ប្រទះឃើញ សត្វល្មូនមួយប្រភេទ មានជើង ៤ នៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ បានបង្ហោះវីដេអូ បង្ហាញពីសត្វល្មូនមួយប្រភេទ ដែលមានជើង ៤ អាចបម្លាស់ទីបានយ៉ាងឆាប់រហ័ស គួរឱ្យចាប់អារម្មណ៍ និងចម្លែកបំផុត ខណៈពពួកល្មូនប្រភេទនេះ ត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ប្រទះឃើញនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
ដោយឡែក ចំពោះប្រភេទសត្វល្មូនប្រភេទនេះ បើតាមការឱ្យដឹងពីផេក បុរាណាចារ្យ បានឱ្យដឹងថា ថ្លែនតូចកន្ទុយវែងខ្លួនបង្កង់ មានឈ្មោះ Lygosoma haroldyoungi ឬដែលនិយមហៅថា Harold’s writhing skink or Harold Young’s supple skink ជាសត្វអម្បូរថ្លែនកន្ទុយវែង Lygosoma ដែលមានលក្ខណៈពិសេសគឺ មានស្រកាជាលក្ខណៈបង្កង់ៗ ខ្លួនរាងមូលត្រស៊ុញ ជើងខ្លីៗ។
អ្វីដែលកាន់តែពិសេសទៀតនោះ សត្វប្រភេទនេះ បើមើលពីចម្ងាយអាចច្រលំគ្នានឹងសត្វពស់។ តែទោះជាយ៉ាងណា សត្វនេះគ្មានពិស និងមិនបង្កគ្រោះថ្នាក់ទេ។ សត្វប្រភេទនេះ ភាគច្រើនឃើញមានរស់នៅឯប្រទេសថៃ ភូមា និងឡាវ រាប់ថាជាសត្វកម្រ និង ជិតផុតពូជផងដែរ៕
Comments are closed, but trackbacks and pingbacks are open.