តាមបុរាណបានដំណាលត ៗ មកថា កាលពីដើមឡើយ ដើមកោងកាងជាឈើមួយពួកដុះនៅតែលើភ្នំ និងជើងភ្នំ ។ ចំណែកដើមឈើទាលទាំងឡាយ ដុះនៅតែក្បែរមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ
ម្ល៉ោះហើយ តែដល់រដូវទឹកជន់កាលណា គឺតែងហូរច្រោះរលើងរលំដើមឈើទាលនោះ ៗ ស្លាប់អន្តរាយអស់ ។
ដើមឈើទាលទាំងឡាយ កាលបើបានសេចក្ដីលំបាកវេទនាសឹងរាល់ឆ្នាំយ៉ាងនេះ ក៏ជំនុំគ្នាថា ៖ ពួកយើងនឹងនៅទ្រាំទ្រ ដុះលើដីទំនាបយ៉ាងនេះ តទៅទៀតពុំបាន បើដូច្នេះ យើងត្រូវនាំគ្នាទៅនិយាយ
នឹងដើមកោងកាង ឲ្យមកដុះនៅលើដីមាន សភាពដូច្នេះវិញម្ដង ត្បិតដើមកោងកាងមានឫសច្រើន ប្រាកដជាអាចទប់ទល់នឹងទឹកដីដូច្នេះបាន ។ លុះជំនុំគ្នាព្រមព្រៀងហើយ ពពួកដើមឈើទាលទាំង
ឡាយ បានចូលទៅនិយាយនឹងដើមកោងកាង ដូចបានជំនុំគ្នាមក ។ មុនដំបូងដើមកោងកាងប្រកែក តែដើមឈើទាលអង្វរថា ៖
បើអ្នកព្រមប្ដូរទៅដុះនៅកន្លែងយើង, យើងរាល់គ្នានឹងតបឧបការគុណអ្នក រាល់ឆ្នាំដរាបទៅ គឺក្នុងមួយឆ្នាំ ៗ យើងទាំងអស់គ្នា នឹងកោរសក់បួសជូនម្ដង ។
ឯដើមកោងកាង កាលបើឮដើមឈើទាលអង្វរដូច្នោះហើយ ក៏ព្រមប្ដូរ ចុះមកដុះនៅតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ តាមដើមឈើទាលសុំរហូតមក ។ ឯដើមឈើទាល ក៏នាំគ្នាឡើងទៅលើកំពូល
ភ្នំ និងជើងភ្នំវិញ ។
ព្រោះហេតុដូច្នេះ បានជាសព្វថ្ងៃនេះ នៅលើភ្នំ និងតាមជើងភ្នំនានា គេឃើញមានច្រើនតែដើមឈើទាលដុះទៅវិញ ។ ចំណែកឯដើមកោងកាង គេឃើញដុះនៅតែតាមមាត់ព្រែក មាត់ស្ទឹង មាត់អូរ
និងមាត់សមុទ្រជាដរាបមក ។
ម្យ៉ាងទៀតសព្វថ្ងៃនេះ គេតែងសង្កេតឃើញដើមឈើទាលជម្រុះ ស្លឹកអស់រលីងក្នុង ១ ឆ្នាំម្ដង គឺបួសជូនដើមកោងកាងនោះឯង ។
ចំណែកដើមកោងកាង កាលបើបានដុះនៅតាមមាត់ព្រែក មាត់ស្ទឹង និងមាត់អូរ មាត់សមុទ្រកាលណា តែងទៅលបចែចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់ បានជានាងក្លាំពាក់ខឹង យកឈើទៅបោះ
ចម្រូងពាសពេញ គឺដើមក្លាំពូនេះឯង ដើម្បីមិនឲ្យកោងកាងចូលទៅ លបលួចចែចង់កូនក្រមុំខ្លួនបាន ។ ឯចំណែកដើមកោងកាង កាលបើត្រូវក្លាំពាក់បោះចម្រូងមិនឲ្យចូលចុះដូច្នោះ ក៏តាំងបោះស្ពាន
ឆ្លងកាត់ចម្រូងនោះទៅទៀត ។ ព្រោះហេតុនោះឯង បានជាសព្វថ្ងៃ មានដើមកោងកាងដុះនៅទីណា គេតែងឃើញមានដើមក្លាំពាក់និងក្លាំពូ ដុះនៅទីនោះជាដរាប ហើយដើមក្លាំពូដែលដុះឡើងនោះ
បើក្រឡេកមើលទៅ ឃើញវិស័យដូចជាចម្រូងមែន ៗ ដោយហេតុនោះមូលហើយស្រួច ៗ ច្រូងច្រាងជាជួរបីដូចគេដាំ ។ ចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែង ៗ ធំ ៗ ចាក់ស្រេះទៅ
ក្នុងដីក្នុងទឹកជាច្រើន ច្រើនជាងមែកទៅទៀត តម្រៀបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិត ៗ ហើយបើទោះជាទឹករលក ឬជំនន់ហូរច្រោះខ្លាំងយ៉ាងណា ៗ ក៏មិនអាចរលើងរលំបានឡើយ ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.