រឿងសត្វឆ្កែ និងអាហារពេលល្ងាចរបស់ចៅហ្វាយនាយ

សត្វឆ្កែមួយត្រូវបានម្ចាស់បង្វឹកឲ្យចេះពាំកន្ត្រកអាហារយកទៅឲ្យម្ចាស់របស់វា នៅឯចំការជារៀងរាល់ថ្ងៃ។ វាពិតជាអាចធ្វើឲ្យម្ចាស់វាពេញដោយជំនឿចិត្ត ព្រោះទោះជាក្លិនអាហារដ៏ឈ្ងុយឆ្ងាញ់ទាក់ទាញវាយ៉ាងណាក៏វាមិនដែលចាប់អារម្មណ៍ជាមួយដែរ។ ឆ្កែជិតខាង និងតាមផ្លូវបានកត់សំគាល់ហើយក៏ដឹងថាក្នុងកន្ត្រកនោះគឺជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។

ពួកវាបានព្យាយាមប៉ុនប៉ងជាច្រើនលើកច្រើនសារ ដើម្បីបានអាហារស៊ី ប៉ុន្តែឆ្កែពាំអាហារនៅតែអាចការពារអាហារបានយ៉ាងល្អ។ ថ្ងៃមួយពួកឆ្កែមួយហ្វូងបានស្កាត់ជួបឆ្កែពាំអាហារ ហើយបញ្ចេញអាកប្បកិរិយាឌឺដងយ៉ាងពេញទំហឹង ធ្វើឲ្យឆ្កែរពាំអាហារទ្រាំមិនបានក៏ឈប់ស្ងៀម ហើយទម្លាក់កន្ត្រកអាហារចោលដើម្បីឈ្លោះតទល់នឹងហ្វូងឆ្កែនោះ។ វាគឺជាកំហុសរបស់ឆ្កែពាំអាហារ ដែលធ្វើឲ្យសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ក្នុងកន្ត្រក ក្លាយទៅជាចំណីហ្វូងឆ្កែ។

ខឹងខុស ខឹងខាត។

មនុស្សដែរចង់បំផ្លាញយើង តែងតែរកគ្រប់មធ្យោបាយដើម្បីឲ្យយើងវិនាស ចូរកុំខ្វល់ពីមនុស្សបែបនេះអី៕

Comments are closed.