នៅខេត្តកំពង់ស្ពឺ
ទីក្រុងឧត្តុង្គចាប់ផ្ដើមកសាងឡើងក្នុងសតវត្សទី ១៧ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទសម្ដេចជ័យជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សាវតារប្រទេសកម្ពុជាតទៅនេះ ៖
ក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទសម្ដេចព្រះជ័យជេជ្ឋាជាម្ចាស់ជីវិតលើត្បូង ស្ដេចគង់នៅព្រះរាជវាំងល្វាឯម(១) ទ្រង់នាំព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និងនាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួង ចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃ រួចស្ដេចយាងក្រសាលនៅទីតាដុង យាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហឫទ័យ ហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួង មានហោរាធិបតីជាដើមថា ” យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាម្ដេច ? “ ។ ឧកញ៉ាហោរាធិបតី មុំ គន់គូរពិនិត្យមើលដីនោះ ដោយក្បួនហោរាសាស្ត្រហើយក្រាបបង្គំទូលថា ” ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួន ទាយថា នឹងមានឫទ្ធតបៈតេជះឈ្នះអស់សត្រូវទាំង ៨ ទិស ” ។
ព្រះរាជាទ្រង់ជ្រាបដូច្នោះ ទ្រង់ចាត់ឧកញ៉ាក្រឡាហោម កែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនោះ ទ្រង់ចាត់ហើយ ស្ដេចត្រឡប់មកព្រះបរមរាជវាំងល្វាឯមវិញ ។
លំដាប់ពីនោះ ឧកញ៉ាក្រឡាហោម កែវ ក៏បង្គាប់ទៅចៅហ្វាយស្រុក ឲ្យកេណ្ឌបណ្ដារាស្ត្រកាប់ឈើមកធ្វើជាព្រះរាជវាំង តាមព្រះរាជបញ្ជា ។ លុះប្រមូលគ្រឿងសម្ភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោម កែវ បង្គាប់មេការឲ្យចាប់ផ្ដើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញ សង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូចនិងចុងព្រះរាជរោង ប្រមាណ ១០ ខែ ទើបរួចស្រេច ហើយយកសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាបសព្វគ្រប់ការ ។
លុះទ្រង់ជ្រាបហើយ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញចាក ព្រះបរមរាជវាំងល្វាឯម ទ្រង់ឡើងគង់ព្រះទីន័ងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាប មួយអន្លើដោយព្រះអគ្គមហេសី ព្រះស្នំក្រមការ ព្រះរាជវង្សានុវង្ស សេនាបតី នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារ ដល់កំពង់តាដុង យាយជ័យ ទ្រង់ប្រថាប់ នៅទីនោះ ៣ រាត្រី ទ្រង់ព្រះរាជបញ្ញត្តឲ្យហៅទីនោះថា “កំពង់ហ្លួង” ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់មុខក្រសួង ឲ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះសង្ឃរាជាគណៈចម្រើនព្រះបរិត្ត ៣ ថ្ងៃ ចូលព្រះរាជពិធីនៅថ្ងៃ ៥ កើត ខែផល្គុន ឆ្នាំវកទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី មន្ត្រីខ្ញុំរាជការជារាជបរិពារ ហែស្ដេចឡើងពីកំពង់ហ្លួងចូលទៅគង់ក្នុងព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ៣ថ្ងៃទៀត ដោយមានល្បែងមហោស្រពគ្រប់បែបជាឧឡារិកអធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមព្រះនគរ (ទីក្រុង) ថ្មីនោះថា ” ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋាន ” ដែលហៅខ្លីថា ” ក្រុងឧត្តុង្គមានជ័យ ” ។
ទីក្រុងនេះ មានពាក្យអ្នកស្រុកនិទានតៗ គ្នា ជារឿងព្រេងដូចតទៅនេះ ៖ រឿង តាដុងយាយជ័យ(១)
សេចក្ដីដំណាលថា កាលនោះព្រះមហាក្សត្រមួយអង្គសោយរាជនៅនគរខ្មែរ បាននាំព្រះអគ្គមហេសី ដែលទ្រង់គភ៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទរ តែទ្រង់ពុំបានជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូតិព្រះរាជបុត្រ ព្រះនាងក៏ទ្រង់នាំព្រះស្វាមីយាងចូលព្រៃនៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូតិមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះ នឹកខ្មាសអស់អាណាប្រជានុរាស្ត្រ ក៏ទ្រង់កាយដីកប់ពងនោះទុកចោលក្នុងព្រៃទៅ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះដោយនឹកស្មានព្រះរាជបុត្រ ដែលទ្រង់សង្ឃឹមក្នុងព្រះរាជហឫទ័យថា បើប្រសូតិមកជាកូនមនុស្ស នឹងបានសោយរាជតំណព្រះរាជវង្សតទៅ ព្រោះព្រះអង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញហេតុចម្លែកអស្ចារ្យដូច្នេះ ព្រះរាជាក៏នាំព្រះអគ្គមហេសីយាងចូលក្នុងព្រះមហានគរវិញ ។
ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះព្រាន វិង ជាព្រានរបស់ព្រះរាជា មានថ្ងៃមួយនោះ ព្រានវិងបានចេញដើរបរបាញ់សត្វនៅក្នុងព្រៃ បានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែព្រានក៏ព្រុសកោះកកាយដី ព្រានបានឃើញពងកប់ក្នុងដី ក៏រើសយកមកទុកនៅផ្ទះរបស់ខ្លួន ។ ដោយពងនោះធំចម្លែកណាស់ ព្រានបានថែរក្សាភ្ញាស់ទុកមើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជបុត្រប្រសូតិចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ ព្រានឃើញចម្លែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះលុះត្រាតែធំ បានដាក់ឈ្មោះកូននោះថា ” ប្រមាញវិងស៊ុង ” ។
ចៅប្រមាញ់វិងស៊ុង លុះចម្រើនវ័យឡើង មានរូបឆោមពណ៌ល្អឆើតឆាយលើសលុបបុរសទាំងពួង ស្ត្រីណាបានឃើញរូបចៅប្រមាញ់វិងស៊ុងចេះតែស្រឡាញ់គ្រប់គ្នា ។ ឯចៅប្រមាញ់វិងស៊ុង បានថ្នឹកហាត់ខាងដើរបរបាញ់សត្វជាមួយព្រានវិងជាឪពុក អ្នកស្រុកគេភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។
ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ ។ តាយាយ នេះគាត់មានកូនក្រមុំស្រីមួយឈ្មោះនាង “ត្រចើលដោះក្រាល” មានរូបឆោមលោមពណ៌ល្អស្រស់លើសនារីទាំងពួង សាច់ស បបូរមាត់ដិតស្លា ភ្នែកទាំងគូភ្លឺដូចនិល ចិញ្ចឹមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមប្រឿងៗ ដោះទាំងគូឡើងណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូសឲ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់ល្វន់ល្វាសសមឫកពា ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។
តាដុង យាយជ័យ បានសង់ផ្ទះនៅជាមួយនឹងកូនលើដីទួលមួយ មានទឹកព័ទ្ធជុំវិញ ការពារកុំឲ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុង យាយជ័យសង់ផ្ទះនោះ នៅមានជាដំណែលជាប់មកដល់សព្វថ្ងៃ ឋិតនៅមុខខ្លោងទ្វារចូលទៅវត្តទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ ៥ ចម្ងាយពីផ្លូវជាតិប្រមាណ ៥០ ម៉ែត្រ នៅក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។
តាដុង យាយជ័យមានប្អូនស្រីមួយឈ្មោះនាង ទែន នៅភូមិស្រែរនោង ។ តានិងយាយបាននាំនាងត្រចើលដោះក្រាលទៅលេងឯផ្ទះនាងទែនជាញឹកញាប់ ។ ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីង នាងតែងតែដើរកាត់ភូមិកាត់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានជាកន្លែងនោះមានឈ្មោះថា ភូមិ-ឃុំ ញ៉ែងញ៉ងដល់សព្វថ្ងៃ លុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាង តែងពោលសរសើរសាច់នាងថា សស្គុស ពាក្យសរសើររាល់ពេលវេលាដែលនាងមកដងទឹក ទើបមានពាក្យហៅមកដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ៉ែងញ៉ង និងឃុំគុសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។
ពេលនេះ នាងនៅលេងនឹងផ្ទះម្ដាយមីងពីរបីថ្ងៃ លុះតាដុង យាយជ័យក៏មកយកនាងវិលទៅកាន់ទីលំនៅវិញ ។ តាដុង យាយជ័យនឹងនាង ត្រចើលដោះក្រាល ដែលមកដល់កាន់ផ្ទះនាងទែននោះលស់ខែតិចណាស់ ។ មានថ្ងៃមួយ តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវ បានជួបនឹងព្រាន វិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ ។ ដោយព្រាន វិង និងតាដុង យាយជ័យនោះ បានស្គាល់ច្បាស់ពីមុនមកផង អ្នកនោះក៏មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើបានឃើញគ្នាហើយ ក៏ចេះតែគយគន់មើលគ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឫកពាទៅវិញទៅមកលុះត្រាតែដឹងចិត្តគ្នា ។ ឯតាដុង យាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុងមានរូបល្អ ក៏នឹកក្នុងចិត្តថា បើបានធ្វើជាគូស្វាមីភរិយាជាមួយកូនអញស័ក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរព្រានវិងថា ” អ្នកកំលោះត្រូវជាអ្វីនឹងអ្នក ? ” ។ ព្រានវិងក៏ឆ្លើយប្រាប់ថា ” កូន ” ។ ដោយសេចក្ដីពេញចិត្តនឹងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឲ្យគូស្នេហាទាំងពីរនាក់នេះនិយាយឆ្លើយឆ្លងគ្នាបានតាមចិត្ត ។ លុះចប់ការសន្ទនានឹងគ្នាហើយ អ្នកដំណើរទាំងក៏លាបែកចាកចេញពីគ្នាទៅ ដោយពាំយកទាំងក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។
ចៅប្រមាញ់វិងស៊ិង បានដឹងដំណើរនាង ត្រចើលដោះក្រាល មកលេងនៅផ្ទះនាងទែនញឹកញាប់ ក៏ចេះដើរកាត់ស្វែងមកមករកជួបនឹងនាងនៅផ្ទះនាងទែននោះជាញឹកញាប់ដែរ ។ ឯព្រានវិងមេបាខាងនាងក៏ពេញចិត្តនឹងគូស្នេហាទាំងពីរនោះ ចាំតែដល់ពេលចូលដណ្ដឹងនិងរៀបការផ្សំផ្គុំគ្នាឲ្យប៉ុណ្ណោះ ។
លុះនៅយូរទៅ សេចក្ដីស្នេហាក៏រីកដុះដាលធំឡើងតែរាល់ថ្ងៃ ដោយតាដុងយាយជ័យពុំបានជូននាងមកលេងផ្ទះនាងទែន ជាញឹកញាប់ដូចកាលមុនៗ ព្រោះគាត់មានការកង្វល់ច្រើន នាងក៏លបលួចរត់មកផ្ទះនាងទែនតែម្នាក់ឯង ។
ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រៃបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍មានសេនា ៤នាក់ ដង្ហែព្រះអង្គទៅផង លុះចូលដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាង ត្រចើល-ដោះក្រាល ដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាង ដែលសព្វថ្ងៃគេហៅក្លាយមកថា ប្រទះឡាង ទៅវិញ ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមលោងពណ៌ល្អដូចនាងទេពធីតា ក៏ទ្រង់លោតចុះពីលីខ្នងសេះ យាងសំដៅទៅរកនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។ នាង ត្រចាលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានអ្វីឆ្លើយតបទៅព្រះរាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ ពេលនោះ ព្រះរាជានិងសេនាបួននាក់ ក៏រត់ដេញតាមនាង ។ ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយនាងព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូក ១ នៅក្នុងព្រៃពីមុខនាង ក៏លើកដៃបួងសួងថា ” បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វិងស៊ុង សូមឲ្យចូលទៅពួនលាក់ខ្លួននៅដំបូកនេះឲ្យបាត់ ” ។ បួងសួងហើយនាងរត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ ព្រះរាជានិងសេនាបួននាក់ ក៏ទតមើលពីចម្ងាយមកនាងរត់ចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងពុំឃើញវិញ បានជាពាក្យហៅទីនោះថា “ដំបូកមានលក្ខណ៍” ។ កន្លែងនេះក្រោយមក អ្នកស្រុកបានសាងវត្តហៅវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នេះគេហៅថា “ត្រពោកមានលក្ខណ៍” ។ ពេលនោះ ព្រះរាជាទ្រង់ឆ្ងល់នឹងដំណើរដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនា, សេនា ៤ នាក់ទូលតបវិញថា ” ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរឲ្យនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន” ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង សូមព្រះអង្គចូលទៅស្ដីដណ្ដឹងនាងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ” ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនឹងបានស្គាល់ទីកន្លែងឪពុកម្ដាយនាង ?” ។ សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាង ថ្វាយព្រះអង្គ នឹងបានសម្រេចតាមព្រះរាជបំណងជាមិនខាន ” ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង ៤ នាក់សព្វគ្រប់ហើយ ទ្រង់យាងចូលព្រះពន្លាវិញ ។
ចាប់តាំងពីថ្ងៃនោះមក សេនា ៤នាក់ក៏ត្រាច់ស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកពេលអស់យូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរកមិនឃើញនោះ ។ ព្រះរាជាក៏ប្រជុំអស់ពួកសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឲ្យរៀបធ្វើពិធីបុណ្យប្រណាំងទូកង ឲ្យអ្នកស្រុកផ្អើលឈូឆរមកមើលក្រែងបានជួបប្រទះនឹងនាង ហើយពួកយើងតាមមើលនាងឲ្យស្គាល់ទីលំនៅរបស់នាង ” ។
សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹងដល់អ្នកស្រុកជនបទជិតឆ្ងាយ ឲ្យមកមើលប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូឆរមីរដេរដាសដើរពពាក់ពពូនគ្នាទៅមើល ដោយសេចក្ដីរីករាយ ។
ចំណែកនាង ត្រចាលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំបានស្គាល់ជាស្ដេចទេ, លុះស្ដេចយាងផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញដំបូកត្រឡប់មកផ្ទះឪពុកម្ដាយនាងវិញ នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនូវហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាង ដ៏លើសលុបទៅលើចៅប្រមាញ់វិងស៊ុង ។ ម្ដាយឪពុកបានដឹងចិត្តកូនសព្វគ្រប់ហើយ ក៏មានចិត្តអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។
ពេលដែលអ្នកស្រុកផ្អើលឈូឆរទៅមើលប្រណាំងទូក តាដុង យាយជ័យក៏នាំនាង ត្រចើលដោះក្រាល ទៅមើលនឹងគេដែរ លុះដើរទៅដល់កន្លែងប្រណាំងទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសម្រស់របស់នាង ត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮដល់សេនារបស់ព្រះរាជា ដែលកំពុងដើរត្រាច់រង្គាត់រកមើលនាង ។ សេនាទាំង ៤ បានដើរមកឃើញស្គាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើររបស់នាងត្រឡប់ទៅផ្ទះវិញ ។ លុះពិធីប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រឡប់ទៅទីលំនៅរៀងខ្លួន ។ សេនា ៤ នាក់ក៏លួចធ្វើដំណើរតាមក្រោយ តាដុងយាយជ័យ លុះបានស្គាល់ទីលំនៅនាងនឹងឪពុកម្ដាយនាងហើយ ក៏ត្រឡប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត ។ ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយនឹងសេនា ៤ នាក់ ។ តាដុងយាយជ័យ បានឃើញព្រះរាជាស្ដេចយាងមកដល់ផ្ទះនាង ក៏រៀបទីកន្លែងទទួលព្រះអង្គ ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនឹងតាដុងយាយជ័យ សូមដណ្ដឹងយកនាង ត្រចើល-ដោះក្រាល មកធ្វើជាអគ្គមហេសីហើយព្រះអង្គបញ្ជាក់ថា “សូមឲ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់ ” ។
ពេលនោះ តាដុងយាយជ័យ បានស្គាល់ទឹកចិត្តកូនច្បាស់ តែមិនទាន់ហ៊ានសម្រេចថាថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្តកូនសិន ។ លុះទៅសួរនាង ត្រចាលដោះក្រាល ប្រកែកចំពោះឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេ នាងស៊ូស្លាប់ជាមួយនឹងចៅប្រមាញ-វិងស៊ុង ជាគូបណ្ដូលចិត្តនាងហើយ ” ។
តាដុងយាយជ័យឮកូនប្រកែកតឹងរ៉ឹងដូច្នោះ ក៏ពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្តយើងដែលគ្នាបានស្រឡាញ់ទៅលើរូបចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្តយើងដែរទៅហើយ បើដូច្នេះយើងបង្គាប់ព្រះរាជាជាឲ្យធ្ងន់កុំឲ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គចាត់ការធ្វើមិនទាន់ដែរ ។ លុះពិគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តានិងយាយក៏ទទួលព្រះរាជាថា ” មិនហ៊ានបង្គាប់ព្រះអង្គទេ ក្រែងព្រះអង្គមិនហ៊ានទទួល ” ។ ព្រះរាជាមានព្រះបន្ទូលថា ” ព្រះអង្គហ៊ានទទួលទាំងអស់ឲ្យតែលើកនាងថ្វាយព្រះអង្គចុះ ” ។ តានិងយាយក៏បង្គាប់ព្រះរាជាថា ” សូមព្រះអង្គលើកផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឲ្យបានស្រេចតែមួយរាត្រី បើមិនហើយ ទូលព្រះបង្គំមិនលើកនាងថ្វាយទេ ” ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថាការនេះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឫទ័យលើរូបនាង ត្រចើលដោះក្រាល ខ្លាំងលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុងយាយជ័យ ។ លុះព្រះអង្គយាងថយទៅវិញ ទ្រង់ប្រាប់រេហ៍ពលឲ្យមកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា ” ចូរសេនារេហ៍ពលទាំងអស់ លើកផ្លូវថ្នល់មួយចាប់ព្រះពន្លារហូតទៅដល់ផ្ទះឪដុងម៉ែជ័យ ធ្វើ១យប់ឲ្យហើយស្រេច ” ។ ពាក្យដែលហៅថា ស្រុកឧត្ដុង្គសព្វថ្ងៃ គឺហៅតាមបន្ទូលស្ដេចមុនដំបូងដែលហៅថា ឪ ដុង ម៉ែ ជ័យ តែក្រោយមកគេហៅក្លាយជា ឧដុង្គមានជ័យ ។ គ្រាសេនារេហ៍ពល លើកផ្លូវថ្នល់ក្នុង១រាត្រីនោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជួបគ្នាបានជាមានពាក្យហៅថា ភូមិថ្នល់ដាច់ នៅស្រុកបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ ។
ឯតាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា “បើព្រះអង្គ លើកផ្លូវថ្នល់ ១ យប់ ហើយមែននឹងនាំនាងរត់ទៅតែម្ដង” លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនហើយ តានិងយាយត្រេកអរណាស់ ក៏ចូលចតទូកត្រង់កន្លែងផ្លូវថ្នល់ដាច់មិនជួបគ្នានោះ ហើយតាដុង យាយជ័យ ឡើងទៅមើលផ្លូវថ្នល់ ។ គាត់កំពុងតែពិនិត្យមើលថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាក៏ស្ដេចយាងមកទតមើល ។ តាដុងយាយជ័យឮដំណឹងថា ស្ដេចយាងមកហើយ ក៏បបួលគ្នារត់ចុះទូកកុំឲ្យស្ដេចឃើញមុខ ។ ពេលនោះយាយជ័យប្រពន្ធតាដុងភ័យញញីញញ័ររត់ចុះទៅទូកមិនកើតក៏វារចុះតាមច្រាំងជង្ហុក ទទួលជួនជាសេនាមកដល់ក៏ស្រែកឃាត់ថា “យាយកុំវារចុះទៅទូកអី ស្ដេចយាងមកដល់ឥឡូវហើយ” ។ យាយជ័យមិនស្ដាប់សោះក៏ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ ។ កន្លែងដែលយាយជ័យវារនោះ ពីដើមគេហៅកំពង់យាយជ័យវារ តែសព្វថ្ងៃគេហៅក្លាយថា កំពង់ជវារ ឋិតនៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លុះស្ដេចយាងមកដល់ទតឃើញទូកតាដុង យាយជ័យចេញពីកំពង់ឆ្ងាយទៅហើយ ព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុងម៉ែជ័យមុខជាខឹងនឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយ បានជាមិនចាំជួបនឹងព្រះអង្គ ព្រះរាជាក៏ចាត់សេនា ៤ នាក់ឲ្យចូលទៅអង្វរឪដុងម៉ែជ័យ នឹងសូមឲ្យយកនាង ត្រចើលដោះក្រាល មកធ្វើជាទេពីរបស់ព្រះអង្គ ។ សេនា ៤ នាក់ក៏តាមទៅជួបនឹងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនាទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាងព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ” ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចនាងទេពធីតា ក៏លុតជង្គង់សំពះប្រណម្យទៅសេនា ៤ នាក់វិញថា ” នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថា នាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបខ្ញុំជារាស្ត្រ បើព្រះអង្គនៅតែបង្ខំយករូបខ្ញុំ នាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន ” ។ ខណៈនោះតាដុងយាយជ័យ និយាយទៅកាន់សេនា ៤ នាក់ថា “សូមលោកទូលព្រះរាជាផង កុំឲ្យព្រះអង្គបង្ខំពេក ចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន” ។ សេនា ៤ នាក់ ក៏លាថយត្រឡប់ទៅវិញ ។ ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ ។ ពេលរាត្រីនោះ តាដុងយាយជ័យ នាំនាងត្រចើលដោះ-ក្រាលរត់បណ្ដោះទៅទុកនៅផ្ទះនាងទែនឯភូមិស្រែរនោង ហើយតាដុងយាយជ័យ និយាយប្រាប់នាងទែនជាប្អូនតាមរឿងសព្វគ្រប់ នឹងប្រាប់ឲ្យហៅព្រានវិងឲ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសរកពេលាការឲ្យហើយ ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសានឹងស្ដេច ។
ត្រង់កន្លែងដែលសេនា ៤ នាក់ មកអង្វរតាដុងយាយជ័យ សូមនាងត្រចើលដោះក្រាល ទៅធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងសំពះប្រណម្យទៅសេនាវិញថា នាងមិនសុខចិត្តទៅទេ នោះគេហៅថា ទេពធីតាប្រណម្យ ដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះវត្តទេពប្រណម្យ គឺពីដើមគេហៅវត្តទេពធីតាប្រណម្យ តែក្រោយមកទៅជាវត្តទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃ ។
គ្រានោះ ព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា ៤ នាក់ថា ចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិន ដូច្នេះ តាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះឪដុងម៉ែជ័យជារាល់ថ្ងៃ ។ ឯតាដុងយាយជ័យចេះតែដោះសារថា ” ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ ” ។
ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ការហៅព្រានវិងនិងចៅប្រមាញ់វិងស៊ុង ឲ្យចូលមកស្ដីដណ្ដឹងនាងត្រចើលដោះក្រាល រួចឲ្យអាចារ្យមើលពេលាការ បានហើយក៏ដំណឹងទៅបងឲ្យមករៀបការកូន ។ តាដុងយាយជ័យមិនទាន់បានមកភ្លាមទេ ព្រោះនៅជាប់ដោះសារនឹងស្ដេច លុះដល់ថ្ងៃចូលរោង តា និង យាយ ក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម ។ ការគិតរបស់តានិងយាយច្រើនពេក រហូតនាំឲ្យគេទាំងពីរនាក់វង្វេងផ្លូវអស់ ១ថ្ងៃរកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួលពេលនោះ តាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់ តាយាយក៏ស្រែកសួរថា ” អឺអាវ៉ា ! ផ្លូវទៅណាទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង ? “ ។ ក្មេងគង្វាលក្របីក៏និយាយថា ” បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅ វាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះ បើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង “ក្មេងគង្វាលក្របីគិតដូច្នោះហើយ ក៏ឆ្លើយតបទៅនឹងតាយាយថា ” បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណង សូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយមានទាំងក្មេងប្រគំភ្លេងបទ ខ្ទោរ – ខ្នងភ្នំ – របងមាស – បន្ទាយប្រាសាទ – ទឹកទប់ – ជ្រង – ជ្រងសម្ងាត់ – ដោះក្រាល – កន្ទែនទ្រាំងផង ទើបតានិងយាយរកផ្លូវឃើញ ” ។
តាដុងយាយជ័យ ឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះ ក៏ជឿធ្វើតាម ហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ ។ លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញបង ស្ទុះមកទទួល តាសុងយាយជ័យក៏និយាយប្រាប់ហេតុវង្វេងផ្លូវ ហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។ ពេលនោះ លោកអាចារ្យបានឮថា តាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងរោងមង្គលការ ដែលជិតបង្ហើយ មានបំណន់ដូច្នោះ ក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិន មិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ ។ លោកអាចារ្យប្រាប់មេបាទាំងសងខាងថា “ឲ្យរៀបសំណែន មានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិន ទើបអាចចូលមកក្នុងរោងមង្គលការនេះបាន” ។ នាងទែនក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ ។ ខណៈនោះ ក្មេងក៏ចាប់ប្រគំបទ ខ្ទរ – ខ្នងភ្នំ – របងមាស – បន្ទាយប្រាសាទ – ទឹកទប់ – ជ្រង – ជ្រងសម្ងាត់ – ដោះក្រាល -កន្ទែនទាំង ។ ភ្លេងទាំង ៩ បទនេះ ក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ។
លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យ ក៏បានឲ្យកូនប្រុសស្រីយកផ្ទឹមឲ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុការថា តាដុងយាយជ័យ លួចពង្រត់នាង ត្រចើលដោះក្រាល យកទៅរៀបការនៅផ្ទះនាងទែនឯស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនាសំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គបានទតឃើញនាង ត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ។ ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបជុំចំពោះព្រះភក្ត្រព្រះអង្គ ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅប្រមាញ់វិងស៊ុងថា “អ្នកឯងជាកូនអ្នកបានជាហ៊ានរៀបការនឹងនាងត្រចើលដោះក្រាល ជាគូដណ្ដឹងរបស់យើង ?” ។ ពេលនោះ ចៅប្រមាញ់វិងស៊ុងក៏ឆ្លើយទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង” ហើយចង្អុលទៅព្រានវិងជាឪពុករបស់ខ្លួន ។ ព្រះរាជាទតឃើញព្រានវិងជាព្រានរបស់ព្រះអង្គ ក៏ទ្រង់សួរទៅថា ” ព្រានឯងមានកូនប្រុសពីកាលណាមក បានជាយើងមិនដែលឃើញ ? ” ។ ព្រានវិងឱនសិរសាក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះ មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចឹម ព្រោះកាលមួយថ្ងៃនោះ ទូលព្រះបង្គំទៅបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់ នៅទីមួយដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើង ស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំឲ្យឈ្មោះថា ចៅប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះមុខព្រះភក្ត្រព្រះអង្គ ។ ចៅប្រមាញ់វិងស៊ុង ក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង ។ ខណៈនោះ ព្រះរាជាក៏ស្ទុះទៅឱបក្រសោបចៅប្រមាញ់វិងស៊ុងទ្រង់ហៅថា ” កូនសំឡាញ់ឪពុក ! ៗ នេះហើយជាឪពុករបស់កូន ” ។ ព្រះអង្គថ្លែងរៀបរាប់តាំងកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតិព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រ ព្រមទាំងនាងត្រចើល-ដោះក្រាល ចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់វិងស៊ុងនិងនាងត្រចើល-ដោះក្រាល ឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គក្នុងពេលនោះទៅ ហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា ” ឪដុងម៉ែជ័យ ” ជាប់រហូតមក ។
ទីក្រុងឧត្ដុង្គមានជ័យ មានព្រះមហាក្សត្រគង់នៅអស់ថេរៈវេលាជាង ២ សតវត្ស គឺ ២៤៣ឆ្នាំ ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យ នៅពុទ្ធសករាជ ២២៧៣ -២២៧៩ គ្រិស្តសករាជ ១៧៣០ -១៧៣៦ ស្ដេចចេញចាកទីក្រុងឧត្ដុង្គមានជ័យទៅគង់ទីក្រុងលង្វែក ជាទីក្រុងដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គជ័យស្ដេចទៅគង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ ២០ឆ្នាំ ក្រោយពី ២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ។
បណ្ដាព្រះមហាក្សត្រដែលគង់នៅក្រុងឧត្ដុង្គ ព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមា ព្រះអង្គឌួង (ព្រះបរមកោដ្ឋ) និងព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម (ព្រះសុវណ្ណកោដ្ឋ) ទ្រង់បានស្ថាបនាឧត្ដមវត្ថុជាច្រើន គឺព្រះករុណា ព្រះបរមកោដ្ឋ ទ្រង់បានស្ថាបនាផ្លូវថ្នល់មួយ ពីឧត្ដុង្គទៅរាម ជាកំពង់សមុទ្រ ព្រះករុណាសុវណ្ណកោដ្ឋ ទ្រង់បានស្ថាបនាប្រាសាទ ព្រះរាជដំណាក់ នឹងគ្រឹះស្ថានជាច្រើន មានគ្រឹះស្ថានមហោស្រព និងបណ្ណាល័យជាដើម ដោយគ្រឿងឈើ តែឥឡូវនេះបាក់បែកអស់ហើយ ។
ដល់មកពុទ្ធសតវត្សទី ២៥ គ្រិស្តសតវត្ស ទី ១៩ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម ស្ដេចចេញចាកព្រះរាជធានីឧត្ដុង្គមានជ័យមកគង់នៅព្រះរាជធានីភ្នំពេញក្នុងពុទ្ធសករាជ ២០៤៦ គ្រិស្តសករាជ ១៨៦៣(១) ។
ទីក្រុងឧត្ដុង្គមានជ័យ ជាទីក្រុងចាស់មុនបន្ទាប់ក្រុងភ្នំពេញ ឋិតនៅចន្លោះទិសពាយព្យនិងទិសឧត្តរនៃទីក្រុងចម្ងាយ ៤០ គីឡូម៉ែត្រ ។
សព្វថ្ងៃ ទីក្រុងឧត្ដុង្គ ទៅជាស្រុកមួយ ហៅថា ” ស្រុកឧត្ដុង្គ ” រួមចូលក្នុងខេត្តកំពង់ស្ពឺ ជាទីមានទេសភាពរាបទាបរៀបរយ ដោយមានភ្នំព្រះរាជទ្រព្យ ដែលមានព្រះរាជទ្រព្យ ដែលមានវិហារអដ្ឋរស្ស និងព្រះចេតិយត្រៃត្រិង្ស(២) ជាដើម ជាលំអ មើលពីចម្ងាយឃើញកំពូលភ្នំទាំងនោះច្រូងច្រាងខ្ពស់ត្រដែតត្រដឹមគួររីករាយ ។ នៅលើកំពូលភ្នំព្រះរាជទ្រព្យ មានមហាចេតិយជាច្រើនសុទ្ធតែវិចិត្រដោយក្បូរក្បាច់រចនាជាស្នាដៃនៃសិល្បករខ្មែរដ៏ជំនាញៗ ក្នុងសម័យបូរាណ ជាព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជា ព្រះអគ្គមហេសី ព្រះវង្សានុវង្ស ក្សត្រាក្សត្រី ដែលជាបុព្វបុរសព្រះរាជវង្សានុវង្សខ្មែរ ។ បណ្ដាព្រះចេតិយទាំងនោះ ព្រះចេតិយចាស់ៗជាងគេ គឺព្រះចេតិយបញ្ចុះអដ្ឋិធាតុ នៃព្រះស្រីសុរិយោពណ៌ ដែលព្រះទិវង្គតពីពុទ្ធសករាជ ២១៦៣ គ្រិស្តសករាជ ១៦១៩(១)
ត្រង់ទីព្រះបរមរាជវាំងស្រះសារពើយុត្ត ដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្ដុង្គមានជ័យ, ឥឡូវក្លាយជាទីវត្តហៅតាមពាក្យសាមញ្ញថា ” វត្តក្នុងវាំង ” ហៅតាមផ្លូវការថា ” វត្តហរិរក្សរាជជននី ” ហើយមានវត្តអារាមជាច្រើននៅជិតៗទីនោះ មានវត្តប្រាង្គណ៍ និង វត្តវាំងចាស់ ជាដើម ដែលជាអាវាសនៃពួកបព្វជិតពុទ្ធជិនោរសរបស់ជាតិខ្មែរ ។
Comments are closed.