រឿង​មហាឫសី​ប្រោះ​ខ្លា

មាន​និទាន​មួយ​ដំណាល​ថា : មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​មួយ​អង្គ​និមន្ត​គោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ស៊ី​ពុំ​លែង​ឡើយ˝ ។ មហាឫសី​ឆ្លើយ​ថា ˝ព្រះស្ដែង​ដេក​លើ​រូង​ពស់ ៗ ចឹក​ស្លាប់ អញ​ប្រោះ ព្រះ​ស្ដែង​ឲ្យ​រស់​ឡើង​វិញ គួរ​តែ​ព្រះ​ស្ដែង​សង​គុណ​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​គិត​ខាំ​អញ​វិញ˝ ។ មហាឫសី​និង​ខ្លា​ប្រកែក​ជជែក​គ្នា​មិន​អស់ មិន​ហើយ ទើប​នាំ​ទៅ​ប្ដឹង​ចចក ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន ។ ចចក​ជញ្ជឹង​គិត​ថា ˝ អញ​នៅ​ក្នុង​ព្រៃ​សព្វ​ថ្ងៃ​នេះ​ពឹង​ពាក់​អានុភាព​ខ្លា បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ សម​អញ​នឹង​ពឹង​ពាក់​ខ្លា​នៅ​នា​ព្រៃ​នេះ​ពុំ​បាន​ឡើយ˝ ។ ចចក​គិត​ដូច្នេះ​ហើយ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ឯ​ចចក​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ឆន្ទាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​ខ្លា​ទៅ​ប្ដឹង​គោ ថ្លែង​ប្រាប់​តាម​ដំណើរ​រៀង​ខ្លួន​ដូច​មុន ។ គោ​គិត​ថា ˝ បើ​អញ​កាត់​ក្ដី​​ឲ្យ​ខ្លា​ចាញ់ សម​ខ្លា​នេះ​ស្អប់​អញ វា​នឹង​ខាំ​អញ​មិន​ខាន​ឡើយ˝ ។ ទើប​គោ​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ គោ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា ភយាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ស្វា​ៗ គិត​ថា ˝កាល​មុន​មាន​បុរស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង ឪពុក​អញ​ជួយ​សង្គ្រោះ​យោង​ឡើង​មក​លើ​មាត់​អណ្ដូង​បាន មាន​ខ្លា​មួយ​គិត​មក​ស៊ី​បុរស​នោះ ឪពុក​អញ​នាំ​បុរស​នោះ ឲ្យ​ឡើង​ទៅ​លើ​ដើម​ឈើ បាន​រួច​ពី​ភ័យ បុរស​នោះ​បែរ​ជា​ចិត្ត​អាក្រក់​សម្លាប់​ឪពុក​អញ​វិញ˝ ។ ស្វា​គិត​ដូច្នេះ​ហើយ ទើប​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ស្វា​កាត់​ក្ដី​យ៉ាង​នេះ ហៅ​ថា​ ទោសាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ប្ដឹង​ត្មាត ៗ គិត​ថា ˝សព្វ​ថ្ងៃ​នេះ​អញ​បាន​រំពា​សំណល់​អំពី​ខ្លា​ជា​អាហារ​ចំណី​ប្រក្រតី មិន​ដែល​ដាច់​ឡើយ បើ​អញ​កាត់​ក្ដី​នេះ​ឲ្យ​ខ្លា​ចាញ់ មុខ​ជា​ខ្លា​ខឹង​នឹង​អញ ម្ដេច​ឡើយ​អញ​និង​បាន​ស៊ី​រំពា​ខ្លា​នេះ​ទៀត˝ ។ ត្មាត​គិត​ដូច្នេះ​ហើយ​ ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ត្មាត​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​លោភាគតិ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទេព្រក្ស​ៗ​គិត​ថា ˝មនុស្ស​ទាំង​ពួង​ដើរ ព្រៃ​អាស្រ័យ​ដោយ​ម្លប់​ឈើ​ផង​ទាំង​ឡាយ ចេះ​តែ​កាច់​មែក ហែក​សន្លឹក ស្ទោះ​សម្បក ឆ្លក​កាត់​ដើម˝ ។ ទេព្រក្ស​គិត​ដូច្នេះ​ហើយ​ក៏​កាត់​ក្ដី​ឲ្យ​ខ្លា​ស៊ី​មហាឫសី ។ ទេព្រក្ស​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​មោហាគតិ មិន​ទៀង​ត្រង់​ឡើយ ។

មហាឫសី​មិន​សុខ​ចិត្ត​នាំ​ខ្លា​ទៅ​ប្ដឹង​ទន្សាយ​ប្រាប់​ថា ˝ខ្លា​នោះ​ដេក​លើ​រន្ធ​ពស់​វែក​ ៗ ចេញ​មក​ចឹក​ស្លាប់ អាត្មា​សូត្រ​មន្ត​បោស​ពិស​ពស់​ឲ្យ​ខ្លា​រស់​ឡើង​វិញ​ ។ ដោយ​គិត​ឃើញ​ថា​ខ្លា​នេះ​នឹង​តប​គុណ​អាត្មា​, ឥឡូវ​នេះ​ម្ដេច​ខ្លា​ក៏​ប្រាថ្នា​ស៊ី​អាត្មា​វិញ? តាម​តែ​ពិចារណា​ឲ្យ​អាត្មា​ចុះ˝ ។ ឯ​ខ្លា​ប្ដឹង​ថា ˝ខ្ញុំ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ ស្រាប់​តែ​ព្រះស្ដែង​ឫសី​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ ហេតុ​នេះ​ត្រូវ​ខ្ញុំ​សុំ​ស៊ី​ព្រះ​ស្ដែង​ឫសី​នេះ ៗ ពុំ​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ចចក ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​គោ ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ស្វា​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ត្មាត​ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ​ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​ទៅ​ប្ដឹង​ទេព្រក្ស ៗ កាត់​ឲ្យ​ខ្ញុំ​ស៊ី​ឫសី​នេះ ៗ មិន​សុខ​ចិត្ត​នាំ​ខ្ញុំ​មក​ប្ដឹង​លោក តាម​តែ​លោក​ពិចារណា​ឲ្យ​ខ្ញុំ​ចុះ ˝ ។

ទន្សាយ​ស្ដាប់​ពាក្យ​មហាឫសី និង​ពាក្យ​ខ្លា​ហើយ ក៏​ពិចារណា​ដោយ​ប្រាជ្ញា​ឈ្លាសវៃ ឈ្វេង​យល់​អាថ៌​សេចក្ដី​ហើយ​ប្រាប់​ថា ˝បើ​ដូច្នោះ​ចូរ​មហាឫសី និង​បង​ខ្លា​នាំ​គ្នា​ទៅ​ដល់​ទី​ដែល​កើត​ហេតុ​នោះ​ហើយ​ឲ្យ​បង​ខ្លា​ដេក​លក់​ជា​សុខ​ដូច​ពី​ដើម​ចុះ គឺ​ឲ្យ​មហាឫសី​ជូន​ទៅ​ដល់​កន្លែង​ដែល​ខ្លា​ដេក​នោះ​ឲ្យ​អញ​បាន​យល់​ហើយ​និង​ពិចារណា​ដោយ​ប្រការ​នោះ ˝ ។ ទើប​មហាឫសី និង​ខ្លា​បបួល​គ្នា​ទៅ នាំ​ទាំង​ទន្សាយ​ទៅ​ផង ។ លុះ​ទៅ​ដល់​កន្លែង​នោះ​ហើយ ខ្លា​ក៏​ប្រះ​ដេក​នៅ​ទី​ដដែល​នោះ យូរ​បន្តិច​ពស់​វែក​ចេញ​មក​ចឹក​ខ្លា​ស្លាប់​នៅ​មាត់​រន្ធ​នោះ​ឯង ។ កាល​បើ​ខ្លា​នោះ​ស្លាប់​ហើយ ទន្សាយ​ប្រាប់​មហាឫសី​ថា ˝សូម​លោក​មើល​ខ្លា​នោះ​ចុះ ហេតុ​តែ​ឥត​ធម៌ វង្វេង​ភ្លេច​គុណ​គេ ឥឡូវ​ពុំ​រំលង​និង​វេរា​កម្ម​ឡើយ, តាំង​ពី​ពេល​នេះ​ទៅ​មុខ លោក​កុំ​ធ្វើ​គុណ​នឹង​ខ្លា​ឲ្យ​សោះ ˝ឯ​ទន្សាយ​កាត់​ក្ដី​យ៉ាង​នេះ​ហៅ​ថា​សុគតិគមនំ (ដំណើរ​ល្អ) គឺ​សុចរិត យុត្តិធម៌​ហោង ។

Comments are closed.