ប្រវត្តិសាស្ត្រខ្មែរ

ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពី​សហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរវ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិនដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌មួយ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។

សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន។

ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះសីហនុ បានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហម ពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។

Comments are closed.