជាប្រចាំយ៉ាងណាក្តីយូរៗម្តងបានកត់សម្គាល់

ឃើញថា នៅមានបញ្ហាអសកម្មដែលលេចឡើងពីមហាជន ដោយសារមន្ត្រីនគរបាលមួយចំនួនតូចអនុវត្តមិនទាន់បានល្អនៅឡើយ។ បញ្ហានេះសមត្ថកិច្ចសន្យាបន្តខិតខំអប់រំណែនាំបន្ថែមទៀត ឬករណីដែលមិនមានការកែប្រែនោះ នឹងចាត់វិធានការស្របតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Comments are closed, but trackbacks and pingbacks are open.