សេចក្ដីដំណាលថា: មានស្ដេចក្អែកមួយ នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏បានប្រុងរៀបចំការកូន ឲ្យមានគូរស្រករ ។ ស្ដេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហើរហៅភ្ញៀវសត្វទាំងអស់ មកស៊ីការ ចាត់ពលខ្លះទៀត ឲ្យហើររកចំណី ផ្លែឈើ ស្រូវអង្ករ ត្រី សាច់គ្រប់មុខទាំងអស់ ដើម្បីយកមករៀបចំទទួលភ្ញៀវសត្វ ។ លុះដល់ថ្ងៃកំណត់រៀបចំ ផ្សំផ្គុំកូនប្រុស-ស្រីទាំងពីរហើយ ពពួកសត្វទាំងអស់ដែលស្ដេចក្អែកបានអញ្ជើញ បានមកជួបជុំយ៉ាងគគ្រឹកគគ្រេង ស៊ីផឹកសប្បាយស្រែកហ៊ោកញ្ជ្រៀវលាន់ទ្រហឹងពេញព្រៃ ។ និយាយពីសត្វអណ្ដើក ដែលស្ដេចក្អែកបានអញ្ជើញដែរ ក៏ខំវារកខ្វេសកខ្វាសទៅនឹងគេដែរ តែដោយហេតុជើងគាត់ខ្លីពេកក៏មកដល់ក្រោយគេ ។ លុះទៅដល់ដើមត្នោតដកកមើលទៅលើ ឃើញពពួកគេស៊ីផឹកអ៊ូអរយ៉ាងក្រៃលែង ក៏នឹកឃ្លានស្រក់ទឹកមាត់ មិនដឹងគិតធ្វើម្ដេចនឹងបានទៅលើចុងត្នោតបាន ។ ពេលនោះស្រាប់តែមានពស់មួយលូនមកដល់ អណ្ដើកក៏សួរទៅពស់ថា: បងពស់ទៅណាដែរ? ពស់ឆ្លើយថា: ខ្ញុំទៅស៊ីការកូនបងក្អែក ។ ចុះបងអណ្ដើកឯងមកទីនេះធ្វើអ្វីដែរ ? ខ្ញុំបម្រុងទៅស៊ីការកូនបងក្អែកដែរ ។ ពស់ថា: បើដូច្នេះចូរបងអណ្ដើកឯងខាំកន្ទុយខ្ញុំមក ខ្ញុំនឹងលូនយោងឡើងទៅលើ តែសូមប្រយ័ត្នមាត់កបន្តិច ។ អណ្ដើកត្រេកអរណាស់ ក៏ខាំកន្ទុយពស់ភ្លាម ពស់ក៏លូនឡើងទៅលើចុងត្នោត ។ លុះទៅដល់កត្នោត ស្ដេចក្អែកក្រឡេកឃើញអណ្ដើក ក៏ស្រែកសួរជាការគួរសមថា: យី ! បងអណ្ដើកអញ្ជើញមកដែរ ? អណ្ដើកភ្លេចខ្លួនឆ្លើយទទួលនឹងពាក្យគួរសមនេះវិញថា “បាទ !” មួយរំពេចនោះ អណ្ដើកក៏របូតមាត់អំពីកន្ទុយពស់ ធ្លាក់ខ្ពោកមកដល់ដីបណ្ដាលឲ្យខ្ទាំស្នូកនៅជាប់ស្នាមរហូតមកដល់សព្វថ្ងៃនេះឯង ។ ចំណីម្ហូបអាហារ ដែលប្រុងនឹងបានស៊ីក៏ខានបានស៊ី ថែមទាំងមានគ្រោះថ្នាក់ដល់ស្រាំស្នូកទៀត ។ ហេតុនេះហើយបានជាមានពាក្យចាស់តែងនិយាយឲ្យមនុស្សដែលគេហៅទៅជប់លៀង ឬបរិភោគអាហារក្នុងពិធីអ្វីមួយ មនុស្សដែលគេហៅនោះទៅពុំទាន់ពេលម្ហូបអាហារក៏អស់ទៅ លុះមនុស្សនោះទៅដល់ក្រោយគេ ៗ ច្រើននិយាយឲ្យថា: មនុស្សមាត់អណ្ដើក ។
Comments are closed.