(សង្កាត់លេខ ៥ ក្រុងភ្នំពេញ)
ឈ្មោះភូមិផ្សេងៗ នៅក្នុងក្រុងភ្នំពេញ សុទ្ធសឹងតែមានប្រវត្តិដើមកំណើត ច្រើនបែបច្រើនយ៉ាងណាស់, ប៉ុន្តែដែលសំខាន់ គឺត្រង់រឿងណាទាក់ទងនឹងប្រវត្តិសាស្ត្រផង ជាបែបនិទានពីរោះស្ដាប់ផង ។ យើងលើកយកមកចុះផ្សាយក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ, ឯរឿងខ្លីៗ បន្តិចបន្តួច ពុំបានលើកយកមកអធិប្បាយទេ ។ រឿងបឹងត្របែកនេះ មានប្រាកដនៅក្នុងសៀវភៅព្រះរាជពង្សាវតារច្បាប់សរសេរដៃ តម្កល់នៅពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ ដែលយកមកលំនាំរឿងបាន ដូចតទៅ ៖ តាមសព្ទនៃពាក្យខាងលើនេះ មិនមែនជាពិបាកយល់ទេ តែនៅមានបញ្ហាខ្លះ ដែលអ្នកអានគួរជ្រាប គួរចាំជាប្រវត្តិ ។ អាស្រ័យហេតុនេះ បានជាយើងស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែក មកអធិប្បាយជូន ។ តើហេតុអ្វី បានជាគេហៅថា “បឹងត្របែក” តាមរូបសព្ទនេះ គេអាចយល់បានភ្លាម តែត្រង់ខុស ឬត្រូវតាមប្រវត្តិនោះ យើងមិនទាន់ដឹងទេ បើយើងបំបែកសព្ទនេះទៅ បានន័យថា “បឹងដែលមានដើមត្របែក ហៅថា បឹងត្របែក” តើឈ្មោះនេះ ពិតដូច្នេះមែនឬទេ ? ។ រឿងនេះ ខ្ញុំសូមនាំយក ប្រវត្តិមកនិទានជូនដូចតទៅ ៖ ព្រះបាទជ័យជេដ្ឋា (ព្រះអង្គសូរ) ព.ស. ២២១៩ គង់នៅឧត្ដុង្គឮជ័យ បានសាងវាំង ១ ទៀត នៅទួលឪជ្រឹង ស្រុកសំរោងទងសព្វថ្ងៃ ព្រះអង្គរើព្រះរាជវាំងពីឧត្ដុង្គឮជ័យ មកគង់នៅព្រះរាជវាំងទួលឪជ្រឹង ទុកព្រះមាតា គឺសម្ដេចព្រះទាវ ឲ្យគង់នៅឯឧត្ដុង្គឮជ័យ ។ ឯសម្ដេចព្រះបទុមរាជាមហាឧបរាជ ទ្រង់ជ្រាបព័ត៌មាននេះហើយ ក៏មានព្រះទ័យត្រេកអរជាពន់ពេក ហើយប្រឹក្សាជាមួយអុងយួន រួចលើកទ័ពខ្មែរ-យួនទៅលុកវាំង ឧត្ដុង្គឮជ័យ ហើយចាប់យកសម្ដេចព្រះទាវជាព្រះវររាជមាតានៃព្រះជ័យជេដ្ឋា និង នាងអាំ ជាសាវឡិក នាំយកទៅនៅបន្ទាយជ្រោយចង្វា ។
ព្រះជ័យជេដ្ឋា ដែលគង់នៅវាំងទួលឪជ្រឹង កាលបើទ្រង់ជ្រាបការណ៍នេះហើយ ទ្រង់ព្រះកន្សែងសោយសោកអាឡោះអាល័យពីការនិរាសព្រាត់ព្រះវរមាតា ។ ព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលឪជ្រឹង ទៅគង់ឧត្ដុង្គឮជ័យវិញ ។ ព្រះអង្គទ្រង់បានប្រឹក្សាជាមួយសេនាបតី នាម៉ឺនសព្វមុខមន្ត្រី ឲ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរ-យួន ដែលនៅជ្រោយចង្វា ដើម្បីដណ្ដើមយកព្រះវររាជមាតាមកវិញ ។ មន្ត្រីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយ ព្រះអង្គទ្រង់ព្រះចិន្ដាថា លើកទ័ពទៅវាយទ័ពយួន ដែលមានព្រះវររាជមាតានៅជាមួយផងមិនស្រួលទេ ។ គិតដូច្នេះ ព្រះអង្គទ្រង់កែព្រះរាជមធ្យោបាយ ។ ព្រះអង្គ ទ្រង់ប្រឹក្សាជាមួយ ពញាមន្ត្រីសង្គ្រាមសួស្តិ៍ ដើម្បីទៅយកព្រះវររាជមាតា ។ ចៅពញាមន្ត្រីសង្គ្រាមសួស្តិ៍ ថ្វាយព្រះរាជយោបល់ថា មានតែប្អូនទូលព្រះបង្គំ ឈ្មោះពញាភក្ដីសង្គ្រាមហុកទេ ដែលមានថ្វីដៃ អាចទៅយកព្រះវររាជមាតាព្រះអង្គបាន ។
ចៅពញាភក្ដីសង្គ្រាមហុក ទទួលព្រះរាជបញ្ជាហើយ ក៏សន្យានឹងព្រះជ័យជេដ្ឋាថា តែ ៧ ថ្ងៃ នឹងធ្វើការនេះឲ្យបានសម្រេច ហើយសូមព្រះអង្គឲ្យទ័ពទៅចាំទទួល ។ ចៅពញាសង្គ្រាមហុក សុំយកទាសាជំនិតម្នាក់ ឈ្មោះគោ និងសុនខមួយ ឈ្មោះអាស្រគំ ទៅជាមួយ ។ ចៅពញាភក្ដីសង្គ្រាមហុក ធ្វើដំណើរទៅដល់ភ្នំពេញហើយ ទៅសំណាក់ក្នុងវត្តស្រកាលេញ រួចដើរស៊ើបយកការណ៍ រហូតដល់បានព័ត៌មានថា ទ័ពយួន ទុកសម្ដេចព្រះទាវក្នុងទូកនៅឯជ្រោយចង្វា ។ នៅវេលាយប់ស្ងាត់ មេឃងងឹតរកកល់ចង់ភ្លៀងផង ចៅពញាភក្ដីសង្គ្រាម យកទៀនធូបភ្ញីផ្កាខ្លះ លបចូលទៅក្នុងព្រះវិហារវត្តស្រកាលេញ ហើយតាំងអធិដ្ឋានថា : ខ្ញុំព្រះអង្គនេះ មានចិត្តកតញ្ញូនឹងព្រះបាទជាអម្ចាស់ ស៊ូលះជីវិតមិនគិតស្លាប់ ទទួលអាសាមកអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមាតា ពីកណ្ដាប់ដៃនៃសត្រូវ បើសម្ដេចព្រះជ័យជេដ្ឋាជាអម្ចាស់ខ្ញុំ ស្ដេចបានសោយរាជ្យសម្បត្តិ ក្នុងក្រុងកម្ពុជាធិបតីនេះ សូមកុំឲ្យទ័ពយួនឃើញស្គាល់ខ្ញុំអម្ចាស់ឡើយ ដោយសេចក្ដីកតញ្ញូរបស់ខ្ញុំ សូមកុំឲ្យមានអន្តរាយអ្វី សូមទេវតាជួយទំនុកបម្រុង សូមឲ្យខ្ញុំទៅអញ្ជើញសម្ដេចព្រះទាវ ជាព្រះវររាជមាតា ពីក្នុងចំណោមកងទ័ពសង្គ្រាមបានដោយងាយ ។
លុះចប់ការតាំងអធិដ្ឋានហើយ ចៅពញាភក្ដីសង្គ្រាមហុក នាំនាយគោចេញពីព្រះវិហារ ហើយផ្ដាំឲ្យអាស្រគំចាំនៅមុខព្រះវិហារនេះ ។ អ្នកផ្សងសំណាងទាំងពីរនាក់ ផ្លាស់សំពត់យកចងទ្រូង ហើយយកកាំបិតស្នៀតសៀតនឹងចង្កេះ ដើររកឫស្សីហែលឆ្លងទៅជ្រោយចង្វា ។ ចៅពញាភក្ដីសង្គ្រាម ឆ្លងដល់ត្រើយហើយ ពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួន ។ លូនបណ្ដើរ សែកមន្តគាថាសណ្ដំទ័ពយួនបណ្ដើរ, ចៅពញាភក្ដីសង្គ្រាមហុក បានទៅដល់ទូកដែលសម្ដេចព្រះទាវផ្ទំ ។ លោកបានឃើញសម្ដេចព្រះទាវហើយ ក៏ចូលទៅដាស់ព្រះអង្គ ហើយថ្វាយចិញ្ចៀនព្រះទម្រង់ដែលព្រះជ័យជេដ្ឋា ទ្រង់បានផ្ញើឲ្យយកទៅថ្វាយសម្ដេចព្រះមាតាជាបន្ទាល់ ។ សម្ដេចព្រះទាវ ទតឃើញសេនារបស់ព្រះអង្គ ទ្រង់មានសេចក្ដីរំភើបជាទីបំផុត ។ ចៅពញាភក្ដីសង្គ្រាមហុក តឿនព្រះអង្គឲ្យចេញពីទូកយួនជាប្រញាប់ ។ តែព្រះអង្គមានព្រះរាជសវនីយ៍ ទៅកាន់ចៅពញាសង្គ្រាមថា ឲ្យទៅយកនាងអាំជាភីលៀង មកជាមួយផង ព្រោះធ្លាប់កម្សត់ជាមួយព្រះអង្គ ។
ចៅពញាភក្ដីសង្គ្រាមហុក នាំសម្ដេចព្រះទាវ និងនាងអាំ ចេញពីទូកបានហើយ មេឃងងឹតឈឹងរកមើលទិសតំបន់អ្វីមិនឃើញ ក៏បញ្ជាឲ្យនាយគោផ្ទៀងចាំស្ដាប់អាស្រគំលូ ។ ផ្ទៀងសំឡេងឆ្កែលូដាក់ច្បាស់ហើយ ចៅពញាសង្គ្រាមហុក នាំគ្នាហែលឆ្លងមកត្រើយភ្នំពេញវិញ ។ លុះដល់ត្រើយហើយ សម្ដេចព្រះទាវ យាងទៅសម្រាកព្រះកាយបន្តិច ក្នុងវត្តស្រកាលេញ ហើយបន្តព្រះរាជដំណើរទៅទៀត, ចៅពញាសង្គ្រាមហុក បញ្ជិះសម្ដេចព្រះទាវ ហើយឲ្យនាយគោ នាងអាំ អាស្រគំដើរទៅមុខ តម្រង់ទៅឧត្ដុង្គឮជ័យ ។ តែពេលនោះ មេឃងងឹតពេក ចៅពញាសង្គ្រាម មើលផ្លូវពុំច្បាស់ ចេញពីវត្តស្រកាលេញទៅដោយព្រាវ ទៅដល់បឹងត្របែកសព្វថ្ងៃនេះ ឃើញផ្លូវបែក នាយគោងាកមកសួរចៅហ្វាយនាយថា តើត្រូវដើរទៅតាមផ្លូវណា ? ។ ចៅពញាសង្គ្រាមហុក ក៏បញ្ជាឲ្យនាយគោ បែកទៅស្ដាំ ។ កន្លែងដែលមានផ្លូវបែកនេះ មានសភាពទំនាបជាបឹងទើបហៅថា “បឹងត្រង់បែក”2 ។
ពាក្យថា “បឹងត្រង់បែក” នេះ អ្នកស្រុកនិយាយរហ័ស ក៏ឮតែបឹងត្របែកៗ ទៅវិញ ។ សំដីនេះ ក៏ចេះតែក្លាយទៅៗ រហូតដល់បាត់ន័យដើមរបស់ពាក្យដូច្នេះ ។ លុះភ្លឺឡើងទៅដល់ស្ទឹងព្រែកត្នោត ទើបចៅពញាសង្គ្រាម ដឹងថាវង្វេងផ្លូវ ។ ហើយនាំគ្នាបែរមុខទៅរកទិស ទៅកាន់ឧត្ដុង្គឮជ័យវិញ ។ ទីនេះក៏ជាប់ឈ្មោះថា បឹងត្របែក រហូតមក ។
Comments are closed.