លោកសាស្ត្រចារ្យ កេង វ៉ាន់សាក់ កើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ នៅភូមិកំពង់បឹង ស្រុកកំពង់លែង ក្នុងខេត្រកំពង់ឆ្នាំង ។ បិតានាម កេង ស៊ីផាន់ និងមាតានាម ជៀស ហន ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រភាគទី២ផ្នែកទស្សនវិជ្ជា នៅឆ្នាំ១៩៤៦ លោកបានទៅបន្តការសិក្សានៅប្រទេសបារាំង ។ ទន្ទឹមគ្នានឹងការសិក្សា លោកបានធ្វើការជាសាស្ត្រាចារ្យជំនួយភាសាខ្មែរនៅសាលាជាតិជីវភាសា បូព៌ាប្រទេស (Ecole nationale des Langues orientales vivantes) នៅក្រុងប៉ារីសនៅឆ្នាំសិក្សា១៩៤៧‑១៩៤៨ និង ១៩៥១‑១៩៥២ ។ នៅចន្លោះពេលនោះ លោកបង្រៀនភាសាខ្មែរនៅសាលាសិក្សាផ្នែកបូព៌ា និងអាហ្វ្រិកនៃសាកលវិទ្យាល័យក្រុងឡុងដុន (School of Oriental and African Studies, London University) ក្នុងឆ្នាំសិក្សា១៩៤៨‑១៩៥០ ។ លោកបានប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកទស្សនវិជ្ជានៅ មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រក្រុងប៉ារីសនៅឆ្នាំ១៩៥១ ។ ភរិយាលោកនាម ស៊ុយស្ហាន កុលលើវីល (Suzanne Colleville) ។
អ្នកស្រី ស៊ុយស្ហាន‑កេងវ៉ាន់សាក់ (១៩២១‑២០០៣) បានប្រឡងជាប់បរិញ្ញាប័ត្ររូបវិទ្យានាឆ្នាំ១៩៤៣ នៅមហាវិទ្យាល័យក្រុងកង់ (Caen) ។ អ្នកស្រីបានយកចិត្តទុកដាក់លើការសិក្សាផ្នែកអាស៊ីអគ្នេយ៍ ហើយអ្នកស្រីបានប្រឡងជាប់សញ្ញាប័ត្រភាសាថៃនាឆ្នាំ១៩៤៥ ហើយបានប្រឡងជាប់សញ្ញាប័ត្រភាសាលាវ និងភាសាខ្មែរនាឆ្នាំ១៩៤៧ ។ ទន្ទឹមនឹងការសិក្សាទាំងនេះ អ្នកស្រីបានសិក្សាអក្សរសាស្ត្របារាំង ប្រវត្តិសាស្ត្រសិល្បៈ និងភូមិវិទ្យាទួទៅ ។ នៅឆ្នាំ១៩៤៥ អ្នកស្រីបានបង្រៀនភាសាថៃ ហើយនៅឆ្នាំ១៩៤៧ បានទទួលការតែងតាំងជាសហការិនីវិទ្យាសាស្ត្រនៅក្រសួងឧតុនិយមជាតិ ប្រទេសបារាំង ។ នាឆ្នាំសិក្សា១៩៥១‑៥២ អ្នកស្រីបានបង្រៀនភាសាលាវនៅសាលាភាសាបូព៌ា (Langues Orientales) ជំនួសលោកសាស្ត្រាចារ្យ រេ‑នន (M. Reinhorn) ។ អ្នកស្រីបានលះបង់ការងារដ៏ប្រពៃនៅប៉ារីសរបស់អ្នកស្រីដើម្បីចូលទៅ នៅភ្នំពេញតាមស្វាមីនាឆ្នាំ១៩៥២ ហើយអ្នកស្រីបានធ្វើជាសាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ វិទ្យាស្ថានជាតិគរុកោសល្យ និងបន្ទាប់មកបានបង្រៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រភ្នំពេញរហូតដល់ ចុងឆ្នាំសិក្សា១៩៧១ ។ អ្នកស្រីបានបង្រៀនសិស្ស និងនិស្សិតនៅស្រុកខ្មែរជាច្រើនជំនាន់ ។ នាពេលចុងក្រោយអ្នស្រីបានត្រឡប់មកធ្វើការនៅប្រទេសបារាំងវិញនា ខែកញ្ញាឆ្នាំ១៩៧១ រហូតដល់ពេលចូលនិវត្តន៍ ហើយបានរស់នៅជាយក្រុងប៉ារីសក្នុងស្រុកម៉ុងម៉ូរ៉ង់ស៊ី (Montmorency) លុះដល់អវសានជីវិតនាឆ្នាំ២០០៣ ។
បន្ទាប់ ពីបានបង្កើតអង្គុលីលេខអក្សរខ្មែរនៅឆ្នាំ១៩៥២ លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានត្រឡប់ទៅកម្ពុជាវិញ ហើយបានទទួលមុខនាទីជាសាស្ត្រចារ្យនៅវិទ្យាល័យស៊ីសុវត្ថិនៅក្រុង ភ្នំពេញពីឆ្នាំ១៩៥២ ដល់១៩៥៨ ។ លោកជាមេដឹកនាំ គណបក្សប្រជាធិបតេយ្យ នៅពេលបោះឆ្នោតនីតិបញ្ញត្តិសកលនៅឆ្នាំ១៩៥៥ បន្ទាប់ពីការគ្រោងទុកដោយសិទ្ធិសញ្ញាក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៤ ។ លោកបានប្រឆាំងដោយចេញមុខនឹងរាជបល្ល័ង្ក ជាពិសេសគឺប្រឆាំងផ្ទាល់នឹងសម្ដេចនរោត្តមសីហនុ ជាស្ថាបនិកនៃគណបក្សសង្គមរាស្ត្រនិយម ។ បន្ទាប់ពីបរាជ័យនៃគណបក្សប្រជាធិបតេយ្យ រដ្ឋាភិបាលបានចាប់លោកដាក់គុកនៅថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៥ ។ ពេលចេញពីពន្ធនាគារ លោកបានបោះពុម្ពផ្សាយកម្រងកំណាព្យដែលលោកបាននិពន្ធក្នុងពេលជាប់ គុក ហើយកម្រងកំណាព្យនេះបានទទួលឥទ្ធិពលដ៏ខ្លាំងក្លាទៅលើកវីនិពន្ធ ខ្មែរនៅជំនាន់នោះ ។ នៅឆ្នាំ១៩៥៨ លោកមានតួនាទីជាប្រធានគណៈកម្មការពិនិត្យសៀវភៅអក្សរសាស្ត្រខ្មែរនៅ មធ្យមសិក្សា ។ ពីឆ្នាំ១៩៥៨ ដល់ ១៩៦២ លោកមានតំណែងជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ និងជាចាងហ្វាងវិទ្យាស្ថានជាតិគរុកោសល្យ (១៩៥៨‑១៩៦០) ហើយលោកបានទៅបង្រៀនអក្សរសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរនៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ហើយនិងពុទ្ធិកសកលវិទ្យាល័យភ្នំពេញរហូតដល់ឆ្នាំ១៩៦៨ ។ នៅពាក់កណ្ដាលឆ្នាំ១៩៦៨ រដ្ឋាភិបាលបញ្ឈប់លោកឲ្យលែងបង្រៀន ហើយបានឲ្យភ្នាក់ងារឃ្លាំមើលគេហដ្ឋានលោកទៀតដោយលោកជាប់ចោទថា ជាអ្នកបំបះបំបោរនិស្សិត និងសិស្សនានាឲ្យធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលជំនាន់ នោះ ។ អាជ្ញាធរជំនាន់នោះបានឆែករុករកនៅផ្ទះសាស្ត្រាចារ្យនេះឃើញមាន សៀវភៅ «ម៉ាក,ម៉ៅ» និងទស្សនាវដ្ដីប្រទេសចិន ។ល។ នៅបណ្ណាល័យផ្ទាល់របស់លោក ជាហេតុនាំឲ្យអាជ្ញាធរក្រសួងសន្តិសុខចាប់លោកឃុំនៅរាជបណ្ឌិតសភា នគរបាល ជាមួយលោក សូនែម និងលោក ភួង តុន ដោយចោទថា ជាពួកកុម្មុយនិស្តនិយម បានបំបះបំបោរនិស្សិត និងប្រជាជនឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។
បន្ទាប់ពីសភាពការណ៍នយោបាយនៅឆ្នាំ១៩៧០ ដែលធ្វើឡើងដោយឧត្ដមសេនីយ លន់ នល់ ប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋខ្មែរ រដ្ឋាភិបាលថ្មីបានផ្ដល់នីតិសម្បទាឲ្យលោកវិញ ហើយបានបង្កើតវិទ្យាស្ថានខ្មែរ‑មន ដោយតែងតាំងលោកជាមេដឹកនាំស្ថាប័ននេះក្នុងគោលបំណងលើដំកើង វប្បធម៌ខ្មែរ‑មនឲ្យខ្ពង់ខ្ពស់ដើម្បីឲ្យជនជាតិខ្មែរមានមោទនភាពជា ខ្មែរ និងបង្រួបបង្រួមខ្មែរជាទួទៅនៅជុំវិញកេត្ដិ៍មរតកវប្បធម៌ នេះជាអាវុធទប់ទល់នឹងការរំលោភបំពានពីសំណាក់បរទេស ។ លោកបានធ្វើនិក្ខេបបទមួយដែលបានការពារនៅសាកលវិទ្យាល័យស្ហ័កបោន (Sorbonne) នៅឆ្នាំ១៩៧១ មានចំណងជើងថា «ការស្រាវជ្រាវរកឬសគល់មួយនៃវប្បធម៌ខ្មែរ (Recherche d’un fond culturel khmer)» ។ សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ជាបញ្ញាជនមួយរូបដ៏កម្រដែលមានចក្ខុវិស័យ និងគំនិតសកលវែងឆ្ងាយលើវប្បធម៌អរិយធម៌ខ្មែរយើង ។ សាស្ត្រាចារ្យរូបនេះមានឥទ្ធិពលទៅលើសាស្ត្រាចារ្យអក្សរសាស្ត្រ ខ្មែរជាច្រើនជំនាន់នៅស្រុកខ្មែរយើង ។ ក្រោយមកបានទទួលតំណែងជាភូឈួយប្រតិភូអចិន្ត្រៃយ៍នៅអង្គការ UNESCO ក្នុងក្រុងប៉ារីសនៅឆ្នាំ១៩៧១ ហើយបន្ទាប់មកមានតួនាទីជាភារធារីនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ប្រចាំប្រទេសបារាំងពីខែតុលា ឆ្នាំ១៩៧៤ ដល់ខែមេសា ឆ្នាំ១៩៧៥ ។ លោករស់នៅម៉ុងមូរ៉ង់ស៊ី (Montmorency) នៅជាយក្រុងប៉ារីស រហូតដល់ពេលទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០០៨ ត្រូវនឹងថ្ងៃ៦រោច ខែមិគសិរ ឆ្នាំជូត ។ លោកបាននិពន្ធរឿងល្ខោន២ កម្រងកំណាព្យ និងសិក្សាកថាជាច្រើន ៖
១.រឿងល្ខោន
សាច់ពុំបានស៊ីយកឆ្អឹងព្យួរក ៥ឈុត សម្ដែងនៅឆ្នាំ១៩៤៤
អន្ទិតគោលោត ៥ឈុត សម្ដែងនៅឆ្នាំ១៩៤៥ (ពណ៌នាពីបញ្ហាទំនៀមនិយម និងទំនើបនិយម) ។
២.កំណាព្យ
ចិត្តក្រមុំ, ភ្នំពេញ, ១៩៥៤
គុកកាមកិលេស, ភ្នំពេញ, ១៩៥៦
អន្ត្រែងៗ ក្រលិតក្ដឯង អន្ត្រែងឱយគេ, Montmorency, 1972
ឱយតែខ្មែររស់, Montmorency, 1972
ធើទៅអាថា, Montmorency, 1978
អាទួអាទា, Montmorency, 1979
ខ្មែរស្លាប់ខ្មែររស់, Montmorency, 1981
៣.សិក្សាកថា
មូលភាពនៃការបង្កើតពាក្យថ្មី, ភ្នំពេញ, មហាវិទ្យាល័យអក្សរសាស្ត្រ, ១៩៦៤
សូរស័ទ្ទខ្មែរ, ភ្នំពេញ, មហាវិទ្យាល័យអក្សរសាស្ត្រ, ១៩៦៦
Quelques aspects de la littérature Khmère, Phnom Penh, Faculté des Lettres, 1965 (បោះពុម្ពឡើងវិញ “Réflexion sur la litérature khmère”, La revue française “présente le Cambodge”, Paris, 1968, p. 31-34)
RāmKer ou Rāmāyana khmer, Phnom Penh, 1969
Recherche d’un fond culturel khmer, thèse de doctorat de 3ème cycle, Université de Paris IV, 1971
Aperçu de la Révolution Polpotiste (Khmer-Rouge), Montmorency, 1977
Tragédie d’un peuple (khmer), Montmorency, 1981 (poème).
ចំពោះ «គ្រូធំ» នេះ មានឥទ្ធិពលយ៉ាងខ្លាំងក្លាណាស់ទៅលើសិស្ស និស្សិត និងសាស្ត្រាចារ្យភាសាខ្មែរនានាពេញទាំងប្រទេស ។ កាលនៅយុវវ័យ លោកបានសរសេរកម្រងកំណាព្យ «ចិត្តក្រមុំ» មាន ១១កំណាព្យ ហើយអត្ថបទទី១ សរសេរនៅឆ្នាំ១៩៤៥ កាលលោកនៅជាសិស្សវិទ្យាល័យស៊ីសុវត្ថិ ។ កម្រងអត្ថបទទាំងនេះ លោកតាក់តែងឡើងនៅក្នុងឆ្នាំ១៩៤៥‑១៩៥០ គឺពេលលោកនៅជាសិស្ស និងនិស្សិតនៅវិទ្យាល័យស៊ីសុវត្ថិ ក្រុងភ្នំពេញ នៅក្រុងឡុងដុង និងនៅក្រុងប៉ារីស ។ កម្រងកំណាព្យនេះសរសេរឡើងក្នុងរចនាបទទំនៀមគឺគោរពវិធីចាប់ចុងចួន ដូចកំណាព្យសម័យមុនៗដែរតែអត្ថន័យអត្ថរសពាក្យពេចន៍ពោរពេញទៅដោយ តថនិយម គឺបង្ហាញពីការរញ្ជួយចិត្តរបស់កវីផ្ទាល់ និងភាពពិតនៃសង្គមខ្មែរយើនៅសម័យនោះ ។
កម្រង អត្ថបទទី២ បានរចនាឡើងនៅពេលលោកជាប់ក្នុងពន្ធនាគារភ្នំពេញ ដោយបង្ហាញភាពពិតនិយមក្នុងគុក និងការរញ្ជួយចិត្តរបស់កវី ។ ពេលរស់នៅប្រទេសបារាំងលោកនៅតែនិពន្ធកំណាព្យនានាតទៅទៀតពោលគឺនៅ ឆ្នាំ១៩៧២ លោកបានឆ្លើយតបនឹងពួកកាសែតទាំងឡាយដោយអត្ថបទកំណាព្យមួយមានចំណង ជើងថា «ឱយតែខ្មែររស់» ។ មួយឆ្នាំក្រោយមក លោកបានបោះផ្សាយកម្រងកំណាព្យមួយទៀតមានចំណងជើងថា «ចំរៀងចាប៉ី ៖ អន្ត្រែង អន្ត្រែង ក្រឡិតក្ដឯង អន្ត្រែងឱយគេ» គឺជាកំណាព្យទំនើបមានរចនាបទថ្មីបែបបដិវត្តន៍អក្សរសិល្ប៍និយមដែល ខ្មែរមួយចំនួនមិនយល់មិនទទួលស្គាល់ ត្រឡប់ជាយល់ថាជាកំណាព្យ «អាសអាភាស» ដោយមិនស្គាល់តម្លៃនៃការវិវត្តន៍អក្សរសិល្ប៍ជាទួទៅដូចមាននៅ ប្រទេសធំៗនៅអាស៊ី អ៊ឺរ៉ុប និងអាមេរិក ជាដើម ។ កំណាព្យនេះមានការប៉ះពាល់ដល់អ្នកនយោបាយ និងអ្នកកាន់អំណាច ហើយម្យ៉ាងទៀតអក្ខរាវិរុទ្ធនៃពាក្យខ្លះៗរបស់កវីនិពន្ធពុំមាន ក្នុងវចនានុក្រមផ្លូវការ តែកវីនិពន្ធប្រើពាក្យទាំងនេះដោយចេតនាដើម្បីតែងសម្ដែង មនោសញ្ចេតនា និងការរញ្ជួយចិត្តអារម្មណ៍របស់លោកផ្ទាល់ ។ ឧទាហរណ៍ ដូចពាក្យថា ៖ មេបុណ្យ លោកហៅថា មេបូន, បាយ័ន ហៅថា បាយ៉ូន, បាគង ហៅថា បាគោង ។ល។ តែពាក្យនិមួយៗដែលលោកប្រើខុសពីទម្លាប់ប្រក្រតីលោកបានពន្យល់ន័យនិយមបានច្បាស់លាស់ ៕
Comments are closed.