(ខេត្តព្រះវិហារ)
រឿងរ៉ាវផ្សេងៗ នៅក្នុងខេត្តថ្មីៗ សុទ្ធសឹងតែជាគ្រឿងឆ្ងាញ់ពិសារបស់អ្នកស្ដាប់អ្នកអាន ព្រោះថា នៅតាមខេត្តចាស់ៗ នោះ មានអ្នកស្រុកច្រើន ការទាក់ទងខាងគមនាគមន៍ក៏ច្រើន ម្ល៉ោះហើយ រឿងព្រេងក្ដី ឬ កេរ្តិ៍ដំណែលអារ្យធម៌ចាស់ៗ ក្ដី បានលេចឮសុសសព្វយូរណាស់មកហើយ ។ រីឯខេត្តថ្មីៗ វិញ ដែលពុំសូវមានអ្នកស្រុកទៅ-មកទាក់ទងគ្នា រឿងរ៉ាវនៅទីនោះ ក៏នៅជាអាថ៌កំបាំងនៅឡើយ ដូចយ៉ាងរឿងរ៉ាងក្នុងខេត្តព្រះវិហារជាដើម ។ ដោយឯកសារនៅស្ដួចស្ដើង យើងក៏ប្រមែប្រមូលព័ត៌មានដែលប្រមូលបានខ្លះៗ មកហើយ មកអធិប្បាយជាមុន តាមរយៈអស់លោក-អ្នកដែលធ្លាប់បានទៅដល់ ហើយមានព្យាយាមស៊ើបសួរ សរសេរតែងផ្ញើមកក្រុមជំនុំយើង ជាបែបទំនៀមរស់នៅរបស់អ្នកស្រុកខ្លះ, ជារឿងព្រេងខ្លះ ។ ដូចរឿងព្រេងមួយ ដែលយើងលើកមកនិទាននៅពេលនេះ ជាសេចក្ដីរាយការណ៍របស់លោក ហ៊ុន-សាវី ដែលលោកមានបេសកកម្មក្នុងកងពលខេមរភូមិន្ទ ទៅដល់ទីកន្លែងនោះ បានសរសេរផ្ញើមកឲ្យក្រុមជំនុំយើង ជាសេចក្ដីរាយការណ៍ទាំងស្រុង ពីដំណើររបស់លោកទៅកាន់ទីប្រជុំជន “ត្បែងមានជ័យ” ដែលជាទីប្រជុំជនសម្រាប់ខេត្តព្រះវិហារ ។ ក្នុងសេចក្ដីរាយការណ៍នេះ មានជាប់ទាំងរឿងព្រេងមួយ ទាក់ទងដោយភូមិស្រុក យើងក៏ស្រង់ត្រង់នេះ មករៀបធ្វើរឿងព្រេងមួយ បញ្ចូលក្នុងសៀវភៅនេះឡើង ។
ត្រង់អន្លើនេះ លោក ហ៊ុន-សាវី សរសេរថា : ចេញពីសាលាស្រុកវៀងទៅ បានប្រហែល ៣ គ.ម. មានផ្លូវបែកជាពីរ គឺខាងឆ្វេងទៅកំពង់ប្រណាក (ទីប្រជុំជនក្រុងត្បែងមានជ័យ) ឯខាងស្ដាំទៅកំពង់ពុទ្រា, ទៅឆែប (អតីតខេត្តម្លូព្រៃ) ។ បើយើងធ្វើដំណើរតពីនេះ មុននឹងចូលទៅកំពង់ប្រណាក យើងឃើញអូរមួយដែលអ្នកស្រុកហៅថា អូរស្ដាយក្លង់2 ។ នៅក្បែរអូរនេះ មានត្រពាំងមួយទៀតឈ្មោះ ត្រពាំងប៉ង់តាទិប3 ដែលមានរូបសំណាកថ្មមួយផ្ដេកនៅត្រង់ទីនោះ4 ដូចមានដំណាលរឿងដើមថា : មានមន្ត្រីឃុំពីរនាក់ ម្នាក់ឈ្មោះតាទិប ជាមេឃុំមេក្រុម ១ ផ្នែក ម្នាក់ទៀតឈ្មោះតាកែវ ជាមេឃុំមេក្រុម ១ ផ្នែកដែរ ។ មេឃុំទាំងពីរនាក់នេះ នៅក្រោមអាណាព្យាបាល នាយកឈ្មោះ ជូ-មឹង ចៅហ្វាយខេត្តម្លូព្រៃ (ស្រុកឆែប បច្ចុប្បន្ននេះ) ។ អ្នកទាំងពីរនាក់ មានការទាស់ទែងខ្វែងគំនិតគ្នា ដណ្ដើមកូនឃុំគ្នា ដោយអាងថាមានរាស្ត្រច្រើនតែសព្វខ្លួន រហូតដល់ទៅមានកើតកោលាហល កេណ្ឌរាស្ត្រចូលប្រយុទ្ធច្បាំងកាប់សម្លាប់គ្នា យ៉ាងសម្បើមអស្ចារ្យ ជាហេតុបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅទីសមរភូមិ ដោយសារតែមេបះបោរទាំងពីរនាក់បង្កបង្កើតឡើង ។ រឿងនេះ ដឹងដល់លោកប្រមុខខេត្តម្លូព្រៃភ្លាម, លោកក៏អញ្ជើញមក បានកោះហៅមេបះបោរទាំងពីរនាក់នោះ មកជំនុំជម្រះកាត់សេចក្ដីឲ្យ គឺលោកចែករាស្ត្រឲ្យបានស្មើៗ គ្នា តែមេបះបោរទាំងពីរនេះ ពុំសុខចិត្ត ទាំងកូនឃុំ ក៏ពុំសុខចិត្តទៀត ។ រឿងនេះ ធ្វើឲ្យលោកប្រមុខខេត្តខ្វល់យ៉ាងក្រៃលែង ។ ទើបក្រោយមក លោកប្រើមធ្យោបាយផ្សេងទៀត ដោយបួងសួងព្រះឥន្ទ្រទិព្វចក្ខុ ជាអ្នករកយុត្តិធម៌ឲ្យ គឺតម្រូវឲ្យផ្សងនឹងស្នា ។ បើមេឃុំទាំងពីរនេះ ណាមួយ មានចិត្តទុច្ចរិតមិនស្មោះត្រង់ ល្មោភលោភលន់ ឲ្យត្រូវនឹងព្រួញស្នាស្លាប់ឲ្យបានប្រចក្សនឹងភ្នែក ។ កូនរាស្ត្រ និង មេឃុំ ក៏សុខចិត្តទទួលព្រម ឲ្យតែបានឃើញនូវពន្លឺយុត្តិធម៌ ។
លុះព្រឹកឡើង ប្រមុខខេត្តម្លូព្រៃ ក៏ចាប់ផ្ដើមធ្វើពិធីរកយុត្តិធម៌ ឲ្យមេបះបោរទាំងពីរ ។ លោកបានឲ្យឈរតាមក្រុម ឃុំក្រុមមេឃុំទិប ឈរ ១ ក្រុម, ក្រុមមេឃុំកែវ ១ ក្រុម, ក្បែរអូរមួយ ។ រីឯមេឃុំទាំងពីរ គឺលោកប្រមុខខេត្តបានឲ្យឈរចំកណ្ដាលក្រុម ចំមុខស្នាទាំងពីរ ក៏មានព្រួញចុងស្រួចប្រកបដោយជ័រឆក់ ។ ស្នាទាំងពីរនេះ ១ ជារបស់មេឃុំកែវ ១ ទៀត ជារបស់មេឃុំទិប ។ លោកប្រមុខខេត្ត បានចាប់យឹតស្នាដោយខ្លួនឯង រួចដាក់ព្រួញ ហើយតម្កល់លើជើងពានប្រាក់ពីរយ៉ាងធំ មានមុខតម្រង់ឆ្ពោះទៅចំកណ្ដាលដើមទ្រូងមេបះបោរទាំងពីរនេះ ។ បន្ទាប់មក លោកក៏លើកដៃប្រណម្យឡើង ចាប់ថ្លែងប្រកាសបួងសួង សំបូងសង្រូងយ៉ាងខ្លាំងៗ ដូចតទៅ ៖ “នៅក្នុងពិធី អរុណោទ័យរស្មីដ៏ពេញពន្លឺនេះ ក្នុងឋានៈខ្ញុំជាប្រមុខដែនដីម្លូព្រៃ និងជាប្រមុខយុត្តិធម៌ ខ្ញុំសូមយាងព្រះឥន្ទភ្នែកទិព្វ ត្រចៀកទិព្វ ដ៏មានឫទ្ធិអនេកអន័គ្ឃប្រត្យក្ស ប្រសិទ្ធិជ័យ ដល់ស្នាទាំងពីរនេះថា បើតាកែវជាមេឃុំលោភ សុំឲ្យស្នាតាទិបឲ្យយុត្តិធម៌, ថាបើតាទិបជាមេឃុំល្មោភ សុំឲ្យស្នាតាកែវឲ្យយុត្តិធម៌ ក្នុងកណ្ដាលរឿណរង្គនេះ ដើម្បីឲ្យរាស្ត្របានជាក់ស្បាន់ទាន់ហន់ ក្នុងគ្រាឥឡូវនេះ សូមឲ្យព្រះអង្គប្រទានយុត្តិធម៌” ។ គួរឲ្យអស្ចារ្យណាស់ ! គ្រាន់តែគ្រប់ ៣ ដងភ្លាម កៃស្នា ក៏ថ្លោះផាំងដោយឯង ។ ព្រួញដ៏មុត ក៏ស្ទុះទៅដោតចំទ្រូងតាទិប ដួលដេកនៅទីនោះភ្លាម ។ តែមុននឹងស្លាប់ តាទិបបានសារភាពចំពោះលោកប្រមុខខេត្តថា :គាត់ជាមនុស្សល្មោភ ហើយថែមទាំងជាមនុស្សអយុត្តិធម៌ទៀតផង, កែវជាមនុស្សល្អ ស្មោះត្រង់នឹងដែនដី មិនល្មោភ សូមព្រះតេជះព្រះគុណជាប្រមុខយុត្តិធម៌ ឆ្លាក់រូបខ្ញុំបាទមួយទុកជាកេរ្តិ៍ដំណែល ដើម្បីបញ្ជាក់ ឲ្យឃើញច្បាស់ថាៈ “នេះហើយរូបតាទិប ជាមេឃុំល្មោភ ត្រូវព្រួញយុត្តិធម៌” ថាហើយ ក៏ដាច់ខ្យល់ស្លាប់ក្នុងខណៈនោះភ្លាម ។
រីកងទ័ពខ្មោចមេឃុំល្មោភនេះ គ្រាន់តែឃើញចៅហ្វាយខ្លួនស្លាប់ភ្លាម បះសក់ច្រូងរត់បាតជើងសព្រាត គេចតែសព្វខ្លួន ខ្លាចព្រួញយុត្តិធម៌ពួយកណ្ដាលដើមទ្រូងទៀត រត់ចោលបាយ ដែលដាំបម្រុងនឹងបរិភោគក្បែរអូរ ។ តាំងពីមានហេតុ ដូចពណ៌នានេះមក ទើបបានជាសាសន៍ពីរ គេដាក់នាមអូរនេះថា “អូរស្ដាយក្លង់” ប្រែថា “អូរស្ដាយបាយ” រហូតសព្វថ្ងៃ ។ ឯរូបសំណាកតាទិប ត្រូវព្រួញចំកណ្ដាលទ្រូងនោះ ក៏មានរហូតមកដល់សព្វថ្ងៃនេះដែរ ទុកជាសក្ខីភាពនៃរឿងនេះ ។ ហើយអ្នកស្រុក ក៏ហៅអូរនេះថា អូរប៉ង់តាទិប រហូតមកដែរ ។
Comments are closed.