កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់ នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា « អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ » ។ ជួនជាថ្ងៃមួយនោះ មានកំលោះម្នាក់រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ ៗ ថា «អើអញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង បើតមមិនបានអញផ្ដាច់មិនឲ្យឯងទេ អញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ ឯងកុំថាអញកាចណា» ។ កំលោះនោះថា «ខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក » ។
តានោះថា « អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម »កំលោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កំលោះនោះមកវិញ ចូលទៅបម្រើឪពុកម្ដាយក្មេក ៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកំលោះនោះស៊ី ៗ រួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសាថា « នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី» ។ អ្នកកំលោះទៅចាប់ក្របីមកទឹម ហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំ, ក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះ ។ អ្នកកំលោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថា «ម្ដាយអាថ្មនេះកាលណានឹងយំឡើង» ។ កំលោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថា «ណ្ហើយចុះ ! ឯងដោះក្របីលែង ហើយទៅផ្ទះឯងចុះ អញផ្ដាច់កូនហើយ ត្បិតឯងតមជេរម្ដាយមិនបាន » ។
កំលោះនោះក៏ដោះក្របីលែង ហើយទៅផ្ទះវិញ ។ ថ្ងៃក្រោយមក មានកំលោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀត គាត់ក៏បង្គាប់ដូចកំលោះមុន, តែអ្នកកំលោះក្រោយគេមានប្រាជ្ញា គេទៅភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយ ក៏បញ្ឈប់ក្របីស៊ីបាយ, រួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំ ក្របីក៏អស់ជើងដើរពុំរួច ។ កាលបើអ្នកកំលោះបរក្របីទៅដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថា « ! លោកថ្មអើយ យំឡើង, ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ, ខ្លួនខ្ញុំឥតបើអីទេ ខ្ញុំមានបាយស៊ីហើយ ភ្ជួរដល់យប់ក៏បានដែរ, បើមិនអាណិតខ្ញុំអាណិតតែក្របីចុះ ត្បិតវាជាសត្វ» ។ កំលោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំ, អ្នកកំលោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្ម លុះនិយាយយូរ ៗ ទៅតានោះមើលមកឃើញក្របីដើរពុំរួចមែន គាត់នឹកអាណិតក្របីគាត់ ក៏យំក្រោយថ្មនោះឮតែតេវៗ, អ្នកកំលោះនោះក៏ដោះក្របីឲ្យស៊ីស្មៅ ហើយមកផ្ទះឪពុកក្មេកវិញ ។ តានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំលោះនោះស៊ី ។ លុះល្ងាចតានោះប្រាប់ថា « កូនអើយ ! ទៅផ្ទះឯងចុះ, ព្រឹកសឹមឯងមកវិញ » ។ កំលោះនោះក៏លាទៅផ្ទះ លុះយប់មកលបចាំស្ដាប់យកការណ៍ នៅក្រោមដំណេកតានោះ ព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់ ។
វេលាយប់តាចាស់ចូលដេក ក៏និយាយនឹងយាយថា « ដូន ! អានេះវាតមជេរម្ដាយបាន ប៉ុន្តែរូបរាងវាអាក្រក់ មិនសមនឹងកូនយើងដូច្នេះ យើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយ ហើយយើងនឹងផ្ដាច់វាទៅ ? »។ ដូនឆ្លើយថា «ងាយទេ, បើដូច្នេះចូរតាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករ, ព្រឹកឡើងវាមកខ្ញុំប្រាប់វាថា តាទៅកាប់ឧសលើភ្នំមុន ហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំ, បើវាធ្ងន់ វាខឹងវាជេរនោះ តាឯងនៅក្នុងការុងស្រាប់នឹងឮ ហើយមកវិញផ្ដាច់វាបានដោយងាយ » ។ តាយាយគិតគ្នាដូច្នោះហើយ ក៏ដេកទៅ ។ ឯអ្នកកំលោះលបស្ដាប់ក្រោមផ្ទះឮដឹងការណ៍ហើយ ក៏វិលទៅដេកឯផ្ទះ ។ ព្រឹកឡើងអ្នកកំលោះ នោះទៅបម្រើម្ដាយក្មេកឪពុកក្មេក ក៏ស្រាប់តែឃើញយាយចាស់បង្ហាញអម្រែកហើយប្រាប់ថា « កូនអើយ ! ឪឯងទៅកាប់ឧសលើភ្នំហើយ គាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះ ឡើងទៅតាមឲ្យឆាប់ ត្បិតគាត់ទៅតាំងតែពីព្រឹក មិនទាន់ទាំងហូបបាយផង មានតែកូនឯងរែកទៅឲ្យឆាប់ និងអាលដណ្ដាំបាយឲ្យឪឯងហូប» ។
កំលោះនោះទទួលអម្រែកហើយ ក៏រែកទៅតាមជើងភ្នំ, ដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ ក៏រែកចុះមកវិញ ហើយស្ដីថា ឱ ! ឪអើយ, ខ្ញុំឃ្លានបាយណាស់ ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេ បើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួច បើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួល » ។ និយាយហើយរែកចុះមកវាលវិញ, លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ ក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់ ទើបដើរត្រឡប់មកវិញ យកភ្លើងដុតអម្រែក, លុះភ្លើងឆេះស្បូវជុំវិញ ហើយក្ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះ គាត់ក៏បម្រះញ័ររង្គើទាំងការុង ភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែចេញមិនរួច ។ អ្នកកំលោះធ្វើជារត់មកពីណាស្រែកថា «ជើ ! នរណាដុតភ្លើងឆេះអម្រែកអញអស់ ធ្វើដូចម្ដេចអញនឹងចូលទៅបាន បើភ្លើងឆេះជុំវិញដូច្នេះ ចូលមិនចុះទេ » ថាហើយឈរស្រែកនៅក្រៅ, លុះភ្លើងឆេះដល់ការុងដឹងថា តាចាស់ក្ដៅណាស់ហើយ ទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើង រួចហើយភ្លើងក៏ឆេះដាច់ខ្សែការុង លោកតាចាស់បម្រះញ័រ ៗ ទើបអ្នកកំលោះស្រាយការុងចេញ ឃើញតាឪពុកក្មេករលាកភ្លើង ឆេះទាំងសក់ក្បាលក៏ជម្រាបថា « ជើ លោកឪ ! ម្ដេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយ » ។
តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេច ឡើងដើរតយង៉យមកផ្ទះវិញ ទ្រមខ្លួនមួយថ្ងៃ ណាមួយដោយវាអូសចេញពីភ្លើង ណាមួយដោយរលាកភ្លើង ។ មកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់, ដល់ផ្ទះហើយប្រាប់កូនប្រសាថា «ទៅផ្ទះចុះ, ព្រឹកសឹមមក» ។ ឯកូនប្រសាលាទៅផ្ទះ, ដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀត ។ លុះយប់ តាចាស់ដូនចាស់ ចូលដេក ក៏និយាយគិតគ្នាទៀត ។ តាថាគិតដូចម្ដេចនឹងផ្ដាច់វាបាន ? អានេះមានប្រាជ្ញាណាស់ តែបើឲ្យកូនយើងទៅវា វាមិនសមនឹងកូនយើង, ពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុង វារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់ តែវាមិនជេរម្ដាយទេ វារកទីណាមានស្បូវស្ងួត វារែកអម្រែកទៅដាក់កណ្ដាលស្បូវ ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ, លុះដល់ភ្លើងឆេះវាធ្វើជាស្រែកថា «នរណាដុតភ្លើងនេះឆេះអម្រែកវាអស់» ។ ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ក្ដៅរលាកឯង ទៅហើយទើបបានវារត់ចូលទៅអូសចេញមក, អញភ័យណាស់ ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន, ឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាន ? ។ យាយថា «ឥឡូវនេះ យើងគិតថា តាឯងធ្វើម្ចាស់ ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើកឲ្យវាវារដូចឆ្កែ, បើវារកអណ្ដើកមិនបាន ឬវាបោលមិនទាន់ទេ នោះយើងផ្ដាច់វាបាន » ។ តាចាស់ថា «អើ ! ដូនគិតដូច្នេះត្រូវ, ព្រឹកអញធ្វើដូចជាឯងថា » ។ តាយាយគិតគ្នាហើយ ដេកទៅ ។
ឯអ្នកកំលោះនោះ ស្ដាប់ដឹងការណ៍អស់ហើយ វិលទៅដេកឯផ្ទះវិញ , ដល់មាន់រងាវទើបពុនអណ្ដើកយកទៅចងទុកក្នុងគុម្ពោតស្មៅវាល ឯនេះ ឯនោះ ពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះ ហើយវិលមកផ្ទះ ដេកធ្វើព្រងើយទៀត ។ លុះព្រឹកព្រហាមឡើង ចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេក ៗ ក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ី ៗ រួចហើយក៏ប្រាប់ថា «កូន ! ឥឡូវនេះ យើងទៅបណ្ដើរអណ្ដើក ប៉ុន្តែយើងគ្មានឆ្កែ កូនឯងធ្វើឆ្កែ ឪធ្វើម្ចាស់ យើងទៅរកក្រែងបានមួយពីរយកមកស៊ី » ។ ចៅនោះឆ្លើយបាទ ! ហើយតាចាស់ពុនបាយសំណុំ ទឹកបំពង់ ដើរចេញពីផ្ទះទៅ ។ ចៅនោះក៏បោលជើង ៤ តាមក្រោយ ទៅដល់វាលកន្លែងវាចងអណ្ដើកនោះ វាក៏បោលទៅមុខចូលគុម្ពោតស្មៅមួយ ធ្វើជាកោះង៉ុងៗ ។ តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយ ហើយទៅទៀត ខាំបានអណ្ដើកប្រាំមួយប្រាំពីរ, ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ ក៏អង្គុយគិតនឹងស្រាយបាយស៊ី ។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូង ក៏បោលទៅដេញខាំក្របី ៗ បោលចូលស៊ីស្រូវស្រែអ្នកស្រុក ។ តាចាស់ឃើញហើយ រត់ទៅដេញក្របីចេញពីស្រែ, ឆ្កែបោលមកស៊ីបាយអស់ ហើយបោលទៅបាត់ ។ ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញ រកបាយស៊ីគ្មាន ព្រោះឆ្កែស៊ីអស់ខឹងណាស់ ដេញវាយវាពុំទាន់ ណាអស់កម្លាំងឃ្លានបាយ ណាផ្លូវឆ្ងាយ ក៏ខំដើរមកផ្ទះវិញទាំងអត់បាយ ដើរពុំចង់រួច បន្ទោសឆ្កែមិនបាន ត្បិតវាចំណាំអីចឹង ។ ដល់ផ្ទះស៊ីបាយរួចហើយ ប្រាប់កូនប្រសាថា «ទៅផ្ទះចុះព្រឹកសឹមមកវិញ» ដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀត ។
លុះដល់យប់ តាយាយចូលដេក, តាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសព្វគ្រប់ ហើយតាឲ្យយាយជួយគិតទៀត ។ ដូនចាស់ប្រាប់ថា « ពីមុនវាធ្វើឆ្កែ តាឯងធ្វើម្ចាស់ បានជាវាធ្វើបាបតាឯងបាន ដូច្នោះព្រឹកនេះ តាឯងឲ្យវាធ្វើម្ចាស់ម្ដង ឯតាឯងធ្វើឆ្កែវិញ » ។ តាយាយគិតគ្នា ហើយដេកទៅ ។ ចៅនោះលបស្ដាប់បានការណ៍ហើយ ក៏ទៅដេកឯផ្ទះវាហី ។ ព្រឹកឡើងចៅនោះ ទៅបម្រើឪពុកក្មេកម្ដាយក្មេកទៀត ។ តាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ី ។ រួចហើយតាក៏ប្រាប់ថា « កូនអើយ ! ពីម្សិលមិញឯងធ្វើឆ្កែ, ថ្ងៃនេះឯងធ្វើម្ចាស់អញម្ដង អញធ្វើឆ្កែវិញ » ។ ចៅនោះឆ្លើយបាទ ! ហើយពុនបាយនិងទឹកទៅ ឯតាវារធ្វើជាឆ្កែបោលតាមក្រោយ ។ លុះហួសពីផ្ទះបន្តិចទៅ វាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់ ។ តាបោលពុំទាន់ ត្បិតខ្លួនចាស់ ដើរត្រុកៗតាមក្រោយវា, ឯវាក៏បែរមកថា «ឆ្កែអីស៊ីតែបាយបង្អស់ ទៅមុខមិនទៅ ដើរតែក្រោយម្ចាស់ រកអណ្ដើកម្ដេចបាន ? ថាហើយវាយឆ្កែឲ្យបោលទៅមុខ ។ តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយ រកអណ្ដើកក៏មិនបាន, កូនប្រសាវាយស្ទើរស្លាប់ ហត់ស្ទើរដាច់ខ្យល់ តែពុំហានស្ដី ព្រោះខ្មាសកូនប្រសា ។ លុះទៅឆ្ងាយដល់ថ្ងៃត្រង់ វាស្រាយបាយស៊ីហើយវាថា «ឆ្កែអីរកអណ្ដើកមិនបានដើរ តែក្រោយមនុស្ស ស៊ីតែបាយបង្អស់» ហើយវាបង្អត់មិនឲ្យបាយស៊ី វាឲ្យតែឆ្អឹងឆ្អែង, ឆ្កែចាស់អង្កៀមក៏មិនបែក ត្បិតគ្មានធ្មេញ ឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីហើយវាវាយមួយព្រនង់ទៀតវាថា «ណ្ហើយ ! ទៅផ្ទះចុះ បើមិនផេះទេ ឆ្កែអីឆ្នែងយ៉ាងហ្នឹង » ហើយវាឡើងដើរវិលទៅផ្ទះវិញ ។
តាចាស់ហត់ណាស់ វារមិនរួចឡើងដើរទៅតាមក្រោយកូនប្រសា ធ្វើមុខស្រមេះ ។ លុះទៅដល់ចៅកំលោះប្រាប់ម្ដាយក្មេកថា « ម៉ែ ! រកអណ្ដើកមិនបានទេ ព្រោះឆ្កែមិនស្វាក់ » ។ តាចាស់ខឹងណាស់ ប្រាប់កូនប្រសាថា « ឯងទៅផ្ទះចុះ ព្រឹកសឹមមកវិញ » ។ ចៅនោះក៏លាទៅ, ដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀត ។ លុះដល់យប់ តាយាយចូលដេក, តានិយាយប្រាប់យាយពីរឿងកូនប្រសាបាប ហើយបង្អត់ទាំងបាយផង ។ ដូនថា « ណ្ហើយ ! ឲ្យកូនទៅវាទៅ ផ្ដាច់វាមិនបានទេ, អានេះមានប្រាជ្ញាណាស់ ឯងគិតអីក៏វាដឹងមុនទាំងអស់, វាធ្វើបាបស្ទើរតែស្លាប់ ម្ដេចក៏មិនរាង » ។ តាចាស់ឆ្លើយថា « នឹងឲ្យវាទៅមើលទៅរូបរាងវា មិនសមនឹងកូនយើងសោះ, ប៉ុន្តែយើងធ្វើកលឲ្យវាខឹង ឲ្យវាជេរម្ដាយ វាមិនជេរ ដូច្នេះដូនជួយគិតអញម្ដងទៀត បើវាធ្វើតាមមិនបានសឹមផ្ដាច់វា » ។ ដូនចាស់ថា « អើ ! ឥឡូវនេះ មានតែដល់ពេលមាន់រងាវ តាឯងលុបមុខ ស៊ីស្លា ហូបបាយ ចូលទៅក្នុងការុងមួយ ការុងមួយទៀតច្រកអង្ករ បើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថា តាឯងទៅផ្សារទិញអីវ៉ាន់, ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់ នៅវេលាស៊ីបាយព្រឹក ត្បិតផ្លូវផ្សារ ក៏ឆ្ងាយដែរ, បើវារែកទៅមិនទាន់ទេនោះ លុះមកវិញនឹងផ្ដាច់កូនពីវាបានងាយ មួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ វាប្រហែលជាវាគិតឃើញថាស្ងាត់ហើយ វាជេរមិនខាន » ។ តាចាស់និងយាយគិតគ្នាហើយ ក៏ដេកទៅ ។
ឯកូនប្រសាលបស្ដាប់នៅក្រោមផ្ទះដឹងការណ៍ហើយ ក៏ទៅដេកផ្ទះ ។ លុះព្រឹកឡើង ចៅនោះរៀបខ្លួន ដើរចេញទៅបម្រើឪពុកក្មេកទៀត, ដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយ យកមកឲ្យចៅនោះស៊ីទៀត, ស៊ីហើយក៏ប្រគល់អម្រែកឲ្យកូនប្រសា រែកទៅតាមឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ ។ ចៅនោះរែកដើរទៅហើយគិតថា «ម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះ ឲ្យកូនមកអញ កុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀត» ។ ហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវ ដាក់អម្រែកចុះ ហើយថា ការុងនេះចងមាត់មិនជាប់ ។ វាយកខ្សែចងថែមទៀត, លុះរែកទៅដល់កន្លែងមានព្រែក មានស្ពាន ក៏ដាក់អម្រែកលើស្ពាន ឲ្យប្របេះត្រង់ចុងក្ដារ នៅតែបន្តិចនឹងធ្លាក់ពីស្ពាន ហើយថា «អញអើយ ថ្ងៃណាស់ហើយ ម្ល៉េះសមឪអញជេរមិនខាន អម្រែកធ្ងន់ រែកម្ដេចឲ្យទាន់ ! ណ្ហើយ ឪជេរក៏ជេរចុះ អញដាក់នៅនេះ ទៅវាលសិនរួចសឹមទៅទៀត » ។ និយាយបណ្ដើរដើរបណ្ដើរ ។ មួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយ បុកក្ដារស្ពានឮគ្រាំៗ ធ្វើហាក់ដូចជាដំរីឆ្លងស្ពាន ហើយស្រែកថា « នរណាដាក់អម្រែកនៅលើស្ពាន ដំរីអញវាជាន់ខូចអស់ហើយ យកចេញឲ្យឆាប់ ស្រែកហើយបុកក្ដារគ្រាំងៗដើរចូលមក ។ ឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែន ភ័យក្រែងជាន់ស្លាប់ ក៏ខំបម្រះជៀសផ្លូវដំរី ហួសពីក្ដារធ្លាក់ទៅក្នុងទឹក ៗ ចូលការុងគាត់ឈ្លក់ទឹកត្រដរញ័រទាំងការុង ស្ទើរតែនឹងស្លាប់ ។
ឯកូនប្រសាឃើញដូច្នោះ ក៏ទុកឲ្យផឹកទឹកបន្តិច ឲ្យអស់ខូចទៀត ហើយធ្វើជាដើរមកពីវាលស្រែកថា «នរណាហ៊ានបរដំរីឆាយអម្រែកអញ ឲ្យធ្លាក់ក្នុងទឹក ទទឹកអង្ករអញអស់ ! ឱអញអើយ ! ឱជេរថែមទៀតហើយ ថ្ងៃក៏កាន់តែខ្ពស់ហើយ អង្ករទទឹកថែមទៀត» ។ អ្នកកំលោះឃើញឪពុកក្មេកបម្រះញ័រក្នុងការុង ក៏ថា «ឱ ! មានត្រីមកប្របេះផង, ណ្ហើយ ! អញចុះទៅស្រង់មកមើល » ថាហើយក៏លោតទៅស្រង់ឡើងមកមើល ហើយថា «អើយ ! បើវាទទឹកនឹងស្រាយហាលថ្ងៃ ហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪ» ។ ថាហើយស្រាយមើល ឃើញតានៅក្នុងការុងក៏ថា ឪអើយ ! ម្ដេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយ គេបរដំរីមកពីណាមិនដឹង គេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹក» ។ តាឮហើយឡើងឈរ ដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ ដល់ទៅផ្ទះអស់ចំណេះ ពុំហានគិតទៀត ក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំលោះនោះទៅ ។
និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក
Comments are closed.