កាលពីព្រេងនាយ ជាយូរអង្វែងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជននៅភូមិជិតខាងគេរាប់កោតខ្លាចរុក្ខជាតិនេះណាស់ ក្នុងសម័យនោះ ។ គេធ្វើខ្ទមមានរូបចម្លាក់ថ្មជាភេទប្រុស ១ ស្រី ១ ដាក់ឱ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះ គេតែងតែបួងសួងបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្ដីសុខ ក៏ធ្លាប់បានសុខរៀងមកគេសន្មតថា អ្នកតាចាស់ស្រុក ។
មានរុក្ខជាតិមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ឋិតនៅលើដើមជ្រៃធំនោះជាស្ដេចនៃឈើ ។ យូរទៅមានស្ត្រីម្នាក់មកចាប់បដិសន្ធិ ជាកូនអ្នកស្រុកដែលរាប់អានដើមរុក្ខជាតិនោះ លុះធំពេញជំទង់ឡើងដល់រដូវដែលត្រូវសែនព្រេនថ្វាយក្រយាបូជាអ្នកតាចាស់ស្រុក នាងនោះក៏ទូលថាសនំចំណីថាទៅសែនជួសឪពុកម្ដាយ ។ រុក្ខទេវតាក្រឡេកឃើញចេះតែមានចិត្តអាណិតអាសូរ ស្រឡាញ់នាងនោះហាក់ដូចជាព្រាត់គ្នាពីកាលណាមក ហើយទើបនឹង បានជួបមុខគ្នាថ្មីៗ រុក្ខទេវតានោះកាន់តែវិតក្កចិត្តអាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅសួរព្រះឥន្ទ្រទ្រង់រំពឹងដោយញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះបានកសាងប្រាថ្នាជាមួយគ្នាមកថា “ទោះបីទៅកើតជាតិណា ភពណាសុំឱ្យជួបបានជាប្ដីប្រពន្ធនឹងគ្នាពុំឃ្លាតគ្រប់ៗជាតិ លុះចាស់រៀងៗខ្លួនរុក្ខទេវតានោះ សុំលាទៅបួសជាតាបសអស់មួយជីវិតដោយខ្លួនពីគ្នាទៅ ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា មកកើតជិតទីកន្លែងដែលទេវតាជាប្ដីនៅ ។ មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្ដាលឱ្យរុក្ខទេវតាចេះតែស្រឡាញ់អាណិតអាសូរនាង ។ តែមកពីរុក្ខទេវតានោះមានពៀរ ដែលគេចទៅបួសចោលប្រពន្ធ ឱ្យព្រួយទុក្ខវេទនា លុះអស់សង្ខារទៅមិនឱ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញ មិនជួបគ្នា ។ ព្រះឥន្ទ្រសំដែងប្រាប់រុក្ខទេវតាដូចរៀបរាប់មកនោះ ។ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ទ្រមកវិញ គិតពិចារណាថា “ឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្ទ្រាធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាជាការមិនគួរព្រោះ ប្រពន្ធទៅកើតធំពេញក្រមុំទៅហើយៗ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ” ។ ទេវតាគិតចុះគិតឡើងមិនធ្លុះមិនធ្លាយត្រង់ណាសោះ ហេតុតែមានពៀរដែលគេចទៅបួសជាតាបស មិនឱ្យឃើញមុខត្រាតែសូន្យសង្ខាររៀងខ្លួន ។ រុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណប្រថានព្រេងថា ណ្ហើយចុះអញទៅប្រាប់ប្រពន្ធឱ្យដឹងថា ខ្លួនអញជាប្ដីជាគូរព្រេងទៅចាប់ជាតិ រុក្ខទេវតានាងឥតមានគូរព្រេងទៀតទេ បើនាងបានដឹងថាខ្លួនអញជាប្ដីនាង មុខជាលែងយកប្ដីមួយជាតិនេះ ហើយគិតស្រេចពេលរាត្រីស្ងាត់ ក៏និម្មិតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅឱបរឹតនាង ៗ ភ្ញាក់ឡើងបម្រះពុំរួចពស់ថ្លាន់និយាយលួងលោមសព្វគ្រប់មិនជឿថា បើប្ដីជារុក្ខទេវតាហេតុម្ដេចក៏មកជាពស់ថ្លាន់ដូច្នេះវិញ។ រុក្ខទេវតាជាប្ដីថា បើនាងមិនជឿបងៗ នឹងប្រែរូបឱ្យនាងមើល ។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រឡេកឃើញក៏ស្រឡាញ់ពេញចិត្តជឿជាក់ថា ប្ដីខ្លួនជាទេវតាមែនព្រោះរកមនុស្សណានឹងឱ្យល្អដូចពុំបាន ។ រុក្ខទេវតានិយាយប្រាប់នាងថា ខ្លួនបងបើមិននិម្មិតខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ ត្រូវនិម្មិតរូបជាសត្វផ្ដេសផ្ដាស ទើបនៅជាមួយនាងបាន ។ និយាយចប់និម្មិតខ្លួនជាពស់ថ្លាន់វិញ ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ។ ប៉ុន្តែមិនដែលរួមសំវាសជាមួយនឹងនាងនោះឡើយ ហើយហាមប្រពន្ធថា កុំនិយាយប្រាប់ម៉ែឪ បងប្អូននិងអ្នកស្រុកឱ្យដឹងថា ជាទេវតាឱ្យថាតែពស់ថ្លាន់ ។ ពេលថ្ងៃបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឱ្យឃើញម្ដងៗ ។ ជិតភ្លឺហើយ ឮមាត់និយាយគ្នា ឪពុកម្ដាយចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញល្វែងផ្ទះ ក៏ភ្ញាក់ច្រឡោតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ ។ ឪពុកម្ដាយហៅកូនស្រីមកសួរកូននិយាយសារសព្ទប្រាប់តាមរឿងពីដើមចប់ដល់ចុង ។ ឪពុកទាល់ប្រាជ្ញាមិនដឹងធ្វើម្ដេចក៏ដកដង្ហើមធំ សួរកូនថា “ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ទៅហើយ” ។ កូនប្រាប់ថា ពេលថ្ងៃមិនមកទេ យប់ទើបមក នាងប្រាប់ឪពុកម្ដាយថា “ទេវតាជាប្ដីហាមមិនឱ្យនិយាយប្រាប់គេថាទេវតាទេ ឱ្យថាតែពស់ថ្លាន់ហើយ” ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាមកដល់ប្រពន្ធ និម្មិតរូបជាទេវតាឱ្យនាងមើលតាមសេចក្ដីសន្យា នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅឱបប្ដី ដោយសេចក្ដីមេត្រីស្នេហាគ្នា ឪពុកម្ដាយចូលទៅលបមើលឃើញទេវតាល្អណាស់ក៏ស្រឡាញ់ពេញចិត្ត នឹងរុក្ខទេវតានោះក្រៃលែងរុក្ខទេវតាដឹងឪពុកម្ដាយលបមើល ផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាមឃើញធំទ្រេលពេញបន្ទប់ផ្ទះ ។ ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឱ្យនាំឪពុកម្ដាយទៅជីកកំណប់ក្នុងដំបូកមួយបានមាស ប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមកដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ ។ យូរទៅដឹកជ្រួតជ្រាបដល់អ្នកស្រុកៗ មកមើលឈូឆរឃើញពិតជាពស់ថ្លាន់ពេនទ្រេល នៅជាមួយនឹងនាង ។
និយាយពីបុរសប្ដីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផ្សេង ពីនាងមានប្ដីពស់ថ្លាន់ទេវតានោះ ចេះតែរំភើបក្នុងចិត្ត នាំប្ដីប្រពន្ធសរសើរថា “វាសនាអ្វីគេក៏ល្អម្ល៉េះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខ្វែងត្រឈឹងត្រឈៃមាន គោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះថា ចៅសួស្ដីសេដ្ឋី នេះមកពីកូនគេមានប្ដីពស់ថ្លាន់ ថ្លាន់ឱ្យកំណប់ព្រេង” ។ បុរសនោះតូចចិត្តនឹងខ្លួនឯងណាស់ ចេះតែដកដង្ហើមធំ ចេះតែទន្ទេញទាំងយប់ទាំងថ្ងៃ ។ ប្រពន្ធឃើញប្ដីកើតទុក្ខដូច្នោះ ក៏និយាយប្រាប់ប្ដីថា “ខ្ញុំបានឮចាស់ទុំថានិយាយរៀងៗ មកថាសត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេ តែមានដំបូកធំៗ ក្នុងព្រៃហើយច្រើន មានពស់ថ្លាន់ទៅព័ទ្ធពេននៅទីនោះ គេថាពស់រក្សាកំណប់ព្រេង” ។ ប្ដីថា បើដូច្នោះព្រឹកស្អែកឯង ដាំបាយឱ្យបងពីព្រឹកកុំឱ្យនរណាដឹងបង នឹងដើរស្វែងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនឹងចាប់យកមកធ្វើប្ដីឱ្យកូនយើង” ។ ប្រពន្ធពេញចិត្តក៏ព្រមព្រៀងគ្នា ព្រឹកឡើងដាំបាយវេចជា សំណុំព្រមទាំងទឹកបំពង់ ប្រគល់ឱ្យប្ដីៗក៏ដើរស្វែងរកពស់ថ្លាន់ ។
បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន ក៏បានប្រទះដំបូកមួយធំក្នុងព្រៃទួលមានបន្លាស្អិត និងវល្លិរវីមរវាម វារពាក់ព័ន្ធលើគ្នា ។ បុរសចូលទៅអើតឈ្ងោកមើល ឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក ។ ពស់នោះ តាំងពីនៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអង្វែងណាស់មកហើយ វាមិនដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណាក៏ស៊ូតែទ្រាំនៅក្នុងទីនោះ រូបពស់នោះក៏ទៅជាស្គាំងស្គម អស់កម្លាំងស្ទើរតែកម្រើកខ្លួនមិនរួច ។ បុរសយកឈើគោះមើល ក៏មិនកម្រើកខ្លួនផងបុរសនោះ នឹកត្រេកអរក្នុងចិត្តណាស់ គិតថាពស់ថ្លាន់នេះច្បាស់ជាមានកំណប់ហើយ បានជាស្លូតម្ល៉េះ” ក៏បោចវល្លិចងទាំងភ្នេនស្រាក់ស្រួតជាប់ ។ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមដោយអត់អាហារមកយូរហើយ ។ បុរសលើកស្ពាយទាំងភ្នេនមកដោយធ្ងន់ខ្លាំងពេក ក៏ចេះតែឈប់សម្រាកតាមផ្លូវ ទាល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនឹងកូនក្រមុំពីក្រៅរបងឱ្យទៅជួយទទួល ។ ប្រពន្ធនឹងកូនក្រមុំក៏ចុះរត់ទៅទទួលឃើញប្ដីឪពុកស្ពាយពស់ថ្លាន់ទាំងភ្នេន ក៏ត្រេកអរឥតឱបមា ។ លុះយកមកដាក់ដល់លើផ្ទះ អួតប្រាប់ប្រពន្ធថា “ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ បើកាន់ឯងមិនជឿទៅចាប់អង្អែលមើលចុះស្ទើរតែមិនកម្រើក ខ្លួនប្រាណផង” ។ ប្រពន្ធលូកដៃទៅពាល់មើលឃើញមិនកម្រើកមែនក៏ចេះតែបបោសអង្អែលសរសើរថា “កូនអើយពណ៌សម្បុរអ្នកក៏ល្អម្ល៉េះទេ ដូចជាគេទើបនឹងទីបមាសថ្មីៗ ។ ទុកជាហូលដែលជាងចេះចងគាតយ៉ាងណា ក៏ល្អមិនដូចអ្នកដែរ” ។ ពស់ថ្លាន់ដោយជាប់ចំណងផង ហើយហេវកម្លាំងនឹងអត់អាហារយូរថ្ងៃផង ក៏ធ្វើតែភ្នែកភ្លឺៗ លទ្ធិអណ្ដាតភ្លែមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លាន ប្រុងតែលេបមនុស្ស ។
ប្ដីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឱ្យវាយមាន់ស្លដណ្ដាំបាយឱ្យឆាប់ នឹងរៀបសែនព្រេន ប្ដីជីដូនជីតារៀបផ្សំផ្គុំឱ្យកូនយកប្ដីពស់ថ្លាន់ ។ ប្ដីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិន ដួសដាក់ តុ ថាស ហៅបងប្អូនជិតខាងឱ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឱ្យរៀបចំដំណេកបង្គុយ អ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ គេលាន់មាត់នឹងបុរសនោះថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកខ្លះដែលត្រូវស្រា អរឱ្យគេហៅឱ្យចូលទៅសែន នឹងបានស៊ីផឹកសប្បាយ ។
លុះទៅជួបជុំគ្នាហើយ ក៏លើកពស់ថ្លាន់ទៅដាក់លើកកម្រាលសំពត់ស ស្រាយចំណងឱ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថ្ងៃហើយ ។ បុរសបង្គាប់គេឱ្យលើថាសបាយសម្លទៅដាក់ អុជទៀនធូបសំបូងសង្រូងប្ដឹងជីដូនជីតា ច្រូចស្រា ៣ ដងរួចចាប់សំណែននំចំណីបាយសម្លគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹងជើងស្នែង ឱ្យស៊ីព្រោះជីដូនជីតាពិសារួចហើយៗ លើកតុថាសចេញមកក្រៅលត់ភ្លើងទុកកូនក្រមុំនៅមួយពស់ថ្លាន់ក្នុងបន្ទប់ ។ នាងនោះប្រហែលជាខ្លាចពស់ដែរ ប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយ ព្រោះគេផ្សំដំណេកឱ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅក៏មិនដឹងឬ ត្រេកអរជាមួយនឹងពស់នោះដែរក៏មិនដឹង ។ ចំណែកឪពុកម្ដាយនាំញាតិមិត្រស៊ីមាន់ ផឹកស្រាឯល្វែងខាងក្រៅ ។ ពស់នោះកាលមនុស្សនៅស៊ីផឹកមាត់អូរអែ វានៅស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន ។
លុះគេស៊ីផឹករួចស្ងាត់អស់ ប្រហែលជាពាក់កណ្ដាលអាធ្រាត្រ វាលាខ្លួនខ្សាកវាឥតរឹបរួតនាងនោះទេ ព្រោះពស់នោះវាធំ ល្មមលេបនាងនោះបានតែម្ដង វាគ្រាន់តែយកកន្ទុយ រុំកដៃនាងនោះជាប់ងាកក្បាលមកក្រោម កៀវជើងប្រមូលផ្ទឹមគ្នា វាហាមាត់លេបជើងនាងទាំងពីរតែម្ដង ។
ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនឹងខ្លួន បានជានាងនៅស្ងៀម មិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាច មិនអីសោះបែបជាទុកចិត្តពស់បន្តិចទៅហើយ លុះវាលេបស្រឺតៗ ដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនឹងក្រោកៗមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្ដាយថា “ពស់ថ្លាន់វាលេបខ្ញុំហើយ” ។ ម្ដាយឮមាត់កូនស្រែកហៅក៏ស្រែកសន្ធាប់ទៅវិញថា “ខ្លោចមេចំកួត ប្ដីប្រឡែងលេងផងបានតែព្រើលៗ” ។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កខ្លាក់ ។ លុះពស់លេបដល់ចង្កេះ នាងនោះស្រែកហៅម្ដាយថា “ម៉ែៗ ជួយកូនផងពស់លេបដល់ចង្កេះហើយ” ។ ម្ដាយរឹតតែជេរបញ្ជោរពីក្រៅមកស្ដីបន្ទោសថា “កូនអីក៏ចង្រៃមិនចេះខ្មាសគេឯង មិនច្រឡំនឹងអ្នកស្រុកតិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ” ។ នាងនេះចេះតែស្រែកថា ម៉ែអើយជួយកូនផង ពស់លេបទល់ចុងដង្ហើមហើយ” បន្តិចស្រែកថា “លេបដល់ហើយ” ។ ម្ដាយឮកូនស្រែកញយៗ ពេកមិនខ្ចីទាំងមាត់តបផងគិតតែពីសម្ងំដេក លុះលេបដល់បបូរមាត់ ក៏ស្រែកលាឪពុកម្ដាយថា “បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ” ។ ម្ដាយស្ដាប់ទៅឮមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ហើយនោះ ។ លុះបាត់ឮមាត់កូនម្ដាយសង្ស័យ ក៏អុជភ្លើងចូលទៅមើល បាត់កូនឃើញតែពោះធំកំពីងតាំងពីក្រោមមករហូត ដល់ជិតពាក់កណ្ដាលខ្លួន ។ នាងម្ដាយនោះ ក៏ស្រែកទួញង៉ោងផ្អើលឆោឡោ ដល់អ្នកស្រុកអ្នកភូមិផ្ទះជិតខាងទាំងពាក់កណ្ដាលអាធ្រាត្រ ។ ឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួប ជុំចោមចាប់ពស់ថ្លាន់ ទាក់កចងសន្ធឹង យកកាំបិតព្រាវះយកកូនបានមក សន្លប់សូន្យឈឹងដូចជាស្លាប់ តែខ្លួននៅក្ដៅ ប្រឡាក់សុទ្ធតែរំអិលពស់ ពេញទាំងខ្លួនទាំងក្បាល និងដៃជើង ឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាងៗ មិនជ្រះដាំទាំងទឹកក្ដៅមកលាង ក៏មិនជ្រះ លុះគេស្រោចទឹកក្ដៅឧណ្ហៗ លាងឱ្យមួយស្របក់នាងក៏ដឹងខ្លួនឡើងវិញ មើលឃើញបងប្អូនមាមីង មកជួបជុំគ្នាត្រៀបត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក នឹកតូចចិត្តខ្មាសគេណាស់ ក្រោកឡើងកន្ទ្រាក់បានផ្តិលទឹកមួយលើកគ្របក្បាលដើរទៅមាត់កំពង់ ដងទឹកងូតលាងដូចម្ដេចក៏មិនជ្រះរំអិលពស់នោះ គិតថា ឱខ្លួនអញអើយ ! ម្ល៉េះទៅហើយនឹងនៅជាមនុស្ស ក៏ខ្មាសគេបើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទូរក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅ នឹកប៉ងក្នុងចិត្តថា “អញនឹងលោតទឹកសម្លាប់ខ្លួនឯងចោល” ។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាមមុជក្នុងទឹក ហែលចាប់ត្រីស៊ីព្រងើយ ។ ឪពុកម្ដាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់រឿងផ្សេងៗ នៅមាត់ទឹក ។
លុះត្រឡប់មកផ្ទះវិញ បបួលប្ដីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយ ដោយស្មានថាពស់ថ្លាន់វាស្លាប់ព្រោះវះពោះរយះជាពីរទៅហើយ តែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់ គ្រាន់តែវះពោះប៉ុណ្ណោះមិនស្លាប់ទេ លុះតែកាប់ដាច់ជាពីជាបីកំណាត់ទើបស្លាប់ ។ យូរៗទៅពស់ថ្លាន់សះជា រស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោមគ្មានមមីស ។ ការដែលពស់ថ្លាន់លែងស៊ីមនុស្សនិងសត្វគ្មានរោម ក៏ជាប់ទំនៀមពីត្រឹមនោះ មករហូតដល់ឥឡូវនេះ ។ ឯសត្វផ្សោតក៏កើតមាន ពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថ្ងៃនេះ ក្បាលផ្សោតក៏ត្រងោលដូចជារបៀបទទូរផ្តិល សរីរអវយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេ ដូចជាដោះ ដូចជាប្រដាប់កេរ្តិ៍ខ្មាស នឹងសរីរអវយវៈឯទៀតខ្លះសឹង តែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ ។
Comments are closed.