មានបុរសម្នាក់មានកូនប្រុស ៤ នាក់បានសិក្សាវិជ្ជា ៤ បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី, ម្នាក់ចេះដេក, ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង ៤ នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា «ឲ្យស៊ីភោជនាហារគ្រប់មុខ» ។
បុរសនោះក៏បរិភោគតាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា «ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ?» ។ បុរសនោះក្រាបទូលថា «សម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន» ។ ស្ដេចនឹកក្នុងព្រះទ័យថា« បុរសនេះចេះវិជ្ជាខាងស៊ីស្ទាត់មែន » ។ អំពីនោះទៅ ស្ដេចទ្រង់ពិសោធបុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត មានពូកកម្រាលក្រាលពីលើ ។ ស្ដេចយកសក់មួយសរសៃ ទៅដាក់ក្រោមកម្រាលពូកនោះ ដល់ពេលយប់ ទ្រង់ហៅបុរសនោះឲ្យទៅដេក ។ បុរសប្រះដេកទៅក្រោកឡើងវិញភ្លាម ។
ស្ដេចទ្រង់សួរថា «ហេតុម្ដេចបានជាដេកហើយក្រោកឡើងវិញ ?» ។ បុរសនោះក្រាបទូលថា «មានសក់មួយសរសៃនៅក្នុងដំណាក់នោះ បានជាទូលព្រះបង្គំជាខ្ញុំក្រោក»ស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថា «បុរសនោះស្ទាត់ខាងវិជ្ជាដេកប្រាកដមែន» ។ ថ្ងៃមួយ មានបុរសម្នាក់ស្លាប់នៅកណ្ដាលវាល គ្មានភិនភាគស្លាកស្នាមអ្វី នៅរូបកាយនោះសោះ។ ស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួង ស៊ើបសួររកហេតុនោះ ក៏ពុំឃើញ, ទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជា ខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការ ឲ្យហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះ។ បុរសនោះ សូមព្រះរាជអនុញ្ញាតអំណាច ក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។ ស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញ ទៅដល់ទីកន្លែងមនុស្សស្លាប់នោះ ចាត់ការហៅអ្នកស្រុកមកប្រជុំ មិនឲ្យមានសល់ម្នាក់ ហើយបុរសនោះហាមប្រាមថា « ក្នុងវេលាថ្ងៃស្អែកនេះ មិនឲ្យអ្នកណាទៅណាមកណា ក្រៅពីភូមិខ្លួនទេ ឲ្យទាំងអស់គ្នា ទាំងប្រុសទាំងស្រី ចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថា ដែលស្លាប់នៅកណ្ដាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនចេញ ។ ខណៈដែលរៀបចំរំលាយសពនោះ បុរសជាអ្នកស៊ើបសួរបានចាត់មនុស្សជាច្រើននាក់ដែលបានពន្យល់ពីកិច្ចហេតុ ដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេច ។
ពេលភ្លើងឆេះពេញកម្លាំង មានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោក ។ បុរសជាអ្នកគយគន់មើលហេតុ ក៏នាំយកខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន ។ បុរសជានាយយកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។ នាងនោះរកផ្លូវគេចកែដោះសាទៅពុំបានក៏ប្រាប់បុរសនោះ តាមត្រង់ថា «ខ្លួននាងបានសហាយនឹងបុរសដែលស្លាប់ ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះ ហើយថាដំណើរដែលស្លាប់នោះ គ្មានអ្នកណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេក បុរសនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹក នាងមិនហ៊ានចេញទៅដងទឹកឯក្រៅ ដោយខ្លាចឪពុកដឹងក៏យកផ្តិលត្រងទឹកភ្លៀងដែលហូរធ្លាក់ តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹក, លុះផឹកហើយ ក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅ ។
បុរសដែលជាអ្នកស៊ើបសួរ ក៏យល់ច្បាស់ក្នុងចិត្តថា «នាងនេះ មិនមានសន្ដានចិត្តជាទុច្ចរិត នឹងបុរសដែលស្លាប់នោះទេ ព្រោះទើបស្រឡាញ់គ្នា បានជួបគ្នាក្នុងខណៈនេះ ការណ៍នេះប្រាកដជាមានសត្វអាសិរពិសអ្វី នៅលើដំបូលផ្ទះនោះ បានជាបណ្ដាលឲ្យបុរសនោះស្លាប់» ។ ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ ឃើញពស់នាគរាជមួយនៅចំពីលើល្វែង ដែលនាងនោះដេក ។ បុរសជានាយក៏ឲ្យវាយពស់នាគរាជនោះ យកមកថ្វាយស្ដេច ក្រាបទូលតាមដំណើរ ហើយដោះលែងនាងនោះទៅ ដោយវិនិច្ឆ័យថា «ហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់ មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជ ដែលនាងនោះត្រងមកឲ្យផឹក ដោយឥតចេតនា»។ ស្ដេចក៏ទ្រង់សរសើរថា បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែន។ ថ្ងៃមួយក្រោយមក មានសេដ្ឋីម្នាក់ស្លាប់ សេដ្ឋីនោះមានប្រពន្ធក្មេងល្អ ។ នាងនោះប្ដេជ្ញាថា «មិនយកប្ដីទៀតទេ» ។
ដំណឹងនោះជ្រាបដល់ស្ដេចៗទ្រង់ឲ្យនាហ្មឺនសព្វមុខមន្ត្រី ទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន ស្ដេចទ្រង់គិតថា « នាងនេះប្រហែលជាមិនយកប្ដីដូចដំណឹង ដែលទ្រង់ជ្រាបនោះមែន » តែទ្រង់គិតក្នុងព្រះរាជហឫទ័យថា «នាហ្មឺនសព្វមុខមន្ត្រីទាំងនោះប្រហែលជាមិនពេញសេចក្ដីប្រាថ្នានាងមេម៉ាយទេ បើអង្គអញប្រហែលជានាងនេះព្រម»។ ក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះ ហើយទ្រង់ឲ្យប្រាប់នាងថា «ល្ងាចនេះ ទ្រង់នឹងមកផ្ទំនឹងនាង ឲ្យនាងរៀបចំទីកន្លែងចាំទទួល» ។ នាងមេម៉ាយក៏ទទួលព្រះរាជឱង្ការ ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួន រចនាដោយគ្រឿងប្រដាប់ សម្រាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រ និងគ្រឿងក្រអូបគ្រប់ប្រដាប់ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំ ដែលរៀបចំទទួលស្ដេចតាមព្រះរាជឱង្ការ ។ ដល់ស្ដេចយាងមក ដោយទ្រង់មិនបានគិតពិនិត្យសព្វគ្រប់ ទ្រង់ក៏យល់ថា «ទីនេះជាទីសម្រាប់នាងមេម៉ាយមែន បានជាមនុស្សទាំងឡាយ មិនហ៊ានមកនៅទីនេះ » ទ្រង់ក៏ដាក់ព្រះអង្គគង់អែប ដោយសំគាល់ថា «នាងមេម៉ាយ» ទ្រង់ផ្ទំជាមួយនាងនោះ រួចហើយទ្រង់កំណត់ព្រះចិន្ដាថា «អញមកចង់នាងនេះបានហើយ» ។
ដើម្បីឲ្យបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួង, ស្ដេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់ រួចទ្រង់យាងមកព្រះបរមរាជវាំងវិញ ទ្រង់មានព្រះរាជឱង្ការផ្ដាំថា «ព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខាន» ។ ទ្រង់យាងទៅដល់ព្រះបរមរាជវាំង ទ្រង់ក៏មានព្រះរាជឱង្ការ ប្រាប់អស់នាហ្មឺនសព្វមុខមន្ត្រីថា ព្រះអង្គយាងទៅចង់នាងនោះបាន មានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ ក្នុងវេលាព្រឹកនេះផង ឲ្យនាហ្មឺនសព្វមុខមន្ត្រីទាំងអស់ចាំមើល ។ ដល់នាងមេម៉ាយចូលមកគាល់ យកទាំងស្រីបម្រើដែលតាក់តែងកាយ ទទួលស្ដេចពីយប់នោះមកជាមួយផង, លុះចូលមកគាល់ ក៏អង្គុយតាមមុខក្រោយ នាងមេម៉ាយអង្គុយមុខ ស្រីបម្រើអង្គុយក្រោយ ។ ស្ដេចឲ្យនាហ្មឺនទៅពិនិត្យមើល នៅកន្លែងសំគាល់ ដែលទ្រង់បានប្រាប់ហើយនោះ ។ លុះភ្នាក់ងារដែលទទួលព្រះរាជឱង្ការទៅពិនិត្យ ត្រឡប់មកក្រាបទូលស្ដេចវិញថា «នាងអង្គុយក្រោយមានស្នាមនៅថ្ពាល់ជាសម្គាល់ដោយធ្មេញ ឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេ » ។ ស្ដេចក៏តូចព្រះរាជហឫទ័យដោយសេចក្ដីមិនបានពិនិត្យជាមុន ក៏ព្រះអង្គទ្រង់ចិន្ដាត្រិះរិះទៅឃើញថា « នាងនេះជាស្រីមានប្រាជ្ញា នឹងរកអ្នកណាទៅចង់នាងពុំបាន» ទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជ្ជាចង់ស្រី ក៏មានព្រះរាជឱង្ការឲ្យចូលទៅគាល់ ។ ស្ដេចក៏មានព្រះរាជឱង្ការសួរទៅបុរសនោះថា «ឯងទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីបានឬទេ ? បើបងឯងត្រូវការវត្ថុអ្វី យើងឲ្យឯងទាំងអស់ » ។ បុរសនោះក្រាបទូល «ទទួលតាមបន្ទាល់ ដោយមិនបាច់យកវត្ថុជាឧត្ដមទៅទេ សុំតែសំពត់ផាឌិបសចាស់ យកទៅស្លៀកពាក់ ហើយនឹងឆ្អឹងគោមួយថោវេចខ្ចប់ជាប់នឹងខ្លួនប៉ុណ្ណោះបានហើយ» ។
ឯនាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋី វេលាដែលត្រឡប់ពីគាល់ស្ដេចទៅវិញ ក៏រៀបសាលាធ្វើបុណ្យខ្មោចសេដ្ឋីជាប្ដី រំលាយសពជាស្រេច រើសធាតុយកមកខ្ចប់តម្កល់លើសាលាធ្វើបុណ្យឆ្លង ។ វេលាយប់នោះបុរស ដែលទទួលព្រះរាជឱង្ការ បានទៅដល់លើសាលា ដែលនាងមេម៉ាយធ្វើបុណ្យខ្មោចប្ដី ដែលនឹងហើយស្រេចនៅវេលាព្រឹកស្អែកនោះ ដល់ហើយធ្វើជាយំសោកនឹងខ្មោចប្រពន្ធខ្លួនស្លាប់ មានសេចក្ដីទុក្ខយ៉ាងខ្លាំងដោយមានទាំងធាតុស្ពាយជាប់នឹងខ្លួន ជាសំគាល់ផង, បណ្ដាលឲ្យអស់អ្នកជាពួកក្រុមនាងមេម៉ាយ ដែលនៅលើសាលានោះទាំងប៉ុន្មាន មានសេចក្ដីឆ្ងល់ភ័ន្តភាំងគ្រប់គ្នា សួរទៅបុរសនោះថា ហេតុអ្វី ក៏អ្នកមកយំសោក បោកខ្លួនប្រាណលើទីនេះខ្លាំងម្ល៉េះ? ។ បុរសនោះប្រាប់ទៅអ្នករក្សាសាលានោះថា «ខ្ញុំឃើញគេធ្វើបុណ្យខ្មោចលោកសេដ្ឋីនោះ ខ្ញុំនឹកដល់ខ្មោចប្រពន្ធខ្ញុំ ដែលស្លាប់ជាយូរ ហើយនោះភ្លាម ក៏បណ្ដាលឲ្យសង្វេគនឹងទុក្ខវេទនានិងការព្រាត់ប្រាសជាថ្មីមួយជាន់ទៀត, តាំងពីប្រពន្ធស្លាប់ទៅនោះខ្លួនខ្ញុំលះបង់ការងារចោលអស់ ស្ពាយតែធាតុប្រពន្ធដើរ ដោយសេចក្ដីអាឡោះអាល័យ » ហើយបុរសនោះ សុំអ្នកចាំសាលាអ្នកស្នាក់មួយយប់ ។ បុរសដែលចាំសាលា មិនហ៊ានសម្រេចដោយខ្លួនឯង ក៏យកសេចក្ដីនោះទៅជម្រាបនាងមេម៉ាយជាចៅហ្វាយតាមដំណើរ ដែលបុរសនោះអធិប្បាយអំពីសេចក្ដីកម្សត់របស់ខ្លួន ហើយសុំសាលាស្នាក់ ។ នាងមេម៉ាយមានចិត្តអាណិតដល់បុរសកម្សត់ ដែលមានទុក្ខព្រាត់ប្រាសប្រពន្ធនោះ ក៏យល់ព្រមឲ្យស្នាក់ ហើយបង្គាប់ទៅមនុស្សបម្រើ ឲ្យរៀបអាហារភោជន ឲ្យទានបុរសនោះផង ។
លុះយប់នាងមេម៉ាយ ទៅស្ដាប់ធម៌ទេសនា ឆ្លងបុណ្យខ្មោចប្ដី នៅលើសាលាដែលតម្កល់ធាតុនៅនោះ ។ ឯបុរសចង់ស្រី ក៏សម្ងំធ្វើជាដេកលក់ទៅ ។ នាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់មកផ្ទះវិញ ។ បុរសជាអ្នកចង់ស្រី ឃើញឱកាសស្ងាត់ល្អ ក៏លួចយកធាតុប្រពន្ធខ្លួន ទៅដាក់ប្របធាតុសេដ្ឋីជាប្ដីនាងមេម៉ាយ ។ លុះដល់ព្រឹកឡើង នាងមេម៉ាយចូលដល់សាលា បុរសនោះក៏ស្រែកយំយ៉ាងខ្លាំងថា «អ្នកណាលួចធាតុប្រពន្ធខ្ញុំបាត់ ? » ។ នាងមេម៉ាយឆ្ងល់ ក៏សួរបុរសនោះថា «ហេតុអ្វី ក៏អ្នកឯងយំខ្លាំងម្ល៉េះ ?» ។ បុរសនោះប្រាប់ទៅនាងមេម៉ាយវិញថា « អ្នកឯណាលួចធាតុប្រពន្ធខ្ញុំទៅបាត់» ហើយចោទប្រកាន់ ទៅលើរូបនាងមេម៉ាយថា «ខ្មោចប្ដីនាងមេម៉ាយលួចធាតុប្រពន្ធទៅ» ។
នាងមេម៉ាយមានសេចក្ដីអន់ចិត្តនឹងបុរសចោទប្រកាន់ខ្មោចប្ដីថា «លួចធាតុប្រពន្ធដូច្នោះ, ក៏នាំបុរសនោះឲ្យទៅមើលឃើញនៅជិតគ្នាមែន ។ បុរសក៏ចោទប្រកាន់ចំពោះខ្លួននាងមេម៉ាយថា «ប្ដីនាង យកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយ លុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញ ទើបព្រមសុខចិត្ត» ។ សេចក្ដីចោទចំពោះខ្លួននាងមេម៉ាយនោះ ជាដំណំច្រើនខណាស់ដោយឧបាយយ៉ាងល្អិត ។ នាងមេម៉ាយរកផ្លូវដោះសាគ្មាន ក៏ចាញ់កលនោះជាទម្ងន់ ថែមទាំងមានសេចក្ដីអន់ចិត្តខ្មោចប្ដីខ្លួនដែលស្លាប់នោះ ថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះ គ្នាកំពុងកើតទុក្ខនឹងខ្លួន ៗ ហ៊ានទៅលួចប្រពន្ធគេ យកមកបញ្ចើនៅមុខ នាងជាអុកជាទុក្ខគិតសព្វៗ ទៅក៏ទទួលព្រមយកបុរសនោះធ្វើជាប្ដី ជាសេចក្ដីផ្គើន តបឲ្យទល់ពុតទៅនឹងខ្មោចប្ដីខ្លួនវិញដែលហ៊ានខូច លួចប្រពន្ធបុរសនោះ ។ ចំណែកបុរសនោះ ដល់បាននាងមេម៉ាយជាប្រពន្ធ ៣ – ៤ ថ្ងៃក៏បបួលគ្នាទៅគាល់ស្ដេច ។ ឯស្ដេចនឹងនាហ្មឺនសព្វមុខមន្ត្រីបានទត បានឃើញ ក៏មានសេចក្ដីសរសើរចំពោះបុរសនោះថា ជាអ្នកមានវិជ្ជាចេះចង់ស្រីប្រាកដមែន ។
ម្ង៉ៃនឹងចេះ ឲ្យគេកោត ម្ង៉ៃនឹងឆោត ឲ្យគេអាណិត
Comments are closed.