មាននិទានមួយថា : មានបុរស ៣ នាក់សុំដោយសារទូកឈ្មួញទៅ បុរសម្នាក់យកឈើដូចជាដងសាដៀវមកដេញធ្វើជាភ្លេង បុរសម្នាក់ទៀតកាលបើឮគេដេញសាដៀវធ្វើជាភ្លេងដ៏ពីរោះដូច្នោះហើយ ក៏ទះដៃឮសូរស្រួយពីរោះ, បុរសម្នាក់ទៀតឮគេទះដៃពីរោះដូច្នោះក៏ក្រោកឈរឡើងរាំរំពេនបត់បែនរត់ទៅមកលើទូក ។ ទូកនោះក៏ឃ្លេងឃ្លោងផ្អៀងក្រឡាប់លិចទៅ ខូចបង់របស់របស់ទ្រព្យឈ្មួញអស់ ។ ឈ្មួញបន្តឹងឲ្យបុរសទាំង ៣ នាក់សងទ្រព្យសម្បត្តិដែលលិចលង់ទៅក្នុងទឹកបាត់អស់នោះ ។
ឯបុរសទាំង ៣ នាក់ឈ្លោះប្រកែកបន្ទោសគ្នាទៅវិញទៅមករកទ្រព្យសងឈ្មួញ ។ បុរសម្នាក់និយាយថា “ព្រោះហេតុតែចៅនេះរាំបានជាទូកឃ្លេងឃ្លោងទាល់តែក្រឡាប់លិចទៅ ត្រូវឲ្យចៅនេះឯង រកទ្រព្យសងគេ ” ។ បុរសអ្នករាំនោះឆ្លើយឡើងថា “ព្រោះហេតុតែចៅនេះទះដៃឮសូរស្រួយពីរោះ បានជាខ្ញុំក្រោកឈរឡើងរាំ ត្រូវឲ្យចៅនេះរកទ្រព្យសងគេ” ។ បុរសអ្នកទះដៃបន្ទោស ទៅបុរសម្នាក់ទៀតថា “ព្រោះហេតុតែចៅដេញសាដៀវ ធ្វើបទភ្លេង ឮសំឡេងពីរោះ បានជាខ្ញុំទះដៃ តាមចង្វាក់ភ្លេង ត្រូវឲ្យចៅនេះឯងរកទ្រព្យសងគេ” ។ ឯបុរសអ្នកធ្វើភ្លេងឆ្លើយឡើងថា “ខ្ញុំធ្វើភ្លេងមែនពិត ប៉ុន្តែទូកឥតកម្រើក ឃ្លេងឃ្លោងសោះ មកពីចៅនេះទះដៃឮសូរពីរោះ បានជាចៅម្នាក់ទៀតក្រោកឈររាំ ធ្វើឲ្យទូកលិចលង់ខូចបង់របស់ទ្រព្យគេអស់ ដូច្នេះ ត្រូវតែចៅទាំងពីរនាក់ នេះរកទ្រព្យសងគេ ” ។
បុរសទាំង ៣ នាក់ចេះតែបន្ទោសគ្នាទៅវិញទៅមក គ្មានអ្នកណាសុខចិត្តរកទ្រព្យសង ឈ្មួញម្ចាស់ទូកឡើយ ទើបនាំគ្នាទៅប្ដឹងចៅក្រម ៗ ជំនុំជម្រះ មិនដាច់ស្រេចក៏នាំរឿងនេះ ទៅក្រាបបង្គំទូលព្រះមហាក្សត្រ តាមដំណើរតាំងពីដើមរហូតដល់ចប់ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដា ពិចារណាកាត់ក្ដីបុរសទាំង ៣ នាក់ធ្វើជាភាគ ៗ ចែកឲ្យសងឈ្មួញនោះ ព្រះអង្គមានព្រះបន្ទូលថា “ព្រះស្ដែងជាអ្នកធ្វើបទភ្លេងនោះ ឲ្យសងភាគមួយ , ឯព្រះស្ដែងអ្នកទះដៃឲ្យសងភាគពីរ, ចំណែកព្រះស្ដែងដែលក្រោកឈរឡើងរាំឲ្យសងភាគបី” ។ បុរសទាំង ៣ នាក់ទទួល ព្រមសុខចិត្ត តាមព្រះបន្ទូលនោះហើយ ក៏ក្រាបថ្វាយបង្គំលាទៅលំនៅទីទៃៗ ។ ព្រះមហាក្សត្រកាត់សេចក្ដីយ៉ាងនេះ ហៅសុគតិគមនំហោង ។
Comments are closed.