អបអរសាទរ!! សម្ដេចប្រកាសលើកលែងការពាក់ម៉ាស់នៅទូទាំងប្រទេសតាមទីកន្លែងសាធារណៈ ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត
នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេស ស្ដីពីការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ។
ក្នុងនោះ តាមរយៈសារសំឡេងពិសេស សម្ដេចបានបញ្ជាក់ឱ្យបានដឹងថា រដ្ឋាភិបាលលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និង ទីកន្លែងចំហនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាពាក់ម៉ាស ឬ មិនពាក់ម៉ាស់។
សម្ដេចបានបញ្ជាក់បន្ថែមទៀតថា ៖ «ដូច្នេះ ចាប់ពីម៉ោងដែលបងប្អូនបានទទួលសារសំឡេងនេះ បងប្អូន អាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់ នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលបិទជិត អត្ថន័យនៃកន្លែងដែលបិទជិត គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ មានការបិទជិត ប្រើដោយម៉ាស៊ីនត្រជាក់»៕
Comments are closed, but trackbacks and pingbacks are open.