មាននិទានមួយថា : មានបុរសកម្សត់ម្នាក់ចេញទៅជួញបានមាសប្រាំផែន នាំមកដល់ផ្ទះអាត្មា យកមាសនោះទៅកប់ក្រោមជើងជណ្ដើរ ហើយយកថ្មនិងកាំបិតដាក់លើ ។ ប្រពន្ធបុរសនោះមានស្មន់អន្ធករ ចៅស្មន់អន្ធករនោះលបស្ដាប់ក្រោមផ្ទះ កាលដែលប្ដីឡើងទៅលើផ្ទះ ប្រពន្ធដណ្ដឹងសួរថា “ អ្នកមកពីជួញតើបានអ្វីខ្លះ ? ” ប្ដីនោះប្រាប់ប្រពន្ធថា “ អញបានមាស ៥ ផែន ” ។ ប្រពន្ធដណ្ដឹងថា “ មាសទុកឯណា ? ” ។ ប្ដីប្រាប់ថា “ អញកប់នៅជើងជណ្ដើរ ហើយយកថ្ម និងកាំបិតសង្កត់លើ ” ។ ឯអាស្មន់អន្ធករមេនោះ វាឮហើយ វាទៅកាយយកមាស នៅក្រោមជើងជណ្ដើរនោះបាត់ទៅ ។ លុះព្រឹកឡើង បុរសនោះទៅមើលកំណប់មាសនោះឃើញបាត់ ហើយបុរសនោះថា “ ឯងអើយ ! អញកប់មាសនេះយប់ពន់វេលា ណាស់ហើយឥតអ្នកឯណាដឹងផងទេ មានតែថ្មនិងកាំបិតនេះឯង ឥឡូវនេះមាសអញបាត់ អញមិនថានរណាទេ អញថាថ្មនិងកាំបិតនេះវាលួចមាសអញ បើដូច្នេះអញមិនអត់ឡើយ ” ។ ទើបបុរសនោះនាំទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីនោះពុំបាន ក៏បុរសនាំសេចក្ដីនោះ ទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរថា “ ខ្ញុំព្រះបាទអម្ចាស់ កប់មាស ៥ ផែន នៅក្រោមជើងជណ្ដើរ ឥតមាននរណាដឹងទេ មានតែថ្មនិងកាំបិតនេះឯង នៅក្នុងទីនោះ ឥឡូវនេះមាសនោះបាត់ ខ្ញុំព្រះបាទអម្ចាស់មិនថានរណាឡើយ ថាថ្មនិងកាំបិតនេះឯង លួចមាសនោះ ទើបខ្ញុំព្រះបាទអម្ចាស់នាំថ្មនិងកាំបិតនេះ មកក្រាបបង្គំទូលទ្រង់ព្រះករុណាពិសេស ពុំចេរ សូមទ្រង់ពិចារណាសេចក្ដីនេះហោង ” ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា “ សមជាប្រពន្ធបុរសនេះ ពុំស្លូតត្រង់ ” ហើយទ្រង់មានព្រះបន្ទូលថា “ បើដូច្នេះចៅរកខួចបាន ១ មកឲ្យយើង ” ។ បុរសនោះរកខួចបាន ១ មកថ្វាយ ។ ព្រះអង្គឲ្យយកប្រេងអប់ត្រលប់គន្ធពិដោរ ច្រកក្នុងខួចនោះពេញហើយ ឲ្យបុរសនោះយកទៅរក្សាទុកនៅក្បាលដំណេកឲ្យស្រួលបួលទ្រង់ផ្ដាំថា“ បើប្រេងនេះនៅពេញខួចដូចដែល ចៅកុំអាលមកកាន់សំណាក់យើង ចាំប្រេងនេះបាត់ សឹមចៅមកប្រាប់យើង ” ។ បុរសនោះក៏យកប្រេងទៅទុកនៅក្បាលដំណេកតាមព្រះរាជបញ្ជា យូរបន្តិចទៅអាស្មន់អន្ធករនោះមករកមេនោះ មេនោះឃើញប្រេងនោះក៏លាបឲ្យអាស្មន់អន្ធករនោះ ស្រកចុះកន្លះខួច ។ បុរសសួរប្រពន្ធថា “ នាងអើយ ! អញទុកប្រេងនៅទីនេះ តើអ្នកណាយកបានជាកន្លះខួច ? ” ។ ប្រពន្ធថា “ ខ្ញុំមិនដឹងទេបង បើខ្ញុំលាប ម្ល៉េះសមក្បាលខ្ញុំរលើបរលោងហើយ ” ។ បុរសនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ ទ្រង់បង្គាប់អ្នករបាំឲ្យមកលេងមហោស្រព ហើយឲ្យយកគងទៅប៉ាវប្រាប់អស់មហាជនឲ្យទៅមើលរបាំគ្រប់គ្នាកុំខាន ។ អ្នកផងនាំគ្នាទៅមើលរបាំនោះជាច្រើន ប៉ុន្តែគ្មានពិដោរក្រអូបឈ្ងុយឈ្ងប់បែបនេះទេ មានតែអាស្មន់អន្ធករមេនោះ ទើបមានប្រេងបែបនេះលាបដើរចូលទៅមើលរបាំ ។ អាមាត្យធុំគ្រឿងពិដោរអំពីអានោះហើយ ក៏ចាប់នាំយកខ្លួនទៅថ្វាយព្រះមហាក្សត្រ ។ ព្រះអង្គមានព្រះបន្ទូលដណ្ដឹងថា “ ប្រេងដែលចៅឯងលាបនេះតើជារបស់ចៅឯង ឬចៅឯងបានមកពីណា ? ” ។ ចៅនោះនៅស្ងៀមឥតមានចម្លើយអ្វីនឹងក្រាបទូលព្រះមហាក្សត្រឡើយ ។ ទើបព្រះអង្គមានព្រះបន្ទូលថា “ ចៅអើយ ! ម្ដេចមិនឆ្លើយ ចៅចង់ឆ្លើយថាម្ដេច ក៏ចូរឆ្លើយមកចុះ ” ។ រីចៅនោះហេតុតែជាចោរនឹងលាក់ពុំបាន ក៏ឆ្លើយដោយពិតថា “ ខ្ញុំព្រះបាទអម្ចាស់បានប្រេងពីផ្ទះចៅនេះឯង ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “ បើចៅបានអំពីផ្ទះចៅនេះ តើនរណាឲ្យចៅ ឬចៅយកខ្លួនឯង ? ” ។ ចៅនោះក្រាបទូលថា “ ប្រពន្ធចៅនេះឲ្យ ” ។ ទើបព្រះអង្គឲ្យទៅហៅប្រពន្ធចៅនោះមកដណ្ដឹងសួរ ។ ប្រពន្ធឆ្លើយក្រាបទូលថា “ប្រេងនេះខ្ញុំម្ចាស់ពុំបានឲ្យទេ ចៅនេះយកលាបខ្លួនឯង ” ។ ព្រះអង្គមានព្រះបន្ទូលថា “ចៅនេះលួចមាស ហើយលួចទាំងប្រពន្ធចៅឯងផង ឥឡូវវាលួចទាំងប្រេងចៅឯងទៀត ត្បិតចៅមកពីជួញនោះ កប់មាសនៅជើងជណ្ដើរ ហើយនិយាយប្រាប់ប្រពន្ធ, អានេះវាឮពាក្យចៅឯងនិយាយ ហើយវាទៅកាយយកមាសចៅឯងទៅ” ហើយព្រះអង្គបង្គាប់អាស្មន់អន្ធករថា “ បើដូច្នេះត្រូវចៅឯងទៅយកមាស មកឲ្យគេវិញ ” ។ ទើបអានោះទៅយកមាសមកឲ្យបុរសជាម្ចាស់ ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបុរសនោះឈ្នះ ហើយទ្រង់បង្គាប់ឲ្យលក់អាចោរប្រុសនិងមេស្រីនោះដាច់សុរិលហោង ។
Comments are closed.