មាននិទានមួយដំណាលថា : មានបុរស ២ នាក់ទៅរកបាញ់សត្វ ។ លុះដើរចូលទៅក្នុងព្រៃបានឃើញសត្វហើយ ក៏បាញ់ព្រមគ្នា ត្រូវសត្វនោះងាប់ ហើយគិតអារសាច់ចែកគ្នា ។ បុរសទាំង ២ នាក់សឹងកើតចិត្តលោភលន់ចង់បានចំណែកលើសគ្នាតែរៀងខ្លួន ប្រកែកគ្នាទៅវិញទៅមកមិនដាច់ស្រេចឡើយ ហើយបបួលគ្នាសែងសត្វនោះទៅប្ដឹងចៅក្រម ។ ដល់ហើយបុរស ១ និយាយថា “ សូមជម្រាបលោក ត្បិតយើងខ្ញុំទាំង ២ នាក់បាញ់សត្វនេះព្រមគ្នា ត្រូវដំណាលគ្នា លុះសត្វនេះងាប់ហើយ គិតនឹងអារសាច់ចែកគ្នា ស្រាប់តែមានពាក្យវិវាទទៅវិញទៅមក ដោយចង់យកចំណែកលើសតែរៀងខ្លួន សេចក្ដីនេះសូមលោកចែកឲ្យយើងខ្ញុំផង ” ចៅក្រមដណ្ដឹងសួរថា “ នរណាបាញ់ត្រូវមុន នរណាបាញ់ត្រូវក្រោយ ? ” ។ បុរសមួយថា “ បាញ់ត្រូវព្រមគ្នា តែខ្ញុំព្រះបាទបាញ់ត្រូវត្រង់ទ្រូង ចៅនេះបាញ់ត្រូវត្រង់ជើងទាំង ២ ” ។ បុរសមួយទៀតឆ្លើយថា “ បាញ់ត្រូវព្រមគ្នាមែន តែខ្ញុំព្រះបាទបាញ់ត្រូវបាក់ជើងទាំង ២ ចៅនេះបាញ់ត្រូវត្រង់ទ្រូង ” ។ ឯចៅក្រមថា “ បើតាមពាក្យចៅទាំង ២ នាក់នេះ ឆ្លើយឲ្យការណ៍ឃើញថា បាញ់ត្រូវដំណាលគ្នា, បើដូច្នេះអញបង្គាប់ឲ្យចៅទាំង ២ នាក់កាត់ក្បាលទុកដាក់ខ្វាត់, ឯខ្លួនសត្វនោះត្រូវ ពុះជា ២ អញនឹងពិចារណាមើល តើគួរចែកគ្នាម្ខាងម្នាក់ឬយ៉ាងណា ? ” ។ ចៅទាំង ២ នាក់ពុំព្រមធ្វើតាមចៅក្រមបង្គាប់នោះឡើយ ទើបចៅក្រមនាំចៅទាំង ២ នាក់នោះឡើងទៅក្រាបទូលព្រះមហាក្សត្រ ៗ ទ្រង់ជ្រាបដោយដំណើរសព្វគ្រប់ហើយ ទ្រង់មានព្រះបន្ទូលថា “ ដោយសារព្រះស្ដែងបាញ់ត្រូវដើមទ្រូង បានជាសត្វនោះងាប់ឆាប់, ឯព្រះស្ដែងបាញ់ត្រូវជើងទាំង ២ នោះ, លុះតែសម្លាប់ថែមទៀត ទើបសត្វនោះអស់អាយុ ” ។ ព្រះមហាក្សត្រទ្រង់ឲ្យយកសាច់សត្វនោះទៅអារសាច់ចែកជា ៣ ភាគ ២ ភាគឲ្យបានទៅចៅដែលបាញ់ត្រូវដើមទ្រូង, ១ ភាគឲ្យបានទៅ ចៅដែលបាញ់ត្រូវបាក់ជើង ទាំង ២ នោះ ។ កាលបើព្រះមហាក្សត្រទ្រង់បញ្ជាឲ្យចែកដូច្នោះ ចៅទាំង ២ នាក់នោះ ក៏ចូលចិត្តព្រមព្រៀងគ្នា ហើយក្រាបបង្គំលាវិលទៅទីលំនៅទីទៃ ៗ ហោង ។
Comments are closed.