មិនភ្លេចកំណើត! យឿន ពិសី បញ្ចប់កុងត្រាជាមួយហង្សមាស ហើយបង្ហាញការដឹងគុណចំពោះផលិតកម្មមួយនេះថា
លោកអ្នក ទំនង ជាបានជ្រាបរួចមកហើយថា យឿន ពិសី ជាកូនទីពីរក្នុងបណ្ដាបងប្អូនប្រុសស្រី៧ នាក់ ដែលមានស្រុកកំណើតនៅក្នុង ខេត្តកំពង់ចាម។ ដោយសារតែពិការភាព និងជីវភាពគ្រួសារក្រខ្សត់ ពិសី មិនត្រូវបានឪពុកម្តាយអនុញ្ញាតឲ្យចូលរៀនដូចក្មេងដទៃទៀតនោះទេ។
ទោះយ៉ាងណា កាលពីអំឡុងឆ្នាំ២០១៥ យឿន ពិសី បានចូលរួមប្រឡងCambodia’s Got Talent ដោយប្រើទឹកដមសំឡេងរបស់ខ្លួនច្រៀងបទបុរាណ ហើយដោយហេតុថា លោក ជាជនពិការភ្នែកនោះ បានធ្វើឲ្យមហាជនអាណិត បោះឆ្នោតឲ្យលោកយ៉ាងច្រើន លើសបេក្ខជនដទៃ រហូតក្លាយជាម្ចាស់ពានដ៏មានសក្ដានុពលមួយនេះ។
ក្រោយមក ម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ លោកយឿន ពិសី បានចូលរោងការ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ ក្រោយរៀបការរួច ក៏ទទួលដំណឹងដ៏រីករាយថា ភរិយា របស់តារាចម្រៀងពិការភ្នែករូបនេះ បានសម្រាលកូនប្រុស ដោយជោគជ័យ ទាំងម្ដាយនិងកូនមានសុភាពល្អ។
ងាកមកនិយាយពានរង្វាន់Cambodia’s Got Talent របស់យឿន ពិសី វិញ បើទោះជា មិនបានធ្វើឲ្យលោក ក្លាយជាតារាមានជីវភាពប្រសើរដូចម្ចាស់ពានដទៃក៏ពិតមែន តែពានមួយនេះ បានធ្វើឲ្យគេស្គាល់ពិសីច្រើន ហើយក៏បានកែប្រែជីវភាពរបស់លោក មួយចំនួនផងដែរ។
ដោយហេតុនេះហើយ ទើបនៅថ្ងៃនេះ រូបគេ បានបង្ហោះសារបញ្ជាក់ជុំវិញការបញ្ចប់កុងត្រា និងធ្វើការអរគុណដល់ហង្សមាសថា «ថ្ងៃទី ២១ ខែ ៥ ឆ្នាំ ២០២២ ខ្ញុំបាទ យឿន ពិសី ជាបេក្ខជនជ័យលាភីលេខ១ នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី១ សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនអ៊ំពូមីងដែលតែងតែស្រលាញ់និងគាំទ្រដល់រូបខ្ញុំបាទឲ្យបានជ្រាបថា
ខ្ញុំបាទត្រូវបានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ហង្សមាស ជាស្ថាពរហើយបាទ ខ្ញុំបាទពិតជាសូមអរគុណដោយក្ដីគោរពដឹងគុណចំពោះក្រុមហ៊ុន ហង្សមាស ខ្លាំងណាស់ អរគុណដល់លោកអ៊ំអគ្គនាយក ដែលបានជួយសម្រួលដល់រូបខ្ញុំបាទតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់ពេលនេះ ខ្ញុំមានថ្ងៃនេះក៏ដោយសារ ហង្សមាស ដែរ អរគុណ ហង្សមាស អរគុណ Got Talent អរគុណពុកម៉ែបងប្អូនអ៊ំពូមីងដែលបានគាំទ្រដល់រូបខ្ញុំបាទកន្លងមក»។
គួរបញ្ជាក់ថា ពេលក្លាយជាម្ចាស់ពាន យឿន ពិសី ធ្លាប់រៀបរាប់យ៉ាងកម្សត់ថា «ខ្ញុំនឹងយកប្រាក់នេះទៅទិញផ្ទះសម្រាប់រស់នៅឲ្យបានសមរម្យមួយ ព្រោះសព្វថ្ងៃគ្រួសាររបស់ខ្ញុំរស់នៅក្នុងផ្ទះនៅលើទឹក ដែលពិបាកក្នុងការទៅសិក្សា និងត្រឡប់មកវិញ។
ខ្ញុំមានបំណងចង់ទិញព្យ៉ាណូមួយផងដែរ ព្រោះខ្ញុំតែចង់រៀនព្យ៉ាណូបន្ថែម។ ក្រៅពីនេះខ្ញុំចង់ទិញកុំព្យូទ័រមួយសម្រាប់ប្រើប្រាស់ ហើយគោលបំណងទៅថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាអ្នកលេងព្យ៉ាណូដ៏ស្ទាត់ជំនាញ និងចង់ក្លាយខ្លួនជាអ្នកចម្រៀងអាជីពម្នាក់ផងដែរ»៕
Comments are closed, but trackbacks and pingbacks are open.