នេះនឹងស្រដី ពីសត្វប្រាំនៃហោងណា ភេមាន់អកខ្លា និងទន្សាយទាំងប្រាំជាក់ ។ គិតគ្នាធ្វើផ្ទះ នឹងបានប្រើប្រាស់ទុកដាក់ គ្រាន់បានសម្នាក់នឹងបានគិតការតទៅ ។ ខ្លាថាបើច្នោះ ព្រមគ្នាចំពោះឥឡូវ យើងទៅច្រូតស្បូវ រួចហើយសឹមយើងគិតសង់ ។ គិតស្រេចហើយណា បបួលគ្នីគ្នាដើរត្រង់ពុំហ៊ានបង្អង់ ពុំបានឈរឈប់ឡើយណា ។ ដើរទៅដល់ព្រៃ គយគន់រំពៃព្រឹក្សាឃើញវាលស្បូវណា នេះហើយគេហៅស្បូវល្អ ។ ដល់បោះជំរំ និយាយគ្នាជុំមាត់ក ថានេះស្បូវល្អ យើងរកទៅទៀតក្រែងគ្មាន ។ យើងច្រូងរៀងអាយ ទោះក្រទោះងាយគង់បាន ទៅទៀតក្រែងគ្មាន ពុំបានប្រទះស្បូវល្អ ។ គេថាឥឡូវ ឲ្យអ្នកបងខ្លានៅអាយ ចាំដៃឲ្យបាយ រៀបស្លដណ្ដាំឲ្យស្រេច ។ ថាហើយនាំគ្នាដើរទៅម្នីម្នារំពេច ដល់ទៅព្រៃស្រេច ទន្សាយថាគ្នាយើងអើយ ។ យើងច្រូតនៅនេះ ទៅឆ្ងាយម្ដេចម៉េ្លះអ្នកអើយ ស្បូវច្រើនម្ល៉េះហើយ នេះឯងហៅស្បូវល្អណាស់ ។ ភេអកនូវមាន់ ព្រមគ្នារួសរាន់រហ័ស ច្រូតស្បូវឆាប់ណាស់ តែមាន់និងអកនូវភេ ។ ឯអាទន្សាយ រកកលនាយអាយវេះវេ ភៀសប្រាប់ទៅគេ ថាវ៉ីអើយគ្នាឈឺពោះ ។ តែវាធ្វើកល កិច្ចដោយយោបល់វានោះ វាថាឈឺពោះ តែវាចង់ទៅមើលខ្លា ។ វាដើរឆ្លៀតឈ្លប តិចៗលលបម្នីម្នា ជូនប្រទះខ្លា លោតចាប់ឯក្ដាន់នោះបាន ។ ក៏ឃើញជាក់មិញ រត់ទៅឃ្មាតខ្មាញ់ដោយដាន ដៃឱបខ្លួនប្រាណ វាធ្វើជាគ្រុនញញ័រ ។ ដៃមួយស្ទាបពោះ វាដើរទៅនោះទទ័រ ញញីញញ័រ វាធ្វើឲ្យគេជឿហោង ។ ភេមាន់នូវអក ឃើញដណ្ដឹងមកអឺងកង ហើយជេររំពង អាចោរម្ដេចអាព្រងើយ ។ មិនច្រូតស្បូវ ម្ដេចអាលេងនៅកន្តើយ ឱបដៃព្រងើយ ដើរលេងសព្វព្រៃព្រឹក្សា ។ ទន្សាយឆ្លាស់ឆ្លើយ ថាឱអ្នកអើយអស់គ្នា កុំអាលផ្ដាសា ចាំខ្ញុំដំណាលប្រាប់អ្នក ។ អ្នកអើយខ្ញុំគ្រុន ស្ទើរស្លាប់ប៉ប្រុនញ័រញាក់ ពោះខ្ញុំឈឺចាក់ ដោតហើយចុះផ្ទៃខ្ញុំផង ។ វាឈឺបោះខ្មាញ់ ដូចគេត្របាញ់ណាស់ហោង អាសូរខ្ញុំផង ខ្ញុំមិនមានពុតទេណា ។ ភេមាន់នូវអក ឮវាប្រាប់មកសោះសា មិនស្រដីថា ទៅវិញទៅមកឡើយនៃ ។ ច្រូតស្បូវតិចទៅ ទន្សាយនោះកូវស្រដី ថាវ៉ីអើយវ៉ី ដល់យើងនឹងទៅល្ងាចណា ។ យើងបានត្រីសាច់ ខ្លះទេបន្តិចអាហារ គ្រាន់បរិភោក្ដា នោះមានឬទេអ្នកអើយ ។ ទន្សាយថាបើ ដោយយាមអញមើលជាត្រើយ ដល់ទៅល្ងាចហើយ ប្រាកដជាមានលាភជ័យ ។ ភេមាន់អកខ្លា បើច្នោះលងអាទាយនៃ ឲ្យប្រាកដក្រៃ ឥឡូវនេះ លងមើលអា ។ ទន្សាយឆ្លាស់ឆ្លើយ ថាឱអ្នកអើយគ្រប់គ្នា ដល់យើងទៅណា៎ប្រាកដជាបានសាច់ក្ដាន់ ។ បើអញទាយត្រូវ ប្រាកដដូច្នោះកូវដាក់ស្បាន់ ថាបានសាច់ក្ដាន់ អស់អ្នកកុំស៊ីឡើយណា៎ ។ ភេមាន់អកនៃ ថាអើនៃវ៉ីយើងប្រាកដមិនស៊ីណា៎ យើងឲ្យតែអាស៊ីហោង ។ លុះល្ងាចនាំគ្នា ដើរមកម្នីម្នាត្រសង ដល់ជៃហើយហោង ហើយដណ្ដឹងទៅបងខ្លា ។ ថានៃអ្នកបង អ្នកបានអ្វីហោងជាអាហារបរិភោក្ដា ខ្លះទេឬគ្មានឡើយនៃ ។ ខ្លាឆ្លើយប្រាប់មក ថាអញទៅរកក្នុងព្រៃបានក្ដាន់មួយនៃ យកមកចម្អិនហើយណា៎ ។ ទន្សាយស្ដាប់ជាក់ ថាវ៉ើយអស់អ្នកគ្រប់គ្នា មែនដូច្នេះណា៎ ថាឯងមិនស៊ីឡើយហោង ។ ឥឡូវមែនហើយ ឯងកុំស៊ីឡើយជាម្ដង សាច់នោះឯងហោង អញស៊ីតែនឹងបងខ្លា ។ ភេមាន់អកនោះ ស្ដាប់ហើយទ្រគោះសោះសា ជេរថាប៉ៃអា ដកទងចោរខូចក្រៃលែង ។ ថ្វីបើយើងស៊ី យើងមិនសុំជីដូនឯង អាកុហកខូចឯង រងតែកំភូតមាយា ។ រីអ្នកទាំងប្រាំ បរិភោគហើយនាំគ្នីគ្នា ដេកលុះព្រឹកណា៎ ហើយមកគិតគ្នាទៀតនៃ ។ ថ្ងៃនេះយើងចង់ ឲ្យភេចាំរង់នៅជៃ យើងទាំងបួននៃ នឹងទៅច្រូតពីព្រឹកហោង ។ គិតស្រេចហើយណា៎ នាំគ្នាយាត្រាជាម្ដង ៗ បានឆ្ដោមកស្ល ចាំរង់អស់គ្នាច្រូតស្បូវ ។ ទន្សាយនោះណា៎ ច្រូតបានតិចវាវេះទៅ លបមើលភេកូវ ឃើញភេចាប់បានឆ្ដោជាក់ ។ ឃើញហើយវិលទៅ ខ្លាអកមាន់ទៅភ្ញាភ្ញាក់ អាចោរអប្បលក្ខណ៍ អាខូចអាទៅណា ។ ទន្សាយឆ្លាស់ឆ្លើយ ដូចពីដើមឡើយសោះសា អស់ត្រង់នេះណា៎ ដូចយើងស្រដីមុនហើយ ។ ត្រង់ចេះទាយហោរ ដូចពីមុនមកអ្នកអើយ ពុតមិនបាត់ឡើយ ត្រង់វេះត្រង់វេរមិនបាត់ ។ ច្រូតលុះល្ងាចមក ឮមាត់រឱកពុំស្ងាត់ មកដល់ពុំបាត់ ញ័រញាក់ដណ្ដឹងទៅភេ ។ ថាអ្នកចាំជៃ បានម្ហូបចំណីឬទេ នោះទើបឯភេ ប្រាប់មកថា បានត្រីឆ្ដោ ។ ទន្សាយស្ដាប់ជាក់ ហើយថា អស់អ្នកកោតហោរ អញចាប់ដៃរក៏ ឥឡូវប្រាកដមែនណា៎ ។ អស់នេះយើងបាន ស្រដីមែនមានមកប្រាកដពីដើមណា៎ ដំណើរសឹងដូចគ្នាហោង ។ អស់អ្នកទាំងប្រាំ ស៊ីបាយហើយនាំគ្នាផង ដេកដល់ព្រឹកហោង មកគិតនឹងគ្នាទៀតនៃ ។ ថ្ងៃនេះយើងឲ្យ បងអកចាំគយនៅជៃ អស់យើងទៅព្រៃ ទាំងបួននាក់នោះហងណា៎ ។ គិតហើយលីលា ដើរទៅម្នីម្នាសោះសា ដល់ស្បូវច្រូតណា៎ ដល់តិចទន្សាយវេះធ្លាប់ ។ ក្រោយនោះបងអក គាត់ទៅសំកុកចាំចាប់ ត្រីប្រាបានខ្នាប់ រួចហើយទើបយកមកស្ល ។ ទន្សាយឆ្លៀតឈ្លប ដើរមកលលបដក-ក មើលដាក់ហើយចរ លីលាវិញទៅជាម្ដង ។ ដំណើរនេះនៃ ដូចយើងស្រដីដើមហោង ពុតណាស់កន្លង ត្រង់ហោរនោះ ដូចដើមណា៎ ។ លុះល្ងាចលើលា ដើរមកថ្មីម្នាសោះសា ដណ្ដឹងអកថា អ្នកតែងចាំជៃនោះហោង ។ បងអើយបងអក ឥឡូវយើងជាម្ដង បងបានអ្វីហោង គ្រាន់ស៊ីជាម្ហូបឬទេ ។ អកឆ្លាស់ឆ្លើយប្រាប់ ទៅគេឆាប់ៗថាទេ ខ្លាចក្រែងតែគេ នៅពុំដូចអញនេះហោង ។ ឥឡូវអញបាន ប្រាមួយមកមានជាម្ដង ចម្អិនហើយហោង ទុកឲ្យអស់អ្នករាល់គ្នា ។ ទន្សាយស្ដាប់ជាក់ ថាអស់អ្នករាល់គ្នា អញទាយនេះណា៎ ថាបានត្រីប្រាស៊ីហោង ។ ដំណើរទន្សាយ ពុតខូចរាយមាយកន្លង ដូចពីដើមហោងរៀងរាបនោះមកឯងណា៎ ។ អស់អ្នកទាំងប្រាំ ស៊ីបាយហើយនាំគ្នីគ្នា ដេកលក់ព្រឹកណា៎ គិតគ្នារឱកអឹងកង ។ ថ្ងៃនេះឯងនៃ ឲ្យមាន់ចាំជៃនោះហោង ហើយទាំងបួនផង ទៅរកច្រូតស្បូវហោងណា៎ ។ ច្រូតបន្តិចទៅទន្សាយនោះ កូវលីលា វេះបាត់ហើយណា៎ មកឈ្លបចាំមើលមាន់ហោង ។ រីឯមាន់នោះ គិតថប់ក្នុងពោះកន្លង គេចាំជៃផង គេបានសាច់ស៊ីផងណា៎ ។ ឥឡូវនេះអញ មានតែពងពេញជាអាហារបរិភោក្ដា ទុកឲ្យអស់គេស៊ីផង ។ គិតហើយរមាត់ ពងធ្លាក់ចេញថ្វាត់ជាម្ដង យកមកស្ងោរហោង ទុកឲ្យអស់អ្នកគ្នីគ្នា ។ ទន្សាយឆ្លើយឈ្លប ប្រួញខ្លួនលលបមើលណា៎ យល់ឃើញជាក់ប្រាកដដូច្នោះហើយវិលទៅ ។ ដំណើរទន្សាយ ពុតខូចរាយមាយនោះ កូវត្រង់ពាក្យអាស្រូវ នោះភូតមិនបាត់ឡើយណា៎ ។ ដំណើរនេះហោង អស់ទាំងអ្នកផងគ្រប់គ្នា ដឹងអស់ពុតវា អាខូចកុហកវេះហោង ។ លុះល្ងាចនោះកូវ អស់អ្នកច្រូតស្បូវជាម្ដង លីលាមកហោង ដល់ហើយដណ្ដឹងមាន់ថា ។ ថាវ៉ើយបងមាន់បានអ្វីនោះគ្រាន់ស៊ីជា អាហារភោក្ដា ខ្វះទេឬគ្មានឡើយហោង ។ មាន់ថាអញបាន ពងស្ងោរនៅក្រានជាម្ដង អ្នកកុំគិតហោង ត្រង់ម្ហូបនោះឯងឡើយណា៎ ។ ទន្សាយស្ដាប់ជាក់ ថាឱអស់អ្នកគ្រប់គ្នា ហោរអញឆុតណា៎ ប្រាកដដូចអញថាហោង ។ ដំណើរទន្សាយ ពុតខូចរាយមាឃកន្លង ពុំលែងអស់ផង ដូចយើងស្រដីដើមណា៎ ។ អស់អ្នកទាំងប្រាំ ស៊ីបាយរួចនាំគ្នីគ្នា ដេកលុះព្រឹកណា ទៅរកច្រូតស្បូវអឺងកង ។ ថ្ងៃនេះឯងនៃ ទន្សាយចាំជៃវិញម្ដង យើងបួននាក់ផង នោះទៅច្រូតស្បូវហោងណា៎ ។ គិតស្រេចដើរទៅ ទន្សាយនោះកូវវាជា ទុកក្រៃមហិមា ព្រួយចិត្តនឹងខ្លួនពេកក្រៃ ។ នឹងរកអ្វីជា គ្រាន់ជាអាហារចំណី សង្វាតចាំជៃ រកអ្វីជាម្ហូបគ្មានឡើយ ។ ទន្សាយគិតឆ្ងល់នឹកទៅមិនយល់សោះឡើយ ថាឱអញអើយ អញបានអ្វីជាម្ហូបរ៉ា ។ បើច្នោះអញល្បង ធ្វើតាមទំនងបងខ្លា លបចាប់ក្ដាប់ណា៎ គ្រាន់បាននឹងយកមកស្ល ។ ទន្សាយគិតច្នោះ ដើរទៅពួនឆ្ពោះធ្វើ-ក លឹបលជាក់ល្អ ប៉ុនប៉ងលបមើលទៅក្ដាន់ ។ ពួនបន្តិចទៅ ឃើញសត្វនោះកូវដាក់ស្បាន់ ពានលើសត្វក្ដាន់ ទន្សាយរឹងព្រួយអាត្មា ។ ក្ដាន់ដើរជិតមក ទន្សាយចាប់យកសោះសា ក្ដាន់វាវ័ធណា៎ ទន្សាយនោះដួលផ្កាប់មុខ ។ ទន្សាយដោះឡើង ពេញមុខស្រមើងពន្លក់មើលមុខអាក្រក់ ហើយលាន់មាត់ឯងថាអុះ ។ អញម្ដងនេះណា៎ ស្លាប់បង់អាសាខ្លួននោះ ឈឺចាក់ពុងពោះ វាខ្លោចវាផ្សារពេកក្រៃ ។ ឆ្អឹងឆ្អែងស្ទើរបាក់ ខ្ទាំគ្រាំញញក់ណាស់នៃ ឈើពោះឈឺផ្ទៃ ឈឺសព្វសរសៃពេកណា៎ ។ ទន្សាយកំហូច ចំណេះបង្ខូចខ្លួនវា អាចោរប៉ៃអា ខ្លួនប៉ុនកដៃចាប់ក្ដាន់ ។ រួចពីនោះទៅ ទន្សាយនោះកូវវាកាន់ កែគិតរន្ថាន់ ព្រួយចិត្តក្រែងគ្មានម្ហូបស៊ី ។ ទន្សាយនោះកូវ ធ្វើមុខកញ្ចូវ ម្នាម្នី ធ្វើត្រាប់ភេខ្មី ទៅរកមុជទឹកគឃរ ។ មុជដល់ទៅដី លោចាប់បានត្រីខ្ជាប់ល្អត្រីវានាំជ្រ- មុជទៅយូរពេកណាស់ក្រៃ ។ ថប់ហើយក្រែងត្រី ស្ទើរផុតជីវីក្សិណក្ស័យ ភ្នែកនោះសក្រៃ ហាក់ដូចជាមុខខ្មោចណា៎ ។ ឡើងមកក្រញោន ធ្វើខ្លួនកុំប្រោនដូចស្វា មុខមាត់ជ្រីវណា រងាញញ័រជើងដៃ ។ អង្គុយយូរទៅ មានកម្លាំងកូវហើយនៃ ព្រួយចិត្តពេកក្រៃ ត្បិតមិនបានម្ហូបហោង ។ អស់គេនោះណា៎ គេនៅបានអាហារផង ស៊ីមិនអស់ហោង វាខូចតែអញពេកណា៎ ។ អះបើច្នោះអញ នឹងទៅទៀតមិញសោះសា ត្រាប់បងអកណា៎ ក្រែងលោបានដូចអកធ្វើ ។ គិតដូច្នេះហើយ ដើរទៅកន្តើយរកឈើ ឡើងសំកុកលើ ដូចអកនោះឯងហោងណា៎ ។ ត្រីបន្លៀកទន្សាយលោតតូងសោះសា ចាប់បានហើយណា៎ ត្រីនាំរត់ទៅទៀតហោង ។ យូរទៅបន្តិច វាថប់ស្ទើរដាច់ខ្យល់ផង លែងត្រីជាម្ដង ឡើងទៅអង្គុយមាត់ច្រាំង ។ ភ្នែកវា-សល្អក់ មើលមុខអាក្រក់ស្រឡាំងកាំង សម្បុរសស្លាំង ហាក់ដូចជាមុខខ្មោចព្រាយ ។ ហើយរងាញ័រ ទទីទទ័រអង្គកាយ ញ័រអស់សព្វសាយ រណ្ដំទាំងធ្មេញកខុប ។ ឱអញអើយអញ មួយដងនេះមិញស្ទើរស្លាប់ បើស្លាប់ឲ្យឆាប់ កុំឲ្យលំបាកច្នេះនៃ ។ ពីនេះតទៅ ទន្សាយនោះកូរប្រៃវៃ គិតវិញទៀតនៃ បើច្នោះអញត្រាប់មាន់ណា៎ ។ គិតហើយទៅយក ឆ្នាំងសម្លមកម្នីម្នា យកមកហើយណា៎ ទើបវារៀបខ្លួនប្រាណណា ។ វាយកឆ្នាំងមក ប្រឹងជុះបញ្ច្រកឆ្នាំងបាន កន្លះមែនមាន យកទៅចម្អិនស្រេចការ ។ ចម្អិនរួចស្រេច ហើយវាក្រឡាប់ម្នីម្នា ដេកធ្វើដូចជា គ្រុនញាក់ញញីញញ័រ ។ អស់អ្នកច្រូតស្បូវ លុះល្ងាចមកកូវទទ័រ ដណ្ដឹងញញ័រ ថាវ៉ើយអើយបងទន្សាយ ។ ឯងបានរបស់អ្វី ធ្វើម្ហូបចំណីស៊ីបាយ រីឯទន្សាយធ្វើជាញ័រមាត់ឆ្លើយវៃ ។ ថាឱអ្នកអើយ ខ្ញុំនេះគ្រុនហើយណាស់នៃ ស្ទើរស្លាប់ពេកក្រៃ ខ្ញុំមិនបានម្ហូបអ្វីឡើយ ។ ខ្ញុំខំបន្ទោះប្រហុកនៅនោះអ្នកអើយ ឆ្អិនរួចអស់ហើយ ចូរអ្នកនាំគ្នាស៊ីហោង ។ អ្នកទាំងបួននោះ មិនដឹងខ្លួនសោះជាម្ដង ជឿទន្សាយហោង ថាជាប្រហុកមែនណា៎ ។ នាំគ្នារចល់ស៊ីបាយរវល់ គ្រប់គ្នាខ្លះហៅវ៉ើយអា ទន្សាយមកស៊ីឬទេ ។ ទន្សាយឮជាក់ ធ្វើជាញ័រញាក់ប្រាប់គេថាឱមេ ៗ គ្នាគ្រុនគ្នាស្រៀវណាស់ហោង ។ ចូរអ្នកស៊ីចុះ ទាំង៤នាក់នោះជាម្ដង កុំថាអញហោង អញនេះឈឺខ្លាំងណាស់នៃ ។ ភេមាន់អកខ្លា បបួលគ្នីគ្នាវៃ ៗ ស៊ីបាយរួចនៃ ទាល់ឆ្អែតមិនដឹងខ្លួនសោះ ។ ឯអាទន្សាយ ពុតខិលរាយមានខូចស្មោះ ដល់គេស៊ីអស់ រួចគាត់ដោះឡើយឆាប់ផាង ។ គាត់ឈរហើយស្ទឹម ចង្កេះញញឹមក្អេងក្អាង ថាវ៉ើយអាឃ្នាង ម្ដេចអាមកស៊ីអាចម៍អញ ។ ភេមាន់អកខ្លា ភ្ញាក់ខ្លួនគ្រប់គ្នាហើយក្នាញ់ ជាទុក្ខទោម្នេញ គ្រប់គ្នាទីទៃពេកណា៎ ។ ថាវ៉ើយគ្នាយើង ចូរឯងឆាប់ឡើងម្នីម្នា ដេញវាយប៉ៃអា ដកទងចោរខូចនេះហោង ។ ម្ដេចអាកុហក ឲ្យយើងស៊ីលាមកជាម្ដង នៃវ៉ើយឆាប់ហោង ដេញវាយអាចោរនេះណា៎ ។ ថាហើយដេញទៅ ទន្សាយនោះកូវមិញវា ចូលព្រៃព្រឹក្សា រកពុំឃើញវាឡើយនៃ ។ ទាំងអស់គ្នាដេញ មិនទាន់វិលវិញវៃ ៗ វិលមកឆាប់ព្រៃ ដល់ហើយអង្គុយជុំគ្នា ។ ទន្សាយនោះនៃ រត់ចូលក្នុងព្រៃសោះសា វិលមកវិញណា៎ នៅជាមួយគ្នាឯងហោង ។ ភេមាន់អកខ្លា ឃើញទន្សាយមកជាម្ដង រសាយខឹងហោងយកវាជាគ្នាវិញណា ។ បទពំនោល
កាលនោះភេមាន់ខ្លា ទន្សាយនោះណា ច្រូតស្បូវបានសព្វគ្រប់ហោង ។ ហើយមកគិតគ្នាអឺងកង ធ្វើម្ដេចរួចហោង ដឹកស្បូវទៅផ្ទះយើងណា៎ ។ ទន្សាយវាធ្វើទៅថា មានតែបងខ្លា ខ្លួនគាត់នេះធំល្អណាស់ ។ ភេស្ដាប់ទន្សាយឆ្លើយឆ្លាស់ ធ្វើថាគួរណាស់ ខ្លាគាត់មានមាឌធំល្អជា ។សមនឹងអូសស្បូវយើងប្រា- កដមិនទេណា៎ ខ្លានោះឥតប្រកែកឡើយ ។ ទើបរករៀបផ្ទុកស្បូវហើយ ឥតមានសល់ឡើយ ដាក់លើខ្នងខ្លានោះនៃ ។ អ្នកខ្លះស្រែកទៅថាវ៉ី យកចានក្បានថ្មី នូវអស់វែកឆ្នាំងនោះណា៎ ។ យកមកដាក់លើខ្នងខ្លា ឆាប់ឡើងម្នីម្នា ហើយយកដែកភ្លើងមកផង ។ រៀបស្រេចហើយមកដាក់ហោង សព្វគ្រប់ម៉ត់ម៉ង ឥតមានភ្លេចអ្វីឡើយណា៎ ។ កាំបិតកាន់ឲ្យគ្រប់គ្នា កណ្ដៀរផងរ៉ា យកមកសៀតក្នុងស្បូវហោង ។ រៀបស្រេចមកគិតគ្នាកង បាននរណាហោងនឹងជិះលើខ្នងបងខ្លា ។ អ្នកឆ្លាស់ឆ្លើយទៅវិញថា ឲ្យទន្សាយវា នោះវាគ្រាន់ជាអ្នកបរ ។ ទន្សាយនោះស្ដាប់ហើយអរ គេឲ្យអញបរ អញខ្ជិលដើរពេកណាស់ហោង ។ ទន្សាយគិតដូច្នោះជាម្ដង លោតឡើងលើខ្នង ខ្លានោះបរទៅឯងនៃ ។ ទន្សាយបរទៅវៃ ៗ ឆ្ងាយបន្តិចនៃ ហើយយកដែកភ្លើងមកវាយ ។ ឮតែច្រឹកៗ ពព្រាយខ្លាសួរទន្សាយ ថាវ៉ីបងទន្សាយហា៎ ។ ឮអ្វីច្រឹកៗសោះសា ទន្សាយឆ្លើយថា ចានវារណ្ដំនឹងគ្នា ។ ខ្លាជឿដើរទៅទៀតណា៎ ទន្សាយនោះវា លូកយកដែកភ្លើងពីខ្នង ។ មកវាយទៀតតែបីដង ហើយឆេះជាម្ដង ប្រឹងផ្លុំឲ្យវាឆេះឆាប់ ។ ឆេះហើយវាដាក់ទៅផ្ទាប់ ខាងស្បូវប្រញាប់ ភ្លើងនោះផ្ដួចឆេះឡើងផង ។ ទន្សាយលោតចេញជាម្ដង រត់ខ្មាញ់ទៅហោង ទៅឡើងលើដើមសង្ឃ័រ ។ ផ្សាដោយខ្លួនភិតញញ័រ ឡើងទៅទទ័រ បេះផ្លែសង្ឃ័រស៊ីហោង ។ ឯខ្លានោះខ្លាំងកន្លង ដល់វាក្ដៅខ្នង រលាស់ខ្ចាត់ខ្ចាយចេញណា ។ ឯខ្នងរលាកក្ដៅផ្សា ចាប់ពើតពេកណា ស្រែកឮរលូងទាំងព្រៃ ។ ក្នុងចិត្តខឹងណាស់ពេកក្រៃ នឹងទន្សាយនៃ ខំរត់ទាំងឈឺតាមទៅ ។ វាស្រែករលូងពេកកូវ ខំរត់តាមទៅ ទាន់ទន្សាយនៅសង្ឃ័រ ។ ផ្សាដោយចិត្តខឹងហើយ ឥឡូវនេះឯងហោងណា៎ ។ អាចោរដកទងប៉ៃអា អញរកទេណា៎ ឥឡូវអញឃើញហើយនៃ ។ អញចាប់កាច់កឲ្យក្ស័យ ជីវិតហើយនៃ សឹមអញទំពាលេចណា៎ ។ ទន្សាយស្ដាប់ហើយឆ្លើយថា ជេរថាប៉ៃអា ដកទងចង្រៃចោរលាញ ។ អញ្ជើញអាមកចាប់ទាញ អញទៅអម្បាញ បើថាខ្លួនអាមិនស្លាប់ ។ ទេពតាលោកចុះមកប្រាប់ឲ្យអញឡើងចាប់ បូតស្លឹកសង្ឃ័រស៊ីហោង ។ អញ្ជើញអាមកចាប់លង មិនក្រែងជាម្ដង លោកជាទេពតានោះនៃ ។ បើអាមិនមានទុក្ខភ័យ លុះដល់ខ្លួនក្ស័យជាងភ្លើងរលាកនោះណា៎ ។ ក្រែងមិនជឿអញលងអា ចាប់អញស៊ីជា អាហារអានោះឯងនៃ ។ បើអាមិនមានទុក្ខភ័យ ស្លាប់ហើយធ្លាក់ឰ នរកធ្ងន់ជ្រៅក្ដាត់ណា៎ ។ ខ្លាស្ដាប់ទន្សាយចរចារ ហាក់មែនដូចថា លោមវាម្ដងនេះឯងនៃ ។ ក្សិណនោះឯខ្លាស្រដី ថានៃលេងអ្វី ទន្សាយអញចូលលេងផង ។ ទន្សាយស្ដាប់ជាក់ហើយហោង អញនៅជាម្ដង អានឹងមកស៊ីអញណា៎ ។ ខ្លាស្ដាប់ហើយឆ្លើយទេអា អញហ៊ានស្បថណា៎ កុំឲ្យព្រះប្រោសអញហោង ។ ទន្សាយជឿខ្លាកន្លង ថាបើច្នោះហោង បងឯងឡើងមកប្រញាប់ ។ បើបងឡើងមកចង់ស- ប្បាយបងបូតចាប់ អំពីគល់ឡើងខ្លាំងក្លា ។ ទន្សាយបង្គាប់នោះណា៎ វាយល់បន្លា សង្ឃ័រនោះកោងចុះខ្មី ។ ទើបឯទន្សាយនោះនៃ ប្រឹងប្រែងជើងដៃ លោតចុះបើកខ្លាឡើងទៅ ។ ទន្សាយរត់ទៅសំដៅពានលើវល្លិនៅ វល្លិនោះជាតោងល្អក្រៃ ។ ឃើញហើយឡើងឆាប់វៃ ៗ អង្គុយលើនៃហើយវាយោលជាទោងលេង ។ ឯខ្លានោះនៅតែឯង ឥតកោតឥតក្រែង បូកស្លឹកសង្ឃ័រលេងហោង ។ ទើបខ្លាក្ដាប់ខ្ជាប់ជាម្ដង បូកពីដើមហោង វាមុតដៃនោះអស់ណា៎ ។ ចាប់ពើតបង្កើតឈឺផ្សា លោតចុះដេញអា ទន្សាយរត់ខ្មាញ់ទៀតទៅ ។ ដល់ឃើញទន្សាយនោះនៅ លើវល្លិនោះកូវ ថាអា ៗនៅនេះហើយ ។ អាបញ្ឆោតអញព្រងើយ អាមកកន្តើយ នៅនេះទេណា៎ឯងនៃ ។ អញដើររកងាពេកក្រៃ ឥឡូវនេះនៃ ប្រទះនឹងអាហើយហោង។ ទន្សាយស្ដាប់ហើយឆ្លើយស្នង ជេរវិញរំពង ថាអាធ្វើអ្វីអាចម៍អញ ។ ទេពតាទេព្រក្សស្រឡាញ់អញណា៎ទើបអញ លោកឲ្យអញយោលទោងលេង ។ លោកយល់អញចេះកំប្លែង លោកឲ្យអញលេង លោកនឹងទ្រង់ព្រះសណ្ដាប់ ។ រីឯអាខ្លានោះស្ដាប់ ជាក់ហើយក្រឡាប់ រំសាយខឹងនោះចេញ ។ អង្វរទន្សាយនោះវិញ ទន្សាយឲ្យអញយោលទោងលលេងផងរ៉ា ។ ទន្សាយថាអញឆោតណា៎ អានឹងទំពា ក្បាលអញឥឡូវនេះឯង ។ ខ្លាថាវ៉ីអើយកុំក្រែង អញស្បថឲ្យឯង កុំឯងបារម្ភឡើយណា៎ ។ ទន្សាយបានស្ដាប់ជឿប្រាកដហើយថាអា ឡើងមកយោលលេងចុះហោង ។ អញប្រាប់បងឯងជាម្ដង បងមានយោលលង បងយោលឲ្យខ្លាំងសោះសា ។ នោះទើបលោកទេពតា រឹងចូលចិត្តជា ស្រឡាញ់បងឯងពេកក្រៃ ។ ទន្សាយថាច្នោះវៃ ៗ ចុះមកដល់ដី ហើយខ្លាឡើងទៅយោលហោង ។ ទន្សាយរត់ខ្មាញ់ជាម្ដង ឆ្ងាយក្រៃកន្លង ឃើញឫស្សីសង្កៀតគ្នា ។
នេះយើងស្រដីឯខ្លា វាយោលទោងណា ខ្លាំងឡើង ៗពេកក្រៃ ។ ដាច់វល្លិទោងនោះហើយនៃ ធ្លាក់មកដល់ដី ដូចគេសសុកអស់អង្គ ។ មើលទៅភ្នែក ស្លើតស្លង់ ខំប្រឹងឈរត្រង់ កខ្វេសកខ្វាសមិងមាំង ។ យូរបន្តិចមានកម្លាំង រត់ទៅនឹងទាំង ផ្សាដោយចិត្តខឹងណាស់ណា ។ រត់ទៅបន្តិចឃើញអា ទន្សាយនោះណា៎ នៅលើដើមឫស្សីហោង ។ ឃើញហើយថាអាដកទង អានៅនេះហោងអាស្លាប់ឥឡូវនេះនៃ ។ ទន្សាយស្ដាប់ហើយថាប៉ៃ អាចោរចង្រៃ អាឃើញអញធ្វើអម្បាញ់ ។ ទេពតាទេព្រក្សស្រឡាញ់ ទើបលោកឲ្យអញ លេងភ្លេងនៅនេះឯងហោង ។ លោកយល់អញចេះកន្លង ត្រង់ភ្លេងភ្លាត់ផង នោះទើបលោកឲ្យលេងថ្វាយ ។ ខ្លាស្ដាប់ថាឱម៉ែអាយ មែនដឹងអ្នកអាយ ហាក់ជាពីរោះក្ដាត់ណា ។ ខ្លាលោមទន្សាយហើយថា វ៉ីអើយឲ្យគ្នា លេងផងនឹងឯងបានទេ ។ ទន្សាយស្ដាប់ហើយថាមេ អញមិនឆោតទេ ឯងមកនឹងខាំអញនៃ ។ ខ្លាស្ដាប់ជាក់លាក់ថា ហៃនៃវ៉ីកុំភ័យ អញមិនចងទោសឡើយណា ។ អញស្បថឲ្យលោកអ្នកតាកាច់អញណា៎ ឥឡូវនេះឯងពិតហោង ។ ទន្សាយស្ដាប់ជាក់ជាម្ដង បើច្នោះចូរបង ខ្លាឯងឡើងមកចុះណា៎ ។ អញចង់នឹងផ្ដាំបងខ្លា ត្បិតអញនេះណា៎ លេងភ្លេងពីរោះប៉ុណ្ណេះ ។ បើបងមកលេងភ្លេងនេះ ក្រែងបងមិនចេះ អញប្រាប់បងឯងឲ្យជាក់ ។ ដល់ខ្យល់បក់មករអាក់ កន្ទុយដាក់ ក្នុងឈើសង្កៀតនោះហោង ។ រឹងជាពីរោះកន្លង លើសលែងអញហោង ទេពតារឹងជាស្រឡាញ់ ។ ទន្សាយផ្ដាំហើយ រត់ខ្មាញ់ ដូចគេត្របាញ់ ទៅឆ្ងាយនោះពេកណាស់ហោង ។ ពានលើឪម៉ាល់ធំផង វាដេកថ្ងៃហោង បេះយកស្លឹកឈើចុករន្ធ ។ ចុកស្រេចហើយវាអរលន់ យកដៃវាទន់ ទះវាយធ្វើភ្លេងជាល្បែង ។ ឯមេឪម៉ាល់នោះឯង ផ្អើលក្នុងក្រៃលែង វាចេញមិនរួចសោះសា ។ ពោលនោះទន្សាយនោះវា ទះលេងមហិមា ឮតែកន្ទ្រុបអ្វីៗ ។
រីឯខ្លានោះមូទូ ស្រដីអ៊ូ ៗ ធ្វើតែម្នាក់ឯងហោងណា៎ ។ ឡើងទៅធ្វើដូចពាក្យអា ទន្សាយនោះណា ដល់ខ្យល់បក់មកនោះនៃ ។ យកកន្ទុយដាក់រៃ ៗ វាត្បៀតខ្លាំងក្រៃ ស្រែករោទ៍រំពងសោះសា ។ ស្ទុះស្ដែងខះខែងតក្កមា រួចហើយម្នីម្នា លោតចុះចេញទន្សាយទៀត ។ រត់តាមទៅដល់បៀតឃើញ ទន្សាយទៀត ហើយស្រែករំពងទៅថា ។ អាចោរនៅនេះហើយណា៎ ស្ដាប់ម្ដងនេះប្រា- កដឯងមិនទេឡើយនៃ ។ ទន្សាយបែរហើយស្រដី ស្លាប់អាចម៍អញនៃ ធ្វើម្ដេចអានឹងបានអញ ។ ទេពតាទេព្រក្សស្រឡាញ់ ទើបលោកឲ្យអញ លេងភ្លេងថ្វាយលោកប្រក្រតី។ ខ្លាស្ដាប់ហើយធ្វើថាវ៉ី គ្នាលេងផងវ៉ី គ្រាន់បានជាពីរនាក់ណា៎ ។ ទន្សាយស្ដាប់ហើយឆ្លើយថា អញឆោតឲ្យអា មកហើយអានឹងខាំអញ ។ ខ្លាថាទេវ៉ើយសម្លាញ់ គ្នាមិនច្នោះមិញ នោះគ្នាហ៊ានស្បថនឹងឯង ។ ត្រង់ចិត្តខឹងនោះគ្នាលែង ចេញហើយកុំក្រែង រអែងត្រង់នេះឡើយណា៎ ។ ទន្សាយជឿហើយហៅថា មកចុះបងខ្លា ឡើងមកអញផ្ដាំបងឯង ដល់បងនឹងវាយ ជាភ្លេង បងវាយកុំក្រែង រអែងខ្លាចអ្វីឡើយណា៎ ។ ដៃបងធ្ងន់ក្រៃមហិមា វាយឲ្យខ្លាំងណា៎ នោះរឹងជាពីរោះហោង ។ ទន្សាយភិតភ័យកន្លង រត់មើលក្រោយហោង ស្រាប់តែធ្លាក់ក្នុងអណ្ដូង ។ ឯខ្លាយកដៃទះផូង ឮតែតូង ៗ ធ្លាយសំបុកឪម៉ាល់ណា ។ វារោមចោមខ្លាំងមហិមា ខ្លាលោតស្រែកថា ម៉ែអើយអញស្លាប់នេះម្ដង ។ ហើយស្រែកយំកងរំពង ខ្លាំងក្រៃពេកហោង ស្ទុះលោតស្ទើរតែមិនទាន់ ។ ចុះមកដល់ដីវាកាន់ តែឈឺរន្ថាន់ ពើតចាប់រមូលមែនមួន ។ ឈឺចាប់ញ័រអស់ទាំងខ្លួន ខ្លាំងក្រៃផ្ទួនៗ ពីព្រោះទ្រនិចច្រើនណាស់ ។ លុះស្រាកគ្រាន់បន្តិចច្បាស់រត់តាមរហ័ស ទន្សាយនោះទៅទៀតហោង ។ តាមបន្តិចទៅជាម្ដង ឃើញទន្សាយហោង ធ្លាក់ក្នុងអណ្ដូងនោះណា៎ ។ ស្រមៀន អៀនប្រៀនឃើញខ្លា មុខដូចខ្មោចណា៎ មមីសក្នុងអណ្ដូងខ្មី ។ ខ្លាឃើញធ្លាក់ហើយស្រដី អាណានេះវ៉ី អាស្លាប់ម្ដងនេះឯងណា៎ ។ ទន្សាយថាវ៉ីប៉ៃអា គិតឯងអញណា៎ អញនៅក្នុងអណ្ដូងហោង ។ គិតតែអាឯងជាម្ដង នៅលើនោះហោង ក្រែងមេឃរលំសង្កត់ ។ ល្អិតដូចគេបែនគេបត់ បាក់ឆ្អឹងខ្ទេចម៉ដ្ឋ ក្សិណក្ស័យជីវិតមរណហោង ។ ខ្លាស្ដាប់ហើយគិតកន្លង ភ័យណាស់ជាម្ដង លោតចុះក្នុងអណ្ដូងណា៎ ។ ត្រូវជាពីរនាក់នឹងខ្លា ទន្សាយនោះណា៎ ស្រមៀនក្នុងអណ្ដូងហោង ។ ទន្សាយគិតឯងកន្លង ធ្វើម្ដេចអញ ហោង នឹងបានឡើងរួចទៅលើ ។
ទន្សាយរកកលកិច្ចធ្វើ នឹងខ្លាចាក់មើល ចង់ឲ្យខ្លាចាប់ចោលទៅ ។ គិតច្នោះយកដៃនោះកូវ ចាប់ខ្លានោះត្រូវ ចង្កេះខ្លាលោតប៉ផ្លោត ។ ខ្លាថាអាចោរគេដោត អាខូចកញ្ឆោត ម្ដេចមិនគិតខ្លួននឹងស្លាប់ ។ បើឥតគំនិតអញចាប់ បោះឡើងលើឆាប់នឹងស្លាប់មេឃរលំហោង ។ ទន្សាយនឹងអរកន្លង ពានចំណុចផង រឹងជាចាក់ណាស់សោះសា ។ ខ្លាខឹងច្រើនដងច្រើនគ្រា អត់ពុំបានណា៎ ក៏ចាប់ទន្សាយចោលព្រួច ។ ទន្សាយថាឱអញរួច នឹកអរព្រួច ៗ អញបានរួចពីទុក្ខហោង ។ ទើបទន្សាយស្រែករំពង ហោងអ្នកស្រុកផង ឲ្យមកចាក់ចាប់ខ្លាព្រៃ ។ វាធ្លាក់ក្នុងអណ្ដូងនៃ អ្នកអើយវៃ ៗ យកដាវលំពែងនិងស្នា ។ ឯឆ្កែកុំយកមកណា៎ យកតែធ្នូស្នា លំពែងកាំភ្លើងនោះហោង ។ ទន្សាយគិតពេកកន្លង កុំយកឆ្កែហោង នោះក្រែងឆ្កែខាំខ្លួនវា ។ ទន្សាយប្រាប់គេហើយណា៎ រួចរត់ទៅប្រាកដឆ្ងាយណាស់ពេកកន្លង ។ រីអស់អ្នកស្រុកអឺងកង ហៅគ្នារំពង ឲ្យយកកាំភ្លើងធ្នូស្នា ។ ហើយនាំគ្នាដើរម្នីម្នា កាន់គ្រឿងគ្រប់គ្នា មកចាក់ខ្លានោះស្លាប់ហោង ។
Comments are closed.