រឿង រាជ​អាមាត្យ ២ នាក់​បម្រើ​ស្ដេច

មាន​និទាន​មួយ​ថា : មាន​រាជ​អាមាត្យ ២ នាក់​ ម្នាក់​ចុះ​មក​ពី​បម្រើ​ព្រះ​មហាក្សត្រ​នឹង​ត្រលប់​ទៅ​ផ្ទះ ម្នាក់​មក​ពី​ផ្ទះ​ឡើង​ទៅ​បម្រើ ប្រទះ​គ្នា​នៅ​ពាក់​កណ្ដាល​ស្ពាន ប្រកែក​គ្នា​ពុំ​ព្រម​ចៀស​គ្នា​តែ​រៀង​ខ្លួន ។ អាមាត្យ​ដែល​ចុះ​ពី​អំពី​បម្រើ​ថា “ សូម​ចៅ​ចៀស​ចេញ​ត្បិត​អញ​ទើប​តែ​ចុះ​មក​អំពី​បម្រើ​ហ្លួង អញ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ” ។ អាមាត្យ​មួយ​ថា “ ចូរ​ចៀស​អញ ៗ ទៅ​បម្រើ​ហ្លួង ” ។ អាមាត្យ​ទាំង ២ នោះ ពុំ​ព្រម​ចៀស​គ្នា នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម​ដោយ​នូវ​ដំណើរ​ទីទៃ ៗ ចៅ​ក្រម​និយាយ​ឃាត់​ថា “ អ្នក​ទៅ​បម្រើ​ក៏​ទៅ​បម្រើ​ទៅ, អ្នក​ទៅ​ផ្ទះ​ក៏​ទៅ​ផ្ទះ​ទៅ កុំ​ឈ្លោះ​គ្នា ” ។ អាមាត្យ​ទាំង ២ នាក់​ពុំ​សុខ​ចិត្រ​តាម​ចៅ​ក្រម​កាត់​នោះ​ឡើយ ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​តាម​ដំណើរ​រឿង​ទីទៃ ៗ ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ហើយ ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​អាមាត្យ​អ្នក​ឡើង​ទៅ​បម្រើ​នោះ យក​ភោជនាហារ​ទៅ​ស្មា​លា​ទោស​នឹង​អាមាត្យ ដែល​ចុះ​មក​ពី​បម្រើ​ទ្រង់​ព្រះ​រាជ​បញ្ជា​ដូច្នេះ អាមាត្យ​ទាំង ២ នាក់​ព្រម​ចូល​ចិត្ត​គ្រប់​គ្នា​ហោង ។

Comments are closed.