“ងើយស្កក ឱនដាក់គ្រាប់” ជាសុភាសិតខ្មែរមួយឃ្លា ដែលពេញនិយមណាស់ ទាំងក្នុងសម័យមុន និងសម័យបច្ចុប្បន្ន ក៏ប្រហែលជារឹតតែពេញនិយមកាន់តែខ្លាំងថែមទៀត ទៅថ្ងៃអនាគត ។ ប៉ុន្តែអត្ថន័យ និងការប្រើប្រាស់ បានប្រែប្រួល ខុសប្លែកគ្នាយ៉ាងច្រើន ពីពេលមួយទៅពេលមួយ ពីសម័យមួយទៅសម័យមួយទៀត ។ យើងទាំងអស់គ្នា ហាក់បីដូចជាមិនបានពិចារណាឲ្យបានត្រឹមត្រូវ និងស៊ីជម្រៅឡើយ គឺនាំគ្នាប្រើប្រាស់ដោយធ្វេសប្រហែសបំផុត ។ នៅក្នុងន័យត្រង់ គេបានសំដៅទៅលើស្រូវ ដែលយើងអាចមើលឃើញច្បាស់ថា៖ ដើមស្រូវណាងើយ គឺតែងតែស្កក ហើយដើមស្រូវណាឱនតែងតែមានគ្រាប់ ហើយឱនកាន់តែខ្លាំង គ្រាប់កាន់តែច្រើនដែរ ។ ក្នុងន័យធៀបវិញ ចង់និយាយថា៖ បើអ្នកណាងើយ ពោលគឺមិនចេះដាក់ខ្លួន ឱនលំទោន នោះច្បាស់ជាស្កក អត់គ្រាប់ អត់បានអ្វីជាផលប្រយោជន៍ជាមិនខាន ត្រូវគេស្អប់ មិនចូលចិត្តទៀតផង ។
តាមន័យបែបនេះ យើងថាវាពិតជាត្រឹមត្រូវ និងប្រាកដនិយមបំផុតមែន ។ ប៉ុន្តែបញ្ហានេះមិនស្ថិតនៅត្រង់នេះ ហើយក៏មិនសាមញ្ញបែបនេះដែរ ។ បើត្រឹមតែថា ចេះឱនលំទោន ស្គាល់ចាស់ទុំ និងការគោរពគ្នាជាសីលធម៌ក្នុងការរស់នៅ និងក្នុងនាមជាមនុស្សដូចគ្នា ដោយមិនប្រើប្រាស់ បុណ្យសក្តិ តំណែង មាសប្រាក់ មកក្អេងក្អាង ប្រមាថលើគេ ពិតត្រឹមត្រូវឥតខុសទេ ។ ប៉ុន្តែបើឱន លុតក្រាប ដើម្បីតែបានប្រយោជន៍ផ្ទាល់ខ្លួន ទោះបីសុំតែសុខក៏ដោយ ហើយមិនដឹងអ្វីខុស អ្វីត្រូវ នោះជាការឱនស្លាប់កប់ក្នុងភក់ ទោះបីជាបានគ្រាប់ក៏ដោយ ។
Comments are closed.