នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងជើងថ្នល់ជាតិលេខ ៦ ត្រង់ខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ.ម. ដែលមានផ្លូវលំ ១ ចូលទៅខាងជើង ប្រមាណ ១៥០០ ម. មានភ្នំពីរ ឃ្លាតគ្នាប្រហែលជា ១០០ ម. ពីគ្នា ។ មួយនៅខាងកើត ហៅ ភ្នំស្រី ឬ ភ្នំធំ, មួយទៀត ទាបនៅខាងលិច ហៅ ភ្នំប្រុស ឬ ភ្នំព្រះបាទ, ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា “ភ្នំជើងព្រៃ” បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រី និង ប្រុស ភ្នាល់គ្នាលើកភ្នំនេះ ដូច “ភ្នំស្រីភ្នំប្រុស” នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណ្ដៅដីនៅភ្នំស្រី ដែលខាងស្រីជីកយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណ្ដៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកដីយកមកធ្វើជាភ្នំនេះ ក្លាយទៅជាស្រះធំ ១ គ្មានទឹកខួបប្រាំងខួបវស្សា ហៅថា កំពែងស្ងួត ។
ឯផ្លូវលំ នៅខាងកើតផ្សារផ្អាវ ប្រមាណ ៣ គ. ម. ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្តតូចធំចេញចូលបានស្រួល ។
ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬ ភ្នំធំ ចម្ងាយប្រមាណជា ១០០ ម. ទំហំប្រមាណជា ១០០ ម៉ែត្រ ៤ ជ្រុង, ជម្រៅប្រមាណជា ១០ ម. ទទឹងខ្នងលើនៃមាត់ស្រះជុំវិញ ៥ ម. រាបស្មើធេង ។ សព្វថ្ងៃ នៅល្អនៅឡើយ, មានទឹកថ្លាឈ្វេង ជាទីអាស្រ័យនៅនៃពួកបច្ឆាជាតិ ហើយមានទាំងវារីជាតិនានា ដុះពាសពេញស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយ ដេរដាស អាចប្រៀបទៅនឹងបឹងតូចមួយបាន ដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា ។
ឥតមានពួកអ្នកនេសាទណាមួយ ហ៊ានទៅចងសន្ទូច ទៅប្របក់ ឬ ទៅដាក់លបលាយអ្វី ក្នុងស្រះនោះឡើយ ដោយគេខ្លាចរអាគ្រប់ៗ គ្នា, សូម្បីតែបន្លែបង្ការ និង ផ្លែផ្កានៃវារិជាតផ្សេងៗ មានផ្កាឈូកជាដើម ក៏គេហាមកូនចៅគេ មិនឲ្យបេះបោចសោះឡើយ ។
ស្រះនេះ ពីដើមគេហៅថា “ស្រះទឹកព្រះ” ដូចជម្រាបខាងដើម, តែសព្វថ្ងៃ គេហៅតែ “ទឹកព្រះ” ។ បានជាគេហៅថា “ទឹកព្រះ” ព្រោះទឹកថ្លាណាស់, ហើយនៅពេលដែលគេត្រូវការឡើងទៅលើភ្នំនោះម្ដងៗ ដោយមានការអ្វីក្ដី ដោយកម្សាន្តក្ដី គេតែងតែយកដប ថូ កែវ ផ្តិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន ។
ពាក្យថា “ទឹកព្រះ” បានដិតជាប់នឹងមាត់អ្នកស្រុក ដែលនៅជិតទីនោះគ្រប់ៗ គ្នា, ពេលណា គេត្រូវការតាមគោ ក្របី ដែលបាត់ ឬ ត្រូវការទៅរកឧស គេតែងតែសួរគ្នាថា រកឃើញនៅខាងណាទឹកព្រះ ? ឬ ទៅរកឧសខាងណាទឹកព្រះ ? ។
បុរាណវត្ថុនានា ដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅក៏ច្រើន នៅសល់ក៏ច្រើន, ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិព្វាន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។
ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានកម្ពស់ជាង ១ ម. បែរព្រះភក្ត្រចំទៅទិសអាគ្នេយ៍ ប្រតិស្ឋាននៅក្នុងគុកគុហា ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និង ស្នាមព្រះពុទ្ធបាទ ។
ព្រះពុទ្ធរូបនិព្វាន ព្រះកេសបែរទៅទិសបូព៌ ព្រះភក្ត្របែរទៅទិសឧត្ដរ ញញឹមស្រស់ ប្រតិស្ឋាននៅក្នុងសាលង្គមួយ ប្រក់ស័ង្កសី ដែលជនជាន់ក្រោយសាងថ្វាយ នៅទិសនិរតីនៃគុកគុហា ។
គុកគុហាដែលតម្កល់បូជនីយវត្ថុទាំងនោះ ទ្រុឌទ្រោមគ្រាំគ្រាណាស់ទៅហើយ, អ្នកដែលចូលទៅនមស្ការបូជាព្រះក្នុងគុកគុហានោះ តែងតែមានចិត្តព្រួយបារម្ភ ក្រែងបាក់ធ្លាក់សង្កត់លើខ្លួន ។
នៅលើមាត់ទ្វារខាងលិច និង ខាងកើត នៃគុកគុហានោះ មានសិលាចារឹកយ៉ាងច្បាស់លាស់, អ្នកមើលពីចម្ងាយទៅ សំគាល់ថា អក្សរខ្មែរ តែលុះចូលទៅដល់ អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ ព្រោះជាអក្សរខ្មែរបុរាណ ។
ឯរណ្ដៅក្ដី ដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំ ហើយក្លាយទៅជាស្រះ ១ ធំ ឈ្មោះ “កំពែងស្ងួត” នោះ មានទំហំ ប្រមាណជា ១០០ ម. ៤ ជ្រុងស្មើ ជម្រៅប្រមាណជា ១០ ម. ឋិតនៅប៉ែកខាងកើត ឆៀងខាងត្បូង នៃស្រះទឹកព្រះ របស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ។ ស្រះកំពែងស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះនោះដែរ, តែកាលណាភ្លៀងរាំងភ្លាម ក៏រីងស្ងួតហួតទឹកអស់មួយរំពេច ហាក់ដូចជាមានរន្ធយ៉ាងធំបង្ហូរទឹកចេញ ។ គួរឲ្យឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និង ស្រះខាងប្រុសនេះ ឋិតនៅចម្ងាយពីគ្នាមិនទាំងដល់ ១០០ ម. ផង ម៉េចក៏ស្រះមួយខាងស្រី មានទឹកពេញព្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុស ក៏បែរជាស្ងួតហួតហែងទៅវិញ ? តាមចាស់ៗ នៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្ដាសា ដែលពួកខាងស្រីដាក់ឲ្យពួកខាងប្រុស ។
នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូច ទំហំប្រមាណជា ៥ ម. បួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ ឬ ៥ ម., គេហៅថា ស្រះលាងជើង ។ ចាស់ៗ តំណាលថា ស្រះនេះ បានជាគេហៅដូច្នោះ ព្រោះចាស់បុរាណ បានជីកទុកចុះទៅលាងជើង មុននឹងឡើងទៅលើភ្នំទាំង ២ ។
សព្វថ្ងៃ, នៅរាល់ថ្ងៃ ៨ កើត ៨ រោច ១៥ កើត ១៤-១៥ រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទ នៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកភ្នំខ្លះ គេតែងនិមន្តព្រះសង្ឃឡើងទៅលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល, កាលបើគេសមាទានឧបោសថសីលហើយ ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល ១ ថ្ងៃនោះទល់ល្ងាច, ខ្លះទៀត នៅរហូតអស់រយៈពេល ១ ថ្ងៃ ១ យប់ ទើបវិលមកលំនៅរបស់អាត្មាវិញ ។
អ្នកដែលនៅអស់រយៈពេល ១ ថ្ងៃ ១ យប់នោះ គឺគេនៅធ្វើសមាធិកម្មដ្ឋាន, លុះព្រឹកឡើង គេធ្វើចង្ហាន់ប្រគេនព្រះសង្ឃ កិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត ។ អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឃនោះ គេធ្វើតែសម្លបួស មិនធ្វើសម្លត្រី-សាច់ទេ, ដោយជឿថា បើធ្វើសម្លត្រី-សាច់ នឹងមានហេតុ នាំឲ្យរំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោម ខាំ ទិច រកតែដេកមិនបាន អង្គុយធ្វើសមណធម៌មិនកើត ដោយការទទួលទានត្រី-សាច់ នាំឲ្យឆ្អេះឆ្អាបស្អុយ ។
មានលោកធុតង្គជាច្រើនអង្គ និមន្តមកគង់នៅលើភ្នំនោះ តែទ្រាំនៅឲ្យជាប់រាប់ខែមិនបាន នៅតែបន្តិចៗ ក៏និមន្តទៅបាត់ ។
ឧបាសក ឧបាសិកាខ្លះ យកទឹកទៅស្រង់ព្រះ ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសិលាធំ, លុះទឹកហូរហៀរមកវិញ គេយកផ្តិល ឬ ចានត្រងយកមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើកូនផ្ញើចៅ គ្រាន់បានលុបមុខ និង ទទួលទានជាដើម, នេះជាជំនឿម្យ៉ាង របស់អ្នកដែលឡើងទៅសុំសីលលើភ្នំ ។
ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ, តែសព្វថ្ងៃ ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។ តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។
នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស, អ្នកស្រុកហៅថា “ដានជើងតាព្រេង” ។
ខាងលើភ្នំនេះ ត្រង់ជ្រុងឦសាន មាននាទីដីរាបស្មើធេង ស្អាតបាត គេហៅថាកន្លែងឃុនឆាងទាត់សី ។ ខាងទិសបស្ចិមគុកគុហា មានរន្ធថ្ម ១ ប៉ុនប្រាក់រៀលពីដើម គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្ធថ្មនោះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាចៗ ។
មួយទៀត ជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយក្រៀម ដែលមួយដុំៗ មានទំហំប្រហែលជា ០ម៤០ x ០ម៦០ ។ កំពែងថ្មនោះ តាមចាស់បុរាណលោកថា មានដល់ទៅ ៧ ជាន់ សុទ្ធសឹងជាថ្មដែលជាស្នាដៃនៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយ ជំនាន់លោក “យមរាជសិង្ហៈ” ដើម្បីការពារអសន្តិសុខ ឬ ការពារអ្វីម្យ៉ាង របស់លោកក្នុងជំនាន់នេះ ។ កំពែងនេះ បាក់បែកជាច្រើនទៅហើយ តែនៅសល់ក៏ច្រើនដែរ, អ្នកទស្សនា អាចសន្និដ្ឋានបានថា មាន ៧ ជាន់មែន ។
ភ្នំជើងព្រៃ ជាទីប្រតិស្ឋាននៃបុរាណវត្ថុនានា មានស្រះទឹកព្រះ ជាដើម ដូចរៀបរាប់មកខាងលើនោះ, សព្វថ្ងៃ បានក្លាយទៅជារមណីយដ្ឋានមួយសម្រាប់អ្នកទេសចរនានា, ពិសេស សម្រាប់ជនជាតិខ្មែរយើង ដែលនៅក្នុងស្រុកជើងព្រៃ និង ស្រុកព្រៃឈរ ទាំងរាស្ត្រ ទាំងនាម៉ឺន ទៅលេងកម្សាន្តសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬ នៅដំណាច់ខែចេត្រ, ប៉ុន្តែភាគច្រើន ចូលចិត្តទៅលេងនៅថ្ងៃដាច់ខែចេត្រ, ម្នាក់ៗ គេរង់ចាំឲ្យតែដល់ដាច់ខែចេត្រថ្ងៃណា គេនឹងបាននាំគ្នាទៅលេង នៅភ្នំជើងព្រៃនេះដោយរីករាយ ។
គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន, ទោចក្រយានយន្ត, រទេះគោ, រទេះក្របី ឬ រថយន្តក៏មាន, ជួលទោចក្រយានសណ្ដោង, វេស្បាកង់បី ឬ ជួលរថយន្តឈ្នួលក៏បាន ។ នៅពេលនោះ មានយានផ្សេងៗ ចតតម្រៀបត្រៀបត្រា នឹងគណនាត្រារាប់ពុំបាន ។ មនុស្សអ៊ូអរ ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗ ខ្លួន, ខ្លះដែលបានឡើងទៅលើភ្នំហើយ ក៏នាំគ្នាត្រឡប់ចុះមកវិញ ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅលើភ្នំ ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន ម្នាក់ៗ គេមានទឹកដប និង ផ្កា ទៀន ធូប ដើម្បីយកទៅស្រង់ព្រះ និង ធ្វើសក្ការបូជា ចំពោះព្រះពុទ្ធរូបទាំងនោះ ។ កាលបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់, ខ្លះស្រស់ស្រូបម្ហូបអាហារ ខ្លះលេងអង្គញ់ ខ្លះលេងឈូង, ខ្លះលេងល្បែងផ្សេងៗ តាមពួកតាមក្រុម នៅក្រោមម្លប់ឈើ, ជាពិសេស នៅក្រោមម្លប់ដើមស្វាយជាជួរៗ រហូតដល់ល្ងាចត្រជាក់ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗ ខ្លួនវិញ ។
អ្នកដែលទៅលេងកម្សាន្តក្ដី ទៅមានការក្ដី គេតែងប្រយ័ត្ន ២ យ៉ាងគឺ ៖
១- នៅភ្នំនោះ មានខ្ទមតូច ១ ឋិតនៅក្រោមដើមសំរោង ១ ដើម ជាខ្ទមអ្នកតាក្រហមក ។ អ្នកតានោះ ពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ ។ ពីដើម អ្នកចេះមន្តអាគម, ស្រីមានផ្ទៃពោះ, អ្នករាជការ, អ្នកមានបណ្ដាសក្ដិ ដើរកាត់មុខមិនបាន, តែហ៊ានដើរកាត់មុខ មុខជាសាបមន្តអាគម, រលូតកូន, ធ្លាក់បុណ្យសក្ដិពុំខាន ។ ប៉ុន្តែសព្វថ្ងៃ ថយឫទ្ធិអំណាចខ្លះទៅហើយ, តែទោះបីថយឫទ្ធិខ្លះ ក៏គេនៅប្រយ័ត្នដែរ ។
២- គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតាក្រហមកនោះទេ, បើដេញវាយ នឹងត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃ ហើមជើង ហើមខ្លួនយ៉ាងដំណំ ។ សូមជម្រាបថា បើត្រូវការលេងកម្សាន្ត នៅជើងព្រៃ សូមអញ្ជើញទៅនៅដំណាច់ខែចេត្រ ទើបបានសប្បាយ ។
Comments are closed.