ស៊ុន យ៉ាតសេន ជាអ្នករំដោះប្រទេសចិនពីនឹមដែកនៃស្ដេចម៉ាន់ជូ ដែលឥតមានជនណាម្នាក់ភ្នកនឹកឃើញថា អាចនឹងធ្វើទៅកើតសោះ ។ «ទុកឲ្យចិនដេកលក់ចុះ តែកាលណាចិនភ្ញាក់ឡើង ពិភពលោកនឹងមានភ័យ» នេះឯងដែលអាណានិគមនិយមត្រូវប្រព្រឹត្តអនុវត្តទៅលើជនជាតិ និងប្រទេសចិន ។
ស៊ុន យ៉ាតសេន កើតនៅជិតខេត្តកង់តុង ក្នុងគ.ស១៨៦៦ ក្នុងត្រកូលអ្នកស្រែ ។ កាលនៅជាកុមារតូចនៅឡើយ ត្រូវមានបន្ទុកការងារធ្ងន់ៗជាច្រើន គឺត្រូវរៀនអក្សរចិនក្នុងមួយសប្ដាហ៍ពេញ៧ថ្ងៃ ផុតម៉ោងរៀនត្រូវជួយធ្វើកិច្ចការផ្ទះ ស្រែចម្ការជាមួយនឹងឪពុកទៀត ។
បិតារបស់គាត់ជាមនុស្សខួរក្បាលសម័យ បើទុកជាពុំដែលឃើញ ពុំដែលស្គាល់សហរដ្ឋអាមេរិកក៏ដោយ ។ គាត់តែងតែស្រវាស្រទេញដើម្បីបញ្ជូនកូនគាត់ទៅប្រកបវិជ្ជាជីវៈនៅសហរដ្ឋអាមេរិកជានិច្ច ។ គាត់បានបញ្ជូនបងបង្កើតរបស់ ស៊ុន យ៉ាតសេន ទៅនៅហូណូលូៗ ម្នាក់រួចទៅហើយ ។ ឯកុមារ ស៊ុន យ៉ាតសេនវិញ តែងតែបានស្ដាប់ការពិពណ៌នាអំពីសហរដ្ឋអាមេរិកដោយឪពុកមាបង្កើតរបស់ខ្លួនម្នាក់ដែលជាអ្នកមានព័ត៌មានប្លែកៗពីសហរដ្ឋអាមេរិក នាំមកបញ្ចូលចិត្តកុមារ ស៊ុន យ៉ាតសេន ជារឿយៗ ។ ក្រោយមកកុមារ ស៊ុន យ៉ាតសេន កាលណាបានជួបនឹងអ្នកដែលទើបវិលមកពីសហរដ្ឋអាមេរិក ក៏តែងតែសាកសួរពីជីវិតប្រចាំថ្ងៃរបស់ជនជាតិអាមេរិក ។ កុមារ ស៊ុន យ៉ាតសេន បានស្ដាប់ហើយ ក៏ជារឿងប្លែកអស្ចារ្យនៅក្នុងចិត្តក្រៃលែងថា «ដែលមានឬមនុស្សក្នុងលោកនេះ មិនបួងសក់ ! ដែលមានឬមនុស្សក្នុងលោកនេះ មិននៅក្រោមអំណាចព្រះទេវៈឱរសជាម្ចាស់ក្រុងចិន ! ដែលមានឬមនុស្សក្នុងលោកនេះ អាចជ្រើសរើសអ្នកគ្រប់គ្រងកំពូលរបស់គេម្នាក់ មិនបាច់ឡើងផ្ទាល់ព្រះអម្ចាស់ក្រុងចិន» ។ រឿងសំខាន់ដែលប្លែកអស្ចារ្យណាស់ទៅទៀតគឺ «គេមិនប្រហារមនុស្សជាល្បែងដោយឥតមានកំហុសពិតប្រាកដបានឡើយ» ។ កុមារ ស៊ុន យ៉ាតសេន ធ្លាប់តែបានទទួលការអប់រំផ្ទុយពីឃ្លាទាំងប៉ុន្មានខាងលើនេះមកជាយូរយារណាស់មកហើយ សូម្បីតែជីវិត ក៏គេគ្មានសិទ្ធិនឹងការពារ រកយុត្តិធម៌បានដែរ ព្រោះស្រេចហើយតែព្រះទេវៈឱរសជាអម្ចាស់ក្រុងចិនទាំងអស់ ។
ចង់ដឹង ចង់ឃើញ ចង់រស់នៅក្នុងលោកដែលបានឮគេពិពណ៌នាឲ្យស្ដាប់នោះ រឹតតែមានទម្ងន់ទៅលើការតាំងចិត្តរបស់បិតាគាត់ស្រាប់មកហើយនោះ អាយុបាន១៥ឆ្នាំ ស៊ុន យ៉ាតសេន ក៏បានទៅនៅហូណូលូៗជាមួយនឹងបងប្រុសដែលមានឋានៈបង្គួរក្នុងជីវិតប្រចាំថ្ងៃ ជួយលក់ដូរផង ចូលទៅរៀនក្នុងសាលាផង ។ ចំណាយវេលាតែ៣ឆ្នាំ ស៊ុន យ៉ាតសេន ក៏បានទទួលមធ្យមសិក្សាប័ត្រខាងភាសាអង់គ្លេស គណិតសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ត្រឹមតែជាដែនដីអាណានិគមប៉ុណ្ណោះ ហូណូលូៗប្រៀបបាននឹងឋានសួគ៌របស់ ស៊ុន យ៉ាតសេនទៅហើយ ។ ចុះទម្រាំបើសហរដ្ឋអាមេរិកមែនៗនោះ តើនឹងជាយ៉ាងណាទៅ ? ពិសេសទៅទៀត វិជ្ជាប្រវត្តិសាស្ត្រធ្វើឲ្យ ស៊ុន យ៉ាតសេន ស្គាល់ច្បាស់នូវអតីតកាលដ៏ថ្កុំថ្កើងរបស់ចិនលើសទៅទៀត បញ្ជាក់ឲ្យរឹតតែច្បាស់ថា ព្រះទេវឱរសជាអម្ចាស់ក្រុងចិននោះ ពុំមែនជាជាតិចិនទៅទៀត គឺជាជនជាតិម៉ាន់ជូ ។ ពន្លឺថ្មីនេះឯងជាប្រភពនៃជាតិនិយម ដុះឡើងក្នុងចិត្តរបស់ ស៊ុន យ៉ាតសេន ។ បងរបស់ ស៊ុន យ៉ាតសេន ហាមប្រាមជានិច្ច ព្រោះគាត់យល់ថា ការយល់សប្តិរបស់ ស៊ុន យ៉ាតសេន នោះ ទៅមិនរួចទេ ស៊ុន យ៉ាតសេន នៅតែរវើរវាយទៀត ។
ទីបំផុត បងរបស់ស៊ុន យ៉ាតសេន គិតឃើញថា នឹងទុកឲ្យនៅជាមួយ ក៏ជាការឥតប្រយោជន៍ ក៏បញ្ជូន ស៊ុន យ៉ាតសេន ត្រលប់ឲ្យទៅនៅជាមួយបិតា សូម្បីបិតាក៏ពុំអាចទប់នូវកម្លាំងទឹកហូរនៃគំនិតជាតិនិយមរបស់ ស៊ុន យ៉ាតសេនដែរ ។ ប៉ុន្តែ និយមជាតិខ្លាំងពេក រហូតដល់ប្រឆាំងនឹងរូបអ្នកតាជាទីសក្ការៈរបស់អ្នកភូមិផងទៀតនោះ សេចក្ដីល្អខាងការបង្កើតលទ្ធិជាតិនិយមពុំអាចជួយបាន ។ ស៊ុន យ៉ាតសេន ដែលអាយុមិនទាន់ដល់២០ឆ្នាំនៅឡើយងក្នុងពេលនោះ អ្នកភូមិក៏ទាមទារដល់ឪពុក ស៊ុន យ៉ាតសេន ឲ្យដេញស៊ុន យ៉ាតសេនចេញពីភូមិ ដោយហេតុគាត់ទៅកាច់បំបាក់ដៃរូបអ្នកតានៅក្នុងខ្ទមរបស់គេ ។
ស៊ុន យ៉ាតសេន ក៏បាននីរទេសខ្លួនទៅនៅហុងកុង ។ ហុងកុងជាដែនដីអាណានិគមរបស់អង់គ្លេស រហូតដល់ឆ្នាំ១៩៩៧ ។ នៅទីនោះ ស៊ុន យ៉ាតសេន ក៏បានចូលរៀននៅគ្វីន ខលេច្ស (Qeen’s College) ហើយក៏ប្រលងបានសម្រេចនូវបរិញ្ញាបត្រខាងពេទ្យជំនាន់ទី១ នៃវិទ្យាល័យនោះ ។ ក្នុងរយៈពេលសិក្សានេះ គាត់ក៏មានសេរីភាពគ្រប់គ្រាន់ផ្សាយនូវគំនិតជាតិនិយមរបស់គាត់ រហូតដល់បានរីកចម្រើនឡើងៗស្ទើរតែគ្រប់ក្រុងធំៗទាំងអស់ ។ មានការទាក់ទងគ្នាទៅវិញទៅមក ហើយគ្រប់សាលាទាំងអស់ ក៏សុទ្ធតែទទួលស្គាល់ ស៊ុន យ៉ាតសេន តែមួយប៉ុណ្ណោះជានាយក ។
នៅឆ្នាំ១៨៩៥ ស៊ុន យ៉ាតសេន អាយុ២៩ឆ្នាំ ការចលាចលក៏កើតឡើងបានដូចបំណង តែជាការបដិវត្តប្រញាប់ប្រញាល់ពេក ក៏បានទទួលនូវបរាជ័យទៅវិញ តែពុំរលត់ទេ ។ រដ្ឋាភិបាលម៉ាន់ជូ ក៏ប្រកាសគ្រប់ទីកន្លែង គ្រប់ស្ថានទូត របស់ខ្លួនឲ្យចាប់ខ្លួន ស៊ុន យ៉ាតសេន ទោះជារស់ក្ដីស្លាប់ក្ដីឲ្យតែបាន នឹងប្រទានរង្វាន់មួយសែនផោនប្រាក់អង់គ្លេស តែក៏គ្មាននរណាអាចសម្រេចបាន ។
ស៊ុន យ៉ាតសេន ក៏ធ្វើដំណើរទៅកាន់មហាប្រទេសធំៗក្នុងលោកស្ទើរតែទាំងអស់ ដើម្បីថ្លែងការណ៍ យកមតិសាកល រូបមន្តដាសស្មារតីជាតិចិន សំខាន់បំផុតរបស់គាត់គឺនៅត្រង់ឃ្លាថា «ស្ដេចម៉ាន់ជូគ្មានសិទ្ធិគ្រប់គ្រងជនជាតិចិនទេ មានតែជនជាតិចិនប៉ុណ្ណោះ ទើបមានសិទ្ធិគ្រប់គ្រងខ្លួនឯង» ។ រូបមន្តនេះជ្រួតជ្រាបទូទៅ សូម្បីមហាតលិកក្នុងវាំងក៏យកទៅសូត្រលេងដែរ ដំបូងទំនងជាឡកឡឺយ តែយូរៗទៅក៏ក្លាយទៅជាជំនឿមែនទែនតែម្ដង
ស៊ុន យ៉ាតសេន ត្រូវបានស្ថានទូតចិននៅប្រទេសអង់គ្លេស ចាប់ខ្លួនបានតែម្ដង តែរដ្ឋាភិបាលអង់គ្លេសតវ៉ា ដោយទាស់នឹងច្បាប់អន្តរជាតិ ។ លុះរួចខ្លួនហើយ គាត់ក៏ចូលទៅតាំងមន្ទីរចាត់ការបដិវត្តនៅប្រទេសជប៉ុន កៀកគ្នានឹងស្ថានទូតចិនប្រចាំប្រទេសជប៉ុននោះឯង ។ គាត់ផ្សាយគ្រប់មធ្យោបាយបដិវត្តចូលទៅក្នុងប្រទេសចិន ។
នៅខែកញ្ញា ឆ្នាំ១៩១១ អាយុ៤៥ឆ្នាំ គាត់បានសម្រេចនូវបដិវត្តន៍បង្ហូរឈាមជាប្រាកដប្រជាឡើង ។ លុះអាយុ៥២ ឆ្នាំ នៅឆ្នាំ១៩១៨ គាត់ក៏បានគ្រប់គ្រងលើអាណាខេត្ត៧ នៅភាគខាងត្បូងពីប្រទេសចិន ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩២១ អាយុ៥៥ឆ្នាំ ក៏បានទទួលតំណែងប្រធានាធិបតីនៃសាធារណរដ្ឋចិន សឹងមិនដល់មួយឆ្នាំផង ដោយការប្រជែងប្រណាំងនូវកៅអីវីរជនដទៃទៀត ។ គាត់ក៏លាលែងពីតំណែងដោយគាត់ឥតប្រាថ្នាអ្វីជាការផ្ទាល់ខ្លួនសោះ សុខចិត្តដើរខាងក្រៅ ទទួលយកអំណាចខាងផ្លូវចិត្ត ជាអ្នកឃោសនាដឹកនាំខាងវិវឌ្ឍនាការនិយមទៅវិញ ។
ឋានៈគាត់ក៏ក្លាយទៅជាខ្ពស់បំផុតធៀបទៅនឹង ខុង ជឺ អ្នកប្រាជ្ញចិនពីបុរាណកាលដែលជាឋានៈមិនចេះក្ដៅក្រហាយ រលត់រលាយសោះឡើយ ។
អាយុ៥៩ឆ្នាំ គ.ស១៩២៥ អវសាននៃជីវិតបិតាជាតិនិយមចិនក៏ចូលមកដល់ ។ នៅលើទង់នៃសេចក្ដីគោរព ស្វាមីភក្តិដ៏ជ្រាលជ្រៅទីបំផុតដែលកប់នៅក្នុងបេះដូងនៃជនជាតិចិនរាប់រយលាននាក់ជានិច្ចរៀងមក ៕
Comments are closed.