បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ តាមផ្លូវជាតិលេខ ២ ចម្ងាយ ៣២ គ.ម. ដល់ទៅត្រង់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅស្ដាំដៃចំនួន ២ គ.ម. ក្នុងឃុំក្រាំងធ្នង់ ស្រុកខេត្តដដែល នឹងឃើញទន្លេបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃ មានទឹកល្ហល្ហេវ ខួបប្រាំងខួបវស្សា ហៅថា ” ទន្លេបាទី ” ។ ក្បែរឆ្នេរខាងត្បូងនៃទន្លេនោះ មានប្រាសាទ ២ ប្រាសាទតាព្រំ ១ ប្រាសាទយាយពៅ ១ ។
រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះ មានដំណាលដូចតទៅ ៖
កាលស្ដេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហានគរជាស្ដេចមានបុណ្យអស្ចារ្យ ។ វេលាមួយ ស្ដេចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់ប្រាសាទពុំបាន ទ្រង់យាងកម្សាន្តព្រះរាជហឫទ័យជាមួយនឹងរេហ៍ពល ដោយផ្លូវនាវា តាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុះយាងទៅដល់ទន្លេបាទី ទ្រង់ចតព្រះទីន័ងនាវានៅត្រើយនោះដោយសោមនស្ស ហើយទ្រង់បោះព្រះពន្លាជ័យសម្រាកព្រះអង្គនៅក្នុងទីនោះ ។ ពេលនោះ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមក ដោយមិនដែលឃើញស្ដេចសោះ ក៏នាំគ្នាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ យកអាករសួរៃមកថ្វាយព្រះអង្គគ្រប់គ្នា ។ កាលនោះ មានយាយម្នាក់មានភោគសម្បត្តិស្ដុកស្ដម្ភជាងអ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះនាង “ពៅ(២)” មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង ។ គាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃ ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ទ្រង់ចំអន់លេងរាល់ពេលវេលា ។ យាយដឹងថា ស្ដេចសព្វព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី ។ ស្ដេចបាននាងពៅ ធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង ពៅ ពន់ពេក ព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អ ។ ស្ដេចគង់នៅទីនោះបាន ៣ ខែ នាងក៏មានគភ៌ ។ លុះនាងមានគភ៌បាន ៣ ខែ ព្រះរាជាទ្រង់មានព្រះរាជបន្ទូលថា ” ចូរប្អូននៅក្នុងទីនេះចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលាត្រឡប់ទៅមហានគរវិញ” ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរ្តិ៍ ថា “បើព្រះរាជបុត្រប្រសូតិមក កាលណាធំដឹងក្ដីឡើង ចង់ទៅសួររកបង ចូរឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សី ” ។ នាង ពៅ បានស្ដាប់ព្រះបន្ទូលដូច្នេះ ក៏សោកសង្រេងអាឡោះអាល័យព្រះស្វាមីក្រៃពេកដោយទ្រង់មិនឲ្យនាងទៅតាមផង ។ ព្រះរាជាទ្រង់ផ្ដាំស្រេចហើយ ទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញ ។
ក្រោយមក គភ៌នាង ពៅ គ្រប់ខែ ក៏ប្រសូតិបានព្រះរាជបុត្រប្រុសមួយមានរូបល្អពិសី ទ្រង់ទ្រាយដូចព្រះវរបិតា មាតាឲ្យនាមថា “អង្គព្រំកុមារ ” ដោយហេតុថា ព្រះរាជកុមារប្រសូតិនៅព្រំដែនទន្លេនោះ ។ លុះព្រះរាជកុមារធំឡើងបានព្រះជន្ម ១៦ ឆ្នាំ សួររកបិតា នាងពៅ ដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារចង់ទៅតាមព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាសឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្ដាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅ ។ លុះបានដល់ខ្លោងទ្វារព្រះមហានគរបានសួរអ្នកចាំទ្វាររកព្រះវរបិតា ។ នាយឆ្មាំទ្វារបានស្ដាប់ ក៏ចាត់មន្ត្រីឲ្យទៅក្រាបបង្គំទូលស្ដេចៗទ្រង់ជ្រាប ទ្រង់មានព្រះតម្រាស់ឲ្យចូលទៅ ។ អង្គព្រំ ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ ។ ស្ដេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រំឲ្យមកធ្វើជាចៅហ្វាយស្រុកនៅត្រើយទន្លេនោះ ។ ដោយហេតុថា អង្គព្រំ ប្រសូតិក្នុងទីនោះផង ដោយទីនោះពុំទាន់មាននាហ្មឺនណាឈរត្រួតត្រាផង ក៏ទ្រង់ធ្វើព្រះរាជសារមានត្រាតាំង អង្គព្រំ ជាស្ដេចក្រាញ់មួយអង្គជាធំក្នុងស្រុកនេះ, ហើយដោយហេតុ អង្គព្រំ ជាស្ដេច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទី គឺទីរបស់ស្ដេចជាបាពីត្រឹមនោះមក ។ លុះ អង្គព្រំ បានជាស្ដេចក្រាញ់ នៅស្រុកនោះហើយទ្រង់បានចាត់ឲ្យសាងប្រាសាទ ២ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង ។ ដំណាក់ឯទៀតជាច្រើននៅក្បែរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផ្សេងៗ តាមមុខក្រសួងនាហ្មឺនសព្វមុខមន្ត្រី ។
ទីបរិវេណនៃប្រាសាទទាំងនេះ សព្វថ្ងៃជាទីវត្តមួយឈ្មោះ វត្តទន្លេបាទី ជារមណីយដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើនចូលចិត្តទៅទស្សនា ។
Comments are closed.