មាននិទានមួយថា : មានសេដ្ឋីមួយឈ្មោះ តុលោសេដ្ឋី អាយុ ៤០ ឆ្នាំ គ្មានកូនដល់មួយណាឡើយ ទើបមហាសេដ្ឋីឪពុកចាយវាយទ្រព្យរបស់ធ្វើបុណ្យឲ្យទានអធិដ្ឋានឲ្យបានកូន លុះអាយុ ៤១ ឆ្នាំ ទើបបានកូនប្រុសមួយ កូននោះចេះដើរ សេដ្ឋីឲ្យប្រាបដីធ្វើជាទីល្បែងកូននោះ ចម្ងាយអំពីវាំងទៅ ១០ សិន រាបស្មើសុទ្ធតែខ្សាច់ ឥតជង្ហុកឡើយ ។ ដល់កូននោះបាន ៦ ខួបពេលភ្លៀង វារត់លេងទឹកភ្លៀងដោយខ្សាច់នោះ លុះទៅដល់ថ្លុកជង្ហុកកូននោះលង់ទឹកស្លាប់ ទើបសេដ្ឋីនោះឡើងទៅក្រាបទូលព្រះមហាក្សត្រថា “ខ្ញុំព្រះបាទអម្ចាស់ឲ្យប្រាបដីរាបស្មើសុទ្ធតែខ្សាច់ ជាទីល្បែងកូនខ្ញុំ ព្រះបាទអម្ចាស់នោះគ្មានថ្លុកជង្ហុកឡើយ ឥឡូវនេះមានថ្លុកដក់ទឹកជ្រៅ លង់កូនខ្ញុំព្រះបាទអម្ចាស់ស្លាប់ សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង” ។ ព្រះមហាក្សត្រទ្រង់ឲ្យអាមាត្យទៅពិនិត្យមើល ។ អាមាត្យទៅមើលហើយវិលមកក្រាបបង្គំទូលថា “ ឃើញស្នាមជើងដំរី ” ។ ទ្រង់ឲ្យទៅចាប់ដំរី យកមកពិចារណាថា “ ទីនោះសេដ្ឋីបានប្រាបដី រាបស្មើទុកជាទីល្បែងកូន ៗ តែងលេងជាប្រក្រតី ហេតុអីក៏ព្រះស្ដែងទៅជាន់បាក់ជាថ្លុកជង្ហុកកាត់ទឹក លង់កូនសេដ្ឋីនោះស្លាប់ ?” ។ ដំរីឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានរមាស” ។ ទ្រង់ឲ្យទៅតាមចាប់រមាសយកមកពិចារណា។ រមាសឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ ទៅតាមដានក្របី” ។ ទ្រង់ឲ្យទៅតាមចាប់ក្របី យកមកពិចារណា ។ ក្របីឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានជ្រូក” ។ ទ្រង់ឲ្យទៅចាប់ជ្រូកយកមកពិចារណា ។ ជ្រូកឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានក្ងោក” ។ ទ្រង់ឲ្យចាប់ក្ងោកយកមកពិចារណា ។ ក្ងោកឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ទៅតាមដានមាន់” ។ ទ្រង់ឲ្យតាមចាប់មាន់យកមកពិចារណា ។ មាន់ឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកតាមដានទទា ” ។ ទ្រង់ឲ្យចាប់ទទាយកមកពិចារណា ។ ទទាឆ្លើយថា “ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកតាមដានក្រួច ” ។ ទ្រង់ឲ្យចាប់ក្រួចយកមកពិចារណា ។ ក្រួចឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់ប៉ប៉ុកដែលមេខ្សាច់ ” ។ ទ្រង់ឲ្យចាប់មេខ្សាច់មកពិចារណា ។ មេខ្សាច់ឆ្លើយថា “ ខ្ញុំព្រះបាទអម្ចាស់យល់ផ្នូកខ្សាច់ល្អ ហើយធ្វើជាលំនៅ ខ្ញុំព្រះបាទអម្ចាស់មែន ៗ ” ។ អស់សត្វម្រឹគបក្សីអម្បាលនេះ សឹងមានចម្លើយដូច្នេះ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាយល់ថា ដើមអាទិនៅមេខ្សាច់នេះមែន ក៏ទ្រង់កាត់សេចក្ដីនេះឲ្យមេខ្សាច់សងភាគ ១ ក្រួចភាគ ២ ទទាភាគ ៣ មាន់ភាគ ៤ ក្ងោកភាគ ៥ ជ្រូកភាគ ៦ ក្របីភាគ ៧ រមាសភាគ ៨ ដំរីភាគ ៩ ។ ព្រះអង្គបង្គាប់សេចក្ដីដូច្នេះ អស់ម្រឹគបក្សីទាំងនោះ យល់ព្រមទទួល ហើយមហាសេដ្ឋី នូវអស់សត្វម្រឹគបក្សីទាំងឡាយក្រាបថ្វាយបង្គំលាទៅកាន់លំនៅខ្លួនទីទៃ ៗ ហោង ។
Comments are closed.