មាននិទានមួយថា : មានបុរស ៤ នាក់ទៅរករៀនសិល្បសាស្ត្រ ឯក្រុងតក្កសិលាមហានគរ ។ លុះរៀនសិល្បសាស្ត្រនោះចប់សព្វគ្រប់ ហើយក៏លាគ្រូ ដើរត្រលប់មកស្រុកវិញ លុះមកដល់ពាក់កណ្ដាលផ្លូវ បុរសទាំង ៤ នោះ បានឃើញទឹកមួយកន្លែង យល់ថាទឹកល្អ ពុំដឹងថាទឹកនោះមានពិស ។ បុរសទាំង ៤ យកទឹកនោះលប់លាងមុខមាត់ ក៏ខ្វាក់ភ្នែកអស់នឹងដើរទៅលំនៅអាត្មាឯងទីទៃ ៗ ពុំបាន ។ បុរសម្នាក់និយាយថា “បើយើងងងឹតអស់ទាំង ៤ នាក់ហើយ តើធ្វើម៉េចនឹងបានអាហារស៊ី ?” ។ បុរសម្នាក់ឆ្លើយថា“ កាលអញភ្លឺអញយល់ព្រះរាជឧទ្យានរបស់ស្ដេចមួយកន្លែង មានស្វាយផ្លែ ” ។ បុរសម្នាក់ថា “បើចៅដឹងថា ព្រះរាជឧទ្យាននៅទីណាជាប្រាកដ យើងត្រូវនាំគ្នាសំដៅទៅទីនោះ” ។ បុរសម្នាក់ឆ្លើយថា “បើចៅយល់ស្វាយនោះ អញក៏យល់ស្វាយនោះដែរ ប៉ុន្តែស្វាយនោះមានផ្លែតែមែកមួយ ” ។ បុរសម្នាក់ឆ្លើយវឹងថា “បើចៅយល់មែកស្វាយមានផ្លែពិតមែន ទុកងារឲ្យអញ ៗ នឹងចោលឲ្យជ្រុះផ្លែស្វាយនោះ” ។ បុរសម្នាក់ឆ្លើយឡើងថា “ឲ្យតែចៅចោលឲ្យជ្រុះមកចុះ អញនឹងទទួលផ្លែស្វាយនោះឲ្យបាន កុំឲ្យជ្រុះដល់ដី ” ។ បុរសខ្វាក់ទាំង ៤ នោះលុះគិតចូលចិត្តព្រមគ្នាទៅវិញទៅហើយ ក៏បណ្ដើរគ្នាទៅរកឃើញស្វាយក្នុងព្រះរាជឧទ្យានព្រះមហាក្សត្រនោះមែន ទើបបុរសមួយចោលឡើងត្រូវផ្លែស្វាយនោះជ្រុះចុះមក, បុរសមួយទទួលចាប់បានផ្លែស្វាយនោះ មិនឲ្យជ្រុះដល់ដីឡើយ ម្ល៉ោះហើយ ស្វាយក៏បែកទឹកខ្ចាយ ត្រូវបុរសទាំង ៤ នាក់នោះ ពិសក៏ជ្រះចេញអំពីភ្នែក ។ ភ្នែកបុរសទាំង ៤ នោះប្រែជាភ្លឺ ដូចកាលដែលខ្លួននៅពីកំលោះឡើងវិញ ។ បុរសទាំង ៤ កាលបើបានភ្លឺភ្នែក បានឃើញបានផ្លែស្វាយនោះហើយ ដណ្ដើមផ្លែស្វាយគ្នា ទើបនាំគ្នាទៅប្ដឹងចៅក្រមដោយដំណើរទីទៃ ៗ ។ ចៅក្រមពិចារណាកាត់សេចក្ដីឲ្យបុរសទាំង ៤ នាក់នោះពុំបាន ក៏នាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរសេចក្ដីនោះ ។ ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាដោយព្រះប្រាជ្ញាឈ្វេងយល់ហើយ ទ្រង់មានព្រះបន្ទូលថា “ព្រះស្ដែងដែលទទួល ផ្លែស្វាយបាននោះត្រូវបានមួយចំហៀង, ឯព្រះស្ដែងទាំង ៣ នាក់នោះត្បិតពុំបានទទួលផ្លែស្វាយនោះ ត្រូវបានមួយចំហៀង ៣ នាក់ គឺបុរសដែលបានមួយចំហៀងម្នាក់ឯងនោះ ពីព្រោះតែទទួលចាប់បានផ្លែស្វាយនោះឯង ” ។
បុរសទាំង ៤នាក់ចូលចិត្តហើយ ក៏ព្រមព្រៀងគ្នាទទួលធ្វើតាមព្រះបន្ទូលព្រះមហាក្សត្រទ្រង់បង្គាប់ បានបរិភោគផ្លែស្វាយស្រេចហើយក្រាបថ្វាយបង្គំលាព្រះមហាក្សត្រចេញទៅ ។
លុះបុរសទាំង ៤ នាក់នោះ នាំគ្នាដើរទៅ បុរសម្នាក់បានឃើញកំណប់មាស ទើបនាំគ្នាជីកកំណប់នោះ ទាំង ៤ នាក់ ជីកជិតបានក៏ប្រកែកគ្នាថា “ អញព្រួយជីកលើសចៅទាំង ៣ ” ។ បុរសម្នាក់ថា “អញក៏ព្រួយជីកដែរ ” ។ បុរសម្នាក់និយាយទៅកាន់ចៅនោះថា “អញក៏ព្រួយជីកដូចគ្នា” ។ បុរសដែលបានឃើញកំណប់ថា “ បើនិយាយពីព្រួយអញព្រួយលើសអ្នកទាំងអស់ ត្បិតអញបានឃើញកំណប់មុន ហើយអញព្រួយជួយជីកមាស មាសនេះទៀតផង ដូច្នេះគួរអញបានលើសគេ” ។ បុរសទាំង ៤ នាក់ជជែកគ្នាមិនដាច់ស្រេចសោះ ទើបនាំគ្នាទៅប្ដឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ។ ចៅក្រមមិនអាចចែកឲ្យបុរសទាំង ៤ នាក់នោះយល់ព្រមគ្នាបានឡើយ ក៏នាំបុរសទាំង ៤ នាក់ឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយនូវដំណើរ ។ ព្រះមហាក្សត្រទ្រង់ពិចារណាឈ្វេងយល់ ដោយដំណើរសេចក្ដី បុរសទាំង ៤ នោះហើយ ទ្រង់ឲ្យចែកមាសជា ៥ ភាគ ឲ្យទៅបុរសដែលបានឃើញកំណប់នោះ ៣ ភាគ ត្បិតអ្នកនោះស្លូតត្រង់ពុំលាក់នឹងគ្នា, ២ ភាគទៀតទ្រង់ឲ្យចែកទៅបុរសទាំង ៣ នាក់ស្មើគ្នា ។ បុរសទាំង ៤ នោះព្រមទទួលយកចំណែកមាសនោះ ដូចព្រះបន្ទូលព្រះមហាក្សត្រទ្រង់ព្រះបញ្ជាហើយក្រាបថ្វាយបង្គំលាទៅលំនៅទីទៃហោង ។
Comments are closed.