មាននិទានមួយថា : មានបុរស ២ នាក់ ម្នាក់រែកពូជស្រូវធ្ងន់ ម្នាក់រែកពូជស្រូវស្រាល ហើយម្នាក់រែកដើរទៅពីអាយ ម្នាក់រែកដើរមកពីនាយ ប្រទះគ្នានៅលើស្ពាន ១ ពុំព្រមចៀសគ្នា ប្រចាប់ចំបាប់គ្នាកំពប់ខ្ចាយស្រូវអស់ ហើយនាំគ្នាទៅប្ដឹងចៅក្រម ៗ យល់ថាកំពប់ខ្ចាយស្មើគ្នានឹងជំនុំជម្រះកាត់សេចក្ដីពុំបាន ហើយក៏នាំដំណើរនោះទៅ ក្រាបបង្គំទូលព្រះមហាក្សត្រ ។ ព្រះរាជាមានព្រះបន្ទូលដណ្ដឹងសួរទៅចៅ ១ ថា “ ស្រូវពូជព្រះស្ដែងតើស្រូវអ្វី ជាស្រូវធ្ងន់ ឬស្រូវស្រាល ? ” ។ ចៅនោះក្រាបទូលថា “ ស្រូវធ្ងន់ ” ។ ទើបទ្រង់សួរទៅចៅម្ខាងទៀតថា “ ចុះពូជស្រូវព្រះស្ដែង ជាស្រូវស្រាល ឬស្រូវធ្ងន់ ? ” ។ បុរសនោះក្រាបបង្គំទូលថា “ ស្រូវស្រាល ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ថា “ អ្នករែកពូជស្រូវធ្ងន់ត្រូវសងអ្នករែកពូជស្រូវស្រាល ត្បិតអ្នករែកពូជស្រូវស្រាល គេប្រញាប់ទៅសាបព្រោះឲ្យបានស៊ីឆាប់ទាន់មាត់ ឯស្រូវធ្ងន់នឹងបង្អង់យូរទៅទៀតក៏បាន ” ។ ចៅទាំង ២ នាក់ ក៏ព្រមហើយក្រាបថ្វាយបង្គំលាទៅកាន់ទីលំនៅទីទៃ ៗ ហោង ។
Comments are closed.