អានចប់ រំភើបតាម! ១០ ឆ្នាំហើយ ដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ, គាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក
ហ្វេសប៊ុក៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នេះ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ក្រោយឃើញដូនចាស់មួយរូប បានបន្សល់នូវកាដូដ៏មានតម្លៃប្រកបដោយការអប់រំ ជូនចៅជាទីស្រលាញ់ខ្លួន ក្នុងថ្ងៃពិសេសរបស់លោក ។
ក្នុងរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់បុរសជាចៅផ្ទាល់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Moon Pich» បានបង្ហោះសារនិយាយរៀបរាប់យ៉ាងដូច្នេះថា៖
“១០ ឆ្នាំហើយ ដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់បាយ ទឹក និងសៀវភៅ នៅពេលទៅឃ្វាលគោ ពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំ” ។
គណនីហ្វេសប៊ុកខាងលើនេះ បាននិយាយបន្តទៀតថា៖ “គាត់បានប្រាប់ខ្ញុំថា គាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំឱ្យនឹកចៅពេក។ ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណា សូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ” ។
តាមរយៈ កាដូរប្រកបដោយអត្ថន័យ ពុំអាចកាត់ថ្លៃបានមួយនេះ បានធ្វើឲ្យយុវជនស្ទើរស្រក់ទឹកភ្នែក ពេលឮអ្នកមានគុណ ដែលបីបាច់ថែរក្សារូបលោកតាំងពីទើបនឹងកើត រហូតធំពេញរូបពេញរាង មានប្រសាសន៍បែបនេះ ព្រមទាំងបញ្ជាក់ថា វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់លោក ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.