រឿង ប្រាសាទ​ព្រហ្ម​កិល

(នៅ​ខេត្ត​សៀមរាប)

នៅ​ឃុំ​ចុង​កាល់ ស្រុក​សំរោង​ចុង​កាល់ ខេត្ត​សៀមរាប មាន​ប្រាសាទ​បុរាណ​មួយ​ប្រាសាទ​នោះ មាន​ស្រះ​ពីរ​នៅ​ក្បែរ​ខាង តួ​ប្រាសាទ​កម្ពស់​ប្រហែល ៥ ម,៥០ ទំហំ​ប្រាសាទ​ប្រហែល ១៥ ឬ ១៦ ម៉ែត្រ​បួន​ជ្រុង ខាង​ក្នុង​ប្រាសាទ មាន​ថ្ម​មួយ​ផែន​ដូច​ជា​បល្ល័ង្ក ។ ប្រាសាទ​នោះ ហៅ​ថា​ប្រាសាទ​ព្រហ្មកិល នៅ​ខាង​ជើង​ស្ទឹង​មួយ ចម្ងាយ​ប្រហែល​ជា ១៥០ ម៉ែត្រ ចំពោះ​ប្រាសាទ​ថ្ម​ដែល​ទៀប​មាត់​ស្ទឹង​នេះ ចាស់​បុរាណ​បាន​ចងចាំ​រឿង​ព្រេង​មួយ​ដូច​តទៅ :

មាន​សេចក្ដី​ដំណាល​ថា កាល​នោះ មាន​បុរស​អ្នក​ដើរ​រក​ផ្ដៅ​ម្នាក់ បាន​ដើរ​រក​ផ្ដៅ​ក្នុង​ព្រៃ ប្រទះ​ឃើញ​ដើម​រកា​ខ្មៅ (?) មួយ យក​មក​ធ្វើ​ជា​ដំបង​យ៉ាង​មាំ ហើយ​ល្អ​អស្ចារ្យ សន្មត​ហៅ​ថា “ដំបង​ក្រញូង ” ។

ក្រោយ​ពី​បាន​ដំបង​នេះ​មក​កាន់​កាប់​ថែ​រក្សា បុរស​នោះ​ក៏​ក្លាយ​ទៅ​ជា​អ្នក​មាន​បារមី​យ៉ាង​សម្បើម ដោយ​សារ​ឫទ្ធ​អំណាច​ដំបង​របស់​គាត់​នោះ​ឯង ។ បុរស​នេះ​​ដឹង​ថា​ ខ្លួន​មាន​តេជះ​បារមី​ខ្លាំង​ពូកែ​ដូច្នោះ ក៏​កើត​មាន​ចិត្ត​លោភលន់​ពន់​ប្រមាណ ហ៊ាន​វាយ​ដណ្ដើម​យក​រាជ​សម្បត្តិ​អំពី​ព្រះ​បាទ ចក្រពត្តិ ដែល​គ្រង​រាជ​សម្បត្តិ​នៅ​រាជធានី​អង្គរ​វត្ត ហើយ​សោយរាជ្យ​ជា​ម្ចាស់​ផែន​ដី​ប្រទេស​ខ្មែរ ជា​តំណ​វង្ស​អំពី​ព្រះ​បាទ ចក្រពត្តិ នោះ​មក បាន​ដាក់​នាម​ព្រះ​អង្គ​ថា “ព្រះ​បាទ ដំបង​គ្រញូង ” ដោយ​យក​តាម​ដំបង​របស់​ព្រះ​អង្គ មក​ដាក់​ដើម្បី​រំលឹក​ដល់​ជ័យ​ជម្នះ​របស់​ទ្រង់ ។

លុះ​ព្រះ​អង្គ​សោយរាជ្យ​សម្បត្តិ​បាន ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ, ក្នុង​រាត្រី​មួយ ព្រះ​អង្គ​បាន​ទត​ឃើញ​ផ្កាយ​មួយ​មាន​ពន្លឺ​ភ្លឺ​ចិញ្ចែង មាន​ឆត្រ​រួត ៣ ជាន់ រះ​ឡើង​ជាក់​ស្ដែង​ក្នុង​វង់​ព្រះ​ច័ន្ទ ដែល​កំពុង​បញ្ចេញ​រស្មី​ភ្លឺ​ចិញ្ចាច គ្រប​លើ​ធម្ម​ជាតិ​នានា ។ ព្រះ​បាទ ដំបង​គ្រញូង ទត​ឃើញ​ហេតុ​អស្ចារ្យ​ដូច​ច្នេះ​ហើយ នឹក​ពិភាល់​ក្នុង​ព្រះ​ចិន្ដា ក៏​ហៅ​ហោរា​មក​ទស្សន៍ទាយ​មួយ​រំពេច​។ ហោរា ក្រោយ​ពី​បាន​បើក​ក្បួន​តម្រា​មើល​លក្ខណៈ​សព្វ​គ្រប់​ទៅ ក៏​បាន​ទាយ​ថា ” ហេតុ​អស្ចារ្យ​នេះ ជា​បូព៌​និមិត្ត​ឲ្យ​ដឹង​ថា “មាន​អ្នក​មាន​បុណ្យ​មក​ចាប់​បដិសន្ធិ​ផ្ទៃ​ស្ត្រី​ណា​មួយ ក្នុង​ប្រទេស​របស់​យើង​នេះ​ហើយ អ្នក​មាន​បុណ្យ​នេះ ឧប្បត្តិ​ឡើង​នឹង​បាន​គ្រង​រាជ​នៅ​ប្រទេស​កម្ពុជា ” ។ ព្រះ​បាទ​ដំបង​គ្រញូង បាន​ឮ​ទំនាយ​នេះ​ភ្លាម ក៏​ទ្រង់​ព្រួយ​ព្រះហឫទ័យ​ឥត​ឧបមា ទ្រង់​ចាត់​ឲ្យ​ពួក​សេនា​មាត្រ ដើរ​កាប់​សម្លាប់​ស្ត្រី​ណា ដែល​មាន​ផ្ទៃ​ពោះ​ឲ្យ​អស់ ហើយ​ឲ្យ​យក​ទៅ​ដុត​ចោល កុំ​ឲ្យ​មាន​សល់ ។ គ្រា​នោះ​ស្រី​ស្នំ ព្រម​ទាំង​ស្រី​ជា​ច្រើន ដែល​មាន​គភ៌​ទាំង​ប៉ុន្មាន ត្រូវ​សេនា​មាត្រ​សម្លាប់ ហើយ​យក​ទៅ​ដុត​ចោល​ទាំង​អស់ ។

អស្ចារ្យ​ណាស់ ! ហេតុ​តែ​អ្នក​មាន​បុណ្យ​មែន ពួក​សេនា​មាត្រ កំពុង​ដុត​សាក​សព​ស្ត្រី​ផ្ទៃ​ពោះ​ទាំង​នោះ ហើយ​យក​ដែក​សូល​ចាក់​រុក​ស្ត្រី​ម្នាក់ ជា​ស្នំ​នៃ​ព្រះ​បាទ ចក្រពត្តិ ដែល​ភ្លើង​កំពុង​ឆេះ ក៏​ធ្លាក់​ទារក​មួយ​ពី​ក្នុង​ផ្ទៃ​មក​លើ​ភ្នក់​ភ្លើង នាំ​ឲ្យ​ភ្លើង​ឆេះ​រលាក​ដៃ​ជើង​អស់ តែ​មិន​ទាន់​ស្លាប់ ពួក​អាមាត្យ​ក៏​យក​ទារក​នោះ​ទៅ​លាក់​ទុក​ក្នុង​គុម្ព​ផ្ដៅ​ក្រែក ។ ពេល​សាយណ្ហ​សម័យ លោក​គ្រូ​ចៅ​អធិការ​វត្ត​និមន្ត​ចេញ​ទៅ​បង្សុកូល ចង្ក្រម​ភាវនា​ក្នុង រាជ​អាមាត្យ​ក៏​ប្រគេន​ទារក​នោះ​មក​លោក ឲ្យ​លោក​យក​ទៅ​ចិញ្ចឹម លោក​ក៏​យក​ទារក​ទៅ​ព្យាបាល​ដោយ​ថ្នាំ​ផ្សេងៗ លុះ​ត្រា​តែ​បាន​សះ​ដំបៅ​ដែល​ភ្លើង​រលាក​នោះ តែ​ទារក​នោះ​អវយវៈ​មិន​ល្អ​ដូច​ដើម​ទេ ជាប់​ដៃ​ជើង​ខ្វិន​ខ្វង់ ។

លុះ​ទារក​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ធំ​ឡើង ក៏​បាន​សិក្សា​រៀន​សូត្រ អក្សរ​សាស្ត្រ​ផ្សេង​ៗ ក្នុង​សំណាក់​លោក​គ្រូ​ចៅអធិការ​វត្ត​នោះ ។ ដើរ​ទៅ​ណា​មក​ណា កុមារ​តែង​កិល​ដោយ​គូថ ជា​ជំនួស​ដំណើរ​ធម្មតា ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ខ្លះ​ហៅ​គាត់​ថា ” ព្រហ្ម​កិល ” ខ្លះ​ហៅ​ថា ” ពញា​ក្រែកៗ” ដោយ​គេ​សំគាល់​តាម​កំណើត​ដើម​គាត់​កិល​ផង ដែល​គេ​រើស​បាន​ពី​គុម្ព​ផ្ដៅ​ក្រែក​ផង ។

ថ្ងៃ​មួយ ព្រះ​បាទ​ដំបង​គ្រញូង បាន​ទត​ឃើញ​ហេតុ​អស្ចារ្យ​មួយ​ទៀត កើត​ឡើង​កណ្ដាល​រាត្រី គឺ​ព្រះ​អង្គ​បាន​ទត​ឃើញ​ផ្កាយ​រះ​ទន្ទឹម​ព្រះ​ចន្ទ ហើយ​មាន​ពន្លឺ​ជះ​ទៅ​លើ​ព្រះ​ចន្ទ ធ្វើ​ឲ្យ​ព្រះ​ចន្ទ​អាប់​រស្មី​នា​កណ្ដាល​នភាល័យ ។ ព្រះ​រាជា ទ្រង់​ឲ្យ​ហោរា​គន់​គូរ​មើល​បូព៌​និមិត្ត​នោះ​ម្ដង​ទៀត ។ ហោរា​ទាញ​ក្ដារ​ឈ្នួន​វាយ​លេខ​គន់​គូរ​មើល​ទៅ​ឃើញ​ទៀត​ថា “អ្នក​មាន​បុណ្យ​នោះ​បាន​កើត​ឡើង​ហើយ មាន​ឫទ្ធ​បារមី​ជាង​ព្រះ​អង្គ​ទៅ​ទៀត នៅ​តែ ៧ ថ្ងៃ​ទៀត​ទេ អ្នក​មាន​បុណ្យ​នោះ នឹង​ជិះ​សេះ​ស​ហោះ​មក​អំពី​ទិស​ឦសាន ហើយ​នឹង​បាន​សោយរាជ្យ​សម្បត្តិ​ក្នុង​នគរ​នេះ ” ។ ស្ដេច​ដំបង​គ្រញូង កាល​ទ្រង់​ឮ​ហោរទាយ​ដូច្នេះ ក៏​មាន​ព្រះ​រាជ​ឱង្ការ​តប​ថា ” ទេ​ហោរ ! អញ​មិន​ឲ្យ​រាជ្យ​នេះ​ទៅ​អ្នក​ណា​ទេ អញ​ត្រូវ​តែ​ល្បង​ឫទ្ធ​ស៊ូ​ឲ្យ​អស់​ដៃ-ជើង បើ​ចាញ់​គេ ទើប​អញ​ប្រគល់​រាជ្យ​នេះ​ ឲ្យ ” ។

រីឯ​ប្រជា​រាស្ត្រ កាល​បើ​ឮ​ដំណឹង​ថា ” អ្នក​មាន​បុណ្យ​បាន​ឧប្បត្តិ​ឡើង​ហើយ នឹង​ជិះ​សេះ​ស​ហោះ​មក​ក្នុង​ថ្ងៃ​ទី ៧ ” ដូច្នេះ ក៏​នាំ​គ្នា​ផ្អើល​ឈូឆរ​មីរ​ដេរដាស ទៅ​មើល​អ្នក​មាន​បុណ្យ នៅ​ឯ​ព្រះរាជ​វាំង​អង្គរ​វត្ត ។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​នោះ គេ​ឃើញ​នាយ​ព្រហ្មកិល ខំ​ប្រវេប្រវា​ទៅ​ថ្វាយ​បង្គំ​លា​លោក​គ្រូ​ចៅ​អធិការ ជា​បិតា​ចិញ្ចឹម ដើម្បី​នឹង​ទៅ​មើល​អ្នក​មាន​បុណ្យ ជា​មួយ​នឹង​អ្នក​ស្រុក​ទាំង​ពួង​ដែរ ។ លោក​គ្រូ​ញញឹម ព្រម​អនុញ្ញាត ហើយ​ឲ្យ​ពរ​សព្ទសាធុការ​ថា ទៅ​ចុះ ឲ្យ​បាន​សេចក្ដី​សុខ-ចម្រើន​គ្រប់​ប្រការ ” ។

អ្នក​ផង​ទាំង​ពួង​ដែល​គេ​ដើរ​ដោយ​ជើង​បាន គេ​ចេះ​តែ​នាំ​គ្នា​ដើរ​លឿន​ទៅ​មុខ​បាត់​អស់​ទៅ ឯ​ព្រហ្ម​កិល ខំ​កិល​ដោយ​គូថ​យ៉ាង​អង់អាច តែ​ទោះ​បី​យ៉ាង​ណា​ក៏​ធ្វើ​ដំណើរ​មិន​ទាន់​គេ​ដែរ​ គាត់​អស់​កម្លាំង​ជា​ខ្លាំង ក៏​ឈប់​សម្រាក​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើម នា​ព្រៃ​ស្ងាត់​កណ្ដាល​ផ្លូវ ។

ក្នុង​ខណៈ​នោះ មាន​តា​ចាស់​ម្នាក់ ដឹក​សេះ​ស​មួយ​នៅ​ដៃ ស្ពាយ​កញ្ចប់​បាយ​សំណុំ ទឹក​បំពង់ និង​បង្វេច​សំលៀក​បំពាក់​ដើរ​តម្រង់​ឆ្ពោះ​ទៅ​រក ព្រហ្ម​កិល ហើយ​និយាយ​ផ្ញើ​សេះ​ថា ” នែ​ចៅ ! តា​ផ្ញើ​សេះ​និង​បង្វេច​នេះ​ផង តា​មាន​ធុរៈ​ទៅ​ក្នុង​ព្រៃ​មួយ​រំពេច ” ។ ព្រហ្ម​កិល ទទួល​ហើយ​និយាយ​ថា “ចុះ​ឲ្យ​រក្សា​សេះ​លោក​តា​ដូចម្ដេច​បាន បើ​ខ្ញុំ​មាន​ដៃ-ជើង​ខ្វិន​ខ្វង់​ជាប់​គ្នា​ដូច្នេះ ? ” ។ គាត់​ឆ្លើយ​ថា ” ចៅ​!​តា​សុំ​ចង​ខ្សែ​វា​ជាប់​នឹង​ដៃ​ចៅ​ឯង​តែ​ម្ដង ” ។ ព្រហ្ម​កិល ទទួល​ព្រម ហើយ​តា​ក៏​ចង​ខ្សែ​សេះ​នោះ​ជាប់​នឹង​ដៃ​ស្ដាំ ព្រហ្ម​កិល ទៅ ។ លុះ​ចង​រួច​ស្រេច តា​ម្ចាស់​សេះ​ក៏​ចូល​ព្រៃ​បាត់​ទៅ សេះ​ដើរ​ព័ទ្ធ​ជុំវិញ ព្រហ្ម​កិល ទៅ​មក​ៗ មួយ​សន្ទុះ ក៏​ស្រែក​កញ្ឆៀវ​កន្ត្រាក់​ពេញ​ទំហឹង ដៃ​ ព្រហ្ម​កិល ខាង​ស្ដាំ​ក៏​រលា​លែង​ជាប់​គ្នា ។ ព្រហ្ម​កិល​ក៏​នឹក​ថា ” បើ​វារ​លា​បែប​នេះ អញ​គួរ​យក​ខ្សែ​នេះ​ទៅ​ចង​ដៃ​ស្ដាំ​ម្ខាង​ទៀត” គិត​ក៏​ស្រាយ​ពី​ដៃ​ស្ដាំ​យក​ទៅ​ចង​ដៃ​ឆ្វេង​ទៀត ដៃ​នោះ​ក៏​រលា​ត្រង់​ស្មើ​គ្នា​ទាំង​ពីរ ហើយ​ព្រហ្ម​កិល យក​ទៅ​ចង​ជើង​ៗ ទាំង ២ ក៏​រលា​ដូច​គ្នា​ទៀត ។ ពេល​នោះ ព្រហ្ម​កិល នឹក​ឃ្លាន​បាយ នឹង​ទៅ​រក​បាយ​បរិភោគ​ពុំ​បាន ឃើញ​កញ្ចប់​បាយ​ដែល​តា​ម្ចាស់​សេះ​ផ្ញើ ក៏​ស្រាយ​មើល​ឃើញ​បាយ​នោះ​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់ ទ្រាំ​អត់​ឃ្លាន​ពុំ​បាន ក៏​យក​មក​បរិ​ភោគ​ទាល់​តែ​ឆ្អែត ។

ពេល​នោះ​ព្រហ្ម​កិល​រង់ចាំ​មើល​ម្ចាស់​សេះ​ពុំ​ឃើញ ក៏​ស្រាយ​បង្វេច​មើល​ឃើញ​សំលៀក​បំពាក់ នឹង​ចង់​ល​ខោ​អាវ​ដែល​តា​ផ្ញើ​ទុក តើ​បាន​សម​នឹង​រូប​រាង​អាត្មា​អញ​យ៉ាង​ទៅ ព្រោះ​តាំង​ពី​យូរ​មក​ពុំ​ដែល​បាន​ស្លៀក​ពាក់​ខោអាវ​ល្អ​ៗ ដល់​ម្ដង​ណា​សោះ​ឡើយ ។ គិត​ហើយ​ក៏​យក​ខោ​អាវ​មក​ស្លៀក​ពាក់ លុះ​ស្លៀក​ពាក់​រួច​ហើយ គន់​មើល​ខ្លួន​ប្រាណ​ឃើញ​មាន​លំអ​យ៉ាង​ស្រស់ ក៏​នឹក​ចង់​ជិះ​ល​មើល​ទៀត ហើយ​ទាញ​សេះ​មក​បង្ខាំ​បង្ហៀរ​ជិះ សេះ​ក៏​ព្រម​ដោយ​ងាយ ដូច​ប្រាថ្នា ទើប​តែ​នឹង​លើក​ជើង​គង​បាន​ម្ខាង សេះ​ក៏​ហោះ​រ៉េវ​ទៅ​មួយ​រំពេច នៅ​ត្រង់​ព្រៃ​មួយ ដែល​គេ​តែង​ហៅ​ថា ” ព្រៃ​សម្រេច ” សព្វ​ថ្ងៃ​នេះ ព្រោះ​ព្រៃ​ហ្នឹងហើយ​ជា​ព្រៃ​ដែល ព្រហ្ម​កិល សម្រេច​ការ​ជិះ​សេះ​ដូច​បំណង ហើយ​សេះ​ក៏​ហោះ​ឆ្វែល​ប្រាសាទ​អង្គរ​ធំ ដែល​ជា​រាជ​ធានី ព្រះ​បាទ​ដំបង​គ្រញូង ។ ចំណែក​ស្ដេច​ដំបង​គ្រញូង ក៏​នឹក​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ថា “អាណា​ហ៊ាន​មក​ហោះ​លើ​ប្រាសាទ​របស់​អញ ” ខ្ញាល់​ណាស់​ចាប់​ទាញ​ដំបង​ក្រញូង​ដែល​មាន​ឫទ្ធ​ពូកែ​អស្ចារ្យ ចោល​សំដៅ​ទៅ​រក​អ្នក​មាន​បុណ្យ ព្រហ្ម​កិល តែ​មិន​ត្រូវ ដំបង​ក៏​ហួស​ជ្រួស​រហូត​ធ្លាក់​បាត់​នៅ​ក្នុង​ព្រៃ​មួយ ដែល​តមក​ខាង​ក្រោយ ព្រៃ​នោះ គេ​ហៅ​ថា ” ព្រៃ​បាត់​ដំបង ” ហើយ​ដែល​ក្រោយ​មក​ជា​ទី​ក្រុង​យ៉ាង​ល្អ​មួយ​ហៅ​ថា ” បាត់ដំបង ” សព្វ​ថ្ងៃ​នេះ ។ ស្ដេច ដំបង​គ្រញូង ដឹង​ថា​ខ្លួន​អស់​ឫទ្ធ​អំណាច ដោយ​បាត់​ដំបង​ពូកែ​របស់​ខ្លួន​ហើយ ក៏​ភៀស​ខ្លួន​ទៅ​ស្រុក​លាវ​បាត់​ទៅ។

ឯ​អ្នក​មាន​បុណ្យ គឺ​ព្រះ​អង្គ​ម្ចាស់ ព្រហ្ម​កិល ក៏បាន​សោយ​រាជ្យ​ឡើង ជា​តំណ​ពី​ព្រះបាទ​ដំបង​គ្រញូង ទ្រង់​ដាក់​នាម​ព្រះ​អង្គ​ថា ” ព្រះ​បាទ​សិន្ធព​អនុរាជ(១) ( ព្រហ្ម​កិល ) ហើយ​ក្នុង​រាជ្យ​របស់​ព្រះ​អង្គ ទ្រង់​បាន​កែ​ប្រៃ​ទង់​ជាតិ​ខ្មែរ ដាក់​រូប​សេះ​ស​នៅ​ចំ​កណ្ដាល ដើម្បី​តប​ឧបការ​គុណ​ចំពោះ​សេះ​ស ដែល​ព្រះ​អង្គ​បាន​សោយ​រាជ្យ​ដោយ​សារ​នោះ និង​ជ័យ​ជម្នះ​របស់​ទ្រង់ ក្នុង​ការ​ដណ្ដើម​យក​រាជ្យ​អំពី​ព្រះបាទ ដំបង​គ្រញូង ជា​អ្នក​ផ្សង​ព្រេង​មាន​ឫទ្ធ​ម្នាក់ ដែល​សោយ​រាជ្យ​តំណ​ពី​ព្រះ​វរបិតា​របស់​ទ្រង់​មក ។ ព្រះ​អង្គបាន​ឲ្យ​សាង​ប្រាសាទ​ ១ ទុក​ជា​អនុស្សាវរីយ៍ ត្រង់​ទី​ដែល​តា​ផ្ញើ​សេះ​នឹង​ព្រហ្ម​កិល ហើយ​ដាក់​ឈ្មោះ​ថា ” ប្រាសាទ​ព្រហ្ម​កិល ” ឈ្មោះ​នេះ នៅ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​ជា​ប្រាសាទ​តូច​នៅ​ជាប់​ស្ទឹង​ដែល​ពោល​មក​ពី​ខាង​ដើម​នោះ​ឯង ។

Comments are closed.