អ្នកតាដែលពូកែជាងគេ នៅក្នុងសង្កាត់ត្រងិល ស្រុកកំពង់លែង ខែត្រកំពង់ឆ្នាំង គឺអ្នកតា “ទួលស្លឹង” និងជំទាវ សុខ” ។ អ្នកតានោះមានរូប ២ រូបជាភេទប្រុស ១ ជាភេទស្រី ១ មានមុខបែរឈមរកគ្នាបន្តិច ។ អ្នកតាភេទប្រុសឈ្មោះ “ទួលស្លឹង” ងារស័ក្ដិជាឃ្លាំងមឿងស្ដីទីចៅហ្វាយស្រុក ព្រោះមានអ្នកតាឯទៀត ដូចជាអ្នកតាទ្វារស្រុក អ្នកតាសាលាទនី ជាដើមជាចំណុះផង ។ ឯអ្នកតាភេទស្រីឈ្មោះ “ជំទាវសុខ” ។ រូបអ្នកតាទាំងពីរ ឥតមានក្បូរក្បាច់រចនាអ្វីផ្សេងៗទេ ។ ការកកើតរូបរាងនៃអ្នកតាទាំងនេះឡើង អាស្រ័យអ្នកស្រុកបានរៃប្រាក់កាសគ្នាទិញកំបោរលៀសយកមក ហើយយកថ្មតូចធំមកតម្រៀបជាដុំឡើង ឲ្យមានរាង ខ្លួនៗមួយទំហំប៉ុនខ្លួនក្របីយ៉ាងធំ ។ ទីកន្លែងអ្នកតាទាំងពីរនោះឥតមានខ្ទមទេ គឺនៅកណ្ដាលវាល រាបនឹងដីត្រង់ចង្កេះភ្នំត្រងិល ភូមិភាគខាងកើត បែរមុខទៅទិសខាងលិច ។ សព្វថ្ងៃនេះ មានគុម្ពឫស្សីព្រៃមួយយ៉ាងធំ ទោរទៅគ្របពីលើអ្នកតាទាំងពីរនោះ ឯខាងមុខមានទីដីវាលស្អាតចំនួន ៥ម. បួនជ្រុងស្មើ ។
ម៉្យាងទៀត បែបផែនដែលនឹងធ្វើបុណ្យឡើងអ្នកតានោះ គេច្រើនតែធ្វើក្នុងខែជេស្ឋរាល់ៗឆ្នាំ ដើម្បីបួងសួងសុំទឹកភ្លៀង និងសុំឲ្យបានសេចក្ដីសុខ កុំឲ្យមានជំងឺតម្កាត់មនុស្សនិងសត្វពាហនៈផង ។
ពិធីរៀបពលិការឡើងអ្នកតា មុនដំបូងត្រូវរៃប្រាក់កាសអ្នកស្រុកយកទៅទិញគ្រឿងតង្វាយផ្សេងៗ មានសំពត់ អាវ គោ មាន់ ស្រា ជាដើម និងគ្រឿងចង្ហាន់ប្រគេនព្រះសង្ឃ បានហើយ ទើបនិមន្តព្រះសង្ឃ ទៅចំរើនព្រះបរិត្ត ។ លុះព្រឹកឡើង គេនិមន្តព្រះសង្ឃទទួលភត្តរួចបញ្ជាន់រូបសំណឹងប្រុសឈ្មោះ ឡុញ នៅភូមិសំរោង រូបសំណឹងស្រីឈ្មោះយាយឱ នៅភូមិព្រែកតាដោក ។ ជាដំបូងគេឲ្យអ្នកភ្លេងលេងភ្លេង (កែ) រហូតដល់ភ្លេង (អុំទូក) ជាទីបំផុត ។
ឯគ្រឿងតង្វាយមានគោ ២ មាន់ស្ងោរ ១ ស្រា ១ដប ស្លាធម៌ ១គូ អង្ករ ១ចាន ទៀនស្នែងក្របី ដោតពីលើអង្ករ ១ ប្រាក់ពីរកំប៉ាង2 ។ បើមានធ្វើការបួងសួងសុំទឹកភ្លៀងផង អ្នកភ្លេងត្រូវលេងទាល់តែភ្លៀងធ្លាក់ជោកខ្លួនឈប់ ។ បើមានពិធីសុំឲ្យបាត់រោគាព្យាធិសត្វពាហនៈវិញ គេត្រូវធ្វើសង្ឃឹក ១ មានធ្វើរូបមនុស្សប្រុស-ស្រីកាន់ដាវលំពែងដាក់ពីក្រោយ រូបគោ ក្របី មាន់ ទា ឆ្កែ ឆ្មា ដាក់ពីមុខ ។ នៅតាមរបៀងសងខាងសង្ឃឹក គេដាក់គ្រឿងតង្វាយ គឺមាន់ បាយ សម្ល ឯស្រូវ អង្ករ គេដាក់នៅកណ្ដាល គេឲ្យលេងនៅកណ្ដាល គេលេងភ្លេងតាំងពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ៤ រសៀល ទើបរូបទាំងពីរនាក់ប្រុស-ស្រី ព្រមទាំងភ្លេងនាំគ្នាដង្ហែសង្ឃឹកនោះ ទៅចោលនៅទីវាលពោធិកណ្ដាល រួចហើយត្រឡប់មកវិញជាបង្ហើយកិច្ច ។ អ្នកតានោះសេពសោយតែ គោ មាន់ ស្រា ជាអាហារ ។
អំពីប្រវត្តិអ្នកតា តាមឮចាស់ដំណាលតៗគ្នាមកថា: ពីយូរណាស់មកហើយ នៅភូមិត្រងិលនេះ មានសត្វពាហនៈ ក្របី គោ ជាដើមកើតជំងឺ ឈឺស្លាប់រង្គោះរង្គាយពេញទាំងភូមិ វេលានោះមានមនុស្សម្នាក់ឈ្មោះ “ត្រក” គាត់ត្រូវបានស្លាប់គោ ១នឹមដែរដោយជំងឺនោះ ។ គាត់បែកគំនិតចេញជួញក្រមាម្ដង បំណងថាក្រែងបានចំណេញប្រាក់កាស នឹងយកទៅទិញគោទឹមប្រើតទៅ ។ តាត្រកនោះយកក្រមាទៅលក់ឯស្រុកខ្សាច់ស្ពៃ កំពង់លែងដដែល ។ លុះលក់អស់ស្រេច ក៏គិតថា ស្អែកឡើងនឹងវិលទៅកាន់ទីលំនៅវិញ ។ ក្នុងវេលាយប់នោះ គាត់យល់សប្ដិឃើញគេមកប្រាប់ថា “តាឯងយកខ្ញុំទៅដាក់ឯភ្នំត្រងិល ស្រុកតាឯងផងទៅ ខ្ញុំនឹងធ្វើឲ្យស្រុកតាឯង បានសេចក្ដីសុខសប្បាយ ឲ្យឈប់មានជំងឺតម្កាត់ដូចមុនៗទៀត ព្រោះស្រុកតាឯង មិនមានអ្នកណាធំជាងខ្ញុំទៀតទេ ងារខ្ញុំជាឃ្លាំងមឿងស្ដីទីអភិបាលស្រុក ព្រមទាំងប្រពន្ធខ្ញុំឈ្មោះ ជំទាវសុខ ក៏មានងារស័ក្ដិធំដែរ យើងនៅនឹងដើមជ្រៃនេះ” ។ តាត្រកភ្ញាក់ដឹងខ្លួនឡើង មានសេចក្ដីត្រេកអរ ហើយទៅនិយាយបន់ស្រន់ដើមជ្រៃនោះថា: សូមលោកតាអញ្ជើញទៅភ្នំត្រងិលជាមួយខ្ញុំ លុះជិតដល់ស្រុកខ្ញុំៗ នឹងទៅមុន ដើម្បីហៅអ្នកស្រុក ឲ្យមកទទួលលោកឲ្យបានសមតាមស័ក្ដិលោកជាធំ” និយាយបវារណាស្រេចកាលណា តាត្រកក៏ត្រឡប់ទៅស្រុកវិញ លុះបានដល់ទួលស្លឹង គាត់បន់ស្រន់ម្ដងទៀតថា: “សូមលោកតាអញ្ជើញឈប់នៅទីនេះសិនចុះ ចាំខ្ញុំទៅនាំមនុស្សពីភូមិមកទទួលលោក” គាត់ចូលដល់ភូមិក៏បបួលអ្នកស្រុកទៅទទួលលោកតា អ្នកស្រុកទាំងអស់ព្រមទាំងពួកភ្លេងក៏នាំគ្នាមកតាមតាត្រក ដល់ទួលស្លឹងហើយ ក៏និយាយបន់ស្រន់ទៀតថា: “សូមលោកអញ្ជើញទៅកាន់ភ្នំត្រងិល” ។ ចំណែកមនុស្សខ្លះត្រូវចាត់ទៅធ្វើកន្លែងចាំនៅត្រង់ចង្កេះភ្នំត្រងិលជាស្រេច ដូចនេះហើយទើបគេសន្មតថា អ្នកតាទួលស្លឹង ។ លុះដល់ទៅចង្កេះភ្នំ ត្រង់កន្លែងកន្លែងដែលគេរៀបចាំនោះ គេក៏រៀបឲ្យប្រគំភ្លេងឡើងម្ដងទៀត គ្រានោះក៏ស្រាប់តែអ្នកតាចូលជាន់រូបតាត្រក ជាខាងក្រោយតមក ក៏ចេះតែជាន់រូបតាត្រករហូតដល់តាត្រកចាស់ជរា ។
តាំងពីពេលនោះមក អ្នកតានោះមានឫទ្ធិអំណាចណាស់ បើអ្នកស្រុកប្រាថ្នាយ៉ាងណាៗ គួរចាប់អារម្មណ៍អំពីការអស្ចារ្យមួយ គឺគោដែលគេដាក់ជាតង្វាយអ្នកតានោះ លុះដល់ពេលអ្នកតាចូលជាន់រូប ក៏ស្រាប់តែវាដើរមកកាន់ទីកន្លែងបញ្ជាន់រូបនោះឯងៗ ឥតមានគេដឹកនាំមកសោះ មកដល់ហើយក៏ឈរទ្រឹងពីមុខរូបសំណឹង ឯរូបសំណឹងកំពុងជាន់នោះគ្រាន់តែយកទឹកទៅប្រោះៗ លើគោៗក៏ដួលស្រឹបស្លាប់មួយរំពេច ។ ការស័ក្ដិសិទ្ធិនេះ គេឃើញតាំងពីតាត្រកនៅរស់ រហូតដល់តាត្រកស្លាប់ លុះតាត្រកស្លាប់ទៅ អ្នកតាក៏ចាប់ចូលជាន់រូប “តាហ៊ីង” ដែលត្រូវជាកូនតាត្រកតមកទៀត ។ ផុតពីតាហ៊ីងក៏ចូលទៅជាន់រូប តាអន ត្រូវជាកូន តាហ៊ីង ទៀត ។ លុះតាអន បែកទៅនៅភូមិសំរោង ក៏ចូលទៅជាន់រូបតាឡុញ ជាកូន តាអន រហូតដល់សព្វថ្ងៃនេះ ។
ឯរូបស្រីក៏ជាន់តកូនតចៅដូចគ្នាដែរគឺ : ដំបូងចូលជាន់រូបយាយកែ ហើយបន្តបន្ទាប់មក យាយម៉ៅ យាយសួន យាយឱ ។ អ្នកតានោះពីដើមបានជាពូកែដល់ម្ល៉េះ មកពីអ្នកស្រុកមានជំនឿខ្លាំងពេក ។ លុះចំណេរមកខាងក្រោយ អ្នកស្រុកចេះធម៌អរិយត្រឹមត្រូវ ក៏លែងសូវជឿ ការខ្លាំងពូកែរបស់អ្នកតាក៏ដោយទៅជាលំដាប់ដែរ មកនៅត្រឹមតែការបួងសួងសុំទឹកភ្លៀង និងសុំឲ្យបាត់ជំងឺបន្តិចបន្តួចតែប៉ុណ្ណោះ ។
Comments are closed.