រឿងចៅចាក់ស្មុគ

មាន​បុរស​ម្នាក់​ហៅ​ថា ចៅ​ចាក់​ស្មុគ ថ្ងៃ​មួយ​ចៅ​នោះ​ឡើង​ទៅ​លើ​ចុង​ត្នោត តាំង​កាត់​ចៀរ​ស្លឹក​ត្នោត​ចាក់​ធ្វើ​ជា​ស្មុគ​ធំ​ៗ បាន​ច្រើន​ហើយ​ក៏​ត្រេក​អរ ប្រ​រព្ធ​ចាក់​បណ្ដើរ​គិត​បណ្ដើរ​ថា អញ​ចាក់​ស្មុគ​បាន​ច្រើន​ហើយ អញ​យក​ទៅ​លក់​អោយ​គេ អញ​បាន​ប្រាក់​១​រៀល រួច​អញ​ទៅ​ទិញ​មេ​មាន់​គេ​ បាន​មក​ចិញ្ចឹម​វា​ ដល់​យូរ​ទៅ​មេ​មាន់​វា​បង្កើត​កូន​សាយ​ច្រើន​ឡើង ហើយ​អញ​លក់​មាន់​នោះ​អោយ​គេ អញ​បាន​ប្រាក់​៥​រៀល ហើយ​អញ​ទៅ​ទិញ​កូន​ជ្រូក​គេ​មក​ចិញ្ចឹម​ លុះ​កូន​ជ្រូក​នោះ​ធំ​ឡើង​អញ​លក់​ទៅ​ទៀត​បាន​ប្រាក់​១០​រៀល ហើយ​អញ​ទៅ​ទិញ​កូន​គោ​ កូន​សេះ​មក​ចិញ្ចឹម​ដល់​ធំ​ឡើង​អញ​លក់​ទៅ​ទៀត បាន​ប្រាក់​កាន់​តែ​ច្រើន​ឡើង​ៗ ដល់​មួយ​រយ​ពីរ​រយ​រៀល អញ​ទិញ​ស្រែ ទិញ​ចំការ ទិញ​ភូមិ​លំ​នៅ នៅ​ជា​សុខ​សប្បាយ​ ហើយ​អញ​ធ្វើ​ស្រែ​បាន​ស្រូវ​ច្រើន អញ​លក់​ស្រូវ លក់​ផ្លែ​ឈើ បាន​ប្រាក់​ដល់​បី​រយ​បួន​រយ អញ​ដណ្ដឹង​កូន​ក្រមុំ​គេ យ៉ាង​ល្អ​ធ្វើ​ជា​ភរិយា​ ដល់​នៅ​យូរ​ទៅ​ អញ​មាន​កូន​ប្រុស​មួយ​អញ​ស្រលាញ់​ពេក​ណាស់ អញ​លោះ​ខ្ញុំ​ស្រី​ម្នាក់ អោយ​ជា​ភីលៀង​កូន​អញ កុំ​អោយ​ប្រពន្ធ​អញ​វា​ពិបាក នឹង​កូន​ចៅ​ត​ទៅ​ ថា​បើ​មេ​ទាសី​នោះ វា​បីទ្រ ព​កូន​អញ​មិន​ប្រ​យ័ត្ន ធ្វើ​អោយ​កូន​អញ​ដួល​ ចុះ​អញ​នឹង​ទះ​តប់​ធាក់​ក្បាល​វា​កុំ​អោយ​វា​ធ្លាប់​។

ចៅ​នោះ​គិត​ភ្លើន​សតិ​ទៅ​ដល់​ធាក់​ទាសី យារ​ជើង​ធាក់​ទៅ​លើ​ធាង​ត្នោត ដោយ​ពេញ​កំលាំង​ ក៏​ធ្លាក់​ចុះ​ចាក​ចុង​ត្នោត​នោះ​មួយ​រំពេច ចៅ​នោះ​មាន​ស្មា​រតី ស្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់​ព្យួរ​តែង​តោង​ នឹង​ស្រវា​ចាប់​ធាង​ឡើង​ទៅ​វិញ​ក៏​ពុំ​រួច នឹង​ទំលាក់​ខ្លួន​ចុះ​មក​ដី ខ្លាច​ក្ដី​ស្លាប់​ព្រោះ​ត្នោត​នោះ​លៃ​ខ្ពស់​ ចៅ​នោះ​ក៏​បាន​ក្ដី​ទុក្ខ​វេទនា​ដោយ​តោង​ចុង​ស្លឹក​ត្នោត​នោះ​អែង​។

គ្រា​កាល​នោះ​មាន​ទ្រមាក់​ដំរី​ម្នាក់ បរ​ដំរី​មក​ត្រង់​ដើម​ត្នោត​នោះ ទើប​ចៅ​ចាក់​ស្មុគ​ស្រែក​អង្វរ​ទៅ​ថា អោ​! អ្នក​បង​អើយ​! មេត្ដា​ជួយ​យក​អាយុ​ខ្ញុំ​បាទ​ក្នុង​គ្រា​នេះ ជួយ​ដាក់​ខ្ញុំ​បាទ​ផង បើ​ខ្ញុំ​បាន​រួច​អាយុ​ម្ដង​នេះ ខ្ញុំ​នឹង​ទៅ​នៅ​ជា​ខ្ញុំ​បំរើ​អ្នក​បង​។ អែ​ទ្រមាក់​ដំរី​បាន​ឃើញ​បាន​លឺ​ដូច្នោះ ក៏​បរ​ដំរី​ទៅ​ខាង​ក្រោម​ដើម​ត្នោត​ ហើយ​ក្រោក​ឈរ​ឡើង​លើ​ខ្នង​ដំរី​ ងើយ​ទៅ​ នឹង​ទទួល​ចាប់​ជើង​ចៅ​នោះ នៅ​ពុំ​ទាន់​ស៊ប់​ល្អ​ញ័រ​ជើង​ជាន់​ខ្នង​ដំរី អែ​ដំរី​នឹក​ថា​ម្ចាស់​អោយ​ដើរ​ទៅ វា​ក៏​ដើរ​ចេញ​អំពី​ទីនោះ​​ទៅ អែ​ចៅ​ទ្រមាក់​ក៏​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​នោះ​ជាប់​នៅ​តែង​តោង​ ទើប​ស្រែក​អង្វរ​ទៅ​ចៅ​ចាក់​ស្មុគ​វិញ​ថា​ ចូរ​អ្នក​ចាប់​ចុង​ស្លឹក​ត្នោត​អោយ​ជាប់​កុំ​លែង​ដៃ​ឡើយ បើ​ខ្ញុំ​រួច​ជីវិត​ម្ដង​នេះ ខ្ញុំ​ទទួល​គុណ​អ្នក​ដាក់​លើ​ក្បាល នឹង​ទៅ​នៅ​ជា​ខ្ញុំ​បំរើ​អ្នក​ហោង​។

អែ​ចៅ​ចាក់​ស្មុគ​រួយ​ដៃ​ណាស់​ក៏​ស្រែក​ថា ចូរ​លែង​ចាប់​ជើង​យើង​ទៅ យើង​ធ្ងន់​រួយ​ដៃ​ណាស់ តែ​ខំ​ចាប់​យ៉ាង​នេះ​មុខ​ជា​ស្លាប់​ហើយ​ ចូរ​លែង​ចាប់​ជើង​យើង​ទៅ​។ អែ​ចៅ​ទ្រ​មាក់​ចេះ​តែ​អង្វរ​ថា​ សូម​អ្នក​មេត្ដា​ចាប់​ខាង​លើ​អោយ​ជាប់ ខ្ញុំ​មិន​ហ៊ាន​លែង​ដៃ​ខ្ញុំ​ពី​ជើង​អ្នក​ទេ ក្រែង​ធ្លាក់​ស្លាប់​ ធ្វើ​ម្ដេច​ជា​គ្រោះ​កាច​នាំ​អោយ​បាន​ក្ដី​ទុក្ខ​យ៉ាង​នេះ​។

គ្រា​កាល​នោះ​ មាន​ចៅ​ក្បាល​ទំពែក​៤ នាក់​នាំ​គ្នា​ទៅ​ដឹក​អញ្ចង​អែ​បឹង​ធំ ដើរ​ត្រង់​ចៅ​ទាំង​ពីរ​នោះ​អែង​ ចៅ​ទាំង​ពីរ​បាន​ឃើញ​ចៅ​ទំពែក​ទាំង​៤​នាក់​ ក៏​ស្ដី​អង្វរ​ថា លោក​អ៊ុំ លោក​មា​អើយ​ជួយ​យក​អាយុ​ខ្ញុំ​បាទ​ផង បើ​ខ្ញុំ​បាទ​បាន​រួច​ជីវិត​ហើយ នឹង ទៅ​នៅ​ជា​ខ្ញុំ​បំរើ​លោក​។ ចៅ​ទំពែក​៤​នាក់​លឺ​ដូច្នោះ​ក៏​ថា យើង​នឹង​ឡើង​ទៅ​ជួយ​ដាក់​អែ​ណា​បាន បើ​ចៅ​នៅ​តែង​​តោង​ព្យួរ​នឹង​ចុង​ធាង​ត្នោត​យ៉ាង​នេះ​។ ចៅ​ទាំង​ពីរ​ក៏​ថា អោយ​លោក​អ៊ុំ លោក​មា​ឈរ​កាន់​អញ្ចង​ជា​៤​មុម​អោយ​ជាប់​ ខ្ញុំ​បាទ​ទាំង​ពីរ​នោ​ក់​នឹង​លោត​ទៅ​ក្នុង​អញ្ចង​នេះ​អែង​។

ចៅ​ទំពែក​ទាំង​៤​នាក់​ធ្វើ​តាម ទើប​នាំ​គ្នា​ចង​អញ្ចង​ជា​៤​ជ្រុង ហើយ​យក​ចុង​ខ្សែ​ចង​ព័ន្ធ​ក​រៀង​ខ្លួន​ស្រេច ហើយ​ក៏​ហៅ​ចៅ​ទាំង​ពីរ​នាក់​អោយ​ទំលាក់​ខ្លួន​ចុះ​មក ចៅ​ទាំង​ពីរ​ក៏​ទំលាក់​ខ្លួន​ចុះ​ទៅ​លើ​អញ្ចង​ព្រម​គ្នា​មួយ​រំពេច​។ អញ្ចង​នោះ​លុះ​ត្រូវ​ទំ​ងន់​ចៅ​ពីរ​នាក់ ក៏​ដូច​ជា​គេ​កន្រ្តាក់​ចូល​គ្នា ចៅ​ទំពែក​៤​នាក់ ក៏​ប្រទាញ​រួប​ដូច​គេ​បោល​ចូល​ទង្គិច​ក្បាល នឹង ក្បាល​គ្នា​អែង​បែក​ខួរ​ខាង​ក្នុង ដួល​ចុះ​ដល់​មរណ​កាល​ទាំង​បួន​នាក់​នៅ​ក្រោម​ដើម​ត្នោត​នោះ​ហោង​។

អែ​ចៅ​ទាំង​ពីរ​នាក់​បាន​រួច​ក្ដី​ស្លាប់​អំពី​ចុង​ត្នោត​ហើយ បាន​ឃើញ​ចៅ​ទំពែក​ទាំង​៤​នាក់​ស្លាប់​ដូច្នោះ​ក៏​និយាយ​គ្នា​ថា យើង​បាន​រួច​ជីវិត​នេះ ព្រោះ​តា​ទំពែក​គាត់​ជួយ​កាន់​អញ្ចង​ដំលើង​​អោយ​យើង​លោត​មក ឥលូវ​ជា​កម្ម​គាត់​មក​ស្លាប់​ទាំង​អស់​ដូច្នេះ​យើង​នឹង​គិត​សង​គុណ​យ៉ាង​ម៉េច​ បើ​យើង​នឹង​ចាត់​ចែង​ដុត​ដារ​ធ្វើ​ឈាបន​កិច្ច​ឆ្លង​គុណ​គាត់​ទៅ ​ក្រែង​មេ​ស្រុក​ចៅ​ហ្វាយ​ស្រុក​ គេ​ដាក់​ទោស​អែង​ថា​វាយ​មនុស្ស​សំលាប់​ គេ​នឹង​ចាប់​អែង​ទៅ​ធ្វើ​ទោស នឹង​ប្រាប់​គេ​តាម​ត្រង់​គេ​ក៏​ពុំ​ជឿ​អែង​ ព្រោះ​ពុំ​មាន​បន្ទាល់​សាក្សី​ជា​ទី​អាង ជា​ការ​នាំ​អោយ​កើត​ទោស​តើ​ទុក្ខ​ទៅ​មុខ​ទៀត​ បើ​ដូច្នេះ​យើង​នាំ​គ្នា​កាយ​​​ដី​កប់​សព​គាត់ ហើយ​សូម​ខមា​ទោស​នឹង​គាត់​ទៅ​ចុះ​។

ចៅ​ទាំង​ពីរ​ពិ​គ្រោះ​យល់​ព្រម​គ្នា​ហើយ​ ទើប​កាយ​ដី​កប់​សព​ចៅ​ទំពែក​ទាំង​៤​នោះ ហើយ​សំពះ​ស្មា​លា​ទោស​តាម​ទំនៀម​ស្រេច​ហើយ ចៅ​ទាំង​ពីរ​ក៏​លា​គ្នា​ទៅ​កាន់​លំនៅ​នៃ​អាត្មា​ទី​ទៃ​ហោង​ រឿង​នេះ​បាន​គតិ​ដល់​បុគ្គល​គិត​វិតក្ក​តាម​អា​រម្មណ៍​នាំ​បណ្ដែត​ចិត្ដ​ទៅ​តាម​អា​រម្មណ៍​នោះ​ កើត​ភ្លើ​សតិ​ ភ្លេច​ស្មារ​តី​ភ្លាត់​ ទៅ​ទាំង​កាយ​ផង​អែ​ចៅ​ទ្រ​មាក់​ដំរី​បាន​សេច​ក្ដី​ប្រ​មាទ​ទៅ​ទុក​ចិត្ដ​សត្វ​តិ​រច្ឆាន​ គឺ​ខ្លួន​ជាន់​លើ​ខ្នង​ដំរី​ឈោង​ដៃ​ទៅ​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​ជាន់​មិន​ស៊ប់ ក៏​ទ្រេត​ទ្រោត​ទៅ​មក ដំរី​ក៏​នឹក​សញ្ញា​ថា ម្ចាស់​អោយ​ដើរ​ទៅ​ទើប​វា​ដើរ​ចេញ​ទៅ​ ខ្លួន​ក៏​ចាប់​ជើង​ចៅ​ចាក់​ស្មុគ​នោះ​ជាប់​ បាន​ក្ដី​ភិត​ភ័យ​ នឹង​ក្ដី​ស្លាប់​មហិ​មា​។

អែ​ក្ដី​ស្លាប់​នេះ​ជា​ភាវ​បុគ្គ​ខ្លាច​ក្រៃ​ពេក​ណាស់ ដូច​ចៅ​ចាក់​ស្មុគ​ភ័យ​នឹង​ក្ដី​ស្លាប់ ក៏​ទទួល​ជា​ខ្ញុំ​បំរើ​ចៅ​ទ្រមាក់​ដំរី។ ចៅ​ទ្រមាក់​ដំរី​ចង់​បាន​គេ​ជា​ខ្ញុំ​ដល់​មិន​សម​ក្ដី​ប្រាថ្នា​ ក្ដី​ភ័យ​នឹង​មរណ​កាល​ដល់​ខ្លួន​វិញ​ ក៏​ត្រលប់​ទទួល​ខ្លួន​ជា​ខ្ញុំ​អ្នក​ចាក់​ស្មុគ​នោះ​វិញ​​ហេតុ នោះ​បាន​គតិ​ថា ក្ដី​មរណ​ភ័យ​នេះ​ តែ​មាន​នៅ​លើ​បុគ្គល​ណា​ហើយ បុគ្គល​នោះ​អាច​ហ៊ាន​ទទួល​ជា​បាវ​ជា​ខ្ញុំ​គេ​បាន​ទាំង​អស់ ព្រោះ​ក្ដី​ស្រលាញ់​អ្វី​មិន​ស្មើ​នឹង​ស្រ​លាញ់​ជីវិត​នៃ​អាត្មា​ហោង​ អែ​ចៅ​ទំពែក​ទាំង​៤​ជួយ​អាយុ​គេ ដោយ​អិត​បញ្ញា នឹង ពិចារ​ណា​មើល​ទំងន់​មនុស្ស​ពីរ​នាក់ ដែល​ទំលាក់​ចុះ​ក្នុង​អញ្ចង​នោះ​ខ្លួន​នឹង​ទ្រ​បាន​រឺ​ពុំ​បាន​ ដល់​ទ្រ​ពុំ​បាន​ដោយ​កំលាំង​ធ្ងន់ ខ្សែ​អញ្ចង​ប្រទាញ​រួប​ចូល ទាញ​ទាំង​ខ្លួន​អោយ​ជល់​គ្នា​បែក​ក្បាល​ស្លាប់​ អែ​ខ្លួន​អែង​វិញ​​ក្ដី​ប្រាថ្នា​ពុំ​សំ​រេច​ទៅ​បាន​។ អែ​ចៅ​ចាក់​ស្មុគ​នោះ​ លុះ​ក្ដី​កាម​វិតក្ក​ គឺ​ភ្លើ​ស​តិ​ភ្លាត់​ជើង​ធាក់​ជាង​ត្នោត​ ធ្លាក់​ទាំង​ខ្លួន​បាន​នូវ​ក្ដី​ទុក្ខ​វេ​ទនា​ដូច​ពណ៌នា​មក​នេះ គួរ​អ្នក​ប្រាជ្ញ​ដឹង​ដោយ​ទោស​តាម​វិតក្ក​ គឺ​ពុំ​មាន​ជា​សតិ​ដាល់​តឿន​ខ្លួន​ឡើយ​។ មួយ​ទៀត​មាន​រឿង​ស្រី​ក្លឹង​ម្នាក់​ ធ្លាក់​ចិត្ត​គិត​ចុះ​ក្នុង​កាម​វិតក្ក​ បាន​ដល់​នូវ​ក្ដី​ក្ដៅ​ក្រហាយ​ចិត្ដ​ក្រោយ​ និទាន​នោះ​មាន​ក្ដី​ដូច្នេះ។

Comments are closed.