ច្បាស់ៗ ម្ចាស់ដើមបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ទម្លាយមូលហេតុចំៗរឿងឱ្យអ្នក Cover លុបបទនេះចេញពី Youtube
ថ្មីៗនេះដែរ មហាជនអ្នកនិយមចូលចិត្តស្តាប់បទចម្រៀង ប្រាកដជាធ្លាប់បានឮមកហើយនូវបទចម្រៀង «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដោយមានការចែករំលែកព្រោងព្រាតតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក Youtube និង TikTok ជាដើម។ ក្នុងនោះ បទចម្រៀងខាងលើនេះ គេបានដឹងថាជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថង នៅក្នុងផលិតកម្ម «HB Production»។
ជាក់ស្តែង បទចម្រៀងខាងលើក៏ត្រូវបានតារាចម្រៀងប្រុសស្រីជាច្រើនបានយកមក Cover ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកញ្ញា មាស នីតា ក៏បានបកស្រាយ និង ថត MV ផុសនៅលើគណនី Youtube និង ហ្វេសប៊ុក «Neng Norng Music» ផងដែរ ដោយមានការចូលទស្សនាដល់ទៅ ១៦ លានដងឯណោះ។
យ៉ាងណា ក្រោយពីការ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» របស់កញ្ញា មាស នីតា មានអ្នកទស្សនាបានច្រើនសន្ធឹកយ៉ាងនេះ ស្រាប់តែនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការស្រឡាំងកាំងយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា និង អ្នកគ្រប់គ្រង «Neng Norng Music» បានចេញមុខមកប្រកាសថា បទចម្រៀង Cover ខាងលើនេះ នឹងត្រូវលុបចេញហើយ។
ពាក់ព័ន្ធនឹងការលុបចេញនេះដែរ ក្រោយពីផ្ទុះការចែករំលែក និង មានមតិវិជ្ជមាន-អវិជ្ជមាន ទៅលើផលិតកម្មដើម ពោលគឺផលិត HB Production ដែលជាអ្នកផលិតបទនេះឡើង ក៏បានចេញមុខបកស្រាយពីមូលហេតុនៅយប់ថ្ងៃដដែលផងដែរ។
តាមសេចក្តីប្រកាសរបស់ផលិតកម្ម HB Production បានឱ្យមូលហេតុដែលឱ្យអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេង» លុបចេញពី Channel Youtube របស់ខ្លួន ក៏ព្រោះតែអ្នក Cover បានយកទៅច្រៀងបន្ត ហើយមានសារព័ត៌មាន និង បណ្តាម្ចាស់ Concert មួយចំនួនបានផ្សព្វផ្សាយជាសារណៈក្នុងខ្លឹមថា អ្នក Cover បទចម្រៀងជាម្ចាស់ដើមទៅវិញ ហើយកន្លងមកផលិតកម្មក៏ស្នើសុំឱ្យអ្នក Cover កែប្រែចំពោះកំហុសឆ្គងនេះដែរ។
តែយ៉ាងណា ថ្មីៗនេះស្រាប់តែករណីខាងលើនៅតែបន្តមាននៅក្នុង Concert មួយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ម្ចាស់កម្មសិទ្ធិដើម។ លើសពីនោះ ផលិតកម្ម HB Production ក៏បានអះអាងថា កន្លងមកអ្នក Cover គឺមិនបានសុំសិទ្ធិនោះទេ។
Comments are closed, but trackbacks and pingbacks are open.