ឃើញហើយសែនអាណិត!! ធ្វើសន្ដិសុខយាមបណ្ដើរ មើលមេរៀនបណ្ដើរ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព និងការសិក្សា
សន្តិសុខឯកជនវ័យក្មេងម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន អាណិត និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរៀនសូត្រ ខណៈកំពុងយាមម៉ូតូ និងរថយន្តឲ្យគេ នៅទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។ កត់មេរៀនបណ្ដើរ ក្រោកទៅរយ៉ែឡានឲ្យគេបណ្ដើរ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
រូបថតរបស់សន្តិសុខខាងលើ ត្រូវបានគេចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី ៦ ឧសភា ឆ្នាំ២០២២ អមជាមួយសំណេរសរសើរ និងជូនពរថា «ប្អូនគេ ប្អូនខ្ញុំ ជីវិតត្រូវតស៊ូ ពិតជាអាណិត និងសរសើរប្អូន សួរគាត់ថាខំរៀនចឹងឆ្នាំប្រឡងមែនអូន? គាត់ឆ្លើយ៖ បាទចែ! សូមជូនពរប្អូនប្រឡងជាប់ និងមានអនាគតល្អ»។
ក្រោយពីរូបថត និងសំណេរទាំងនេះផ្សព្វផ្សាយចេញទៅ មហាជននៅក្នុងពិភពអនឡាញបានសម្ដែងទឹកចិត្តអាណិតអាសូរ និងផ្ដល់កម្លាំងចិត្តពីចម្ងាយឲ្យគ្រប់ៗគ្នា។ ពួកគេក៏ចង់ដឹងស្ថានភាពជីវិតសន្តិសុខរូបនេះផងដែរ ថាមានការលំបាកយ៉ាងណា ទើបចេញមកធ្វើការស៊ីឈ្នួលទាំងវ័យក្មេង និងវ័យកំពុងចង់សិក្សាដូច្នេះ។
បន្តិចក្រោយមក ក៏មានអ្នកស្គាល់សន្ដិសុខ និងខ្លះជាមិត្តភ័ក្ដិបានចេញមុខមកអះអាងប្រាប់ថា រូបគេជាសិស្សសាលារៀននៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ថ្នាក់ 12c²។ គាត់ធ្វើការសន្តិសុខនេះចាប់ពីម៉ោង ៦ល្ងាចដល់ ៦ព្រឹកហើយត្រូវមករៀនពេលព្រឹកបន្តទៀត និងពេលថ្ងៃគាត់បានសម្រាក ១ម៉ោងទៅ ២ម៉ោងត្រូវមករៀនគួរបន្ថែមទៀត ពេលខ្លះគាត់មិនបានសម្រាកពេញមួយថ្ងៃក៏មាន។ 071 303 13 15 នេះជាលេខរបស់គាត់ផ្ទាល់ ឈ្មោះ បញ្ញា។
Song Jekyo៖ «គាត់ជាមិត្តរួមថ្នាក់ខ្ញុំ គាត់ត្រូវទៅធ្វើការនៅគីឡូលេខ៩ ដោយដើរថ្មើរជើងពីទួលសង្កែទៅម៉ោង 5-6 យាមរហូតដល់ម៉ោង ៥ភ្លឺមកវិញត្រូវមករៀនម៉ោង៦ រៀនបណ្ដើរងោកបណ្ដើរ។ គាត់រកលុយត្រូវបង់ថ្លៃផ្ទះផង ជូនម្ដាយផង លុយថ្ងៃទឹកភ្លើង ការហូបចុកផង និងថ្លៃរៀនផង
គឺគាត់រ៉ាប់រងតែម្នាក់ឯង (ថ្ងៃមុនទូរសព្ទគេលួចទៀតពេលដេកមួយភាំងពេលយាម ទូរសព្ទបង់រំលោះមិនទាន់ហើយគេលួចបាត់)។ គាត់មិនដែលយករបស់អ្នកដទៃ សូម្បីតែមិត្តរួមថ្នាក់ជួយក៏មិនយក ទាល់តែបង្ខំទើបគាត់ទទួល សូមបងៗដែលចិត្តល្អជួយឧបត្ថម្ភជាកង់ធម្មតាមួយក៏បាន សម្រាប់ឲ្យគាត់ងាយស្រួលទៅធ្វើការ»។
Real Borors៖ «បានមើលរូបភាព អានអត្ថបទ និងចូលអាន Comments រួចហើយរំជួលចិត្ត ទឹកភ្នែករលីងរលោង ជីវិតគឺជាការតស៊ូអ៊ីចឹងឯង។ អ្នកខ្លះគ្រួសារមានលទ្ធភាពហើយ តែមិនប្រឹងប្រែងរៀនសូត្រទេ បែរជាទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។ ចំណែកប្អូនប្រុស ទោះបីជាគ្រួសារខ្វះលទ្ធភាពក៏ដោយក៏ប្អូនមិនបោះបង់ចោលការសិក្សា សុខចិត្តធ្វើការជាសន្តិសុខពេលយប់ ពេលថ្ងៃមកសិក្សាដោយរ៉ាប់រងគ្រួសារផង និងខ្លួនឯងផង។ សង្ឃឹមថា នឹងមានសប្បុរសជនអ្នកមានចិត្តសប្បុរសធម៌ជួយទំនុកបម្រុងប្អូនដើម្បីឲ្យបានរៀនបន្តទៀតផងចុះ។ ជូនពរប្អូនឲ្យមានសុខភាពល្អ និងជោគជ័យនៅថ្ងៃខាងមុខ»៕
Comments are closed, but trackbacks and pingbacks are open.